ដោយ អ៊ឹម រចនា 10/09/2017 10/09/2017
rfi

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
REUTERS
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ដែលគ្រោងធ្វើនៅថ្ងៃចន្ទស្អែកនេះទេ។ ជាកិច្ចប្រជុំដែលមានរបៀបវារៈសំខាន់ គឺពិភាក្សាសម្រេចលើករណីលោក កឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនពីបទក្បត់ជាតិ។ ជំនួសឲ្យការចូលរួមប្រជុំសភា តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង នឹងទៅមន្ទីរអប់រំកែប្រែត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីរង់ចាំសួរសុខទុក្ខលោក កឹម សុខា។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង មិនចូលប្រជុំសភាដើម្បីសម្រេចលើករណីលោក កឹម សុខា ព្រោះក្រុមអ្នកតំណាងរាស្ត្រយល់ថា ការប្រជុំវិសាមញ្ញរបស់រដ្ឋសភា ធ្វើឡើងដោយខុសច្បាប់ បំពានរដ្ឋធម្មនុញ្ញ។ នេះបើតាមលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ដោយយោងតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ លោក សុន ឆ័យ បញ្ជាក់ថា ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក តាមមតិភាគច្រើន ៣ភាគ៤នៃសមាជិកសភាទាំងមូល។ ដូច្នេះ បើគ្មានការចូលរួមពីតំណាងរាស្ត្របក្សប្រឆាំងទេ នោះរដ្ឋសភា នឹងគ្មានកូរ៉ុមគ្រប់គ្រាន់ដើម្បីអនុម័តសំឡេង៣ភាគ៤ លើករណីលោក កឹម សុខា ឡើយ។ នេះបើតាមលោក សុន ឆ័យ។
ជំនួសឲ្យការចូលរួមប្រជុំសភា លោក សុន ឆ័យ បញ្ជាក់ថា តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង នឹងទៅមន្ទីរអប់រំកែប្រែត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីរង់ចាំសួរសុខទុក្ខលោក កឹម សុខា បើទោះបីជាមុននេះ ចៅក្រមស៊ើបសួរបានបដិសេធសំណើរបស់តំណាងរាស្ត្របក្សប្រឆាំងរួចម្ដងហើយក៏ដោយ។ បើតាមលោក សុន ឆ័យ ការស៊ើបសួរលើលោកកឹម សុខា បានបិទបញ្ចប់ហើយ ដោយតុលាការបានសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្ដោះអាសន្នជាផ្លូវការ។ ដូច្នេះក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សង្ឃឹមថា ប្រធានពន្ធនាគារត្រពាំងផ្លុង នឹងអនុញ្ញាតឲ្យក្រុមអ្នកតំណាងរាស្ត្របានសួរសុខទុក្ខប្រធានគណបក្សប្រឆាំងដែលកំពុងតែជាប់ឃុំ។
សូមជម្រាបជូនថា ត្បិតតែលោកកឹម សុខាត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី៣កញ្ញាក៏ពិតមែន ប៉ុន្តែលោកទើបតែត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្នុងបន្ទប់ពន្ធនាគារជាមួយអ្នកទោសផ្សេងទៀត នៅថ្ងៃទី៧កញ្ញាប៉ុណ្ណោះ។ ក្រុមគ្រួសារលោក កឹម សុខា បានអះអាងថា លោក កឹម សុខា មានជំងឺជាប់ខ្លួន ហើយត្រូវទទួលទានថ្នាំឲ្យបានជាប់ជាប្រចាំ។ នេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យក្រុមមេធាវីការពារក្ដី ស្វះស្វែងរកលទ្ធភាពផ្លាស់ប្ដូរកន្លែងឃុំខ្លួនលោក កឹម សុខា ពីខេត្តត្បូងឃ្មុំ មកនៅភ្នំពេញវិញ។ សូមជម្រាបជូនថា លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ដោយសារការថ្លែងសារនយោបាយដែលលោកបានធ្វើតាំងពីឆ្នាំ២០១៣ នៅឯប្រទេសអូស្ត្រាលី៕
No comments:
Post a Comment