12 តុលា 2017
ហ៊ុល រស្មី
voa

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
លោកហ៊ុន សែនថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានស្លាប់ជាខ្មោចទៅហើយ តែអ្នកវិភាគថាវានៅតែមានជីវិតដដែល ដរាបណាប្រទេសកម្ពុជាគ្មានការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពេញលេញ។
ភ្នំពេញ —
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបានបន្តតម្កល់ទុកសារៈសំខាន់នៃកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពួកគេបានឲ្យដឹងទៀតថា ដរាបណាប្រទេសកម្ពុជាគ្មានការអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ ដរាបនោះកិច្ចព្រមព្រៀងដែលមានប្រទេសចំនួន១៨ជាអ្នកផ្តល់ការគាំទ្រនេះ នឹងនៅតែមានសុពលភាពជានិច្ចដល់កម្ពុជា។
ការលើកឡើងរបស់អ្នកជំនាញ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជានេះគឺផ្ទុយពីការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងចំអកកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ «បានស្លាប់បាត់ទៅហើយ»។
ថ្លែងទៅកាន់ក្រុមកម្មកររាប់ពាន់នាក់នៅក្នុងពិធីជួបជុំមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប និងជាហត្ថលេខីនៃកិច្ចព្រមព្រងសន្តិភាពទីក្រុងប៉ារីស បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនមានជីវិតទៀតនោះឡើយ ដោយហេតុធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយភាគីខ្មែរក្រហមដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះក៏បានរលំរលាយ រីឯសហភាពសូវៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក៏បានជួបការប្រេះស្រាំ និងនាំទៅដល់ការបំបែករដ្ឋជាច្រើនផងដែរ។
លោក ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ថ្លែងថា៖
«សូមកុំស្រមើស្រមៃថា កោះប្រជុំសន្និសីទអន្តរជាតិប៉ារីសឡើងវិញនោះ ព្រោះសន្និសីទអន្តរជាតិ ប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយក្លាយទៅជារដ្ឋមិនដឹងប៉ុន្មាននោះ! សូម្បីតែប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ទៅដែរ។ វាមាននៅសល់អីទៀត? ហើយភាគីជម្លោះរបស់កម្ពុជា ភាគីខ្មែរក្រហមនៅសល់អីទៀត? បើអីចឹង វាទាល់តែហៅភាគីនានាបង្កើតភាគីខ្មែរក្រហមឡើងវិញ ដើម្បីឲ្យមកចូលរួម»។
លោកនាយករដ្ឋមន្ត្រីរូបនេះក៏ថ្លែងការពារចំណាត់ការនៃក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចរបស់លោក ដែលកំពុងព្យាយាមស្នើធ្វើវិសោធនកម្មច្បាប់សម្រាប់បែងចែកកៅអីសភារបស់គណបក្សនយោបាយមួយដែលលោកមិនបញ្ចេញឈ្មោះចំ តែត្រូវគេដឹងថា ជាគណបក្សសង្គ្រោះជាតិ។ លោកលើកឡើងថា រដ្ឋសភានឹងមានអ្នកធ្វើច្បាប់មកពីគណបក្សនយោបាយជាច្រើន មកអង្គុយនៅរដ្ឋសភា ក្រោយការបែងចែកជាថ្មីនៃកៅអីនៅរដ្ឋសភា ហើយការណ៍នេះគឺស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលលោកអះអាងថា មិនបានចែងអំពីការកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហម និងការរំលាយគណបក្សនយោបាយនោះទេ។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីសអត់មានចែងការកាត់ទោសខ្មែរក្រហមទេណ៎ា! នែ៎! អីចឹងចាត់ទុកថា កាត់ទោសខ្មែរក្រហមជាការខុសកិច្ចព្រមព្រៀងប៉ារីសនេះដែរ។ គេនិយាយតែពីរឿងបញ្ហាអីពហុបក្ស ប៉ុន្តែសូមបញ្ជាក់ បើរំលាយបក្សមួយ បក្សប្រាំទៀតចូលជំនួស បានសេចក្តីថា ពីបក្សពីរឡើងបក្សប្រាំមួយ នៅក្នុងសភា។ នេះវានឹងកើតនៅពេលមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលា ឆ្នាំ១៩៩១ដែលបានធ្វើឲ្យភាគី៤ឈប់បាញ់គ្នា បង្កឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះគឺជា ស្នាព្រហស្ថរបស់សម្តេចឪ ព្រះនរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយខ្មែរ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសពិតជាត្រូវបានអ្នកនយោបាយខ្មែរមួយចំនួនយល់ឃើញថា វាបានស្លាប់បាត់ទៅហើយ។ តែលោកយល់ថា កិច្ចព្រមព្រៀងនេះនៅបន្តធ្វើជាមគ្គុទ្ទេសក៍ឲ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ គឺមានន័យថា រាស្ត្រជាធំ ហើយមានតុលាការមួយដែលមិនរណបអ្នកនយោបាយ។
