ដោយ ហេង សកល
2017-12-14

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
Photo: RFA
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងរូបលោកដើម្បីអាចឱ្យរូបលោកចូលរួមដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជា។
មេធាវីម្នាក់ក្នុងចំណោមមេធាវីប្រាំបីរូប ដែលជាមេធាវីការពារឱ្យលោក កឹម សុខា គឺលោកមេធាវី ហែម សុជាតិ បានឱ្យអាស៊ីសេរី ដឹងថា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ បានសួរចម្លើយលោក កឹម សុខា ជាង ៥០សំណួរ ប៉ុន្តែសំណួរទាំងនោះជាប្រភេទសំណួរដាក់បន្ទុក និងជាសំណួរប៉ះពាល់ដល់ជីវិតឯកជនក្រុមគ្រួសាររបស់លោក កឹម សុខា ដែលលោកយល់ថា សំណួរទាំងនោះមិនបានផ្តល់ភាពយុត្តិធម៌ចំពោះកូនក្តីលោកឡើយ។ លោកមេធាវីបញ្ជាក់ថា លោក កឹម សុខា បានឆ្លើយសំណួរខ្លះ និងសំណួរខ្លះទៀតលោកមិនឆ្លើយទេ ដោយរក្សាចម្លើយដូចការឆ្លើយលើកទីមួយកាលពីចុងខែវិច្ឆិកា។
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានសួរសំណួរលោក កឹម សុខា ជិតមួយរយសំណួរហើយ ដោយរាប់តាំងពីការសាកសួរពីលើកដំបូងកាលពីចុងខែវិច្ឆិកា រហូតមកដល់ពេលនេះ។ នៅថ្ងៃទី២១ និងទី២២ ខែធ្នូ ខាងមុខនេះ ចៅក្រមនឹងបន្តនីតិវិធីសួរចម្លើយលោក កឹម សុខា បន្តទៀត ប៉ុន្តែក្រុមមេធាវីឱ្យដឹងថា ក្រុមមេធាវីមិនទាន់សម្រេចចិត្តថា នឹងចូលរួមនីតិវិធីសាកសួរនេះ ឬយ៉ាងណានោះទេ ព្រោះការសាកសួរពីរដងកន្លងមកនេះ ជាប្រភេទសំណួរមិនបានស្វែងរកភាពយុត្តិធម៌ជូនលោក កឹម សុខា នោះឡើយ។
No comments:
Post a Comment