Sunday 14 January 2018

លោក ស ខេង កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ចាត់​ការ​ក្រុម​ប្រឆាំង​មុន​បញ្ជូន​ទៅ​លោក ហ៊ុន សែន


ដោយ ទីន ហ្សាការីយ៉ា
2018-01-14 


ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
 RFA



ក្រុមការងារ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដាក់ទោស​បក្ស​ដែល​និយាយ​មិនល្អ​ពី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បញ្ជូន​សេចក្តី​ព្រាង​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​មុននឹង​បញ្ជូន​ទៅ​រដ្ឋសភា។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​ការ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល។



អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក ស ខេង បាន​ជួប​ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​រួចហើយ​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក ខៀវ សុភ័គ មិនបាន បញ្ជាក់​លំអិត​ពី​នៃ​លទ្ធផល​ជា​ដុំកំភួន​នៃ​កិច្ចប្រជុំ​នោះ​ឡើយ លោក​គ្រាន់តែ​បញ្ជាក់ យ៉ាង​ខ្លី​ថា ពេលនេះ លោក ស ខេង កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់ មុននឹង​បញ្ជូន​ទៅ​ឲ្យ​លោក ហ៊ុន សែន។

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ កន្លង​ទៅ​បង្ហាញ​ថា ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​សិក្សា​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការ​ចាំបាច់ ស្រប​តាម​មាត្រា​១៥១​ថ្មី និង​មាត្រា​១៥៣​ថ្មី។

លោក ខៀវ សុភ័គ ថា ធម្មនុញ្ញ​ដែល​គ្រោង​កែប្រែ គឺ​ដើម្បី​ដាក់ទោស​ជន​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រទេស​កម្ពុជា សំដៅ​ទៅ​នឹង​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​ស្នើសុំ​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា គឺ​ដាក់ទោស​ជន​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ និង បើកផ្លូវ​ឲ្យ​លោក ហ៊ុន សែន អាច​តែង តាំង​មន្ត្រី​ថ្នាក់ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋសភា។

ក្រុមការងារ​កែ​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដួចផ្ដើម​ដោយ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក ស ខេង ជា អ្នក​ដឹកនាំ ចំណែក​លោក ស ខេង សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​មាន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​ប្រធាន អម​ដោយ​អនុប្រធាន​៣​រូប និង​សមាជិក​៨​រូប​ទៀត​ដែល​សុទ្ធ សឹងតែ​ជា​ក្រុម​អ្នក​ច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិនមែន​ជា​រឿង​ធ្វើ​ច្រើនដង​ទេ។ គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ចាំ​បាច់​ត្រូវតែ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ លោក សុខ ឥសាន បដិសេធ​ថា ការ​ធ្វើ​ច្បាប់​នេះ​មិនមែន​សំដៅ​ដាក់ទោស​បុគ្គល​មួយ​ក្រុម​ណា​នោះ​ទេ គឺ​សំដៅ​លើ​មនុស្ស​ទូទៅ។

ផែនការ​កែ​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង​បន្ទាប់ពី​គណបក្ស​នេះ​បាន រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បក្ស​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​កូនស្រី លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា កំពុង​ធ្វើ​យុទ្ធនាការ​សុំ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល ហ៊ុន សែន និង​ស្នើសុំ​ទៅ​អង្គការ​សហ​ប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ដោយ​ត្រូវ​ព្យួរ​អាសនៈ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជា​បណ្ដោះអាសន្ន​សិន។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ កញ្ញា កឹម មនោវិទ្យា បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ទប់ស្កាត់​សកម្មភាព នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ចោទ​ថា​ក្បត់ជាតិ គឺជា​ច្បាប់​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន និង​ច្បាប់​អន្តរជាតិ។ «»

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​សមាជិក​សភា​ទាំង​៥៥​រូប កាល​ពី​ពេល​ថ្មីៗ​នេះ មិនមែន​ជា​តំណាង​របស់​ពលរដ្ឋ​ទេ។ លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ច្បាប់​ដើម្បី​ដាក់ទោស​មនុស្ស​មួយ​ក្រុម​គឺជា​សង្គម​ផ្ដាច់ការ។ «»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កែ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​ខ្លួន​តែប៉ុណ្ណោះ៕

No comments: