Khmer Circle: The lady could be that rarest of populist, charismatic spark in the region's otherwise elitist self-driven politics...
ដោយ ឈាង បុប្ផា 24/08/2017 24/08/2017
rfi

លោកស្រីយីងឡាក់ដែលត្រូវគេផ្តួលចេញពីតំណែងនាយករដ្ឋមន្រ្តីទទួលបានការគាំទ្រពីប្រជាជននៅ មុខតុលាការ ជាទីដែលលោកស្រីត្រូវគេជំនុំជម្រះពីបទធ្វេសប្រហែសក្នុងកម្មវិធីឧបត្ថម្ភអង្ករដល់កសិករថៃ
© REUTERS/Aukkarapon Niyomyat
អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរសារអំពាវនាវ ដល់អ្នកគាំទ្ររបស់លោកស្រី កុំឲ្យទៅប្រមូលផ្តុំគ្នា នៅមុខតុលាការនៅថ្ងៃសុក្រស្អែក។ នៅថ្ងៃស្អែក តុលាការថៃ ត្រូវប្រកាសសាលក្រម ដែលនៅក្នុងនោះ លោកស្រី យីងឡាក់ អាចប្រឈមនឹងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ពីបទធ្វេសប្រហែស ក្នុងកម្មវិធីឧបត្ថម្ភអង្ករ ជួយកសិករ ក្នុងពេលលោកស្រីកាន់អំណាច។
នៅលើទំព័រ បណ្តាញសង្គមហ្វេសប៊ុក លោកស្រីយីងឡាក់ ស៊ីណាវ៉ាត បានសរសេរថា បើសិនគេចង់គាំទ្រ លោកស្រី គេអាចធ្វើបានពីផ្ទះ។ នៅផ្ទះ ដើម្បីរង់ចាំទទួលព័ត៌មាន គឺមិនចាំបាច់ធ្វើដំណើរមកប្រមូលផ្តុំគ្នា នៅមុខតុលាការ នៅក្រុងបាងកក នៅថ្ងៃស្អែកនេះទេ។ លោកស្រី យីងឡាក់ អំពាវនាវកុំឲ្យអ្នកគាំទ្ររបស់លោកស្រីធ្វើដំណើរមកបាងកក ដើម្បីជៀសវាង ជាប់អន្ទាក់ រងគ្រោះ ដោយសារឧប្បត្តិហេតុផ្សេងៗ ដែលបង្កឲ្យដោយមនុស្ស មានបំណងអាក្រក់។
“ខ្ញុំមិនចង់ឲ្យក្រុមទី៣ ឆ្លៀតឱកាសនេះ ដើម្បីយកទៅបង្កជាហេតុ ចលាចល នៅថ្ងៃសុក្រស្អែកនេះទេ”។ នេះជាសារសរសេររបស់លោកស្រីយីងឡាក់។ គេមិនដឹងថា តើក្រុមទី៣ ដែលលោកស្រី យីងឡាក់ ចង់សំដៅនោះ ជាក្រុមណាទេ។ នៅប្រទេសថៃ អាជ្ញាធរតែងតែទម្លាក់កំហុសទៅលើក្រុមទី ៣ ថា ជាអ្នកនៅពីក្រោយ ការបំផ្ទុះ ឬគប់គ្រាប់បែក ទៅលើក្រុមបាតុករ។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាជ្ញាធរថៃ មិនដែលបានចាប់ខ្លួន ជនដៃដល់ របស់ក្រុមទី៣ នេះបាន១នាក់ណានោះទេ។
សារអំពាវនាវរបស់លោកស្រីយីងឡាក់ ធ្វើឡើងនៅបន្ទាប់ពីប្រជាជនថៃ ដែលគាំទ្រលោកស្រី មានបំណងលើកគ្នា មកលើកទឹកចិត្ត លោកស្រីយីងឡាក់ នៅថ្ងៃសុក្រ ស្អែក ថ្ងៃដែលតុលាការកំពូលថៃ ត្រូវប្រកាសសាលក្រម ដែលនៅក្នុងនោះ លោកស្រីយីងឡាក់ អាចប្រឈមនឹងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងកម្មវិធីឧបត្ថម្ភអង្ករដល់កសិករថៃ នៅក្នុងអំឡុងពេលលោកស្រីកាន់អំណាច។
តាំងពីដើមសប្តាហ៍នេះម្ល៉េះ រដ្ឋាភិបាលសឹកថៃ បានប្រកាសត្រៀមពង្រាយ ទ័ព ច្រើនជាង ៤ ០០០នាក់ ដើម្បី រារាំង ទប់ស្កាត់ កុំឲ្យអ្នកគាំទ្រលោកស្រីយីងឡាក់ ធ្វើដំណើរចូលទីក្រុងបាងកក នៅថ្ងៃសុក្រស្អែកនេះ។ សូមបញ្ជាក់ថា ចាប់តាំងពីតុលាការបើកសវនាវការជំនុំជម្រះ ក្នុងរយៈពេល ១ឆ្នាំកន្លះនេះ ប្រជាកសិករថៃ ដែលរស់នៅភាគខាងជើងប្រទេស តែងតែធ្វើដំណើរទៅក្រុងបាងកក ដើម្បី លើកទឹកចិត្ត លោកស្រី យីងឡាក់ នៅរាល់លើកដែលលោកស្រី ត្រូវចូលខ្លួនទៅក្នុងតុលាការ។ លោកស្រីយីងឡាក់ធ្លាប់បានបរិហាររួចហើយថា សនវការជំនុំជម្រះលោកស្រី ជាយុទ្ធសាស្រ្ត នយោបាយ ដែលរដ្ឋាភិបាលសឹកថៃ បានរៀបចំឡើង ដើម្បី បោសសម្អាត ត្រកូលស៊ីណាវ៉ាត របស់លោកស្រី ចេញពីពិភពនយោបាយថៃ៕
No comments:
Post a Comment