Sunday, 23 December 2018

សារ​បែក​ធ្លាយ៖ លោក ហ៊ុន សែន​ មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក គិត ម៉េង នឹង​កកូរកកាយ​ផ្ទៃ​ក្នុង


​ស្ថានីយ​ទូរទស្សន៍ CNC
ដោយ ហេង រស្មី
2018-12-21 
rfa
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។



មេដឹកនាំ​របប​លោក ហ៊ុន សែន បាន​បង្ហាញ​អំណាច​របស់​លោក​តាម​រយៈ​សារ​បែក​ធ្លាយ​មួយ​ថា លោក​មាន​ឥទ្ធិពល​លើក​លោក គិត ម៉េង អ្នក​ជំនួញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដោយ​បញ្ជា​ឲ្យ​ដក​ហូត​មុខ​តំណែង​លោក​អគ្គនាយក​ទូរទស្សន៍ CNC។ លោក​ថា បើ​មិន​ធ្វើ​តាម​បញ្ជា​លោក​ទេ កុំ​ថា​ឡើយ​ព្រះ​មហាក្សត្រ ក៏​មិន​អាច​ការពារ​បាន​ដែរ។ អ្នក​វិភាគ​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន គឺ​ជា​ឪ​តុលាការ។

មេដឹ​ក​នាំ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​យ៉ាង​ម៉ឺងម៉ាត់​ដល់​លោក គិត ម៉េង ឲ្យ​ដក​ហូត​មុខ​តំណែង​លោក អ៊ុក វរ៉ា ចេញ​ពី​អគ្គនាយក​ទូរទស្សន៍ CNC ជាមួយ​នឹង​ការ​គំរាម​ធ្ងន់ៗ ថា បើ​មិន​អនុវត្ត​តាម​បទ​បញ្ជា​លោក​ទេ នោះ​គ្រប់​មុខ​ជំនួញ​ទាំង​ប៉ុន្មាន​របស់​មហាសេដ្ឋី ដែល​មាន​ប្រាក់​រាប់​លាន​នៅ​កម្ពុជា​រូប​នេះ​នឹង​មាន​ផល​ប៉ះពាល់។



នៅក្នុង​សារ​បែក​ធ្លាយ​តាម​រយៈ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា លោក អ៊ុក វរ៉ា មិន​អាច​ឈរ​ជើង​កាន់​តូនាទី​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ CNC ត​ទៅ​ទៀត​ទេ គឺ​ដោយសារ​តែ​លោក​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​កំហុស​ជាមួយ​បុគ្គលិក​ក្រោម​បង្គាប់ ហើយ​លោក​បាន​ប្រៀបធៀប​កំហុស​នេះ​ទៅ​នឹង​ស្នាម​របួស​ដែល​មាន​ជម្រៅ​ជ្រៅ​មិន​អាច​ព្យាបាល​បាន៖ «ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​អ្វី​ដែល​លោក​បាន​ធ្វើ​លោក​មិន​អាច​នៅ​បាន​ត​ទៅ​ទៀត​ទេ វា​បាន​ចេញ​បញ្ហា​ប៉ុណ្ណឹង​ទៅ​ហើយ។ លោក​មិន​អាច​នៅ​បាន​ត​ទៅ​ទៀត​ដោយ​សារ​តែ​បុគ្គលិក​គេ​ស្អប់​លោក​តែ​ម្តង»។

សារបែកធ្លាយមានរយៈ​ពេល​ជិត ១៥នាទី ដែល​បាន​បង្ហាញ​ពី​ការ​អន្តរាគមន៏​របស់​លោក ហ៊ុន សែន ទាំង​យប់​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក អ៊ុក វរ៉ា អគ្គនាយក​ទូរទស្សន៍ CNC មាន​គម្រោង​បញ្ឃប់​បុគ្គលិក​ចំនួន ៣២​នាក់​យ៉ាង​អាថ៌​កំបាំង​ដោយ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ពិត​ប្រាកដ។

