ដោយ ហេង សកល
2018-04-07
rfa

មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត (ឆ្វេង) ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយ និងប្រធានសន្តិសុខខណ្ឌដូនពេញ លោក ទឹម រដ្ឋា (អាវពណ៌ផ្កាឈូក) បញ្ជាសន្តិសុខក្នុងពេលប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលល្បីឈ្មោះខាងប្រើអំពើហិង្សាបង្ក្រាបលើពលរដ្ឋសហគមន៍ដីធ្លី សកម្មជនគណបក្សនយោបាយប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្ស មិនត្រូវបានតុលាការចាត់ការបណ្តឹងរបស់ក្រុមជនរងគ្រោះនោះទេ។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការអនុវត្តរបស់តុលាការមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ទេ។
ក្រុមជនរងគ្រោះដែលរងការវាយដំពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញស្នើសុំឱ្យតុលាការពិចារណាឡើងវិញ និងបើកការស៊ើបអង្កេត ចោទប្រកាន់ក្រុមសន្តិសុខខណ្ឌដូនពេញតាមនីតិវិធីច្បាប់។ ជនរងគ្រោះសហគមន៍ដីធ្លីបឹងកក់ម្នាក់ គឺលោកស្រី ផាន់ ឈុនរ៉េត ថ្លែងប្រាប់អាស៊ីសេរីថា ក្រុមលោកស្រី បានដាក់ប្តឹងក្រុមសន្តិសុខខណ្ឌដូនពេញទាំងនោះ ពីបទប្រើអំពើហិង្សាដោយចេតនា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៣ ប៉ុន្តែមិនត្រូវបានតុលាការបើកការស៊ើបអង្កេត ចោទប្រកាន់ក្រុមសន្តិសុខទាំងនោះឡើយ។ សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៥ ខែមេសាកន្លងទៅនេះ បានបដិសេធបណ្តឹងក្រុមលោកស្រី ដោយសាលាឧទ្ធរណ៍លើកមូលហេតុថា បណ្តឹងរបស់លោកស្រីមិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យឱ្យច្បាស់លាស់ ហេតុនេះសាលាឧទ្ធរណ៍តម្កល់ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ លោកស្រីយល់ថា សេចក្តីសម្រេចនេះ ពិតជាអយុត្តិធម៌ណាស់ ព្រោះបណ្តឹងរបស់លោកស្រីបានបញ្ជូលទាំងរូបថតជនសង្យ័យចូលក្នុងសំណុំរឿងអស់ហើយ៖ «បើរក្សាពាក្យបណ្តឹងខ្ញុំដូចសាលាដំបូងខំហៅខ្ញុំមកធ្វើអ្វី ហើយខំបង្កើតសាលាឧទ្ធរណ៍ធ្វើអ្វី មានតែសាលាដំបូងមួយចឹងបានហើយ មិនបាច់ដល់ឧទ្ធរណ៍ទៀតទេ ព្រោះហៅខ្ញុំមកអត់រកយុត្តិធម៌ឱ្យខ្ញុំផង អត់មានចុះស៊ើបអង្កេតនៅសាលាខណ្ឌដូនពេញផង ឈ្មោះដែលខ្ញុំដាក់បណ្តឹងនឹងសុទ្ធតែមានឈ្មោះទាំងអស់ ហេតុអ្វីក៏លោកមិនចុះទៅស៊ើបអង្កេតនៅសាលាខណ្ឌដូនពេញទៅ ព្រោះពួកសាលាខណ្ឌដូនពេញដើរវាយគេ»។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៣ ក្រុមអ្នកភូមិបឹងកក់ប្រមាណជាង ១០នាក់ បានប្រមូលផ្តុំគ្នាធ្វើពីធីសមាធិនៅរមណីដ្ឋានវត្តភ្នំ ដើម្បីទាមទារឱ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ជា និងសុំឱ្យអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី។ ប៉ុន្តែត្រូវបានក្រុមសន្តិសុខខណ្ឌដូនប្រើអំពើហិង្សាបង្ក្រាបបណ្តាលឱ្យលោកស្រី ផាន់ ឈុនរ៉េត និងលោកស្រី ង៉ែត ឃុន ដែលជាឈ្មោះថា យាយម៉ាំម៉ី រងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកស្រី ផាន់ ឈុនរ៉េត ឱ្យដឹងថា លោកស្រីនឹងប្តឹងសាទុក្ខរឿងក្តីនេះទៅតុលាការកំពូល នៅថ្ងៃចន្ទដើមសប្តាយ៍ក្រោយនេះ។ លោកស្រីសង្ឃឹមថា តុលាការកំពូលនឹងស្វែងរកយុត្តិធម៌ដល់លោកស្រី ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចោទប្រកាន់ជនសង្ស័យទាំងនោះ។
សកម្មជនសិទ្ធិមនុស្សរងការវាយប្រហារដោយហិង្សាពីសំណាក់ កងសន្តិសុខខណ្ឌដូនពេញនេះដែរ។
ប្រធានគ្រប់គ្រងការិយាល័យសិទ្ធិមនុស្ស នៃសមាគមសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត បានថ្លែងប្រាប់អាស៊ីសេរីកាលពីថ្ងៃទី០៦ ខែមេសាថា លោកក៏ត្រូវបានក្រុមសន្តិសុខទាំងនេះវាយរូបលោក ខណៈដែលលោកកំពុងឃ្លាំមើលសហគមន៍ដីធ្លីហែក្បូនក្នុងវេទិកាសិទ្ធិលំនៅឋានពិភពលោក កាលពីអំឡុងខែតុលា ឆ្នាំ២០១៦។ ភ្លាមៗ ក្រោយកើតហេតុ លោកក៏បានដាក់ពាក្យបណ្តឹងទៅប៉ូលិសប៉ុស្តិ៍ជ័យជម្នះ ប៉ុន្តែមិនមានចំណាត់ការនោះទេ។ ផ្ទុយទៅវិញ លោកបែជាត្រូវក្រុមសន្តិសុខខណ្ឌដូនពេញប្តឹងបកវិញទៅតុលាការពីបទប្រើអំពីហិង្សាដោយចេតនា ហើយលោកក៏បានចូលបំភ្លឺនៅតុលាការរួចហើយ ក្នុងនាមជាជនសង្ស័យ៖ «ទាក់ទងនឹងក្រុមសន្តិសុខខណ្ឌដូនពេញវាច្រើនលើកច្រើនសាហើយ ឃើញថា មានការប្រទូសរ៉ាយគ្នា នៅពេលដែលសហគមន៍ នៅពេលដែលប្តឹង គឺចំណាត់ការនឹងមិនសូវជានេះទេ បើតុលាការធ្វើដែរ។ ប៉ុន្តែដោយសារពួកគាត់អត់ស្គាល់អត្តសញ្ញាណ គាត់ដឹងតែក្រុមសន្តិសុខខណ្ឌ ប៉ុន្តែអត់ស្គាល់ឈ្មោះ ស្គាល់អ៊ីចឹងទៅគេលើកលែងបទចោទ។ល។»។
កាលពីខែមីនាកន្លងទៅនេះ ក្រុមសន្តិសុខបន្តប្រើប្រាស់ហិង្សាវាយបាតុករ ដោយមិនក្លាចរអាទាំងកណ្តាលហ្វូងមនុស្ស។
កាលពីព្រឹកថ្ងៃទី២៧ ខែមីនាកន្លងទៅ ពេលសាលាឧទ្ធរណ៍កំពុងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រជាពលរដ្ឋជាច្រើននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណតុលាការដើម្បីបង្ហាញការគាំទ្រចំពោះមេបក្សប្រឆាំងរូបនេះ។ ប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ក្នុងឯកសណ្ឋានស៊ីវិល គ្មាននិយាយអ្វីមួយម៉ាត់ បានចេញមុខមកទះកំភ្លៀងបាតុករ លោក ប៉ែន ចាន់ មួយដៃ និងបានគំរាមទះភ្លៀងថែមទៀត។ នេះមិនមែនជាលើកទីមួយទេ ដែលលោក គឹម វុត្ថា ប្រើអំពើហិង្សាទៅលើបាតុករ។ រូបភាពវីដេអូមួយ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមបង្ហាញថា លោក គឹម វុត្ថា បានយកមួយសុវត្ថិភាពវាយទៅលើបាតុកររបស់ក្រុមគាំទ្រគណបក្សប្រឆាំងផងដែរ។
លោក អំ សំអាត ឱ្យដឹងថា ចំពោះករណីនេះ លោកមិនដឹងថា សមត្ថកិច្ចបានបើកការស៊ើបអង្កេតលើរឿងនេះនៅឡើយទេរហូតមកដល់ពេលនេះ។ លោកឱ្យដឹងបន្តថា បុគ្គលណាក៏ដោយទោះបីជាពលរដ្ឋ មន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធក្តី សុទ្ធតែត្រូវបានហាមឃាត់ដោយច្បាប់មិនឱ្យប្រព្រឹត្តអំពើហិង្សានោះទេ ព្រោះវាជាបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ លោកថាទង្វើរបស់ប្រធានសន្តិសុខខណ្ឌដូនពេញនោះ គឺជាអំពើហិង្សាដោយចេតនា ដែលអាជ្ញាធរត្រូវនាំខ្លួនជននោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីលុបបំបាត់អំពើនិទណ្ឌភាពនៅកម្ពុជា៖ «ហើយអានេះជាវប្បធម៌មួយ ដែលអាក្រក់ ដែលបើសិនជាយើងប្រើនូវរប្បធម៌របៀបនេះ ដើម្បីធ្វើជាដំណោះស្រាយ អាហ្នឹងប្រទេសយើងវាក្លាយជាប្រទេសមួយ ដែលគ្មានច្បាប់ទម្លាប់។ល។»។
ការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងកងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ជាពិសេស កម្លាំងខណ្ឌដូនពេញ តែងកើតមានជាហូរហែនៅរាល់ពេលមានការជួបប្រជុំ ឬការតវ៉ាដោយសន្តិវិធីម្ដងៗ។ អាជ្ញាធរតែងលើកឡើងថា ការជួបប្រជុំ ឬការតវ៉ារបស់ពលរដ្ឋធ្វើឡើងដោយខុសច្បាប់ ឬមិនមានការអនុញ្ញាត ហើយជាញឹកញាប់ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលស្លៀកពាក់ឯកសណ្ឋាន និងមានពាក់មួកសុវត្ថិភាពផង គឺជាអ្នកចេញមុខបង្រ្កាបក្រុមពលរដ្ឋ។
គណបក្សសង្គ្រោះជាតិធ្លាប់បានស្នើទៅក្រសួងមហាផ្ទៃឱ្យលុបបំបាត់កម្លាំងសន្តិសុខទាំងនោះចោល កាលពីចុងឆ្នាំ២០១៦ ដោយយល់ឃើញថា កម្លាំងនោះជាកម្លាំងខុសច្បាប់ដែលតែងប្រើអំពើហិង្សាលើសកម្មជនដីធ្លី សកម្មជននយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា សំណើនេះត្រូវបានក្រសួងមហាផ្ទៃបដិសេធ ដោយក្រសួងលើកឡើងថា ការប៉ះទង្គិចទាំងឡាយកាលពីពេលកន្លងទៅ គឺដោយសារក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ឬសកម្មជនគណបក្សសង្គ្រោះជាតិ មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ឬបង្កភាពអនាធិបតេយ្យក្នុងសង្គម។
មិនត្រឹមតែសន្តិសុខខណ្ឌដូនពេញមិនត្រូវបានផ្តន្ទាទោស ប៉ុន្តែត្រូវបានផ្តល់ប័ណ្ណសរសើរ និងដម្លើងតំណែងថែមទៀត។ អតីតអភិបាលរងខណ្ឌដូនពេញលោក សុខ ពេញវុធ ត្រូវបានដម្លើងតំណែងជាអភិបាលខណ្ឌដូនពេញ។
មន្ត្រីការពារសិទ្ធិមនុស្ស និងក្រុមជនរងគ្រោះ ស្នើសុំឱ្យអាជ្ញាធរក្រុងភ្នំពេញចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានបង្កហិង្សា ដើម្បីឱ្យស្របទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែនិយាយអំពីពាក្យថា សន្តិភាព៕
No comments:
Post a Comment