Monday 9 July 2018

ICJ ស្នើ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី


ដោយ ទីន ហ្សាការីយ៉ា
2018-07-09 

សព​លោក កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សព​លោក កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth

Photo: RFA



ស្រប​ពេល​ខួប​ពីរ​ឆ្នាំ​នៃ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ចំ​ថ្ងៃ​ទី​១០ កក្កដា ស្អែក​នេះ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists) អំពាវនាវ​សាជាថ្មី​ឲ្យ​មានការ​បង្កើត​គណៈកម្មាការ​ឯករាជ្យ និង​អព្យាក្រឹត្យ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

សេចក្ដីប្រមាទ​ព័ត៌មាន​របស់​អង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) ចេញផ្សាយ​ថ្ងៃ​ទី​០៩ កក្កដា នេះ សំដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារតែ​កង្វះ​ភាព​ជឿនលឿន ឬ​វឌ្ឍនភាព​ជុំវិញ​ដំណើរការ​នៃ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ ព្រមទាំង​ភាព​ចន្លោះប្រហោង​នៃ​ដំណើរការ​ស៊ើបអង្កេត និង​ដំណើរការ​កាត់​ក្តី​បុគ្គល​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ឃាត​កម្ម​នេះ។



ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់ របស់​អង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ICJ លោក ឃីងស្លី អាបុត្រ (Kingsley Abbott) ដែល​ធ្លាប់​បាន​ចូលរួម​ឃ្លាំមើល​ដំណើរការ​កាត់​ក្តី​នេះ មាន​ប្រសាសន៍​ថា ការ​កាត់​ក្តី​បុគ្គល​ឈ្មោះ អឿត អាង នេះ បាន​បន្សល់ទុក​នូវ​សំណួរ​ជាច្រើន ដែល​មិនទាន់​មាន​ចម្លើយ​ពិតប្រាកដ ជុំវិញ​ករណី​ស៊ើបអង្កេត និង​ឃាតកម្ម​នេះ ដែល​គណៈកម្មាធិការ​នេះ​យល់ឃើញ​ថា របប​ដឹកនាំ​ក្រុងភ្នំពេញ មាន​តួនាទី​ចាំបាច់​ត្រូវតែ​ដោះស្រាយ ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​សាធារណជន ក្នុង​ការ​ស្វែងរក​ការពិត។ លោក​បន្ត​ថា ការពិត​ដែល​ថា អំពើ​ឃាតកម្ម​នេះ បាន​កើត​ឡើង នៅ​ពីក្រោយ​វាំងនន​នៃ​ការ​កើន​ឡើង​នូវ​អំពើ​វាយប្រហារ​មក​លើ​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​នានា ដែល​បាន​កត់ត្រា​យ៉ាង​ច្បាស់​អំពី​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ដូច្នេះ ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ និង​អព្យាក្រឹត្យ គឺជា​រឿង​ដ៏​ចាំបាច់​បំផុត។

នៅមុន​ខួប​គម្រប់​មួយ​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ អង្គការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ICJ និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត ធ្លាប់​បាន​ចេញផ្សាយ​លិខិត​រួម​មួយ​ច្បាប់ ដែល​បាន​គូស​បញ្ជាក់​អំពី​ការព្​រួយបារម្ភ​ដ៏​ចម្បង ជុំវិញ​កង្វះ​ភាព​ជឿនលឿន​ក្នុង ការស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​មួយ​ដែល​ឯករាជ្យ អព្យាក្រឹត្យ និង​ប្រកប​ដោយ​តម្លាភាព ស្របតាម​បទដ្ឋាន និង​គោលការណ៍​ច្បាប់​អន្តរជាតិ រួមមាន​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ និង​ពិធីសារ មីនីសូតា ឆ្នាំ​២០១៦ (Minnesota Protocol) ស្តី​អំពី​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ប្រព្រឹត្តិ ដោយ​អាជ្ញាធរ ឬ​ភ្នាក់​ងារ​រដ្ឋ (Investigation of Potentially Unlawful Death)។

លោក​បណ្ឌិត កែម ឡី គឺជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដ៏​ល្បីឈ្មោះ​បោះ​សំឡេង​ម្នាក់ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex)។ ឃាតកម្ម​នេះ ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ក្រោយពី​លោក​បាន​បកស្រាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៦ អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែល​អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​ចំនួន ២៧​នាក់ បាន​ក្ដោបក្ដាប់​មុខ​ជំនួញ​អាជីវកម្ម​ស្ទើរ​គ្រប់​ផ្នែក​នៅ​កម្ពុជា និង​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រមាណ ១១៤៕

No comments: