Wednesday 27 June 2018
គណបក្សប្រឆាំងគ្រោងធ្វើការទាមទារទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា
ដោយ មាន ឫទ្ធិ
2018-06-26
rfa
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង (កណ្ដាល) ថ្លែងទៅកាន់អ្នកគាំទ្រ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនប្រកាសថា គណបក្សសង្គ្រោះជាតិនឹងធ្វើបាតុកម្ម នៅក្រៅប្រទេសជាលក្ខណៈទ្រង់ទ្រាយធំ រួមគ្នានៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងថ្ងៃបោះឆ្នោតដើម្បីប្រឆាំងការបោះឆ្នោតនៅកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា ការធ្វើការទាមទារទ្រង់ទ្រាយធំមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងចំថ្ងៃបោះឆ្នោត គឺជាការបង្ហាញឆន្ទៈរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក ដើម្បីលើកទឹកចិត្តទៅពលរដ្ឋក្នុងស្រុកកុំឲ្យមានការភ័យខ្លាចក្នុងធ្វើយុទ្ធនាការ "ដេក ផ្ទះឈ្នះឯង ឬម្រាមដៃស្អាត”។
អនុប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា ទោះបីប្រទេសខ្លះមានពេលវេលាខុសគ្នាពីប្រទេសកម្ពុជា ក៏ពលរដ្ឋខ្មែរធ្វើការទាមទារទាំងយប់ទាំងថ្ងៃដើម្បីឲ្យពលរដ្ឋខ្មែរក្នុងស្រុកឃើញឆន្ទៈមោះមុតរបស់ពួកគេ។
ការប្រកាសនេះរបស់លោក អេង ឆៃអ៊ាង ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមបណ្ដាញសង្គមហ្វេសប៊ុកជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីយប់ទី២៥ មិថុនា។
លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរនៅក្រៅស្រុកក៏បានកំពុងធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក ឬទូរស័ព្ទ ប្រាប់ទៅសាច់ញាតិរបស់ពួកគេនៅក្នុងស្រុកកុំឲ្យទៅបោះឆ្នោតថ្ងៃទី២៩ កក្កដាខាងមុខ។ «»
របបលោក ហ៊ុន សែន កំពុងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ នៅពេលនេះពលរដ្ឋខ្មែរនៅក្រៅស្រុកនាំគ្នាតវ៉ា តាមប្រទេសរបស់ពួកគេរស់នៅរៀងៗខ្លួនប្រឆាំងការបោះឆ្នោតនេះ ដែលពួកគេចាត់ថា ជាការបោះឆ្នោតក្លែងក្លាយនិងទាមទារឲ្យប្រទេសជប៉ុនឈប់គាំទ្រការបោះឆ្នោតនោះ។
ឆ្លើយតបទៅនឹងគម្រោងទាមទារនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា របបក្រុងភ្នំពេញនិងរដ្ឋាភិបាលមិនធ្វើតាមអ្នកទាមទារនោះទេ។ លោក សុខ ឥសាន ថែមទាំងប្រដូចអ្នកទាមទារទាំងនោះជាសត្វរុយដែលតែងតែរំខាននិងដើរឆ្កឹះឆ្កៀលបង្កបញ្ហា។ អ្នកនាំពាក្យដដែលនេះលោកយល់ថា ការទាមទារនោះគឺមិនទទួលបានលទ្ធផលនោះទេ។ «»
សមាជិកអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា ការទាមទាររបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកដែលអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតគឺជារឿងត្រឹមត្រូវ។ លោកយល់ថា បើពលរដ្ឋនៅតែនាំគ្នាទៅបោះឆ្នោតគឺមានន័យថា ពួកគេនាំគ្នាជួយគាំទ្ររបបលោក ហ៊ុន សែន ដែលបានសម្លាប់ឆន្ទៈខ្មែរអស់ជាង៣លាននាក់កន្លងមក តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ។ «»
ខណៈសន្ទុះគណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅក្រៅស្រុកកំពុងប្រកាស មិនទទួលស្គាល់ការបោះឆ្នោត និងស្នើទៅជប៉ុនឲ្យដកខ្លួនពីការគាំទ្រការបោះឆ្នោតនេះ ថ្នាក់ដឹកនាំគ្រាក់ៗរបស់គណបក្សប្រជាជនកម្ពុជាកំពុងសម្រុកធ្វើយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ ការបោះឆ្នោតដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួមនេះត្រូវសហគមន៍អន្តរជាតិពីប្រទេសលោកសេរីព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment