Wednesday, 5 September 2018

ពលរដ្ឋ​មួយ​ចំនួន​មិន​គាំទ្រ​នឹង​​ការ​ប្រជុំ​រដ្ឋសភា​ថ្មី ដែល​បង្កើត​ដោយ​ឯកបក្ស​របស់​​របប​លោក ហ៊ុន សែន


វិទ្យុ​អាស៊ី​សេរី
2018-09-05
rfa
សមាជិក​សភា​ឯកបក្ស​បើក​កិច្ច​ប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
សមាជិក​សភា​ឯកបក្ស​បើក​កិច្ច​ប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
រូប៖ រដ្ឋសភា



ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​មិន​ចាប់អារម្មណ៍​នឹង​ប្រជុំ​សភា​ថ្មី​ឯក​បក្ស​ ដែល​បង្កើត​ឡើង​ដោយ​របប​លោក​ហ៊ុន សែន​នោះ​ទេ។ ពលរដ្ឋ​លើក​ឡើង​ថា សភា​ថ្មី​នេះ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជា​ង​គេ​ចូលរួម​ប្រកួតប្រជែង​ ដូច្នេះ​ពួកគាត់​មិន​គាំទ្រ​របប​ដឹក​នាំ​បែប​នេះ​ឡើយ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ សភា​ថ្មី​ឯក​បក្ស​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​លង់ខ្លួន​កាន់​តែ​ខ្លាំង​ ដោយសារ​ជា​របប​ជិះ​សេះលែង​ដៃ​​ ព្រោះ​អាច​បង្កើត​ច្បាប់​អ្វី​ៗ​ក៏​បាន​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កញ្ញា​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​ការ​ប្រជុំ​សភា​ថ្មី​ឯក​បក្ស​នេះ​ទេ ដោយសារ​សភា​មួយ​នេះ​ឡើង​ដោយ​​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជា​ពលរដ្ឋ ព្រោះ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​កក្កដា​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ ដែល​មាន​អ្នក​គាំទ្រ​ជិត​កន្លះ​នគរ​គាំទ្រ​ចូលរួម​ប្រកួត​ប្រជែង។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា សភា​ថ្មី​នេះ​នឹង​មិន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ពួកគាត់​កាន់​តែ​ក្រីក្រ​ ដោយសារ​គ្មាន​ការងារ​ធ្វើនឹង​គ្មាន​របប​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​មិន​គាំទ្រ​ទេ​ ព្រោះ​អី​លំបាក​រក​ស៊ី​ណាស់​រាល់​ថ្ងៃ​នឹង ខ្ញុំ​មិន​ដឹង​គាំទ្រ​យ៉ាង​មិច​ទេ​បើ​មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​អីចឹង​។ចំណុច​មិន​គាំទ្រ​ដោយសារ​បោះឆ្នោត​មិន​តម្លាភាព ហើយ​គណបក្ស​ប្រឆាំង​ធំ​ចោល​ហើយ​ ដល់​អីចឹង​ខ្ញុំ​មើល​ទៅ​មិន​ពេញ​ចិត្ត​ទេ»។




ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ទៀត​លើក​ឡើង​ថា សភា​ឯក​បក្ស​នេះ​ នឹង​ធ្វើ​ឲ្យ​មន្ត្រី​មាន​តំណែង​គា្រក់ៗ​នៃ​របប​បុរស​ខ្លាំង​ខាង​រំលោភ​សិទ្ធិមនុស្ស​ក្រសោប​ថវិកា​ជាតិ​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ ព្រោះ​កន្លង​មក​មាន​គណបក្ស​ប្រឆាំង​គ្រាន់​ជួយ​តាម​ដាន​ការ​ដឹកនាំ​របស់​មន្ត្រី​ទាំង​នោះ​ផង​នៅតែ​មាន​អំពើ​ពុករលួយ​រាប់​មិន​អស់​ ចុះ​ទម្រាំ​សភា​ឯក​បក្ស​ធ្វើ​ការ​បែប​ជិះ​សេះ​លែង​ដៃ​នោះ​ តើ​ប្រទេស​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា?៖ «ខ្ញុំ​ព្រួយបារម្ភ​ត្រង់​ថា​រដ្ឋាភិបាល​គាត់​និយាយ​ឡើង​តាម​លទ្ធិប្រជាធិបតេយ្យ​ហើយ តែ​យើង​មើល​ឃើញ​ថា​ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ ហើយ​ណា​មួយ​គាត់​ធ្វើ​អ្វី​គាត់​មិន​គិត​ពី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​សហគមន៍​អន្តរជាតិ​គេ​កំពុង​តែ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ទៀត​ ដល់​អីចឹង​ទៅ​សម្រាប់​ពលរដ្ឋ​ដូច​ជា​រូប​នេះ​ទៅ​ថ្ងៃ​ក្រោយ​នឹង​ជួប​ការ​លំបាក​ហើយ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា សភា និង​រដ្ឋាភិបាល​ថ្មី​​ដំណើរ​ការ​ជា​ប្រក្រតី​ទៅមុខ​ដោយ​គ្មាន​ប៉ះពាល់​អ្វី​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា របប​លោក ហ៊ុន សែន មិន​ខ្វល់​ពី​មហាអំណាច​អាមេរិក ឬ​សហភាព​អឺរ៉ុប​គាំទ្រ ឬ​មិន​គាំទ្រ​របប​ថ្មី​នេះ​ទេ ដោយសារ​ថា របប​ថ្មី​នៅ​មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​គាំទ្រ ទាំង​សេដ្ឋកិច្ច និង​នយោបាយ៖ «គណបក្ស​ប្រជាជន​ប្ដេជ្ញា​នឹង​អនុវត្តន៍​តាម​គោលនយោបាយ​របស់​គណបក្ស​ដែល​ប្រកាស​ជូន​ប្រជាពលរដ្ឋ​កន្លង​មក មិន​ឲ្យ​ម្ចាស់​ឆ្នោត​នឹង​មាន​ការ​ខក​បំណង​ទេ​បាទ! អីចឹង​សូម​បងប្អូន​កុំ​ទាន់​បារម្ភ យើង​មិន​ទាន់​អនុវត្ត​ផង​បងប្អូន​ព្រួយបារម្ភ​ទុក​មុន​អីចឹង​គឺ​ជា​ការ​មិន​ល្អ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ថ្លែង​ថា ពួកគាត់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រជុំ​សភា​ឯក​បក្ស​នេះ​ទេ​ ព្រោះ​រូប​គេ​មិន​ជឿ​ថា របប​ថ្មី​នេះ​នឹង​រក​ទី​ផ្សារ​លក់​កសិផល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​សព្វ​ថ្ងៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​ចំណាយ​ស្រុក​កាន់​តែ​ច្រើន៖ «កន្លង​មក​រដ្ឋអំណាច​តែ​និយាយ​ថា​ប្រជាពលរដ្ឋ​ធូរធារ​ ប៉ុន្តែ​ពួក​ខ្ញុំ​នៅ​ក្នុង​សហគមន៍​វិញ​មិន​មាន​ធូរធារ​ទេ​ អូរ​តែ​អ្នក​ធូរធារ​ ប្រជាពលរដ្ឋ​ណា​ដុនដាប​នៅ​តែ​ដុនដាប​ដដែល​នឹង​ ដូច​ជា​រូប​ខ្ញុំ​ជា​ដើម​កាន់​តែ​ក្រីក្រ​រក​អី​ហូប​មិន​ចង់​បាន​ទេ ដោយសារ​គ្មាន​របប​ សូម្បី​តែ​រត់​ម៉ូតូ​ឌុប​ក៏​គ្មាន​អ្នក​ជិះ​ដែរ»។

ទន្ទឹម​គ្នា​នេះ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ឯ​បរទេស​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ បារាំង និង​ប្រទេស​អូស្ត្រាលី​ជា​ដើម​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​របប​ថ្មី​នេះ​ជា​បន្តបន្ទាប់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា សភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ នឹង​ប្រឈម​​បញ្ហា​ជា​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ហើយក៏​នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ​ដែរ បើ​សិន​ជា​ប្រទេស​ទាំង​នោះ ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​ថ្មី​នេះ។ លោក​បញ្ជាក់​ថា ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប មិន​មែន​នៅ​លើ​ចិន​នោះ​ទេ ព្រោះ​ថា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ពី​ការ​ផ្ដាច់ការ​តាំងពី​ការបោះឆ្នោត​មក​នោះ៖ «ហើយ​គិត​ថា​បើ​នៅ​ក្នុង​ខែ​កញ្ញា​នេះ​ ព្រឹទ្ធសភា​អាមេរិក​​ចូល​ប្រជុំ​បង្កក់​ទ្រព្យ​សម្បត្តិ​ឥស្សរជន​នយោបាយ​ខ្មែរ ១៦​រូប​ដែល​បាន​ស្នើ​មក​ហើយ​នឹង គឺ​គ្រាន់​តែ​ប៉ុណ្ណឹង​កម្ពុជា​រង​នូវ​ឥទ្ធិពល​បណ្ដើរ​ហើយ​មក​លើ​សេដ្ឋកិច្ច​ខ្មែរ​នោះ​ ចំណែក​ឯ​ប្រទេស​ចិន​មិន​អាច​ជួយ​កម្ពុជា​បាន​ទេ»។

របប​លោក ហ៊ុន សែន បាន​បើក​ប្រជុំ​សភា​ថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥កញ្ញា​ដំណើរ​ការ​ដោយ​រលូន​ដូច​ការ​គ្រោង​ទុក។

​ទោះ​ជា​យ៉ាង​ណា​​ស្ថាន​ទូត​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ធំៗ ជា​ច្រើន​ប្រទេស​ប្រចាំ​នៅ​កម្ពុជា​មិន​បាន​ចូល​រួម​ប្រជុំ​សភា​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​របប​លោក ហ៊ុន សែន នេះ​ទេ ក្នុង​​នោះ​មាន​ដូច​ជា តំណាង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ បារាំង អង់គ្លេស សហគមន៍​អឺរ៉ុប​ អាល្លឺម៉ង់ អូស្ត្រាលី​ជា​ដើម​ ដែល​មិន​បានចូលរួម​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​សភា​ឯក​បក្ស តាម​ការ​អញ្ជើញ បាន​ប្រាប់​ហេតុ​ផល​ថា ពួក​គេ​ជាប់រវល់ នៅ​ក្រៅ​ប្រទេស មិន​អាច​​ចូលរួម​បាន​ទេ ដោយ​ប្រទេស​ទាំង​នេះ​កន្លង​មក​​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​ទៅ៕

2 comments:

Anonymous said...

This Sdach Ting Moung Sihamoni should jump into the river and kill himself.

Anonymous said...

Sihamoni should crawl into the big sewer line and commit suicide to end his useless life. As King, he has not done anything good for Khmer people and Cambodia.