Friday, 22 June 2018

តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន​ចាត់ការ​សមាគម​ខ្មែរ​ដែល​បង្ក​ការ​គំរាមកំហែង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី


ដោយ មួង ណារ៉េត
2018-06-20

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។
តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។
 Photo courtesy of Mark Butler's facebook



តំណាងរាស្ត្រ​អូស្ត្រាលី ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់ការ​សមាគម​ខ្មែរ​ទាំងឡាយ​ណា ដែល​បង្ក​ការ​គំរាមកំហែង ដល់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ស្រប​ពេល​ដែល សមាគម​ខ្មែរ​នៅ​អូស្ត្រាលី មួយ​ចំនួន​ត្រូវ​បាន​រង​ការរិះគន់ ថា​បង្កើត​ឡើង ដើម្បី​បម្រើ​នយោបាយ​បក្ស​កាន់អំណាច និង បង្ក​ការភ័យខ្លាច​ដល់​សិទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ ទាំង​នៅ​កម្ពុជា និង​នៅ​អូស្ត្រាលី។



តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្សប្រឆាំង​លោក ម៉ាក បាត់លើរ៍ (Mark Butler) ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ពិនិត្យ របប​លោក ហ៊ុន សែន ដែល​កំពុង​សាបព្រោះ​ការ​ភ័យខ្លាច នៅ​គ្រប់ទិសទី ដោយ​ចាប់ផ្ដើម​ពី​ស្រុក​ខ្មែរ ដូចជា​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​អ្នក​ថត​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី លោក ជេម រីឃិតសិន (James Ricketson) ដាក់​ពន្ធនាគារ និង​ប្រព្រឹត្ត​អំពើ​គំរាមកំហែង ដោយ​មាន​គោលបំណង និង​ចេតនា​គិតទុក​ជាមុន ជាច្រើន​ផ្សេងទៀត តាម​លំនាំ​នៃ​របប​ផ្ដាច់ការ៖ «ទាំងអស់​នេះ មិន​ត្រឹមតែ​ជា​ការ​បង្ក​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្ក​ឲ្យ​ការភ័យខ្លាច ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។ ជា​លទ្ធផល​នៃ​គោលបំណង និង ចេតនា​នៃ​របប​ផ្ដាច់ការ​នេះ ធ្វើ​ឲ្យ​ការភ័យខ្លាច និង​បង្ក្រាប​ពី​សំណាក់​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន កំពុងតែ​លង​បន្លាច​ពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នេះ​ផង គឺ​មិន​ខុស​អ្វី​ពី​ស្រមោល​ខ្មៅ អន្ទោល​តាម​ប្រាណ​នោះ​ឡើយ»។

ជុំវិញ​ការ​សាបព្រោះ​ការភ័យខ្លាច និង​គំរាមកំហែង ដែល​មិន​អាច​អត់ឱន​បាន​នេះ លោក ម៉ាក បាត់លើរ៍ លើកឡើង​អំពី​សហគមន៍​ខ្មែរ ដែល​បង្កើត​គ្រាន់តែ​ជា​ឡប់ឡែ ដើម្បី​បិទបាំង​សកម្មភាព​បម្រើ​នយោបាយ​បក្ស​កាន់អំណាច។ លោក​បន្ថែម​ថា សហគមន៍​ខ្មែរ​នៅ​ទីក្រុង​អាដឺឡែត បាន​រៀបរាប់​ប្រាប់​លោក អំពី​ការភ័យខ្លាច​របស់​ពួកគាត់ ជុំវិញ​ការ​បង្កប់​ភ្នាក់ងារ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មនុស្ស​ដែល​ជា​បក្សពួក​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ផ្ទាល់​តែម្ដង រួមទាំង​នៅ​ក្នុង​ភូមិកំណើត​របស់​លោក គឺ​នៅ​ទីក្រុង អាដឺឡែត​ផង។ ពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​សម្ដែង​ការ​ព្រួយបារម្ភ អំពី​ចលនា​របស់​សមាគម​វប្បធម៌​កម្ពុជា (Cambodian Cultural Association) ដែល​បង្កើត​នៅ​ខែ មីនា ឆ្នាំ​២០១៧៖ «ទោះបីជា​ច្បាប់​អូស្ត្រាលី អនុញ្ញាត​ឲ្យ​ពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើកស្ទួយ​វប្បធម៌​របស់​ខ្លួន​យ៉ាង​ណា​ក្តី បើ​តាម​របាយការណ៍​របស់​សហគមន៍​ខ្មែរ ដែល​ខ្ញុំ​បាន​ទទួល បង្ហាញ​ថា សមាគម​វប្បធម៌​កម្ពុជា នេះ​គឺ​គ្រាន់តែ​ជា​អង្គការ​សម្បក ដើម្បី​បម្រើ​លោក ហ៊ុន សែន ប៉ុណ្ណោះ។ សមាគម​នេះ មិនដែល​ចូលរួម​ក្នុង​ពិធី​វប្បធម៌​អ្វីមួយ​នៅ​អូស្ត្រាលី ហើយ​ថែមទាំង​គ្មាន​គេហទំព័រ​នៅ​លើ​អ៊ីនធឺណិត​នោះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ សមាគម​នេះ​មាន​ទំព័រ​ហ្វេសប៊ុក​ដែរ ប៉ុន្តែ តាំងពី​ខែ​មករា ឆ្នាំ ២០១៧ រហូតមកដល់​ឥឡូវ ឃើញ​មាន​បង្ហោះ​ព័ត៌មាន​ចំនួន​ប្រាំ​ដង​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្រុម​នេះ ទំនងជា​ផ្ដោត​ខ្លាំង​ទៅលើ ការ​គំរាមកំហែង និង​សម្លុត​បំភ័យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហគមន៍​ទៅវិញ។ មេដឹកនាំ​នៃ​ក្រុម​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន និង ធ្វើដំណើរ​ចេញចូល​ប្រទេស​កម្ពុជា​ញឹកញាប់»។

មិនតែប៉ុណ្ណោះ​លោក​លើកឡើង បន្ត​ទៀត​ថា ការ​បង្ហោះ​រូបភាព​កាំភ្លើង និង រូបថត​នៅ​កន្លែង​ទាហាន ជាមួយ​តំណាង​បក្ស​កាន់អំណាច និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ផង ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម គឺ​សុទ្ធតែ​រូបភាព​គំរាមកំហែង។

ជាងនេះទៅទៀត សមាជិក​គ្រួសារ​របស់​លោក ហ៊ុន សែន បាន​មក​រស់នៅ​តំបន់​ប៉ែក​ខាងជើង​ក្រុង​អាដឺឡែត ហើយ​បាន​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន។ លោក ម៉ាក បាត់លើរ៍ អះអាង​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ក៏បាន​ប្រាប់​លោក ឲ្យ​ដឹង​ទៀត​ថា ការ​ចូល​ជា​សមាជិក​នៃ​សមាគម​នេះ គឺ​ធ្វើឡើង​តាមរយៈ​សំណូក​សូកប៉ាន់ និង ការ​គំរាមកំហែង និង​បំភ័យ​ដល់​សមាជិក​ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ​ឯណោះ។ ឥឡូវនេះ ពលរដ្ឋ​ខ្មែរ​នៅ​ទី​នេះ ជាច្រើន​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ដោយសារតែ​សមាគម​នេះ​៖ «ពួកគេ​លែង​ហ៊ាន​ទៅលេង​ស្រុក​ខ្មែរ ព្រោះ​ខ្លាច​មនុស្ស​របស់​សមាគម​នេះ រាយការណ៍​ប្រាប់​របប​លោក ហ៊ុន សែន ឲ្យ​ចាំ​ចាប់ខ្លួន​ពួកគាត់ ឬ​ចាប់ខ្លួន​សមាជិក​គ្រួសារ​ពួកគាត់​។ ការភ័យខ្លាច​នេះ គឺ​ពិត​ជា​មាន​ប្រាកដ​មែន ព្រោះ​តាមរយៈ​ការ​ថ្លែង​គំរាម​របស់​លោក ហ៊ុន សែន ជា​សាធារណៈ នៅ​ពេល​កន្លង​ទៅ​នេះ ដែល​លោក ហ៊ុន សែន បាន​គម្រាម​តាម​វាយ​ដល់​ផ្ទះ អ្នកណា​ហ៊ាន​តវ៉ា​ប្រឆាំង​វត្តមាន​គាត់​នៅ​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី កាលពី​ខែ​មីនា ឆ្នាំ​នេះ​។ ខ្ញុំ​បាន​ជួប​ពលរដ្ឋ​ខ្មែរ​ដែល​អង់អាច​ក្លាហាន​ជាច្រើន​នាក់ ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន។ ឥឡូវ​ពួកគាត់ ចាប់ផ្ដើម​ព្រួយបារម្ភ ថា​មិន​ដឹង​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ពួកគាត់ បើ​ពួកគាត់​ទៅលេង​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ខាងមុខ។ អ្វី​ជា​ការ​បង្ក​ការភ័យខ្លាច ឲ្យ​កាន់តែច្បាស់​ទៀត​នោះ គឺ​មនុស្ស​របស់​លោក ហ៊ុន សែន តាមដាន​មើល​សកម្មភាព​តវ៉ា​របស់​គាត់ គ្រប់​ពេល​នៅ​ប្រទេស​អូស្ត្រាលី ពេល​កំពុង​តវ៉ា​នោះ»។

