2018-12-25

មន្ត្រីកម្មវិធីបណ្ដាញសហគមន៍នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។
RFA
តំណាងអយ្យការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួន ៨នាក់ និងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) មួយរូប ដែលសកម្មការពារធនធានធម្មជាតិឲ្យបំភ្លឺ នៅថ្ងៃទី២៥ ខែធ្នូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ គំរាមកំហែងសមត្ថកិច្ច បង្កើតសហគមន៍ឲ្យប្រឆាំងអាជ្ញាធរ និងការញុះញង់ ឲ្យពលរដ្ឋកាប់បំផ្លាញព្រៃឈើ។ អ្នកភូមិសង្ស័យថា អាជ្ញាធរមូលភូមិ-ឃុំ អភិបាលស្រុក ប្រធានមន្ទីរបរិស្ថាន សមត្ថកិច្ច និង មន្ត្រីឧទ្យានុរក្ស គឺជាដើមបណ្ដឹងលើសំណុំរឿងនេះ។
តំណាងជនជាតិដើមភាគតិចទំពួន ៨នាក់ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី និងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានចូលខ្លួនទៅស្រាយបំភ្លឺនៅចំពោះមុខតំណាងអយ្យការខេត្តនេះរួចហើយ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ។ ពួកគេចាត់ទុកថា ពាក្យបណ្ដឹងនេះ ពុំមែនជាដំណោះស្រាយរកយុត្តិធម៌ ទប់ទល់ការកាប់បំផ្លាញព្រៃឈើនោះទេ ថែមទាំងគំរាមស្មារតីអ្នកឈឺឆ្អាលរឿងបាត់បង់ធនធានធម្មជាតិទៅវិញ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ប្រាប់អាស៊ីសេរីថា សំណុំរឿងនេះ ទំនងជាអាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន និងប្រធានមន្ទីរបរិស្ថាន គឺជាដើមបណ្តឹង ខណៈកន្លងទៅ លោក និងសហគមន៍ធ្លាប់ប្ដឹងអាជ្ញាធរទាំងនោះទៅតំណាងអយ្យការដែរ តែពុំទទួលលទ្ធផល។ លោកសំណូមពរឲ្យតំណាងអយ្យការខេត្តនេះ ចុះស៊ើបអង្កេតបទល្មើសព្រៃឈើជាក់ស្ដែង ដែលឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេកាប់បំផ្លាញគ្រប់ទម្រង់ ជាពិសេសការទិញលក់ដីព្រៃអភិរក្ស បម្លែងជាដីកម្មសិទ្ធិខុសច្បាប់។ លោកបន្ថែមថា សមាគមអាដហុក នឹងត្រៀមដាក់មេធាវី ពីររូប លើសំណុំរឿងនេះ៖ «យើងពេញចិត្តនឹងការចូលទៅឆ្លើយបំភ្លឺគ្រប់ដំណាក់កាលទាំងអស់ បើទោះបីជាយើង ពុំទាន់បានទទួលយុត្តិធម៌ ព្រោះសហគមន៍យើងទាំងអស់ដាច់ខាតគ្មានពាក់ព័ន្ធបទល្មើសព្រៃឈើ ហើយគាត់ធ្លាប់ផ្ដល់សហការជាមួយអាជ្ញាធរដែនដី ក៏ប៉ុន្តែព្រៃបានវិនាស។ ថ្ងៃនេះក៏មានត្រាក់ទ័រ និងគ្រឿងយន្តចូលទៅឈូសឆាយបន្តទៀត»។
ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី លោក ជា ពេជ្រ បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ដោយលោកបញ្ជាក់យ៉ាងខ្លីថាមិនបានដឹងរឿងនេះទេ។
រីឯព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក រ៉ា បូរ៉ាឌី ក៏មិនអាចទាក់ទងបានព្រោះទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចទំពួន ដែលចូលខ្លួនស្រាយបំភ្លឺរឿងនេះ លោក ឆន ផល្លា ចាត់ទុកពាក្យបណ្តឹងនេះ គឺផ្ទុយពីការពិត ក្នុងបំណងគំរាមកំហែងឆន្ទៈសហគមន៍ដែលលះបង់អាយុជីវិតការពារព្រៃឈើ ដែលទទួលរងការកាប់បំផ្លាញឥតឈប់ឈរ។ លោកថា សហគមន៍រកឃើញភស្តុតាង និងឯកសារជាច្រើន ដែលបញ្ជាក់ថា អាជ្ញាធរភូមិ-ឃុំ និងសមត្ថកិច្ចខ្លះមានជាប់ពាក់ព័ន្ធលក់ឈើមូលក្នុងព្រៃអភិរក្សឲ្យជនជាតិវៀតណាម តម្លៃ ១ ម៉ឺន ៥ ពាន់ដុល្លារ និងឃុបឃិតគ្នាឈូសឆាយទន្ទ្រានព្រៃអភិរក្សមកធ្វើជាសម្បត្តិបុគ្គលបែបអនាធិបតេយ្យ គ្មានអាជ្ញាធរជំនាញណាអើពើ៖ «ខ្ញុំបានលើកពីភស្តុតាង ដែលមេភូមិ គាត់ផ្ដិតមេដៃ លក់ព្រៃអភិរក្ស ក្នុងដែនជម្រក និងព្រៃលំផាត់ ប្រគល់ឲ្យវៀតណាមហ្នឹង មួយម៉ឺន ៥ពាន់ដុល្លារ ដែលគាត់លក់ឲ្យហ្នឹង ធ្វើកិច្ចសន្យាហ្នឹង។ ក្នុងដីសហគមន៍មានគេឈូសឆាយព្រៃលក់ និងខ្លះដាំចន្ទីរួចហើយ។ ខ្ញុំលើកភស្តុតាងហ្នឹងទៅឲ្យព្រះរាជអាជ្ញា»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ឌិន ខន្នី យល់ថា ពាក្យបណ្តឹងនេះ ជាការគំរាមកំហែងសិទ្ធិបញ្ចេញមតិ ការពារធនធានធម្មជាតិ និងរារាំងសហគមន៍មិនឲ្យឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។ លោកមានជំនឿថា តំណាងអយ្យការ និងតុលាការខេត្តនេះ នឹងស្វែងរកយុត្តិធម៌ជូនសកម្មជនបរិស្ថាន និងមន្ត្រីអាដហុក ខណៈដែលឯកសារជាច្រើនដែលសហគមន៍ប្រមូលបាន ជាភស្តុតាងសំខាន់ ងាយស្រួលឲ្យតុលាការស៊ើបអង្កេតរកការពិត ដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ៖ «នេះវាជាករណីប្ដឹងដើម្បីគំរាមកំហែង ប្ដឹងដើម្បីទប់ស្កាត់កុំឲ្យគាត់ការពារបរិស្ថាន ពុំមែនប្ដឹងដើម្បីរកយុត្តិធម៌ការកាប់បំផ្លាញបរិស្ថាន ព្រោះពួកគាត់នរណាក៏ដឹងដែរថា ជាអ្នកការពារបរិស្ថាន»។
លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ខ្លឹមសារច្បាប់ព្រហ្មទណ្ឌ បុគ្គលគ្រប់រូបនៅគ្រាប្រទះឃើញបទល្មើសឧក្រិដ្ឋ ហើយមិនប្ដឹងបរិហារ គឺជននោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល។
កាលពីចុងឆ្នាំ២០១៧ តំណាងអ្នកភូមិសមុទ្រក្រោម ចំនួន ៩ នាក់ បានដាក់បណ្ដឹងបរិហារក្រុមមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថាន ៧នាក់ដែលអ្នកភូមិចាត់ទុកថា បានអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនអយ្យការសាលាដំបូងខេត្តរតនគិរី។ សំណុំរឿងនេះសហគមន៍រកឃើញកិច្ចសន្យាទិញលក់ឈើមូលប្រព្រឹត្តឡើង ដោយមេភូមិ និងអនុប្រធានភូមិ។ តែមកទល់ពេលនេះ សំណុំរឿងនេះ ត្រូវបានតំណាងអយ្យការខេត្តរតនគិរី តម្កល់ទុកឥតចាត់ការ ហើយសហគមន៍ត្រៀមប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នៅពេលឆាប់ៗនេះ៕
No comments:
Post a Comment