Wednesday, 26 December 2018

សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​អសមត្ថភាព​និង​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង


ដោយ សេក បណ្ឌិត
2018-12-26
rfa
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
Photo: RFA



សកម្មជន​បរិស្ថាន​មើល​ឃើញ​ថា អាជ្ញាធរ​ជំនាញ​អសមត្ថភាព និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ឯកជន ចាក់​ដី​រំលោភ​យក​ឆ្នេរ​ព្រែកត្រែង ត្រង់​ភូមិសាស្ត្រ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នោះ​ឡើយ។ ពួកគេ​សន្និដ្ឋាន​បែបនេះ ដោយសារតែ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ អាជ្ញាធរ​មិនបាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​ចាក់​លុប​នោះ​ចេញ​វិញ​ឡើយ ហើយក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ល្មើសច្បាប់​នេះ​ដែរ។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស ព្រួយបារម្ភ​ថា បទល្មើស​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង អាច​នឹង​ស្ងប់ស្ងាត់ ហើយ​ករណី​នេះ​នឹង​អាច​ទៅជា​រឿង​ស្របច្បាប់​វិញ ប្រសិនបើ​មិន​មាន​ប្រតិកម្ម ឬ​ការចាប់អារម្មណ៍​ពី​សាធារណជន​ទេ​នោះ។



កញ្ញា​ហ៊ាន​អះអាង​បែបនេះ ដោយសារ​មក​ទល់​នឹង​ពេលនេះ ទីតាំង​ចាក់​លុប​នោះ មិន​មាន​ប្រែប្រួល​អ្វី​ឡើយ ដោយ​ក្រុមហ៊ុន​មិនបាន​កាយ​ដី​នោះ​ចេញ​វិញ​ឡើយ ហើយ​អាជ្ញាធរ​ក៏​ស្ងាត់ គ្មាន​ចំណាត់​ការ​អ្វី​លើ​ករណី​នេះ​ទៀត​ដែរ៖ «ប្រសិនបើ​ក្រុមហ៊ុន​រំលោភបំពាន​ច្បាប់ ហើយ​គាត់​បាន​សិទ្ធិ​ស្របច្បាប់​វិញ អ៊ីចឹង​មានតែ​អាជ្ញាធរ​បំពាន​ច្បាប់​វិញ។ ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​ជា​រូបភាព​មួយ ប៉ុន្តែ​នៅ​កំពង់សោម ជា​តំបន់​មាត់​ឆ្នេរ ឬក៏​តំបន់​សមុទ្រ​មួយ​ចំនួន​ក៏​អាច​មាន​ករណី​ហ្នឹង​កើតឡើង​ដែរ ហើយក៏​បាន​កើត​ឡើង​ហើយ​ដែរ។ អ៊ីចឹង​ប្រសិនបើ​រឿង​ព្រែកត្រែង​មួយ អាជ្ញាធរ​ពិតជា​អត់​អាច​ដោះស្រាយ​បាន​មែន ខ្ញុំ​គិត​ថា តទៅ​មុខ​ទៅ គឺ​ប្រាកដ​ជា​មាន​ក្រុមហ៊ុន ឬក៏​អ្នក​មាន​អំណាច​បន្ត​ការ​ចាក់ដី​លុប​ឆ្នេរ​ទៅលើ​តំបន់​ធនធានធម្មជាតិ​របស់​រដ្ឋ​តទៅទៀត»។

កាលពី​អំឡុង​ខែ​កញ្ញា កន្លង​ទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ជា សុផារ៉ា ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ដើម្បី​ឱ្យ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ។

ចំណែក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ លោក ថោង ខុន បាន​អះអាង​ថា ក្រុមហ៊ុន​អភិវឌ្ឍ​ឆ្នេរ​ព្រែកត្រែង​នោះ កំពុងតែ​រំលោភបំពាន​ច្បាប់ ហើយ​គណៈកម្មការ​គ្រប់គ្រង​តំបន់​ឆ្នេរ​កំពុងតែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ករណី​នេះ។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន តាម​ទូរស័ព្ទ​ជាច្រើន​ដង នៅ​ថ្ងៃទី២៤ ធ្នូ ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ត្រូវការ ការ​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូចខាត​បរិស្ថាន​តំបន់​ឆ្នេរ​នោះ​ឡើយ។ លោក​បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​យកចិត្ត​ទុកដាក់​ដោះស្រាយ​រឿង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ និង​ហាម មិន​ឱ្យ​មានការ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់​នោះ​ឡើយ៖ «ហាម​ដាច់ខាត​នូវ​ការ​ចាក់ដី​ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការអនុញ្ញាត។ ចំណុច​នេះ អស់លោក​ត្រូវ​ធ្វើ​ឱ្យ​ជាប់ ធ្វើជា​ប្រចាំ ដោយ​មិន​អាច​ធ្វេសប្រហែស​ទេ។ យើង​ចង់បាន​ការ​អភិវឌ្ឍ​ហើយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ណាមួយ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន មិន​ត្រូវ​បណ្ដែតបណ្ដោយ​នោះ​ទេ»។

ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីសដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីសដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស Photo: RFA 


ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស គ្មាន​ជំនឿ​ទេ​ទៅលើ​បទបញ្ជា​ថ្មី​នេះ ព្រោះ​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​តែមួយ អាជ្ញាធរ​អសមត្ថភាព​នឹង​ធ្វើ​ទៅ​ហើយ ខណៈ​ខេត្ត​ព្រះសីហនុ​មានការ​ចាក់​ដី​លុប​ឆ្នេរ​ជាច្រើន​កន្លែង​ផ្សេងទៀត​នោះ។ កញ្ញា​អះអាង​ថា នឹង​បន្ត​តាមដាន​ករណី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ​តទៅទៀត ហើយ​កញ្ញា​ក៏​មាន​គម្រោង​កៀរគរ​យុវជន​ផ្សេងទៀត​ដែរ ដើម្បី​តស៊ូ​មតិ​ឱ្យ​មាន​ការ​ស្តារ​បរិស្ថាន​តំបន់​ឆ្នេរ​ដែល​រង​ការ​ចាក់​លុប​នោះ ឱ្យ​មាន​សភាព​ដូចដើម​វិញ៖ «គាត់​ចុះទៅ​នាំ​ក្រុមការងារ​ដើម្បី​អន្តរាគមន៍​កាយ​ដី​ចេញ​វិញ ប៉ុន្តែ​ជាក់ស្ដែង​គាត់​ចុះ​ហ្នឹង​មានន័យថា​ម៉េច? បើ​ដី​នៅតែ​ក្នុង​សមុទ្រ​ដដែល​ហ្នឹង។ អ៊ីចឹង​បើ​គាត់​ធ្វើ​ក្នុង​រូបភាព​បែបនេះ អាច​និយាយ​បាន​ថា គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ ឬក៏​អាច​មាន​ពាក់ព័ន្ធ​នឹង​រឿង​ផលប្រយោជន៍ ឬក៏​រូបភាព​អ្វី​ផ្សេង​នៅ​ក្រោយ​ខ្នង។ ខ្ញុំ​គិត​ថា បើ​គ្រាន់តែ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ចេញ​វិញ​មិនបាន ហើយ​គាត់​ក៏​នៅ​ស្ងៀម នោះ​ខ្ញុំ​គិត​ថា តួនាទី​របស់​គាត់​ជា​អាជ្ញាធរ ឬ​ជា​ថ្នាក់ដឹកនាំ​ហ្នឹង គឺ​អត់​មាន​ឥទ្ធិពល​អ្វី​ទាល់តែសោះ​តែម្ដង»។

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​របស់​អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ឡៅ ម៉េងឃីន គឺជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​ដ៏​ចម្រូងចម្រាស កាល​ពី​ពេល​កន្លងទៅ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ​បាន​នៅឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា នីតិរដ្ឋ​ដែល​មន្ត្រី​របប​ក្រុងភ្នំពេញ​ទន្ទេញ​ចាំមាត់​នោះ មិន​មាន​ការអនុវត្ត​ជាក់ស្ដែង​ឡើយ។ លោក​ថា ករណី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ ជា​បទល្មើស​ឧក្រិដ្ឋ​ជាក់ស្ដែង ហើយ​ម្យ៉ាង​រឿង​នេះ​ថែមទាំង​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​កំពូល​ទៀត​ផង ដូច្នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​កសាង​សំណុំ​រឿង​នេះ​ទៅ​តុលាការ និង​ចាត់ការ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​សង្កត់ធ្ងន់​ថា ការ​ខកខាន​មិនបាន​ចាត់ការ​រឿង​នេះ គឺជា​គំរូ​ដ៏​អាក្រក់ និង​ធ្វើ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​កាន់តែ​រីក​រាលដាល​ក្នុង​សង្គម​ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​នោះ៖ «អំពើ​យោគយល់ ទោរទន់ បក្ខពួក​និយម កេង​រក​ផលប្រយោជន៍​ហ្នឹងហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ធ្លាក់​ទន់ខ្សោយ​ទៅ​ក្នុង​ភាព​មួយ​ដែល​ថា មិនមែន​ជា​នីតិរដ្ឋ​នោះ។ ជនល្មើស​ច្រើន​ណាស់​ដែល​ស្គាល់ ដែល​ដឹង​ថា ប្រព្រឹត្ត​អំពើ​ល្មើស​ខុសច្បាប់​ហើយ ថែមទាំង​មាន​អ្នកដឹកនាំ​កំពូល​បញ្ជា​ឱ្យ​ធ្វើ​ទៀត ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ឃើញ​ថា អាជ្ញាធរ ឬ​មន្ត្រី​នគរបាល​ថ្នាក់​ខេត្ត​យើង ហាក់​ដូចជា​ខ្លាច​បាក់​នឹង​ឥទ្ធិពល​របស់​មន្ត្រី​ឧកញ៉ា​ដែល​ប្រព្រឹត្ត​ល្មើស​វិញ»។

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០​លាន​រៀល។ ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួលការ​ប្រព្រឹត្ត​បទល្មើស​នោះ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូន​ជន​ប្រព្រឹត្ត​ដែរ៕

1 comment:

Anonymous said...

With this Yuon's slave regime, it requires much more efforts from people in order to stop the crime of the destruction of natural resource.

Yuon has found an animal named Hun Sen to facilitate its plan of Vietnamizing Cambodia.