វ៉ែន សុមេធ
2018-07-14

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
Photo: RFA
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ព្រមានដកខ្លួនពីការចូលរួមការបោះឆ្នោត ប្រសិនបើ នៅតែមានការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្សេងៗពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។ រីឯអ្នកនាំពាក្យគ.ជ.ប អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានដំណើរការស្ងប់ស្ងាត់ល្អ មិនមានរឿងធំដុំកើតឡើងទេ។ អ្នកវិភាគ សន្និដ្ឋានថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចនឹងដកខ្លួន ព្រោះក្រៅពីមានការធ្វើទុក្ខបុកម្នេញនោះ គណបក្សនេះ ក៏មិនមានអ្នកគាំទ្រច្រើនដូចការរំពឹងទុកដែរ។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា មូលហេតុ ដែលព្រមានដកខ្លួនចេញពីការបោះឆ្នោតនៅពេលនេះ ព្រោះគណបក្សរបស់ខ្លួន បានពើបប្រទះ បញ្ហាប្រឈមមួយចំនួននៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ លោក សាម អ៊ីន បញ្ជាក់ថា បញ្ហាប្រទាំងនោះ គឺអាជ្ញាធរមិនជួយសម្របសម្រួលក្បួនឃោសនារបស់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា នៅទីក្រុងភ្នំពេញ និងមានការគំរាមកំហែងដល់សកម្មជនដែលចែកខិត្តប័ណ្ណគណបក្សនៅខេត្តបាត់ដំបង និងនៅខេត្តមណ្ឌលគិរី។ លោក សាម អ៊ីន បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំពុងតែតាមដាននិងពិចារណាយ៉ាងល្អិនល្អន់ក្នុងការដកខ្លួនចេញពីការចូលរួមបោះឆ្នោត ប្រសិនបើនៅតែមានការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរផ្សេងៗទៀត។ «»
កន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ធ្លាប់ប្រកាសពិចារណាឡើងវិញក្នុងការចូលរួមការបោះឆ្នោតប្រកួតប្រជែងឆ្នាំ២០១៨ដែរ ក្រោយពេលដែលស្លាកគណបក្សនេះជាច្រើនកន្លែងរងការកាប់បំផ្លាញ និងគ្មានការអន្តរាគមន៍ពីអាជ្ញាធរ។
លោក សាម អ៊ីន បន្តថា លោកបានប្រាប់ករណីប្រឈមទាំងនេះ ទៅកាន់គ.ជ.បរួចហើយ ហើយគ.ជ.ប បានសុំទោស និងធានាថាមិនឲ្យមានរឿងកើតឡើងទៀតទេ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា គឺយុទ្ធនាការឃោសនាបោះឆ្នោតមានលក្ខណៈស្ងប់ស្ងាត់ល្អ មានការយោគយល់គ្នា និងមិនមានការប៉ះទង្គិច ណាមួយរវាងគណបក្ស និងគណបក្ស ឬគណបក្សនិងអាជ្ញាធរនិងប្រជាពលរដ្ឋនោះទេ។ទោះយ៉ាងណាក្ដី លោកអះអាងថា មកដល់ពេលនេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦ពីគណបក្សនយោបាយ និងបានដោះស្រាយសះជាអស់មួយចំនួនរួចហើយ។ ពាក្យបណ្ដឹងទាំងនោះ គឺដូចជាពលរដ្ឋ យកដុំថ្មគប់ឧបករណ៍បំពងសំឡេងរបស់គណបក្សនយោបាយនៅខេត្តកណ្តាល។ ចំណែក បីករណីទៀត កើតឡើងនៅស្រុកបានលុង ខេត្តរតនគិរី គឺអាជ្ញាធរ ប្ដឹងគណបក្សនយោបាយដែលចាក់ឧបករណ៍ បំពងសំឡេងមិនបានសុំការអនុញ្ញាត។ ហើយពីរករណីទៀតកើតឡើងនៅខេត្តកែប និងខេត្តព្រៃវែង ប៉ុន្តែនៅខេត្តកែបដើមបណ្តឹង បានដកពាក្យបណ្តឹងវិញ។ លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា ចំពោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ខាងគ.ជ.ប មិនបានដឹងទេ ប៉ុន្តែលោកស្នើឲ្យដាក់ពាក្យបណ្ដឹងដោះស្រាយតាមនីតិវិធី ប្រសិនបើជួបរឿងកើតទុក្ខមិនសុខចិត្ត។ «»
កាលពីថ្ងៃទី៣០ ខែមេសា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៤ ចំណុចដើម្បីចូលរួមការបោះឆ្នោត គឺទីមួយគ្មានការរំខានចំពោះការធ្វើសកម្មភាពនយោបាយរបស់គណបក្ស ដូចជាការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន ទីពីរ មិនមានការគំរាមកំហែងក្រោមរូបភាពផ្សេងៗលើបេក្ខជន សកម្មជន និងអ្នកគាំទ្ររបស់គណបក្ស ទីបីផ្ដល់ភាពយុត្តិធម៌ចំពោះការផ្សព្វផ្សាយអំពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងចុងក្រោយគឺការផ្តល់សិទ្ធិសេរីភាពពេញលេញដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមឱ្យបានពេញលេញក្នុងដំណើរការបោះឆ្នោត។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា នឹងដកខ្លួនវិញ ប្រសិនបើ លក្ខខណ្ឌចំនួន៤ ចំណុច មិនត្រូវបានគោរពទេនោះ។
សមាជិកអ្នកវិភាគវ័យក្មេង លោក បុង ដែត លើកឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួរតែ បានដឹងជាមុនថា ការបោះឆ្នោតនេះ មិនមានលក្ខណៈប្រជាធិបតេយ្យ សេរីនិងយុត្តិធម៌ពិតប្រាកដនោះទេ ព្រោះមានមូលហេតុជាច្រើនបានកើតឡើងរួចទៅហើយ ដូចជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ វិទ្យុឯករាជ្យ និងអង្គការសង្គមស៊ីវិល ត្រូវបានបិទ ចំណែកអង្គការដែលមានឯកទេសខាងបោះបោះឆ្នោត ខកខានចូលរួមសង្កេតការណ៍បោះឆ្នោតដោយសាររងការធ្វើទុក្ខបុកម្នេញ ហើយសហគមន៍អន្តរជាតិ ក៏បានថ្កោលទោស និងដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញជាដើម។ លោក មើលឃើញថា មូលហេតុធំដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានចូលរួមការបោះឆ្នោតនេះ ព្រោះ ចង់គេងចំណេញនយោបាយពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នក កែម ឡី និយម ប៉ុន្តែប្រហែល ជាមកដល់ពេលនេះ មិនសូវមានអ្នកគាំទ្រចូលរួមច្រើនដូចការរំពឹងទុក ទើបគណបក្សនេះ ពិចារណាដកខ្លួនចេញវិញ ក្រោមហេតុផលថា មានការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន។ «»
ទោះយ៉ាងណាក្តី លោក បុង ដែត យល់ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យមូលដ្ឋានដកខ្លួនចេញ ពីការបោះឆ្នោត គឺមានចំណុចមួយចំនួនកើតឡើងដូចជា ធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែចាប់អារម្មណ៍បរិបទនយោបាយនៅកម្ពុជានិងបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើរបបទីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏នឹងកាន់តែមានប្រជាប្រិយភាពដែរ ព្រោះគណបក្សនេះ មានគោលនយោបាយល្អស្រាប់ និងមិនមានឈ្មោះអាស្រូវក្នុងការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕
1 comment:
WHAT SHOULD KHMER PEOPLE DO IN THIS JULY 2018 ELECTION ?
This 2018 election game Khmer people knew the result already.
1- If the CNRP's supporters do not go to the polled station on the election day, the CPP and Hun Sen will be the winners.
2- If Khmer people vote for other small parties, the CPP and Hun Sen will be the winners.
3- If a political party is strong and is a threat to the CPP, Hun Sen will kill or imprison its leaders, and dissolve such party.
Why do some parties still participate in the election?
If those political parties' leaders are Khmer, they should boycott the election and join force with the CNRP to fight for the REINSTATEMENT of the CNRP and let the CNRP participate in this upcoming election.
Suong Sophorn, President of the Khmer people power, has made the absolute right decision by boycotting this July 2018 election.
It is up to Khmer people to do something right and necessary such as the Nationwide PEACEFUL demonstration ( not a popular movement ) firmly demanding for the reinstatement of the CNRP 7 days prior to the election and let the demonstration go on through the election day, MAKING THE ELECTION IMPOSSIBLE to prevent Hun Sen from declaring that he is the new Prime Minister.
If Hun Sen violently suppressed such peaceful demonstration, the international community will have the morale obligation to help Khmer people and Cambodia one more time.
We must help ourselves first before other can help us.
Bun Thoeun
Post a Comment