2018-10-31

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរមុខខាងឆ្វេង) និងប្រធានក្រុមពង្រឹងសមត្ថភាពមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរមុខខាងស្ដាំ) ថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
RFA
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ប្រកាសថា គណបក្សនេះមិនគាំទ្រការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) នោះឡើយ ដោយសារប្រព័ន្ធនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចជាតិស្របពេលរបបក្រុងភ្នំពេញមិនទាន់បង្ហាញបន្ទន់ជំហររបស់ខ្លួននៅឡើយ ចំពោះការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឱ្យមានការចរចារវាងភាគីពាក់ព័ន្ធ ពិសេស របបលោក ហ៊ុន សែន ជាមួយនឹងតំណាងសហភាពអឺរ៉ុប ដើម្បីរកដំណោះស្រាយជុំវិញហានិភ័យនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៣១ តុលាថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកាត់ដេរ និងសេដ្ឋកិច្ចកម្ពុជា។ គណបក្សនេះយល់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់វិស័យឯកជន ដែលកំពុងនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ កៅស៊ូ និងអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដែលបណ្ដាឲ្យកម្ពុជាបាត់បង់ចំណូលជាតិ ការងារ កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់កម្មករ។
គណបក្សនេះចង់ឱ្យមានដំណោះស្រាយសមស្របណាមួយជុំវិញបញ្ហានេះ ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន និងចៀសវាងហានិភ័យចំពោះសេដ្ឋកិច្ច ព្រមទាំងការបាត់បង់ការងាររបស់ពលរដ្ឋ។
សហភាពអឺរ៉ុបបានដាក់ឱសានវាទរយៈពេល ១២ខែ ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ បើពុំដូច្នេះទេសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ វិធានការនេះត្រូវបានដាក់ចេញ ដោយសារតែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅ មិនទាន់ត្រូវបានកែប្រែនៅឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅតែទទូចឱ្យរបបលោក ហ៊ុន សែន រកដំណោះស្រាយរឿងនេះដោយឈរលើផលប្រយោជន៍ជាតិជាធំ ដើម្បីកុំឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោកថ្លែងថា ដំណោះស្រាយសមស្របនោះ គឺការស្តារស្ថានការណ៍នយោបាយឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការចរចារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង៖ «រដ្ឋាភិបាលត្រូវតែគិតគូរបញ្ហានេះឱ្យបានទាន់ពេលវេលា ចៀសវាងគេសម្រេចដកហើយ នោះវានឹងមានការលំបាកស្នើសុំមកវិញ។ រឿងសំខាន់ទាំងអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងចូលតុអង្គុយនិយាយគ្នាទៅ។ យើងគិតថា បើមានការអង្គុយជជែកគ្នា ពេលនោះហើយដែលនឹងរកដំណោះស្រាយឃើញនោះ ពីព្រោះយើងខ្មែរដូចគ្នា និយាយភាសាតែមួយ អ៊ីចឹងជជែកគ្នាទៅ នឹងមានច្រកចេញហើយ។ ហើយមានសហគមន៍អន្តរជាតិដឹងលឺរឿងស្វែងរកដំណោះស្រាយហ្នឹង វាជារឿងល្អប្រសើរហើយ»។
វិស័យកាត់ដេរបានផ្តល់ការងារដល់ពលរដ្ឋខ្មែរលើសពី ៧០ម៉ឺននាក់ ដែលកម្មករភាគច្រើនគឺជាស្ត្រី។ កាលពីឆ្នាំ២០១៧ កន្លងទៅ ផលិតផលសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានផ្ដល់ប្រាក់ចំណូលលើសពី ៥ ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលធំជាងគេបានមកពីការនាំចេញផលិតផលគ្រប់ប្រភេទ។ ផលិតផលវាយនភណ្ឌរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការនាំចេញផលិតផលនេះទៅទីផ្សារអឺរ៉ុប ទទួលបានការអនុគ្រោះពន្ធក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” ធ្វើឱ្យកម្ពុជារួចកាតព្វកិច្ចពន្ធជិត ៧ រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី៣១ តុលា ដោយលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែមកដល់នឹងពេលនេះ របបក្រុងភ្នំពេញ ហាក់មិនទាន់បន្ទន់ឥរិយាបថរបស់ខ្លួនជុំវិញសំណើរបស់សហភាពអឺរ៉ុបនៅឡើយ ហើយមេដឹកនាំរបបនេះគឺលោក ហ៊ុន សែន តែងនិយាយជាញឹកញាប់ថា លោកមិនខ្វល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះឡើយ ព្រោះមុន ឬក្រោយ កម្ពុជាគង់តែបាត់បង់ប្រព័ន្ធនេះដដែល ដោយសារតែកំណើនសេដ្ឋកិច្ច៖ «អាលុយត្រូវបង់ពន្ធឱ្យគេនេះ អាហ្នឹងបើមិនបង់ពន្ធ វាចំណេញក្រុមហ៊ុនទេតើ។ គ្រាន់តែក្រុមហ៊ុនគេយកទៅ មួយភាគគេចំណេញ មួយភាគគេយកទៅសងធនាគារ ហើយមួយភាគគេយកទៅដើម្បីរួមចំណែកដំឡើងបៀវត្សឱ្យកម្មករតែប៉ុណ្ណឹងទេ។ បើបាត់អាហ្នឹង ទីផ្សារក៏វានៅដែរ។ ខ្ញុំសូមជម្រាប យើងធ្លាប់បាត់ហើយតើ។ យើងធ្លាប់នាំទៅអាមេរិកដោយមិនបង់ពន្ធ តែគេឱ្យត្រឹមតែរយៈពេលប៉ុណ្ណឹង គឺត្រឹមឆ្នាំ ២០០៤ គេបញ្ចប់។ ឥលូវយើងនាំទៅអាមេរិក យើងបង់ពន្ធតើ។ ឥលូវ យើងចោទជាសំណួរថា ចុះក្រុមហ៊ុននានាដែលនាំទៅអាមេរិក បង់ពន្ធនោះ ម៉េចក៏មានប្រាក់ចំណេញ ហើយចុះក្រុមហ៊ុននានាដែលនាំមកអឺរ៉ុប បើត្រូវបង់ពន្ធ ម៉េចក៏មានប្រាក់ចំណេញ? វាគ្រាន់តែចំណេញតិចតែប៉ុណ្ណឹង»។
ស្របពេលកម្ពុជាកំពុងមានបញ្ហារឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ក្រុមហ៊ុនម៉ាកយីហោល្បីៗ ដែលជាអ្នកបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជា ក៏បានដាស់តឿនរបបលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារផងដែរ។ ប្រតិភូពិសេសរបស់ក្រុមហ៊ុនបញ្ជាទិញធំៗបានក្រើនរំលឹករបបលោក ហ៊ុន សែន ថា និរន្តភាព និងការរីកចម្រើននៃចំណែកទីផ្សាររបស់កម្ពុជា គឺចាំបាច់ត្រូវតែមានការអនុវត្តសិទ្ធិការងារឱ្យបានល្អប្រសើរ ហើយបើកម្ពុជាពិតជាជាចង់រក្សា និងលើកកម្ពស់ទំនុកចិត្តរបស់ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗដែលកំពុងបណ្ដាក់ទុននៅស្រុកខ្មែរមែននោះ របបក្រុងភ្នំពេញត្រូវតែធានាឱ្យបាននូវការការគោរពសិទ្ធិមនុស្សជាមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន៕
1 comment:
you are a bunch of sore losers.
Post a Comment