អ្នកវិភាគនយោបាយរូបនេះបានពន្យល់បន្ថែមថា ជាង២០ឆ្នាំមកនេះ ក្រោយការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពលរដ្ឋកម្ពុជានៅមិនទាន់ឃើញអ្នកនយោបាយខ្មែរដើរទៅតាមគន្លងប្រជាធិបតេយ្យនោះទេ។
«កាលណាប្រជាធិបតេយ្យគឺវាត្រូវតែសង្គមហ្នឹងត្រូវតែមានសេរីភាព ហើយនឹងមានយុត្តិធម៌ ឲ្យពលរដ្ឋគ្រប់រូបត្រូវបំពេញតួនាទីជាពលរដ្ឋល្អ។ ក៏ប៉ុន្តែដល់ពេលខាងរដ្ឋាភិបាលវិញ គាត់មើលខុសពីអ្វីដែលពលរដ្ឋមើលឃើញ។ គាត់គិតថា ប្រជាធិបតេយ្យ វាត្រូវតែមានក្រឹត្យក្រម។ អាហ្នឹងយើងហៅថា ប្រជាធិបតេយ្យនៅក្នុងមុងណ៎ា។ អីចឹង យើងឃើញហើយនៅពេលដែលចាប់ផ្តើម..... ពេលដែលពលរដ្ឋចាប់ផ្តើមបំពេញតួនាទីជាពលរដ្ឋដែលទទួលខុសត្រូវ កាលណាគាត់មានរឿងអី គាត់ត្រូវតែនិយាយប្រាប់រដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលឆ្លើយតប រដ្ឋាភិបាលគាត់បែរជាទៅគិតថា អាហ្នឹងវាជាការប្រឆាំង។ អាហ្នឹងវាជាការចាប់ផ្តើមចលនាធ្វើបដិវត្តន៍ពណ៌ អីចឹងទៅណា៎»។

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី បានថ្លែងបន្តថា៖
«អីចឹង អានេះ វាជារឿងការមើលឃើញខុសគ្នា ដែលចេះតែធ្វើឲ្យសង្គមខ្មែរយើងហ្នឹងរកអាគម្រូនៃប្រជាធិបតេយ្យ រកអត់ឃើញ ដោយសារតែអ្នកដឹកនាំ គេយល់ផ្សេង។ អ្នកដឹកនាំគេគិតថា ប្រជាធិបតេយ្យ ប៉ុន្តែត្រូវតែនៅក្រោមការគ្រប់គ្រងរបស់គេ ហើយពលរដ្ឋគាត់គិតថា បើសិនជាធ្វើអ្វីដូចកើតរាល់ថ្ងៃ អាហ្នឹងវាមិនទាន់ទៅជាលទ្ធិប្រជាធិបតេយ្យទេ។ វាទៅជាលទ្ធិផ្តាច់ការអីចឹងទៅណ៎ា»។
នៅមុនការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចនរោត្តមសីហនុ រដ្ឋាភិបាលបានលុបថ្ងៃ២៣តុលាពីប្រតិទិនថ្ងៃបុណ្យជាតិដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមជំទាស់។ តែក្រោយពីព្រះអង្គយាងចូលទីវង្គតបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលបានប្រកាសពីការទទួលយកថ្ងៃចុះកិច្ចព្រមព្រៀងនេះជាថ្ងៃបុណ្យជាតិឡើងវិញ ដោយរដ្ឋាភិបាលមិនបានផ្តល់ការពន្យល់ក្បោះក្បាយនៅក្រោយការសម្រេចចិត្តនេះឡើយ។
លោក Sebastian Strangio អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» Hun Sen's Cambodia បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងតាមសារអេឡិចត្រូនិក ឬEmailកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា គឺនៅតែមានសុពលភាពដដែល។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនដែលបានបំពេញពេញលេញទៅតាមពាក្យពេចន៍នៃកិច្ចព្រមព្រៀងនេះទេ។
អ្នកនិពន្ធសៀវភៅរូបនេះបានសរសេរក្នុងន័យដើមថា៖
«នៅគ្រាដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសុពលភាព គណបក្សប្រជាជនកម្ពុជា មិនដែលធ្វើទៅតាមពាក្យពេចន៍ទាំងឡាយនៃកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញនោះទេ ក្នុងនោះគឺការនិយាយពីឯករាជ្យភាពនៃអំណាចតុលាការ និងការចែកដាច់ពីគ្នានៃអំណាចទាំងបី»។

លោក Sebatian Strangio អ្នកនិពន្ធ និងអ្នកសារព័ត៌មាន ពិភាក្សាអំពីការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧នៅប្រទេសកម្ពុជានៅក្នុងកិច្ចពិភាក្សាមួយដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល Stimson Center នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក Sebastian Strangio បន្តថា ការបង្ក្រាបបច្ចុប្បន្នរបស់រដ្ឋាភិបាលលើក្រុមជំទាស់បានឆ្លុះបញ្ចាំងឲ្យឃើញនូវការច្រានចោលចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលលោកអះអាងដូចជារដ្ឋធម្មនុញ្ញកម្ពុជា ដែលជាក្រដាសគ្មានន័យអ្វីទាំងអស់។
លោកបញ្ជាក់បន្ថែមតាមសារអេឡិចត្រូនិច ឬ Email ក្នុងន័យដើមថា៖
«ជាការណ៍ពិត ការបង្រ្កាបនាពេលបច្ចុប្បន្ននេះបង្ហាញពីការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅនាទីចុងក្រោយ បានច្រានចោលកិច្ចព្រមព្រៀងនេះ ដែលលោក និងរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាតែងតែមើលឃើញថា កិច្ចព្រមព្រៀងនេះមិនស្របច្បាប់ មិនខុសពីរដ្ឋធម្មនុញ្ញដ៏ល្អបំផុតរបស់កម្ពុជា គឺពេលនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ លិខិតដែលគ្មានខ្លឹមសារមួយ»។
VOA បានព្យាយាមទាក់ទងលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីសុំការអធិប្បាយលើសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែនៅមិនទាន់អាចទាក់ទងលោកបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។ តែទោះជាយ៉ាងនេះក្តី អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តីថា គោលការណ៍នានា ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់សាបសូន្យនៅឡើយទេ។
អ្នកស្រីបានប្រាប់កាសែតនេះ ពីទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ មកថា កម្ពុជាមិនចង់វិលត្រឡប់ទៅសម័យខ្មែរក្រហមវិញ តែដរាបណាគ្មានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ទេនោះ នោះរដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពាន។ អ្នកស្រីមូរ សុខហួរ បានចោទថា សកម្មភាពធ្វើវិសោធនកម្មច្បាប់ផ្សេងៗដើម្បីបែងចែកកៅអីសភារបស់បក្សប្រឆាំងទៅគណបក្សនយោបាយផ្សេងគឺជា«សកម្មភាពប្លន់រដ្ឋធម្មនុញ្ញដោយឥតលាក់លៀម»។ មិនមែនមានតែក្រុមអ្នកវិភាគទេដែលនៅយល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានសុពលភាពនោះ តែអង្គការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏យល់ថា កិច្ចព្រមព្រៀងនេះនៅមានតម្លៃ ដែលអាចកែខៃស្ថានភាពនយោបាយដុនដាបរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលតែងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា សហគមន៍អន្តរជាតិបានដើរតួនាទីសំខាន់ក្នុងការគំាទ្រកម្ពុជាឲ្យឈានដល់ការទទួលបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ នៅក្រោយការងើបឡើងវិញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមឆ្នាំ ១៩៧៥ដល់ឆ្នាំ ១៩៧៩ និងការចូលកាន់កាប់កម្ពុជាដោយវៀតណាម និងសង្គ្រាមក្នុងស្រុក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងជាអនុសាសន៍ថា ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងប្រទេសដែលមានការពាក់ព័ន្ធផ្សេងទៀត គួរតែឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការបង្ក្រាបសកម្មភាពនយោបាយ ដោយចាប់ផ្តើមជាមួយនឹងផ្លូវការទូត ដើម្បីគំរាមការដាក់ទណ្ឌកម្មលើគោលដៅដែលបានកំណត់ទុក និងការដាក់បម្រាមធ្វើដំណើរលើមន្ត្រីជាន់ខ្ពស់កម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបនេះ ក្នុងនោះមានលោក ហ៊ុន សែនផងដែរ។ ពួកគេគួរតែស្នើឲ្យលោក ហ៊ុន សែន បញ្ឈប់រាល់ករណីផ្សេងៗដែលមានជាប់ពាក់ព័ន្ធនឹងវិធានការនយោបាយប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងជាច្រើនរូប សកម្មជនអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអនុញ្ញាតឲ្យមានដំណើរការប្រជាធិបតេយ្យដោយមានការគោរពពេញលេញនៃសិទ្ធិមូលដ្ឋាន និងសេរីភាពនានា។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» បានបញ្ជាក់ឲ្យដឹងទៀតថា ទោះបីខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងនេះក្តី គណបក្សប្រជាជនកម្ពុជាមិនប្រាកដជាចង់ទទួលយកកិច្ចព្រមព្រៀងនេះទេ គឺតាំងពីដើមទីមក ពួកគេមើលឃើញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបង្កើតមកតាមក្រោយកិច្ចព្រមព្រៀងនេះគឺជា ការដាក់គំនាបរបស់បរទេស ដែលបង្កើតឡើងដើម្បីដកពួកគេចេញពីអំណាច៕
1 comment:
We can't stand with this monstrous face of Ah Yong Yuon Hun Sen. This Vietnamese puppet is a very cheap, disgusted and violent animal. This asshole Hun Sen is not a human being. Vietcong communist masters enjoy having this crazy dog with rabies attacking innocent Khmer people. Khmer people feel embarrassed to this Vietnamese crazy dog Hun Sen made in Communist Vietnam.
Post a Comment