ដោយ ម៉ៅ សុធានី
2018-04-01
rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុងជំនួបនាប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook page
ស្របពេលដែលស្ថានការណ៍នយោបាយកម្ពុជាកំពុងតានតឹងខ្លាំង ដោយអ្នកនយោបាយមិនទាន់អាចរកច្រកចេញបានផងនោះ ប្រទេសចិនបានប្រកាសគាំទ្រជាថ្មីម្តងទៀតថា ខ្លួននឹងនៅតែគាំទ្ររបបក្រុងភ្នំពេញ និងគាំទ្រលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។ អ្នកវិភាគនយោបាយយល់ឃើញថា ការប្រកាសរបស់ចិននេះ នឹងធ្វើឱ្យរបបក្រុងភ្នំពេញមិនខ្លាចនឹងប្រព្រឹត្តអំពីសម្លាប់លទិ្ធប្រជាធិបតេយ្យកម្ពុជាបន្តទៀតឡើយ។
ប្រទេសចិនបានបញ្ជាក់ជំហរគាំទ្រជាថ្មីម្តងទៀតដល់របបក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលោក កឹម សុខា និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ដាក់ពន្ធនាគារ រំលាយបក្សសង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។ ការប្រកាសជំហររបស់ចិននេះ ធ្វើឡើងក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីរាត្រីថ្ងៃទី៣០ មីនា ក្នុងឱកាសដែលថ្នាក់ដឹកនាំប្រទេសទាំង ៦ នៃមហាអនុតំបន់ទន្លេមេគង្គកំពុងជួបប្រជុំគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា លោក វ៉ាង យី បានប្រាប់លោកថា ចិនបានតាមដាន និងគាំទ្រវិធានការទាំងឡាយដែលរបបក្រុងភ្នំពេញបានធ្វើកន្លងមក ដើម្បីការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ពិសេសការពារកិត្តិយសជាតិរបស់កម្ពុជា។ ប្រមុខការទូតប្រទេសកុម្មុយនិស្តមួយនេះអះអាងថា ចិនគាំទ្រឱ្យលោក ហ៊ុន សែន ជាប់ឆ្នោតដឹកនាំកម្ពុជាបន្តទៅមុខទៀត។
អ្នកវិភាគយល់ឃើញថា ជំហរគាំទ្ររបស់ចិនចំពោះរបបក្រុងភ្នំពេញនៅពេលនេះ គឺជាឧបសគ្គដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសជប៉ុន ដើម្បីឱ្យអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងវិលមករកតុចរចាគ្នានោះ មិនអាចធ្វើទៅបានឡើយ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងថា ចិនគឺជាប្រទេសកុម្មុយនិស្ត ដូច្នេះចិនមិនដែលខ្វល់ពីរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអ្វីនោះទេ ឱ្យតែប្រទេសណាដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួន គឺចិនរាប់រកទាំងអស់។ លោកបន្តថា ការគាំទ្ររបស់ចិនចំពោះរបបក្រុងភ្នំពេញនេះ នឹងមិនអាចនាំទៅរកការចរចា និងដំណោះស្រាយនយោបាយនៅកម្ពុជាឡើយ ផ្ទុយទៅវិញ មានតែធ្វើឱ្យកម្ពុជាកាន់តែបែកបាក់ជាតិធ្ងន់ធ្ងរថែមទៀត។ «»
អ្នកវិភាគនយោបាយរូបនេះ ថ្លែងថា របបក្រុងភ្នំពេញគួរតែពិចារណាទៅលើសំណើរបស់ប្រទេសជប៉ុន ដែលអំពាវនាវឱ្យអ្នកនយោបាយខ្មែរវិលមករកតុចរចាសាជាថ្មី ដើម្បីរកដំណោះស្រាយសមស្របជុំវិញរឿងវិបត្តិនយោបាយ ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែឆ្នាំមកហើយនោះ ឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ លោកបន្តថា វាមិនមែនជារឿងគួរឱ្យសប្បាយចិត្តនោះទេ ដែលប្រទេសចិនប្រកាសពីជំហរគាំទ្រដល់របបក្រុងភ្នំពេញដែលកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ។ «»
កាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបដិសេធ ចំពោះកិច្ចខិតខំប្រឹងប្រែងនានាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅមុនការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ។ លោកថែមទាំងបានច្រានចោលកង្វល់របស់ប្រទេសជប៉ុន ដែលចង់ឃើញអ្នកនយោបាយខ្មែរត្រូវរ៉ូវគ្នាឡើងវិញផងដែរ។ «»
មេដឹកនាំនៃរបបក្រុងភ្នំពេញរូបនេះ ធ្លាប់បានប្រកាសថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយកំពូលមហាអំណាចអាស៊ីមួយនេះនឹងបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ ក៏ប៉ុន្តែអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញស្របគ្នាថា ការលម្អៀងខ្លាំងទៅរកចិននេះមិនមែនជាគោលនយោបាយការបរទេសឆ្លាតវៃនោះទេ ហើយបន្តិចម្តងៗ របបក្រុងភ្នំពេញកំពុងធ្វើឱ្យខ្លួនឯង នៅឯកោពីសហគមន៍អន្តរជាតិ ដែលជួយឈឺឆ្អាលរឿងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
No comments:
Post a Comment