Thursday, 19 April 2018

លោក សម រង្ស៊ី បន្ត​ព្រមាន​ពី​ចលនា​ងើប​បះបោរ​នៅ​កម្ពុជា​ដោយសារ​គ្មាន​បក្ស​ប្រឆាំង


ដោយ មាន ​ឫទ្ធិ
2018-04-17

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA



ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខនេះ​ទេ។ លោក សម រង្ស៊ី ប្រាប់​កាសែត​អនឡាញ Tempo របស់​ឥណ្ឌូនេស៊ី​ថា ជា​រឿង​ចម្លែក​ដែល​ការ​បោះឆ្នោត ធ្វើឡើង​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា បើទោះបីជា​គណបក្ស​របស់​លោក ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​មែនពិត ក៏ប៉ុន្តែ​ស្មារតី​នៃ​ការ​ស្រលាញ់​គណបក្ស​នេះ នៅ​តែ​មាន​នៅ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជា​ដដែល។ លោក​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវតែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ។



លោក សម រង្ស៊ី ព្រមាន​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះបោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា គឺ​ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រកាន់​យក​របប​ផ្ដាច់ការ​និយម ដែល​មិនមែន​ជា​របប​ប្រជាធិបតេយ្យ តួ​យ៉ាងដូច​អ្វី​ដែល​កំពុងតែ​កើតមាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី បច្ចុប្បន្ន​នេះ។

លោក សម រង្ស៊ី នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ​ឲ្យ​សោះ ប្រសិនបើ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត៕

No comments: