Sunday, 10 September 2017

លីកាដូ៖ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់


ដោយ ម៉ម មុនីរតន៍
2017-09-09

ផែនទី​បង្ហាញ​ទីតាំង​ស្ថានីយ​វិទ្យុ​ដែល​ត្រូវ​បាន​បិទ រៀបចំ​ដោយ​អង្គការ​លីកាដូ (LICADHO)។
ផែនទី​បង្ហាញ​ទីតាំង​ស្ថានីយ​វិទ្យុ​ដែល​ត្រូវ​បាន​បិទ រៀបចំ​ដោយ​អង្គការ​លីកាដូ (LICADHO)។
 LICADHO



អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ អង្គការ​នេះ​រក​ឃើញ​ថា មាន​វិទ្យុ​ក្នុង​ស្រុក​ចំនួន ៣២ ស្ថានីយ​​ទូទាំង​ប្រទេស ត្រូវ​បង្ខំ​អោយ​បិទ​ការ​ផ្សាយ​ដែល​ស្ថានីយ​ទាំង​នោះ​បាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ក្រសួង​ព័ត៌មាន​ធ្លាប់​ថ្លែង​ការពារ​អំពី​ជំហរ​របស់​ខ្លួន​ថា នេះ​គឺ​ជា​ការ​ពង្រឹង​ច្បាប់ ហើយ​ការ​បិទ​វិទ្យុ​មួយ​ចំនួន​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ រំលោភ​លើ​ការ​ផ្សាយ​របស់​ខ្លួន។



អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) ហៅ​ការ​អនុវត្ត​ច្បាប់​ដោយ​បង្ខំ​របស់​រដ្ឋាភិបាល ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កាសែត​បោះពុម្ព​ថា មិន​ត្រឹម​ធ្វើ​ឲ្យ​ពលរដ្ឋ​ទេ ដែល​ត្រូវ​ខាតបង់​តាមរយៈ​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​នោះ។ បញ្ហា​នេះ​ថែម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​បាត់បង់​ប្រយោជន៍​ដ៏​ធំ​ពី​ការ​បិទ​ប្រព័ន្ធ​ព័ត៌មាន​នេះ​ដែរ។

អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​សង្ខេប​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ការ​អនុវត្ត​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ឯករាជ្យ​ពី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ដែល​ជា​សារព័ត៌មាន​មិន​រក​ប្រាក់​ចំណេញ ហើយ​ការ​បិទ​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នេះ គឺ​ជា​មធ្យោបាយ​បិទ​ទាំង​ស្រុង​នៅ​តាម​រលក​ធាតុអាកាស​ផ្សេង​ទៀត។ អង្គការ​លីកាដូ យល់​ឃើញ​ថា វិទ្យុ​គឺ​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាម​ជនបទ ដោយសារ​សេវា​អ៊ីនធឺណិត​នៅ​ទី​នោះ​មិន​អំណោយ​ផល។

អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​ចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រៀប​ដូច​ជា​សវនកម្ម​ផ្ទៃ​ក្នុង​សម្រាប់​ស្ថាប័ន​នីមួយៗ ដើម្បី​កែ​លម្អ ផ្ដល់​យោបល់ ឬ​រិះគន់​ក្នុង​ន័យ​ស្ថាបនា។ ជាង​នេះ​ទៀត សេរីភាព​សារព័ត៌មាន​ប្រៀប​ដូច​រ៉ឺស័រ​យ៉ាង​ដូច្នេះ​ដែរ ប្រសិន​បើ​បន្ធូរ​ដៃ​តែ​បន្តិច សេរីភាព​នឹង​ត្រូវ​ថយ​ចុះ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​លូកដៃ​ចូល​កិច្ចការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ជា​ទស្សនៈ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​នេះ មិន​មែន​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​ខាត​ប្រយោជន៍​នោះ សូម្បី​រដ្ឋាភិបាល​ក៏​ត្រូវ​បាត់បង់​ការ​គាំទ្រ​ក៏​មិន​ស្ទើរ​ដែរ។

លោក​បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ដែល​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​ណាស់ ក្រៅ​ពី​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​រួម​ចំណែក​ជំរុញ​ឲ្យ​អង្គភាព​របស់​រដ្ឋ​អនុវត្ត​ច្បាប់​ដោយ​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ដែរ៖ «សារព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​គាត់​អាច​ជួយ​កែ​លម្អ ជួយ​ជម្រាប​ដល់​ថ្នាក់​ដឹកនាំ ដល់​អ្នក​ធ្វើ​គោលនយោបាយ​ដើម្បី​អាច​ឲ្យ​គាត់​កែ​លម្អ និង​បំពេញ​កិច្ចការ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»។

អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​បិទ​រលក​ធាតុអាកាស​ផ្សាយ​វិទ្យុ​ចំនួន ៣២​អង្គភាព នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ចំនួន ២០​ទីតាំង។ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ​បរទេស​ទាំង​ពីរ​ដែល​ផ្សាយ​ជា​ភាសាខ្មែរ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ក្រសួង​អនុវត្ត​ច្បាប់​នេះ គឺ​ចំពោះ​តែ​ម្ចាស់​ស្ថានីយ​ណា​ដែល​រំលោភ​លើ​កិច្ចសន្យា​ការ​ផ្សាយ​របស់​ខ្លួន​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា ស្ថានីយ​វិទ្យុ​ដែល​ក្រសួង​អះអាង​ថា បាន​បិទ​ក្រោម​ហេតុផល​ពង្រឹង​ច្បាប់​នេះ គឺ​បិទ​តែ​ចំពោះ​វិទ្យុ​ណា​ផ្សាយ​បន្ត​ពី​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ប៉ុណ្ណោះ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់​ឃើញ​ថា នេះ​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​រដ្ឋាភិបាល​ដែល​សម្រេច​ចិត្ត​បិទ​សព្វ​បែប​យ៉ាង​ពី​សំឡេង​សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​សារព័ត៌មាន។ ប៉ុន្តែ​បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​កាល​ដ៏​ទំនើប​នេះ ពលរដ្ឋ​នៅ​តែ​មាន​ជម្រើស​ផ្សេង​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​ដែល​ពួក​គេ​ចាប់​បាន។

លោក​បន្ត​ថា៖ «ដោយសារ​តែ​ភាព​ជឿនលឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​យើង​ឃើញ​ថា ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​សាធារណៈ​វា​មិន​បាន​បាត់បង់​ទាំង​ស្រុង​ទេ។ យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើង​មាន​ផ្សាយ​តាម​អ៊ីនធឺណិត។ ដូច្នេះ​នៅ​ពេល​ដែល​សេវា​អ៊ីនធឺណិត​កាន់​តែ​ទូលំទូលាយ ហើយ​ទូរស័ព្ទ​ដៃ​ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​កាន់​តែ​មាន​តម្លៃ​ថោក ហើយ​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​ដើរ​លឿន​ទៀត​នោះ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​គាត់​មិន​នៅ​ស្ងៀម​ទេ»។

នៅ​មុន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា រដ្ឋាភិបាល​ចាប់​ផ្ដើម​អនុវត្ត​ធម៌​ក្ដៅ​ដោយ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ​បាន​បង្ខំ​អោយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់​ពន្ធ ហើយ​បន្តបន្ទាប់​មក​ទៀត បិទ​ដោយ​បង្ខំ​នូវ ការ ផ្សាយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន និង​បន្ត​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​អង្គការ​មិនមែន រដ្ឋាភិបាល​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ថែម​ទៀត។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ទាំង​​នេះ អាច​ជា​ការ​ប៉ុនប៉ង​បំបិទ សំឡេង​កុំ​ឲ្យ​មាន​ការ​រិះគន់ និង​មាន​ភាព​ច្របូក​ច្របល់​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​បទ​ចោទ​ក្រោម​ហេតុផល​​ថា​​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់​ជាតិ៕

1 comment:

Anonymous said...


Nothing is free in this world.

This Yuon's slave Hun Sen just carried out Yuon's plan to quietly Vietnamize Cambodia.

The Vietnamese had moved into Kampuchea Krom to swallow Kampuchea Krom.

Now, the millions of Vietnamese move into Cambodia to swallow Cambodia.

To accomplish its ultimate goal of swallowing Cambodia, one of Yuon's strategies is to shut Khmer mouth. And Ah Norouk Hun Sen just executed Yuon's orders.

If Khmer Pouch Neak Chambaing Klach Ter Ngorp, don't cry when we don't have a country in the near future. But a true Pouch Neak Chambaing don't Klach Ngorp.

The peaceful protest (in Cambodia) is an internationally legal means to express our concern, our discontent of something vitally wrong. If we don't help ourselves first, nobody is going to help us. Something that we wanted will not drop from the sky for us. We must pay something to get something.

Bun Thoeun