2018-12-28
rfa

ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា។ RFA
Photo: RFA
មន្ត្រីជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិបដិសេធព័ត៌មានពីការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា មានមន្ត្រីបក្សប្រឆាំងជិត ៣ពាន់នាក់ ចុះចូលជាមួយគណបក្សកាន់អំណាច។
អតីតចៅសង្កាត់រងគណបក្សសង្គ្រោះជាតិមកពីសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ លោក ខឿន វីរ៉ាត់ ដែលពេលនេះលោកសុខចិត្តមករត់ម៉ូតូកង់បី ប្រាប់ថា លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សកាន់អំណាចថា កុំព្យាយាមធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់ដឹកនាំគណបក្សនេះឲ្យសោះ។
លោកថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជិតទាំងអស់មិនបានក្បត់ឆន្ទៈពលរដ្ឋបានដែលបានបោះឆ្នោតឲ្យពួកគេនោះទេ៖ «អ្វីដែលខ្ញុំជម្រាបជូនលោក សុខ ឥសាន វិញ សូមគាត់កុំធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំបន្តទៀត ពីព្រោះវាជាចំណុចគ្រោះថ្នាក់ដែលធ្វើឲ្យមេដឹកនាំធ្វើការសម្រេចទៅខុស ហើយក្នុងនាមគាត់ជាមន្ត្រីជាន់ខ្ពស់គួរតែនិយាយអ្វីដែលពិត កុំនិយាយអ្វីដែលជាចំណុចមិនពិត»។
ប្រតិកម្មបែបនេះដោយសារតែ លោក សុខ ឥសាន បានសរសេរអះអាងលើប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៧ ធ្នូ ថា ក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិទាំង ៥.០០៧នាក គឺមានមនុស្សជាង ២.៦០០នាក់បានមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន ថែមទៀតចំអកថា បក្សប្រឆាំងបានបែកបាក់រួចទៅហើយដោយសារភាគីលោក សម រង្សី ប្រធានស្ដីទីគណបក្ស និងលោក កឹម សុខា ប្រធានបក្សមានមតិផ្ទុយគ្នា។ ទោះបីជាយ៉ាងណា មន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេនៅតែមានជំហររឹងមាំដដែល។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបងលោក ជា ជីវ និយាយថា សម្ដីរបស់លោក សុខ ឥសាន ជាការបំភ្លៃព័ត៌មាន ព្រោះសមាជិកក្រុមប្រឹក្សាបក្សប្រឆាំងតិចតួចណាស់ដែលត្រូវបក្សកាន់អំណាចគំរាមកំហែងនិងអូសទាញឲ្យក្បត់ឆន្ទៈម្ចាស់ឆ្នោត។ លោកយល់ថា មូលហេតុដែលគណបក្សកាន់អំណាចបន្តភូតកុហកពីតួលេខនេះ ដើម្បីបំភ័ន្តភ្នែកមហាជន និងអន្តរជាតិប៉ុណ្ណោះ៖ «គាត់ចង់បំប៉ោងព័តមាននេះទៅថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋអោយយល់ថា មានគណបក្សសង្គ្រោះជាតិចុះចូលច្រើនដើម្បីបំភ័ន្តសាធារណមតិជាតិ ហើយទីពីរដើម្បីកុំឲ្យសម្ពាធសហគមន៍អឺរ៉ុប ក៏ដូចជាប្រទេសប្រកាន់របបប្រជាធិបតេយ្យដាក់សម្ពាធមកលើកគាត់ ជាពិសេស EBAហ្នឹងបាទ»។
ទោះមានការធ្វើទុក្ខបុកម្នេញបែបនេះមកលើគណបក្សប្រឆាំងក្តី មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិម្នាក់ លោក ម៉ន ផល្លា ជាប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ឲ្យដឹងថា កម្លាំងគណបក្សសង្គ្រោះជាតិដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅតែរឹងមាំដដែល។ លោក ម៉ន ផល្លា ប្រាប់ទៅលោក សុខ ឥសាន វិញថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រឆាំងដែលទៅចុះចូលជាបក្សកាន់អំណាចមិនបាន ១០ភាគនោះទេ៖ «អ្វីដែលយើងមានអំណះអំណាងខ្ញុំចង់បញ្ជាក់ថា អ្នកដែលចុះចូលមួយចំនួនតូចភាគច្រើនអ្នកដែលឈរលេខរៀងបម្រុងឆ្ងាយៗ ហើយមួយចំនួនទៀតគ្រាន់តែជាសកម្មជនដែលយើងនៅមានកម្លាំងរឹងមាំ មានស្មារតីល្អ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រកាសថា នឹងចូលប្រទេសកម្ពុជាវិញនៅដើមឆ្នាំ២១០៩ខាងមុខនេះ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តនានាបាននាំគ្នាបង្ហោះសារជាវីដេអូតាមហ្វេសប៊ុក (Facebook) បង្ហាញការគាំទ្រលោក សម រង្ស៊ី និងអះអាងថា យល់ព្រមចូលគុកបើមានការចាប់ខ្លួនលោក សម រង្ស៊ី ក្នុងពេលត្រឡប់ចូលមកកម្ពុជា៕
No comments:
Post a Comment