នៅ​ក្នុង​ចំណោម​បុគ្គលិក​ទាំង​នោះ​មាន​ស្រ្តី​មាន​ផ្ទៃពោះ​ម្នាក់ ត្រូវ​បាន​គេ​សង្ស័យ​ថា ជាប់​នឹង​សាច់​ញាតិ​របស់​លោក ហ៊ុន សែន ដែល​បាន​បណ្តាល​ឲ្យ​លោក​ខឹង​សម្បារ​បញ្ជា​យ៉ាង​ដាច់​ណាត់​ដល់​លោក គិត ម៉េង ឲ្យ​បញ្ឃប់​តួនាទី​នេះ​ជា​បន្ទាន់។

លោក​ ហ៊ុន សែន​ បាន​និយាយ​ដោយ​បង្ខំ​ឲ្យ​លោក អ៊ុក វរ៉ា ត្រូវ​តែ​ចាកចេញ​ជា​បន្ទាន់​ បើ​មិន​ដូច្នេះ​ទេ​លោក​ គិត ម៉េង​ ក៏​មិន​រួច​ខ្លួន​ដែរ​អាច​នឹង​ក្លាយ​ជា​សត្រូវ​ជាមួយ​លោក។

លោក​បាន​ព្រមាន​ថា ​រាល់​មុខ​ជំនួញ​ទាំង​អស់​លោក គិត ម៉េង ​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​លោក៖ «កុំ​រឹងរួស! បើ​សិន​ជា​លោក​នៅ​តែ​រឹងរួស​ទាមទារ​នៅ​កន្លែង​ហ្នឹង​ត​ទៅ​ទៀត​លោក​មិន​មាន​អនាគត​ទេ​កុំ​ថា​ឡើយ ​លោក​ជា​ក្មួយ​លោក​ជំទាវ​មាន​ សំ អន ហើយ​ធ្លាប់​ជា​អតិត​បុគ្គលិក​ទូរទស្សន៍​បាយ័ន​ទោះ​អី​លោក​ជា​អ្វី​ក៏​ដោយ​ ខ្ញុំ​សូម​បញ្ជាក់​លោក​ដក​ខ្លួន​ចេញ​សិន​ដំណើរ​នៅ​វែង​ឆ្ងាយ​លោក​កែ​ខ្លួន​លោក​អាច​វិល​ត្រឡប់​ទៅ​វិញ​ នៅ​ពេល​ណា​ប្រសិន​បើ​គេ​អាច​ទទួល​យក​បាន»។

អគ្គនាយក​ទូរទស្សន៏ CNC​ លោក អ៊ុក វរ៉ា​ មិន​អាច​ស្នើសុំ​ ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ទាក់ទិន​នឹង​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន។

ចំណែក​ម្ចាស់​ភាគ​ហ៊ុន​ទូរទស្សន៍​ CNC​ វិញ​ លោក​ គិត ម៉េង ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៖ «ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​សុំ​ទោស​បាទ»។

សម្លេង​បែក​ធ្លាយ​របស់​លោក​ ហ៊ុន សែន​ នេះ​បាន​លាត​ត្រដាង​ពីចរិក​របស់​មេ​ដឹក​នាំ​ផ្តាច់ការ​ ដែល​បាន​ប្រព្រឹត្ត​រំលោភ​លើ​ច្បាប់​ និង​មិន​បាន​អនុវត្ត​តាម​បែប​បទ​រដ្ឋបាល​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ។

អ្នក​វិភាគ​ឯករាជ្យ​លោក​ គឹម សុខ ​បាន​បញ្ជាក់​ថា​ សារ​បែក​ធ្លាយ​នេះ​បង្ហាញ​ថា​ លោក ​ហ៊ុន ​សែន​ គឺ​ជា​ឪ​តុលាការ៖ «បញ្ជាក់​ថា ​លោក ​ហ៊ុន សែន គឺ​ជា​ឪ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ពី​ព្រោះ​លោក​បញ្ជាក់​ថា ជា​ឪ​ស្តេច​ម៉ែ​ស្តេច​ក៏​គាត់​ចាត់ការ​ដែរ ហើយ​តាម​រដ្ឋធម្មនុញ្ញ​ស្តេច​ត្រូវ​ធានា​ការពារ​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ»។

ស្ថានីយ​ទូរទស្សន៏ CNC មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ សង្កាត់​គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ប្ញស្សី​កែវ​ក្រុង​ភ្នំពេញ។ ស្ថានីយ​នេះ​ មាន​ម្ចាស់​ភាគ​ហ៊ុន គឺ​លោក គិត ម៉េង ​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​សង្ស័យ​ថា ធ្លាប់​មាន​រឿង​អាស្រូវ​រត់​ពន្ធ​គ្រឿង​ញៀន​ជាមួយ​លោក ហ៊ុន តូ ក្មួយ​លោក ហ៊ុន សែន ផង​ដែរ។

លោក គិត ម៉េង ជា​ញឹកញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​បាន​ដើរ​អែប​ជាមួយ​លោក ហ៊ុន សែន ពេល​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នឹង​លំហែ​កាយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ម្តងៗ។ លោក ហ៊ុន សែន បាន​និយាយ​នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ​ថា ស្ថានីយ​ទូរទស្សន៍​បាយ័ន្ត​នឹង​ស្ថានីយ​ទូរទស្សន៍ CNC លោក​ជា​អ្នក​ឧបត្ថម​ថវិកា​ទាំង​អស់៖ «គឺ​បុគ្គលិក​ទូរទស្សន៍​ CNC ​ទាំង​អស់​នេះ​ហើយ ​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ខ្ញុំ​ និង​ភរិយា​របស់​ខ្ញុំ​ច្រើន​ជាង​គេ​ទាំង​អស់។ បាយ័ន្ត​បាន​តិចតួច​ណាស់ ក៏​ប៉ុន្តែ​បុគ្គលិក​នៅ​ទូរទស្សន៍ ​CNC CTN ដែល​ខ្ញុំ​គិត​ថា មួយ​ចំនួន​ណា​នោះ​មិន​ទាំង​អស់​ទេ គឺ​ទទួល​ប្រាក់​ឧបត្តម​តាម​វិធី​បុណ្យ​ទាន​នានា គឺ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ»។

លោក ហ៊ុន សែន បាន​ព្រមាន​ថា បើ​លោក អ៊ុក វរ៉ា នៅ​តែ​រឹង​ទទឹង​កុំ​ថា លោក​មាន​អ្នក​ណា​ជា​ខ្នង​បង្អែក​ប៉ុណ្ណា​អ្នក​ណា​ក៏​លោក​មិន​ញញើត​ដែរ ដោយ​រួម​ទាំង​ព្រះមហាក្សត្រ៖ «ជាមួយ​ខ្ញុំ​កុំ​និយាយ​ឲ្យ​សោះ​ឪ​ស្តេច​ម៉ែ​ស្តេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នក​ធំ​ក្មួយ​អ្នក​ធំ ​ការ​យោគ​យល់​អត់​ទេ»។

ស្ថានីយ​ទូរទស្សន៍ CNC បាន​បើក​សម្ភោធ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក៏​ប៉ុន្តែ​នេះ​ជា​លើ​ទី​មួយ​ហើយ​ដែល​លោក ហ៊ុន សែន បាន​អន្តរាគមន៍​រឿង​រដ្ឋបាល។ លោក ហ៊ុន សែន បាន​ព្រមាន​ថា បើ​មិន​ដក​ហូត​ដំណែង​លោក អ៊ុក ប៉ូរ៉ា ទេ​នឹង​មាន​បាតុកម្ម​ប្រឆាំង ហើយ​លោក គិត ម៉េង នឹង​ក្លាយជា​សត្រូវ​ជាមួយ​លោក៕

No comments: