ដោយ ម៉ៅ សុធានី
2017-12-14

នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃិះ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីថវិកា ឆ្លើយតបនឹងយេនឌ័រនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។ RFA
Photo: RFA
នាយិកាប្រតិបត្តិនៃអង្គការសីលការ អ្នកស្រី ធីតា ឃិះ អះអាងថា មូលហេតុដែលពលរដ្ឋជាច្រើននឹងមិនទៅចូលរួមបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយសារយល់ឃើញថា សន្លឹកឆ្នោតរបស់ពួកគេពុំមានសារសំខាន់អ្វីទាល់តែសោះ។
ការលើកឡើងរបស់អ្នកស្រី ធីតា ឃិះ នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយករងនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប លោក សោម សូរីដា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន ថា គ.ជ.ប មិនមានការព្រួយបារម្ភអំពីការថយចុះនៃចំនួនអ្នកទៅចូលរួមបោះឆ្នោតនៅឆ្នាំក្រោយឡើយ ដោយសារនេះគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ដែលមិនមែនជាកាតព្វកិច្ចនោះទេ។
អ្នកស្រី ធីតា ឃិះ បញ្ជាក់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជានេះ ជំរុញឲ្យពលរដ្ឋម្ចាស់ឆ្នោតមានការខកចិត្តយ៉ាងខ្លាំង ហើយក៏មិនចង់ចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយ៖ «ខ្ញុំតែងលឺតំណាង គ.ជ.ប និយាយពីមុនថា ប្រសិនបើពលរដ្ឋម្ចាស់ឆ្នោតមិនចូលរួម នោះការបោះឆ្នោតរបស់យើងគឺពិតជាមានបញ្ហាហើយ។ ប៉ុន្តែឥឡូវគាត់ថា មិនមានការព្រួយបារម្ភទេ នេះជារឿងមួយដែលនិយាយផ្ទុយពីមុន។ ចំពោះពលរដ្ឋដែលមិនចូលរួម ព្រោះគាត់គិតថា ការបោះឆ្នោតវាអត់មានតម្លៃគេយកទៅដោះដូរតាមចិត្ត ម្ល៉ោះហើយវាមិនមានសារសំខាន់ អ៊ីចឹងហើយ ពលរដ្ឋខកចិត្តក៏មិនចង់ទៅចូលរួមការបោះឆ្នោត...»។
លោក សោម សូរីដា ក៏បានបញ្ជាក់ដែរថា៖ «ចំនួនអ្នកទៅចូលរួមបោះឆ្នោតច្រើន ឬតិច មិនសំខាន់នោះទេ សំខាន់គឺ គ.ជ.ប បានអនុវត្តដំណើរការរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព»។
ទោះជាមានការអះអាងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប បែបនេះក៏ដោយ ក៏សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកសេចក្ដីទុកចិត្តទាំងស្រុងពី គ.ជ.ប ដោយបានប្រកាសបញ្ឈប់ផ្ដល់ថវិកាសម្រាប់ការរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ។ បន្ថែមពីនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានប្រកាសថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ ដោយសារពុំមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ពីព្រោះការបោះឆ្នោតនោះ គឺមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះឡើយ៕
1 comment:
These NEC bunch stoop so low to deny the will of the people without any conscience just to serve their master namely Ah kwak.
Post a Comment