Thursday 28 June 2018
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្នើរដ្ឋាភិបាលខ្លួនប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា
ដោយ មួង ណារ៉េត
2018-06-27
លោក រីឆាត ឌី-ណាថាឡេ (Richard Di Natale) សមាជិកព្រឹទ្ធសភាអូស្ត្រាលី និងជាប្រធានគណបក្សហ្គ្រីនស៍ (the Australian Greens) នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី។
Photo courtesy of his Facebook Page
សមាជិកព្រឹទ្ធសភាអូស្ត្រាលី និងជាប្រធានគណបក្សហ្គ្រីនស៍ (the Australian Greens) នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក រីឆាត ឌី-ណាថាឡេ (Richard Di Natale) ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី ប្រកាសនៅមុនការបោះឆ្នោត ថាអូស្ត្រាលីមិនទទួលស្គាល់ការបោះឆ្នោតជាតិខាងមុខ ដែលរៀបចំដោយរបបលោក ហ៊ុន សែន នោះឡើយ។ ថ្លែងក្នុងកិច្ចប្រជុំរបស់ព្រឹទ្ធសភាអូស្ត្រាលី កាលពីថ្ងៃទី២៥ ខែមិថុនា លោក រីឆាត ឌី-ណាថាឡេ ថា ការបោះឆ្នោតជាតិនាពេលខាងមុខ នៅប្រទេសកម្ពុជា នឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ដោយសារតែការធ្វើទុក្ខបុកម្នេញលើមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដូចជាការរម្លាយគណបក្សប្រឆាំង ហាមឃាត់តំណាងរាស្ត្រ និង មន្ត្រីបក្សប្រឆាំងមិនឲ្យចូលរួម ក្នុងជីវភាពនយោបាយ តំណាងរាស្ត្រជាច្រើនត្រូវនិរទេសខ្លួន និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើមនោះ។ លោកថ្លែងបន្តថា នៅកម្ពុជាគ្មានសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ។ រដ្ឋាភិបាលអូស្ត្រាលី គួរតែប្រកាសថា ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតក្លែងក្លាយ។
សំណើរបស់លោក រីឆាត ឌី-ណាថាឡេ គ្មានការជំទាស់ពីរដ្ឋាភិបាល និងគណបក្សពលករនោះឡើយ។
ប៉ុន្តែ ជំហររបស់សមាជិកព្រឹទ្ធសភាអូស្ត្រាលីនេះ ត្រូវបានមន្ត្រីរបបលោក ហ៊ុន សែន ថ្កោលទោសយ៉ាងដាច់អហង្ការ។ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន លោក សុខ ឥសាន ចាត់ទុកអន្តរាគមន៍ របស់សមាជិកព្រឹទ្ធសភាអូស្ត្រាលី ថា ជារឿងគួរឲ្យអស់សំណើចបំផុត ព្រោះលោកអះអាងថា រឿងស្រុកខ្មែរសោះ ហេតុអ្វីបានជាសមាជិកព្រឹទ្ធសភាអូស្ត្រាលី ចេះមកឈឺឆ្អាល និងជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ខុសរឿងបែបនេះទៅវិញ។ លោក សុខ ឥសាន ចោទថា ការបង្ហាញជំហរប្រឆាំងរបបលោក ហ៊ុន សែន បែបនេះ គឺជាការឃុបឃិតគ្នា ជាមួយបក្សប្រឆាំង ដើម្បីផ្តួលរំលំរបបនេះប៉ុណ្ណោះ៖ «ហើយវាមិនដែលមាន ព្រោះការបោះឆ្នោតនៅសល់មួយខែជាងទៀត មូលហេតុអ្វីបានជាប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត បើការបោះឆ្នោតមិនទាន់ដំណើរការផង។ អានេះហើយ វាជាចេតនាទុច្ចរិត កាន់ជើងពួកឧទ្ទាមក្រៅច្បាប់ខ្មែរ ដែលរត់ភៀសខ្លួនហ្នឹងឯង។ មើលតួនាទីភារកិច្ចគាត់មើល មានចែងក្នុងរដ្ឋធម្មនុញ្ញអូស្ត្រាលីឬទេ ដែលថាសភាអូស្ត្រាលី ធ្វើការឲ្យកម្ពុជា? បើថាអត់មានទេ អាហ្នឹងគាត់រំលោភតួនាទីភារកិច្ចរបស់គាត់ ក៏ដូចជាគាត់ប្រមាថលើរដ្ឋធម្មនុញ្ញរបស់គាត់ដែរ»។
ទោះបីជាលោក សុខ ឥសាន ចោទថាសមាជិកសភា ឬសមាជិកព្រឹទ្ធសភាបរទេស មិនត្រូវឈឺឆ្អាល រឿងផ្ទៃក្នុងកម្ពុជាយ៉ាងណាក្តី ក៏តំណាងរាស្ត្រនៃរដ្ឋាភិបាលបរទេសទាំងនោះ មានករណីយកិច្ចដោះស្រាយបញ្ហាកង្វល់របស់ម្ចាស់ឆ្នោត ក្នុងតំបន់របស់ខ្លួន ដែលអ្នកបោះឆ្នោតទាំងនោះមួយភាគធំ ជាពលរដ្ឋខ្មែរ ដូចជានៅរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលីនេះជាដើម។ ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស តែងតែឈឺឆ្អាល បញ្ហានៅប្រទេសកម្ពុជា ហើយពួកគាត់តែងតែនាំគ្នាធ្វើបាតុកម្ម តវ៉ារាល់ពេល ដែលមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment