ដោយ យន់ សាមៀន
2018-04-14

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
ស្របពេលពលរដ្ឋកំពុងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយបញ្ឈឺគណបក្សប្រឆាំងថា អ្នកមិនសប្បាយក្នុងពិធីចូលឆ្នាំថ្មីមានតែពួកក្បត់ជាតិ។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិថា សាររបស់បក្សកាន់អំណាចនេះ គឺជាការបន្ថែមការឈឺចាប់ដល់ក្រុមគ្រួសារបក្សឆាំង ដែលកំពុងបែកបាក់ប្រពន្ធកូនក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
គណបក្សកាន់អំណាចនៅតែយកឱកាស នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី វាយប្រហារទៅគណបក្សសង្រ្គោះជាតិ ស្របពេលដែលសមាជិកគណបក្សនេះខ្លះជាប់គុក និងខ្លះទៀតកំពុងនិរទេសខ្លួននៅបរទេស មិនអាចចូលរួមពិធីចូលឆ្នាំថ្មី។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាមរបស់លោក នៅថ្ងៃទី១៤ ខែមេសាថា ប្រជាជនកម្ពុជាកំពុងសប្បាយរីករាយ និងពរឆ្នាំថ្មី ប៉ុន្តែមានអ្នកមិនសប្បាយចិត្ត គឺពួកក្បត់ជាតិ ដែអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ អះអាងថា កំពុងអស់ផ្លូវដើរហើយ។ លោក សុខ ឥសាន ថែមទាំងប្រើសារនយោបាយបែបហិង្សាទៀតថា តើលោក សម រង្សី ចង់ធ្វើអី? សូមអញ្ជើញហក់មកចុះតាមស្រឡាញ់។ ប្រជាជនកម្ពុជារង់ចាំស្វាគមន៏មួយដៃមួយជើងម្នាក់ៗ ឲ្យសមតាមបំណងខ្លួន។ សារនយោបាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះ ហាក់មិនខុសពីការថ្លែងរបស់ប្រធានបក្សលោក គឺលោក ហ៊ុន សែន ដែលកំពុងប្រើប្រាស់ យុទ្ធសាស្រ្តគំរាមកំហែងពលរដ្ឋអ្នកបោះឆ្នោត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៣ មេសា បានឆ្លៀតឱកាសប្រើលិ្បចបភិតបំភ័យយុវជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ នៅខេត្តសៀមរាប។
នៅចំពោះមុខយុវជនរាប់ពាន់នាក់ ដែលចូលរួមពិធីបុណ្យចូលឆ្នាំនៅសៀមរាបអង្គរ ថ្ងៃសុក្រ ទី១៣ មេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើយុទ្ធសាស្រ្តបំភិតបំភ័យយុវជនថា ដើម្បីជួយកម្ពុជាឲ្យចាកផុតពីជោគវាសនាស្រដៀងទៅនឹងប្រទេសស៊ីរី ដែលកំពុងរងគ្រោះដោយសារសង្គ្រាមស៊ីវិល ពួកគេត្រូវបោះឆ្នោតជូនលោក។ ទន្ទឹមនឹងនេះ លោកក៏មិនភ្លេចឃោសនានយោបាយរកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតខែកក្កដា ដោយអួតអាងពីស្នាដៃរបស់លោក ដោយលោកអះអាងថា លោកជាអ្នកនាំសន្តិភាពមកឲ្យកម្ពុជា។
នាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅក្នុងតំបន់អាស៊ីរូបនេះ លើកឡើងថា តើប្រទេសស៊ីរី មានលទ្ធភាពជួបជុំសប្បាយរីករាយដែរឬទេ បើប្រទេសនេះ នៅតែហែកហួរដោយសង្រ្គាម? អតីតមេទាហានខ្មែរក្រហម លោក ហ៊ុន សែន ដែលបានឡើងកាន់តំណែងតាំងពីឆ្នាំ១៩៨៥ មក តែងតែដោះសារយកត្រូវថា លោកបន្តកាន់កាប់តំណែងជាយូរឆ្នាំមកនេះ ហើយគ្រោងនឹងបន្តកាន់តំណែងទៅមុខទៀត ដោយសារតែចង់រក្សាសន្តិភាពឲ្យកម្ពជា។ លោក ហ៊ុន សែន តែងតែលើកឡើងពីបដិវត្តព័ណ៌នៅប្រទេសអារ៉ាប់ ជាឧទាហរណ៍ដែលទាមទារឲ្យលោកនៅបន្តតំណែង។ ទោះបី រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នឹងអាចឈ្នះឆ្នោតនៅខែកក្កដាខាងមុខ ដោយសារតែគ្មានគណបក្សប្រឆាំងចូលរួមការប្រកួតប្រជែងក៏ដោយ ក៏គណបក្សកាន់អំណាចមួយនេះ នៅតែបន្តស្វែងរកការគាំទ្រពីក្រុមយុវជន ដោយសារតែការបោះឆ្នោត កាលពីឆ្នាំ២០១៣ កន្លងទៅ គណបក្សសង្គ្រោះជាតិទទួលបានសម្លេងឆ្នោតគាំទ្រជាច្រើនពីយុវជន។ មុនការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ តាមរយៈសារបែកធ្លាយមួយចំនួន ជនជាតិប៉ាគីស្ថានមួយរូប គឺលោក ចូសែហ្វ ម៉ាធ្យូ (Joseph Matthews) បានសន្យានឹងកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជួយលោកអោយបានទទួលសញ្ជាតិខ្មែរថា នឹងជួយបង្រៀនយុទ្ធសាស្ត្របំភិតបំភ័យពលរដ្ឋខ្មែរដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមសន្លឹកឆ្នោតជូនលោក ហ៊ុន សែន។
យ៉ាងហោចណាស់មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិជាង ២០នាក់ ដែលមានតំណែងចាប់ពីតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសកម្មជនកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសទាមទារឲ្យលោក សុខ ឥសាន កុំប្រើភាសាបំបែកបំបាក់ជាតិ និងបន្ថែមការឈឺចាប់ទៅលើគណបក្សប្រឆាំង។
ក្រុមមេដឹកនាំនយោបាយខ្មែរបានបញ្ចេញសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរមានខ្លឹមសារផ្ទុយគ្នា ស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទទួលទេវតាឆ្នាំថ្មី។ លោក ហ៊ុន សែន លើកឡើងនៅក្នុងសារឆ្នាំថ្មីថា របបរបស់លោកបានទប់ស្កាត់ដោយជោគជ័យតាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ធ្វើឲ្យបដិវត្តពណ៌ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មី។ ចំណែកលោក សម រង្ស៊ី បញ្ជាក់ថា សម្រាប់រូបលោក និងអ្នកតស៊ូទាំងអស់ក្នុងជួរគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិនឹងខិតខំទាំងអស់គ្នាធ្វើយ៉ាងណាឲ្យប្រជារាស្ត្រខ្មែរចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌យ៉ាងពិតប្រាកដ។ រីឯលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានផ្ញើចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំអំពាវនាវដល់ពលរដ្ឋកុំអស់សង្ឃឹម កុំបង់ចោលការតស៊ូព្យាយាមរបស់ខ្លួន ក្នុងការទាមទារឲ្យមានការផ្តាស់ប្តូរ៕
1 comment:
ប្រភពនៃសង្រ្គាមនៅស៊ីរី
-------------------
ដំបូងសុំនិយាយដើមហេតុបន្តិច និងកុំអោយពួកស៊ីភីភីនៅតែយករឿងនេះមកបោកខ្មែរបន្តទៀតដោយចោទថាអាមេរិកជាអ្នកបង្កវិនាសកម្មនៅស៊ីរី ហើយយកលេសថាសង្រ្គាមនេះកើតឡើងដោយសារការចង់បានការផ្លាស់ប្តូរ។
រឿងដំបូងចាប់ផ្តើមនៅថ្ងៃទី១៥ មិនា ២០១១ ដោយពលរដ្ឋស៊ីរីចាប់ផ្តើមធ្វើបាតុកម្មទាមទារអោយ អាសាដ ដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ដែលរបប អាសាដ បានចាប់ដាក់គុកព្រោះតែការបញ្ចេញមតិប្រឆាំងនឹងរដ្ឋាភិបាល អាសាដ។ ក្រៅពីនេះពលរដ្ឋស៊ីរីក៏ទាមទារឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យផងដែរដើម្បីរើសមេដឹកនាំ តែមិនមែនកូនឡើងកាន់តំណែងតពូជ តគ្រួសារ៤០ឆ្នាំ ៥០ឆ្នាំបែបនេះឡើយ។ អាសាដ មិនធ្វើតាម ហើយបានបញ្ជាឲ្យកងទ័ពបាញ់សំលាប់អ្នកតវ៉ាយ៉ាងព្រៃផ្សៃ បង្កជាវិបត្តិនយោបាយ និងសង្រ្គាមស៊ីវិលនៅស៊ីរីតមក។
ពេលមានវិបត្តិ អាមេរិក អឺរ៉ុប និងUN បានកោះប្រជុំជាច្រើនលើកស្វែងរកដំណោះស្រាយរួមដោយសន្តិវិធី និងព្យាយាមសុំអោយ អាសាដ ឈប់សំលាប់ពលរដ្ឋខ្លួន ហើយទទួលយកការផ្លាស់ប្តូរដោយការបោះឆ្នោតសេរី និងយុត្តិធម៌ដើម្បីបញ្ចប់វិបត្តិនយោបាយ។ អាសាដ ល្មោភអំណាចមិនព្រម។ ចិន និង សូវៀត ចេញមុខគាំទ្រ អាសាដ និងប្រឆាំងសំណើរស្វែងរកដំណោះស្រាយរបស់អាមេរិក អឺរ៉ុប និង UN ហើយចោទថាជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុងប្រទេសស៊ីរីថែមទៀត។ និយាយរួមដូចស្រុកខ្មែរសព្វថ្ងៃអញ្ចឹង។
ការណ៍នេះបានអូសបន្លាយដល់សព្វថ្ងៃដោយសារ ចិន និងសូវៀត ហើយមានអុីរ៉ង់ផងដែរ នៅពីក្រោយគាំទ្រ មេដឹកនាំហុតឈាមជាតិសាសន៍ខ្លួនឯង អាសាដ ដោយតែងប្រើ«សិទ្ធិវេតូ» គ្រប់ពេលនៅUN នាំអោយស៊ីរី ក្លាយជាផេះ ប្រទេសបែកបាក់ និងទឹកដីបែងចែកជាបួនភាគីកាន់កាប់។
ពេលប្រទេសស៊ីរីមានវិបត្តិទៀតសោធ ប្រជាជនស៊ីរីរាប់លាននាក់បានរត់ភៀសខ្លួនពីការកាប់សំលាប់នៃភ្លើងសង្រ្គាមនេះ គេមិនដែលឃើញចិន សូវៀត ឬអ៊ីរ៉ង់យកបាយមួយចានឲ្យប្រជាជនស៊ីរីហូបទេ ហើយក៏មិនដែលឃើញចិន ឬសូវៀតជួយសង្រ្គោះ យកជនភៀសខ្លួនស៊ីរីមកឲ្យរស់នៅប្រទេសរបស់ខ្លួនដែរ។ ពោលមានតែអាមេរិក និង អឺរ៉ុបប៉ុណ្ណោះ។
សម្រាប់ពេលនេះ ក្រោយពីមានការវាយប្រហារដោយអាវុធគីមីសំលាប់មនុស្សយ៉ាងព្រៃផ្សៃពីរដ្ឋាភិបាល អាសាដ មកលើពលរដ្ឋខ្លួន អាមេរិក រួមទាំង អង្គការណាតូ បានប្រកាសត្រៀមធ្វើអន្តរាគមន៍វាយប្រហាររដ្ឋាភិបាល អាសាដ ជាការឆ្លើយតប ហើយអាមេរិក និងសម្ព័ន្អមិត្តព្យាយាមស្វែងរកការគាំទ្រពីUN ពោលពីប្រទេសមហាអំណាច ដោយក្នុងនោះ ចិន បានបោះឆ្នោតអនុប្រវាទ រីឯសូវៀត បោះឆ្នោតប្រឆាំង។ សម្រាប់សូវៀត មិនត្រឹមតែប្រឆាំងទេ តែថែមទាំងព្រមានវាយបកដោយយោធាមកលើអាមេរិក និងសម្ព័ន្ធមិត្តវិញថែមទៀតប្រសិនបើ អាមេរិក និងសម្ព័ន្ធមិត្តហ៊ានវាយប្រហារទៅលើរដ្ឋាភិបាល អាសាដ ដែលជាអាយ៉ងរបស់ខ្លួន។
ដោយឡែក អាសាដ វិញសម្រាប់ពេលនេះគឺត្រូវបានព័ត៌មានជាច្រើនរាយការណ៍ថាបានរត់ភៀសខ្លួនទៅលាក់ខ្លួននៅប្រទេសអ៊ីរ៉ង់បាត់ហើយ ដោយខ្លាចគ្រាប់មីស៊ីលបាញ់ពីយន្តហោះអត់មនុស្សបើករបស់អាមេរិកបាញ់សំលាប់ខ្លួនចោល។ (បញ្ជាក់៖ ហ៊ុន សែន គួរយល់ដឹងរឿងនេះ)។
ជារួមរឿងនៅស៊ីរី ងាយដោះស្រាយទេ ប្រសិនបើ អាសាដ ព្រមដោះលែងអ្នកទោសនយោបាយ ទទួលយកការផ្លាស់ប្តូរតាមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយ សូវៀត និងចិន ឈប់ធ្វើនយោបាយថោកទាប គាំទ្រពួកផ្តាច់ការ គឺអ្វីៗនឹងចប់ ពលរដ្ឋស៊ីរីនឹងរស់នៅមានសុខសន្តិភាព។ តែជាអកុសល អាសាដ មិនខ្វល់ ទោះរលាយប្រទេស រាស្រ្តខ្លួនស្លាប់យ៉ាងណាក៏មិនខ្វល់ សំខាន់ខ្លួនបានអំណាច មាន សូវៀត និងចិន រួមទាំង អ៊ីរ៉ង់ ផងឲ្យលុយខ្ចី និងលក់អាវុធអោយដើម្បីការពារអំណាច។ និយាយទៅខ្មែរ មិនខុសគ្នាទេ គឺកំពុងខឹតចូលដាននេះបណ្តើរៗហើយ តាមចរឹតល្មោភអំណាចរបស់ ហ៊ុន សែន។
.......................
ដោយ៖ ខ្មែរ សុវណ្ណភូមិ
Post a Comment