ដោយ សាន សែល
2017-09-11

អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងក្នុងកម្មវិធីអាស៊ីសេរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth
សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត សង្កេតឃើញថា សន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោតមានល្បឿនយឺត ដោយសារប្រជាពលរដ្ឋព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ន ការខ្វះព័ត៌មាន និងនីតិវិធីថ្មីរបស់ក្រសួងមហាផ្ទៃ លំបាក។
ទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា ប្រជាពលរដ្ឋចំនួនជិត ៥ម៉ឺននាក់ (៤៩.១៨៥នាក់) បានទៅចុះឈ្មោះបោះឆ្នោត។ អ្នកដែលត្រូវទៅចុះឈ្មោះបោះឆ្នោតសរុបមានចំនួនជាង ១លាន ៦សែននាក់ (១.៦២៦.២៥២នាក់) ដែលភាគច្រើនជាអ្នកទើបគ្រប់អាយុ និងពលករចំណាកស្រុក។
អត្រាអ្នកទៅចុះឈ្មោះបោះឆ្នោតនេះ ត្រូវបានមន្ត្រីរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) យល់ថា វាឆ្លុះបញ្ចាំងពីដំណើរយឺតមិនទាន់តាមការគ្រោងទុក។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស តាមដានឃើញថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ការផ្អាក ឬបិទស្ថានីយវិទ្យុក្នុងស្រុកដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុវីអូអេ និងអាស៊ីសេរី ធ្វើឲ្យអ្នកត្រូវចុះឈ្មោះបោះឆ្នោតអស់សង្ឃឹម និងទទួលព័ត៌មានមិនគ្រប់គ្រាន់។ លោកបន្តថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយរងការរឹតត្បិតមិនអាចផ្សាយព័ត៌មានពីដំណើរការចុះឈ្មោះបោះឆ្នោត សង្គមស៊ីវិលដូចជាអង្គការខុមហ្វ្រែល ក៏ពិបាកធ្វើកិច្ចការងារផ្សព្វផ្សាយអប់រំពលរដ្ឋស្ដីពីការបោះឆ្នោតដែរ។
លោក សាវាង្ស ឲ្យដឹងទៀតថា ការរៀបចំការចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍នៅចំនួន ៣១២ឃុំ-សង្កាត់ ក៏ប៉ុន្តែចំនួននេះបានថយចុះមកត្រឹម ១០០ឃុំ-សង្កាត់នៅឆ្នាំ២០១៧។ មូលហេតុ គឺការចាកចេញរបស់អង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ធ្វើឲ្យ ខុមហ្វ្រែល បាត់បង់ប្រាក់ជំនួយសម្រាប់ដំណើរការគម្រោងអប់រំអ្នកបោះឆ្នោត។
ចំណែកអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មិនព្រួយបារម្ភចំពោះសន្ទុះយឺតយ៉ាវនៃការចុះឈ្មោះបោះឆ្នោតនោះទេ ហើយជឿលើមធ្យោបាយឃោសនាដែល គ.ជ.ប កំពុងប្រើ ដូចជាចាក់មេក្រូអប់រំពីការចុះឈ្មោះបោះឆ្នោតតាមរទេះសេះ រ៉ឺម៉ក និងចែកខិត្តប័ណ្ណផ្សព្វផ្សាយនៅតាមមូលដ្ឋាន។ បញ្ហាមួយទៀតដែលធ្វើឲ្យចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតមានតិច គឺតម្រូវការថ្មីដែលក្រសួងមហាផ្ទៃ បានកែប្រែសម្រាប់ពលករចំណាកស្រុក។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការកែប្រែប្រការចំនួនពីរស្ដីពីនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅកាលពីថ្ងៃទី១៤ ខែសីហា តម្រូវឲ្យពលរដ្ឋត្រូវស្នាក់នៅរយៈពេលយ៉ាងតិច ៣០ថ្ងៃ ទើបអាចចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្ន និងទទួលបានលិខិតអនុញ្ញាតឲ្យស្នាក់នៅបណ្ដោះអាសន្នចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីភ្ជាប់ឯកសារសុំការចុះឈ្មោះបោះឆ្នោត។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ដែលឃ្លាំមើលការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុក បញ្ជាក់ថា នីតិវិធីថ្មីនេះគឺបន្ទច់បង្អាក់ពលករនៅក្រៅប្រទេស ពិសេសអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១លាននាក់នៅប្រទេសថៃ មិនឲ្យត្រឡប់មកចុះឈ្មោះបោះឆ្នោត។ លោកពន្យល់ថា ពលករដែលរស់នៅឆ្ងាយពីព្រំដែន មិនអាចត្រឡប់មកប្រទេសកម្ពុជា ហើយស្នាក់នៅរហូតដល់ ៣០ថ្ងៃដើម្បីមានសិទ្ធិធ្វើឯកសារបញ្ជាក់ការស្នាក់នៅបម្រើឲ្យការចុះឈ្មោះបោះឆ្នោតនោះទេ ពីព្រោះពួកគេនឹងត្រូវចំណាយច្រើន ឬត្រូវប្រឈមមុខនឹងការបញ្ឈប់ពីការងារ៖ «»។
ការរិះគន់ពីនីតិវិធីថ្មីនេះ ត្រូវបានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លើយតបថា អ្នករិះគន់នេះគឺជាអ្នកដែលមិនចង់ឲ្យគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន បន្តដឹកនាំប្រទេសទៀតនោះទេ៖ «»។
ច្បាប់បោះឆ្នោតកម្ពុជា មិនអនុញ្ញាតឲ្យបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសបានទេ ល្គឹកណាមានការកែប្រែច្បាប់នេះជាមុនសិន។
តំណាងរាស្ត្រគណបក្សប្រឆាំងបានដាក់សំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតកាលពីខែសីហា។
ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១១ កញ្ញា ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មការនេះបានពិនិត្យសំណើនេះ និងសិក្សាពីការអនុវត្តបើកការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសពីប្រទេសក្នុងតំបន់រួចរាល់ហើយ ហើយក្រុមលោកនឹងបើកប្រជុំគណៈកម្មការផ្ទៃក្នុងស្ដីពីសេចក្តីស្នើសុំរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងនៅថ្ងៃទី១៥ កញ្ញា។
អង្គការសង្គមស៊ីវិលកម្ពុជា ចំនួន១៣ នៅថ្ងៃទី១១ កញ្ញា បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យអាជ្ញាធរកម្ពុជា សម្របសម្រួលឲ្យមានបរិយាកាសនយោបាយសន្តិភាពឡើងវិញ និងធានាថា មេដឹកនាំគណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលអន្តរជាតិ អាចចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨។
ក្រុមសង្គមស៊ីវិលនេះ ក៏អំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បន្តគាំទ្រ និងលើកស្ទួយដំណើរការប្រជាធិបតេយ្យ ពហុបក្ស និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅប្រទេសកម្ពុជា៕
No comments:
Post a Comment