Saturday, 29 December 2018

"ព្រៃ​សហគមន៍​១​ពាន់​ហិកតារ​នៅ​រតនគិរី​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​គ្មាន​ការ​ស៊ើបអង្កេត"


Khmer Circle: "War-time reparation" payment to Vietnam - still?

$$$

ដោយ ហេង រស្មី
2018-12-29  
rfa
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
 Photo courtesy of EIA



អង្គការ​ចលនា​មាតា​ធម្មជាតិ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី និង​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ព្រងើយ​ចំពោះ​វីដេអូ ដែល​បាន​លាតត្រដាង​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អស់​ជាង ១​ពាន់​ហិកតារ កាល​ពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​អង្គការ​នេះ បាន​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្មែរ និង​យុវជន នាំគ្នា​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ខ្លួនឯង ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន អសមត្ថភាព។

អង្គការ​មាតា​ធម្មជាតិ សន្និដ្ឋាន​ថា ដំណោះស្រាយ​បញ្ហា​ព្រៃឈើ គឺ​មាន​តែ​ក្រុម​យុវជន និង​ប្រជាជន​ខ្លួនឯង​ទេ ត្រូវ​បង្កើត​កម្លាំង​សាមគ្គី​គ្នា​ការពារ​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង ប្រសិនបើ​ជឿជាក់​របប​លោក ហ៊ុន សែន និង​ក្រសួងបរិស្ថាន មិន​យូរ​ទេ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​រលាយ​ទាំងស្រុង។ ការ​លើកឡើង​បែបនេះ ក្រោយពី​ពួកគេ​បាន​បង្ហាញ​វីដេអូ​ជា​សាធារណៈ​រកឃើញ​ថា ឈើ​មូល​ធំៗ​ជាង ១ ពាន់​ហិកតារ (១.២០០) ឋិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន ប្រព្រឹត្ត​អំពើពុករលួយ លក់​ព្រៃឈើ​ទាំងមូល​ឲ្យ​ឈ្មួញ​វៀតណាម​ខុសច្បាប់។



ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson ) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ វិច្ឆិកា ថា របប​ក្រុងភ្នំពេញ​គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ទេ មានតែ គំរាមកំហែង​ដល់​សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​ចេញមុខ​រិះគន់​បទល្មើស​ព្រៃឈើ និង​ភាព​អសកម្ម របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា របប​ក្រុងភ្នំពេញ​តែង​ឆ្លើយ​ដោះ​សារ យករួចខ្លួន ប្រសិនបើ​អង្គការ និង​សកម្មជន​បរិស្ថាន រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម។ លោក​គ្មាន​ជំនឿ​សោះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អាជ្ញាធរ​របប​ក្រុងភ្នំពេញ នឹង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់ ព្រោះ​អ្នក​ដែល​ឃុបឃិត​គ្នា​លក់​ព្រៃ​សហគមន៍ គឺជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អាជ្ញាធរ​មូលដ្ឋាន៖ «យើង​កុំ​អស់សង្ឃឹម ហើយ​កុំ​នៅ​ស្ងៀម​បើសិនជា​យើង​ចង់​ឲ្យ​ព្រៃឈើ ឬ​ធនធានធម្មជាតិ​ដែល​សេសសល់​អាច​ការពារ​បាន​ហ្នឹង។ ខ្ញុំ​ថា​គ្មាន​ដំណោះស្រាយ​ណាមួយ​ក្រៅពី​យើង​លូកដៃ​ហើយ​ជួយ​ការពារ​ខ្លួនឯង​ទេ។ បើ​យើង​នៅតែ​ជឿជាក់​តែ​សម្ដី​របស់​រដ្ឋាភិបាល របស់​ក្រសួង​ពាក់ព័ន្ធ​អាហ្នឹង​គឺ​ចប់​ហើយ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង តែ​លោក​បាន​ចាត់​ឲ្យ​ជំនួយការ​របស់​លោក​ទទួល​ទូរស័ព្ទ​រួច​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា មក​ទល់​ពេល​នេះ ព្រៃ​បម្រុង​ទុក និង​ព្រៃ​ជំនឿ​របស់​សហគមន៍​ភូមិ​ប៉ាដល់​ជាង ១ ពាន់ ២ រយ​ហិកតារ ដែល​ពួកគាត់ ថែរក្សា​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​កាប់​បំផ្លាញ​អស់ទាំង​ស្រុង នៅ​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ។ ចំណែក​សហគមន៍​ដែល​ហ៊ាន​លាតត្រដាង​រឿង​នេះ ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិទ្យុ​អាស៊ីសេរី បំណង​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ត្រូវ​បាន​សមត្ថកិច្ច​គំរាម​ចាប់​ដាក់គុក។ លោក​សោកស្ដាយ​យ៉ាង​ខ្លាំង នៅ​គ្រា​ដែល​ប្រទះឃើញ ដើមឈើ​ធំៗ ផ្ដល់​ម្លប់​បៃតង ដែល​អ្នកភូមិ​តែង​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​គ្មាន​សល់ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ដើមឈើ​តូចៗ​គ្មាន​តម្លៃ​លើ​ទីផ្សារ​អាច​ប្រើប្រាស់​បាន៖ «បាទ​បាន​បាត់បង់​អស់រលីង​ហើយ​ព្រៃ​កន្លែង​សម្រាប់​បម្រុង​ទុក​សម្រាប់​ធ្វើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ អាហ្នឹង​ក៏​អស់​ដែរ ហើយ​ព្រៃ​អារក្ស​បី​កន្លែង ក៏​អស់​ខ្ទេចខ្ទី​ដែរ​សុទ្ធតែ​ឈើ​លេខ​មួយៗ​ទាំងអស់ ហើយ​គគីរ ពពេល កកោះ អស់រលីង​តែ​ម្តង បាទៗ​គេ​ដឹក​ទៅ​អស់ហើយ​ឈើ​ធំៗ​នោះ»។

មេឃុំ​សេសាន លោក សេវ ស្វែន ទទួល​ស្គាល់​ថា ព្រៃ​សហគមន៍​ពិតជា​ទទួលរង​ការ​កាប់បំផ្លាញ​អស់ទាំង​ស្រុង​មែន តែ​សកម្មភាព​កាប់​ទាំងនេះ​ធ្វើឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួនឯង តែង​លួច​កាប់​នៅ​ពេល​យប់។ លោក​បដិសេធ​ថា អាជ្ញាធរ​ឃុំ​មិន​ពាក់ព័ន្ធ​ការទិញ​លក់​ឈើ​មូល​ក្នុង​ព្រៃ​នោះ​ទេ ហើយ​កន្លងមក​លោក​តែង​អប់រំ​ពលរដ្ឋ​ឲ្យ​នាំគ្នា​អភិរក្ស​ព្រៃឈើ។ លោក​ថា កន្លងទៅ​ពលរដ្ឋ​ជាង មួយ​រយ​គ្រួសារ​ធ្លាប់​គំរាមកំហែង​លោក នៅ​គ្រា​ដែល​លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ឈប់​ស្កាត់​បទល្មើស​ព្រៃឈើ៖ «អ្នកភូមិ​កាប់​អស់ហើយ​ខ្ញុំ​ក៏​ហៅ​អ្នកស្រុក អភិបាលស្រុក រង​ស្រុក​ហើយ​នឹង​កងរាជអាវុធហត្ថ ប៉ូលិស​ទៅ​ហាមឃាត់​ហើយ។ ពេល​យើង​ចេញទៅ គេ​ទៅ​កាប់​យប់​ទៀត​ខ្ទេចខ្ទី​អស់ហើយ​គេ​ចេះតែ​ចោទ​ហ្នឹង។ អ្នកភូមិ​ចេះ​តែ​ធ្វើ​អ៊ីចឹង ខ្ញុំ​ហាម​ប៉ុណ្ណឹង​ហើយ​ឥឡូវ​គេ​ថា​មក​ដុត​ផ្ទះ​ខ្ញុំ​ទៀត មិនធម្មតា​ទេ»។

ជុំវិញ​ការ​លើកឡើង​របស់​មេឃុំ​រូប​នេះ ត្រូវ​បាន​សហគមន៍​ច្រានចោល ដោយ​អះអាង​ថា ជា​លេស​ឆ្លើយ​យករួចខ្លួន​។ ពួកគេ​អះអាង​ថា បើ​គ្មាន​ការ​ឃុបឃិត​គ្នា​រវៀង​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ឈ្មួញ​ជនជាតិ​វៀតណាម​មិន​អាច​ចូល​មក​អារ​ឈើ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​សេរី​បាន​នោះ​ទេ។ លោក​បារម្ភ​ថា ឈ្មួញ​វៀតណាម នឹង​រក​មធ្យោបាយ សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ កាប់​ឈើ​មានតម្លៃ​នៅ​ភូមិ​ចំនួន​២ ផ្សេងទៀត ឋិត​ក្នុង​ឃុំ​ញ៉ាង នៃ​ស្រុក​អូរយ៉ាដាវ៖ «អត់​ទេ រឿង​នោះ​អត់​មាន​អ្នកភូមិ​កាប់​បំផ្លាញ​ទេ មុនដំបូង​មកពី​អាជ្ញាធរ​គេ​អត់​ជួយ​ថែរក្សា​ជាមួយ​សហគមន៍​បានជា​គេ​ជម្រះ​ចេញ​ឲ្យ​អស់។ ទំហំ​ធំ​ណាស់ ទំហំ​ព្រៃ​រាប់ពាន់​ហិចតារ​គេ​កាប់​អស់រលីង»។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ អះអាង​ថា អាជ្ញាធរ​ខ្មែរ និង​សមត្ថកិច្ច​កម្ពុជា គឺជា​ចោរ​ស្របច្បាប់ ដែល​មាន​គំនិត​ទុច្ចរិត​បំផ្លាញ​ព្រៃឈើ​ទាំងមូល ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ដោយ​មិន​គិត​ពី​តម្លៃ​ព្រៃឈើ។ លោក​ថា ចោរ​ស្របច្បាប់​ទាំងនេះ ទទួល​បាន​ប្រាក់ខែ​ពី​ពលរដ្ឋ​ផង និង​ទទួល​ចំណូល​ពី​ជនល្មើស​ផង ធ្វើ​ឲ្យ​ធនធានធម្មជាតិ​របស់​កម្ពុជា​វិនាស​មហន្តរាយ។ លោក​គ្មាន​ជំនឿ​ថា អាជ្ញាធរ​ជាតិ​នឹង​ស៊ើបអង្កេត​ករណី​នេះ​ទេ ព្រោះ​របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ៖ «ក្រសួងបរិស្ថាន​គាត់​បង្កើត​មក​ឲ្យ​ស៊ី​តែ​ប្រាក់ខែ​រដ្ឋ​ហ្នឹង​មិន​មាន​ធ្វើការ ឬ​ក៏​មិន​មាន​ឥទ្ធិពល​ណាមួយ​ដើម្បី​ទប់ស្កាត់​ទៅលើ​បទល្មើស​ព្រៃឈើ​មិន​ថា​ស្រុក​អូរយ៉ាដាវ​ទេ គឺ​ទូទាំង​ប្រទេស​តែម្ដង​បាន​ន័យ​ថា ដូច​បាយឡុកបាយឡ អ៊ីចឹង​វា​ពិបាក​មែនទែន»។

ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ មាន​ផ្ទៃដី​ជាង ១ ពាន់​ហិកតារ ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម។ ព្រៃ​នេះ​សំបូរ​ដោយ​ដើមឈើ​មូល​ធំៗ ស្រស់បំព្រង ដែល​សហគមន៍​ធ្លាប់​ស្នើ ឲ្យ​អាជ្ញាធរ​បង្កើត​តំបន់​អេកូ​ទេសចរ​ធម្មជាតិ បំណង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍ និង​ពង្រឹង​យន្តការ​អភិរក្ស​ជីវចម្រុះ។ តែ​មក​ទល់​ពេល​នេះ​ដើមឈើ​ធំៗ ត្រូវ​គេ​កាប់​រំលំ​អស់ទាំង​ស្រុង ធ្វើ​ឲ្យ​ព្រៃ​នៅ​តំបន់​នោះ​បាត់បង់​សោភ័ណភាព មិន​អាច​បង្កើត​តំបន់​អេកូ​ទេសចរ​បាន។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ កាលពី​អំឡុង​ខែ វិច្ឆិកា​កន្លង​ទៅ លោក ហេង ស្រស់ ប្រាប់​ថា បើ​ទោះ​បី​ជា​ពួកគេ​រក​ឃើញ​ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​ព្រៃឈើ​ទទួលរង​ការ​កាប់​បំផ្លាញ​យ៉ាង​គំហុក ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ដែល។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​បង្ក្រាប​បានតែ​អ្នក​រកស៊ី​តូចតាច ដឹក​តាម​ម៉ូតូ។ រីឯ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ អាជ្ញាធរ​មិន​អើពើ​នោះ​ទេ និង​ថែមទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ដោយ​សេរី។ លោក​រក​ឃើញ​ថា អំពើពុករលួយ​គឺជា​ដើមចម នាំ​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា​ថយ​ចុះ​ខ្លាំង ហើយ​លំហូរ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម អាច​ធ្វើ​ទៅ​បាន ដោយសារ​ឈ្មួញ​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ៖ «អង្គការ​នានា​ក៏​បាន​លាត​ត្រដាង​ដែរ​ថា មានការ​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម តែ​សួរ​ថា ហេតុអ្វី​បានជា​អាជ្ញាធរ​កម្ពុជា​មិន​មាន​ការ​បង្ក្រាប។ នេះ​ស​បញ្ជាក់​ថា អាជ្ញាធរ​របស់​កម្ពុជា​គឺ​បាន​ទទួល​សំណូក​ពី​ឈ្មួញ​របស់​វៀតណាម​ដែល​បាន​សូកប៉ាន់​មក​លើ​អាជ្ញាធរ​កម្ពុជា​ហ្នឹង»។

ជនជាតិ​ដើម​ភាគតិច​បន្ថែម​ថា កន្លងទៅ​ឈ្មួញ​ជនជាតិ​វៀតណាម បាន​ផ្តល់​លុយ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ជាង ១រយ​គ្រួសារ ( ១៨០ ) ដោយ​ក្នុង​មួយ​គ្រួសារ ៥០ ម៉ឺន​រៀល ទៅ ១​លាន​រៀល ជា​ថ្នូរ​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​តំបន់​នោះ​ដែរ។ លើស​ពី​នេះ កាលពី​ឆ្នាំ២០១៧ មន្ត្រី​សង្គម​ស៊ីវិល រក​ឃើញ​ឯកសារ​មួយ​ច្បាប់ ដែល​ឈ្មួញ​ខ្ចី​ដៃ​ពលរដ្ឋ ស្នើសុំ​អភិបាលស្រុក​អូរយ៉ាដាវ កសាង​ផ្លូវ​មួយ​ខ្សែ ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ លិខិត​នោះ​អ្នកភូមិ​ចោទ​ថា ការស្ថាបនា​ផ្លូវ​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ការ​លក់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ ឲ្យ​ឈ្មួញ​វៀតណាម អាច​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ។

សេចក្តី​រាយការណ៍​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ បន្ថែម​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​កាប់​រំលំ​នោះ​មាន ស្រឡៅ កកោះ គគីរ និង ផ្សឹក​ជាដើម បង្ក​ឲ្យ​ប៉ះពាល់​ព្រៃ​គោរព​បូជា និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​ក្បែរ​នោះ៕

1 comment:

Anonymous said...

Hun Shit's legacy Win Win :

Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam


Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.

The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.

To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.