លោក​បន្ត​ទៀតថា លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​គាំង​ដំណើរ​ការ​ហើយ និង​បង្ក្រាប​រាល់​ការ​តវ៉ា​ស្របច្បាប់ នៅ​ស្រុក​ខ្មែរ។ សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ដាក់គុក ដូចជា​លោក កឹម សុខា ជាដើម។ ចំណែក​អ្នក​ឯទៀត ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន ទៅ​នៅ​ប្រទេសក្រៅ ក្នុង​នោះ​មាន​លោក សម រង្ស៊ី និង​មេដឹកនាំ និង​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ ជាច្រើន​ផ្សេងទៀត។ ដោយសារតែ​ការ​គំរាមកំហែង​ដល់​អាយុជីវិត ពី​របប​លោក ហ៊ុន សែន ទើប​ភរិយា​លោក កឹម ឡី និង កូនៗ សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ នៅ​ប្រទេស​អូស្ត្រាលី។

ដោយសារតែ​មូលហេតុ​ទាំងនេះ ទើប​លោក ម៉ាក បាត់លើរ៍ ស្នើ​ប្រទេស​អូស្ត្រាលី ត្រូវតែ​ចាត់វិធានការ ដើម្បី​បង្ហាញ​ការ​បន្ត​យកចិត្តទុកដាក់ ការពារ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​នាំគ្នា​ការពារ​សេចក្ដី​សុខសាន្ត​របស់​ពលរដ្ឋ​អូស្ត្រាលី។ រាល់​ជនជាតិ​អូស្ត្រាលី ត្រូវតែ​ទទួល​បាន​ការធានា ថា​ពួកគាត់​រស់នៅ​ក្នុង​ស្ថានភាព ដែល​មាន​សន្តិសុខ សុវត្ថិភាព និង​មិន​រង​ការ​សម្លុត​បំភ័យ គំរាម​កំហែង ទោះ​ក្នុង​រូបភាព​ណា ក៏ដោយ។ ពួកគាត់​មិន​ត្រូវ រស់នៅ​ក្នុង​ស្ថានភាព ដូច​រស់​ក្រោម​នឹម​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នោះ​ឡើយ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមាគម​វប្ប​ធម៍​កម្ពុជា រដ្ឋ​អូស្ត្រាលី​ខាងត្បូង នោះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៩ ខែ​មិថុនា​នេះ។

អាស៊ីសេរី ក៏​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន និង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​បាន​នៅឡើយ​ដែរ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី កាលពី​ខែ មីនា កន្លង​ទៅ​នេះ សមាគម​វប្បធម៌​កម្ពុជា រដ្ឋ​អូស្ត្រាលី​ខាងត្បូង​នេះ គឺ​ស្ថិត​ក្នុងចំណោម​សមាគម​ខ្មែរ​ចំនួន ០៧ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ស្វាគមន៍​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​យ៉ាង​ផុលផុស ចំពោះ​វត្តមាន​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ។

សមាគម​ប្រាំ​ដែល​បង្កើត​នៅ​អូស្ត្រាលី​នេះ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧ ក៏បាន​ចេញមុខ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ផង​ដែរ៕

No comments: