Sunday, 24 June 2018

លោក ហ៊ុន សែន សម្ពោធ​អាគារ​អង្គរក្ស​ទួល​ក្រសាំង​មាន​​តម្លៃ​ជាង ៤​លាន​ដុល្លារ​អាមេរិក


ដោយ មាន ឫទ្ធិ
2018-06-21 
rfa
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook Page



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក ក្រោយ​សហរដ្ឋអាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​មេ​អង្គរក្ស​របស់​លោក គឺ​លោក ហ៊ីង ប៊ុនហៀ​ង ដើម្បី​ជា​ការ​ព្រមាន​មួយ​ទៅ​របប​លោក ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោត​ជាតិ។



សមិទ្ធផល​ថ្មីៗ​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោម​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ក្រោម​ការគ្រប់គ្រង​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀ​ង ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​លោក ហ៊ុន សែន សម្ពោធ​នៅ​ថ្ងៃ​ទី​២១ មិថុនា រួមមាន អគារ​បញ្ជាការដ្ឋាន​អង្គរក្ស អគារ​ការិយាល័យ​ទទួល​ភ្ញៀវ​សម្រាប់​ស្នាក់នៅ អាគារ​ការិយាល័យ​មេបញ្ជាការ មេ​បញ្ជាការរង បញ្ជាការដ្ឋាន​កង​អង្គរក្ស សាល​ប្រជុំ សាល​ទទួល​ភ្ញៀវ ដោយមាន​បំពាក់​សម្ភារ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រហូតដល់​ទៅ ជាង ៤​លាន​ដុល្លារ​អាមេរិក។

លោក ហ៊ីង ប៊ុនហៀ​ង ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ស្រង់​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ទីបញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង​នេះ​ថា ការ​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៤​លាន​ដុល្លារ​នេះ គឺជា​ថវិកា​របស់​សប្បុរស​ជន និង​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន។ លោក​ថា ទីតាំង​អគារ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​នេះ អតីត​ជា​តំបន់​បឹង ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត ទើប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សាងសង់​ទីតាំង​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទទួល​បាន​អាគារ​ស្នាក់នៅ និង​ការិយាល័យ​ធ្វើការ​បាន​ល្អ​ប្រសើរ បំពាក់​ដោយ​សម្ភារ​យោធា​គ្រប់គ្រាន់ ក្នុង​អ្វីមួយ​ដែល​លោក​អះអាង​ថា ដើម្បី​បុព្វហេតុ​បំពេញបេសកកម្ម​ការពារ​ជាតិ​មាតុភូមិ។

មេបញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ល្បីឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​រំឭក​បន្ត​ទៀត​ថា កម្លាំង​នៅ​ទីបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​របស់​លោក ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​លោក​អះអាង​ថា ពិសេស​គឺជា​កងកម្លាំង​សេនាធិការ​ផ្ទាល់​សម្រាប់​គណៈបញ្ជាការ​ក្រុងភ្នំពេញ និង​មាន​សមត្ថភាព​អាច​ចល័ត​កងទ័ព​បាន​នៅ​គ្រប់កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ស្របតាម​សភាពការណ៍​ជាក់ស្ដែង​ចាំបាច់ ឬ​ដើម្បី​ទប់ស្កាត់​រាល់​សភាពការណ៍​នានា​ដែល​អាច កើតមានឡើង​ជាយថាហេតុ។

​អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ មើលឃើញ​ថា បើ​ទោះ​ជា​ថវិកា​ចំណាយ​សម្រាប់​ការសាងសង់​ទីបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន នេះ​ជា​ថវិកា​ឧបត្ថម្ភ​របស់​សប្បុរសជន ដែល​ស្និទ្ធ​និង​លោក ហ៊ុន សែន និង​ជា​ថវិកា​របស់​លោក ហ៊ុន សែន ខ្លួនឯង​ក៏ដោយ ក៏ប៉ុន្តែ លោក​ថា ថវិកា​ទាំងនេះ ជា​ថវិកា​ច្រើន​ហួស​ប្រមាណ ដើម្បី​ការពារ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ខ្លួនឯង។ លោក​ថា ប្រសិនបើ​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន នេះ ធ្វើឡើង​ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ និង​មិនមែន​ជា​បុព្វហេតុ​បុគ្គល​នោះ នោះ​នឹង​មិន​មាន​បញ្ហា​ចោទ​អ្វី​ទេ៖ «ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា យើង​ឃើញ​ថា កន្លងមក​អង្គរក្ស​ហាក់បីដូចជា ត្រូវ​បាន​បំពាក់បំប៉ន ពង្រឹង ហើយ​នឹង​ឧបត្ថម្ភ ដើម្បី​តែ​គាំទ្រ​គណបក្ស​កាន់អំណាច។ អាហ្នឹង​គឺជា​រឿង​មួយ​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ​។ យើង​បារម្ភ​ថា​នៅ​ពេល​ណា​ដែល ឧទាហរណ៍​ថា មានការ​ផ្លាស់ប្ដូរ​អំណាច​អី​មួយ អ្នកថ្មី​ឡើង​មក​តែងតែ ខាង​អង្គរក្ស​ហ្នឹង គាត់​មិន​គោរព​តាម​អ្នកថ្មី​អីចឹង​ណាស់​... គាត់​អាច​នឹង​ការពារ​អ្នក​ចាស់​អីចឹង គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង»។

លោក ហង្ស វិទូ បន្ត​ថា ជា​ការ​ប្រសើរ ប្រសិនបើ​លោក ហ៊ុន សែន យក​ថវិកា​ដ៏​សម្បើម​នេះ ទៅ​ផ្គត់ផ្គង់​ទាហាន​ដែល​នៅ​យាមកាម​ការពារ​តាម​បណ្ដោយ​ព្រំដែន ដែល​កំពុងតែ​មានការ​ខ្សត់ខ្សោយ​ផ្នែក​ជីវភាព និង​សម្ភារៈ​យោធា​ស្រាប់​នោះ។ លោក​ថា គណបក្ស​កាន់អំណាច និង​លោក ហ៊ុន សែន មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ ពាក់ព័ន្ធ​នឹង​ពេលវេលា​នៃ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នៅ​ពេល​នេះ។ លោក​ថា ការ​ដាក់​សម្ពោធ​នេះ គឺជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​របស់​គណបក្ស​នេះ ដើម្បី​ជា​ការ​ផ្គើន​នឹង​សហរដ្ឋអាមេរិក ដែល​ទើបនឹង​ដាក់ទណ្ឌកម្ម​មេ​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​ទីពីរ​ដើម្បី​ជា​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​នៅមុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់៖ «ទីមួយ​គឺ​អាច​ជា​ការ​ផ្គើន​ចំពោះ​សហរដ្ឋអាមេរិក ដែល​ថា ទោះបីជា​មានការ​បង្កក​ទ្រព្យសម្បត្តិ ឬមួយ​ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ស្អី ក៏​កម្ពុជា​ហ្នឹង មិន​ខ្លាច ហើយក៏​មិន​អត់​លទ្ធភាព​ដើម្បី​ធ្វើ​នោះ​ទេ។ ទី​ពីរ វា​អាច​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហ្នឹង​គឺ គាត់​ញញើត គាត់​មានការ​ភ័យខ្លាច​ដែរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ណាមួយ​។ បាទ នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ពូកែ​លេង​ហើយ​គាត់​ហ៊ាន​លេង​ទៀត!»

ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០០៩ ហើយ​បែងចែក​ជាច្រើន​ផ្នែក ជា​កងឯកភាព​ផ្សេងៗ​ក្នុង​នោះ​រួមមាន ផ្នែក​អន្តរាគមន៍ ផ្នែក​ប្រយុទ្ធ សង្ក្រោះ សិល្បៈ កសិកម្ម ពេទ្យ ជាដើម។ ទីបញ្ជាការដ្ឋាន​នេះ​កើត​ចេញពី​កងវរសេនាតូច​លេខ ២៤៦ ដែល​ជា​កងពល​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ក្នុង​សម័យ​រដ្ឋ​កម្ពុជា ឆ្នាំ​១៩៩០។ របាយការណ៍​នានា​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន មាន​អង្គរក្ស និង​ក្រុម​ទ័ពស្រួច​ឯកជន​មិន​តិច​ជាង ៣​ពាន់​នាក់​ឡើយ នៅ​ទីបញ្ជាការ​ដ្ឋាន​របស់​លោក​នេះ បំពាក់​ដោយ អាវុធ​ធ្ងន់​ទំនើបៗ ស្មើនឹង​កង​យោធពល​ខេមរភូមិន្ទ​ថ្នាក់​ជាតិ​ដែរ ក្នុង​នោះ​រួមមាន យន្តហោះ រថក្រោះ រថពាសដែក​មិន​តិច​ជាង ១០០​គ្រឿង និង​កាំជ្រួច​ហ្វូង​បេអឹម ២១ ជា​អាវុធ​ប្រតិកម្ម​រហ័ស​ជាច្រើន​គ្រឿង​ទៀត​ផង ព្រមទាំង​កាំភ្លើង​គ្រប់​ធុន​ក្រោម​ការ​ឧបត្ថម្ភ​របស់​មហាអំណាច​ចិន។ គិត​រហូត​មក​ទល់​ពេល​នេះ ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​អាយុកាល​ជិត​១០​ឆ្នាំ​ហើយ។ កាលពី​ឆ្នាំ​២០១០ ទី​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នេះ បាន​ចង​សម្ពន្ធភាព​យោធា និង​ពាណិជ្ជកម្ម ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Unite International ដែល​គ្រប់គ្រង​ដោយ​ឈ្មួញ​ចិន​ឈ្មោះ Fu Xianting ដែល​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ធំ​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ ធ្លាប់​បាន​ផ្តល់​វិភាគទាន​ជាច្រើន​ដល់​កង​អង្គរក្ស​នេះ រួមមាន​ទាំង​ការ​ផ្តល់​ម៉ូតូ​ចំនួន​២២០​គ្រឿង​កាលពី​ឆ្នាំ​២០០៩។ ទីបញ្ជាការ​ដ្ឋាន​របស់​លោក ហ៊ុន សែន នេះ រង​ការ​ចោទប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​រួមមាន ការដឹកនាំ​ធ្វើ​រដ្ឋប្រហារ និង​បោក​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​អហិង្សា​កាលពី​ឆ្នាំ​១៩៩៧ ការចូលរួម​ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម និង​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ គណបក្ស​ប្រឆាំង កាលពី​ឆ្នាំ​២០១៥ ជាដើម។

ជាច្រើនលើក​ជាច្រើន​សារ មន្ត្រី​ខ្ពស់​គ្រាក់ៗ​នៃ​ទីបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន តែងតែ​ប្រកាស​ប្ដេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​ទុកជា​ស្រេច ចេញ​ប្រតិបត្តិការ​ស្ម័គ្រ​ស្លាប់​ដើម្បី​ការពារ​ក្រុម​គ្រួសារ​ពូជពង្ស​ត្រកូល ហ៊ុន ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏បាន​ប្រកាស​ផង​ដែរ​ថា នឹង​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ៕

No comments: