Monday, 17 December 2018

អ្នកវិភាគ​ថា លោក ហ៊ុន សែន ខ្លាច​បាត់​អំណាច​ដោយសារ​តម្រុយ​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា


ដោយ សេក បណ្ឌិត
2018-12-16

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
 RFA



មេដឹកនាំ​របប​ក្រុងភ្នំពេញ​អះអាង​ជាថ្មី​ទៀត​ថា របប​របស់​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ និង​បាន​ស្នើ​ឱ្យ​អន្តរជាតិ​បញ្ឈប់​ការ​ចោទប្រកាន់​របប​របស់​លោក​ពាក់ព័ន្ធ​នឹង​រឿង​នេះ​តទៅទៀត។ អ្នកវិភាគ​អះអាង​ថា ដោយសារ​រឿង​មូលដ្ឋានទ័ព​ចិន​នេះ ប៉ះពាល់​ដល់​សន្តិសុខ​តំបន់ ដែល​ជា​ការ​គំរាមកំហែង​ដល់​អំណាច​របស់​លោក ហ៊ុន សែន ទើប​លោក​បដិសេធ​រឿង​នេះ​ម្ដង​ហើយ​ម្ដងទៀត។

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ច្រានចោល​ជា​ថ្មី​ទៀត​ចំពោះ​ព័ត៌មាន​ដែល​ថា អាច​នឹង​មាន​ការ​កកើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅ​កម្ពុជា។ លោក​អះអាង​ថា កម្ពុជា​គ្មាន​ការចាំបាច់​ណាមួយ​ដែល​ត្រូវការ​វត្តមាន​កងទ័ព​ប្រទេស​ដទៃ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ដែរ។ លោក​បន្ត​ថា ការចោទប្រកាន់​របប​របស់​លោក​ថា កំពុង​រៀបចំ​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នោះ គឺជា​រឿង​អយុត្តិធម៌ និង​បាន​ជំរុញ​ឱ្យ​អន្តរជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ពិនិត្យ​មើល​ថា តើ​ករណី​នេះ​ពិតជា​កើតមាន​មែន ឬមួយ​ក៏​យ៉ាងណា​នោះ។



លោក ហ៊ុន សែន ថ្លែង​បែបនេះ​កាលពី​ថ្ងៃ​ទី១៥ ធ្នូ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ឯ​ខេត្ត​កោះកុង ទី​ដែល​មាន​ការ​សង្ស័យ​ថា ចិន​កំពុង​ស្ថាបនា​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ឱ្យ​នាវាចម្បាំង​របស់​ចិន​អាច​ចូល​សំចត​បាន។ «»

លោក​បាន​ស្នើ​ឱ្យ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក បញ្ឈប់​ការចោទប្រកាន់​របប​របស់​លោក​តទៅទៀត​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​នេះ។

កាលពី​ខែ​វិច្ឆិកា​កន្លងទៅ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence បាន​សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​ទៅ​លោក ហ៊ុន សែន ប្រាប់​អំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នេះ និង​ព្រមាន​ថាបើ​មានរឿង​បែបនេះ​កើតឡើង​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ ចំណែក កាសែត ឌឹ អេស៊ា ថាមស៍ (The Asia Times) វិញ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ មាន​ចំណងជើង​ថា កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ដោយសារតែ​ការ​ងាករេ​ខ្លាំង​ពេក​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។ អត្ថបទ​នេះ បាន​រៀបរាប់​អំពី​លទ្ធភាព​នៃ​ការ​កកើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន UDG ទំហំ​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតារ រយៈពេល ៩៩​ឆ្នាំ ដើម្បី​ឲ្យ​ចិន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​កប៉ាល់ចម្បាំង​ចិន​ចូល​ចត​បាន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថ្លែង​ថា តម្រុយ​នៃ​ការ​កកើត​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា​នេះ ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ទាំងមូល ទើប​ប្រទេស​មួយ​ចំនួន ពិសេស​សហរដ្ឋអាមេរិក ចេញមុខ​ឈឺឆ្អាល​រឿង​នេះ។ លោក​បន្ត​ថា ប្រតិកម្ម​របស់​អន្តរជាតិ គឺជា​ការ​គំរាមកំហែង​ដល់​អំណាច​របស់​លោក ហ៊ុន សែន ហេតុ​ដូចនេះ​ទើប​លោក​ចេញមុខ​បដិសេធ​ម្តង​ហើយ​ម្ដងទៀត​បែបនេះ។ លោក​ជំរុញ​ឱ្យ​របប​នេះ លាតត្រដាង​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ចិន​នៅ​កម្ពុជា និង​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ដោយ​ឯករាជ្យ​ពី​អ្នក​ជំនាញ​អន្តរជាតិ ដើម្បី​ធានា​ថា ពិតជា​មិន​មាន​ការស្ថាបនា​មូលដ្ឋានទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​មែន។ «»

អ្នកវិភាគ​រូប​នេះ ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំគ្នា​តាមដាន​ករណី​នេះ​ឱ្យ​បាន​ដិតដល់ ព្រោះ​រឿង​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អំណាច​របស់​លោក ហ៊ុន សែន តែមួយ​មុខ​នោះ​ទេ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​វា​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ​ទាំងមូល៕

No comments: