2018-12-26
rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី។
Photo: RFA
មេដឹកនាំទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានបោះសំដីឌឺដងទៅលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិជាថ្មីទៀត ទោះបីលោកអះអាងថា ឈប់ឆ្លើយឆ្លងជាមួយលោកសម រង្ស៊ីក៏ដោយ។ លោក ហ៊ុន សែនបានព្រមានវាយខ្នោះប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ប្រសិនបើលោក ហ៊ានវិលចូលមកកម្ពុជាវិញ ទោះបីជាចូលតាមច្រកណាក៏ដោយ។ ប៉ុន្តែ អ្នកវិភាគនយោបាយយល់ថា លោក ហ៊ុន សែនទៅវិញទេដែលកំពុងតែភ័យស្លន់ស្លោនោះ ព្រោះខ្លាចលោកសម រង្ស៊ី វិលចូលស្រុកធ្វើឲ្យរង្គោះរង្គើដល់អំណាចរបស់ខ្លួននោះ។
លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ធ្នូបានជំរុញឲ្យលោក សម រង្ស៊ីវិលចូលមកស្រុកវិញ ប្រសិនបើលោកពិតជាក្លាហានមែននោះ ហើយលោកក៏នឹងចាប់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះភ្លាមៗដែរ៖ «ខ្ញុំក៏ចង់ជម្រះបញ្ជីជាមួយអាជននេះឲ្យបានច្បាស់ ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិលកុំហាមឃាត់អាចង្រៃនេះ ព្រោះយើងត្រូវដាក់ខ្នោះវា ព្រោះយើងតាមចាប់វាយូរហើយចាប់មិនបានឥឡូវវាមកឲ្យយើងចាប់ហើយ រឿងអីវាមិនស្រួលសុំអញ្ជើញមកខ្ញុំក៏បានត្រៀមខ្លួនហើយដែរ។ប៉ុន្តែមិនសិនអ្នកឯងមិនមកក្រោយថ្ងៃ១មីនាទេដែលជាឱសានវាទនៃការភ្នាល់អ្នកឯងជាសត្វឆ្កែសុទ្ធខ្ញុំហៅថាអ្នកឯងជាឆ្កែគ្រាន់តែព្រួស»។
ប្រតិកម្មរបស់លោកហ៊ុន សែននេះ ដោយសារមួយរយៈនេះសកម្មជនគណបក្សប្រឆាំងនៅតាមខេត្តបានផុលផុសជួបប្រជុំគ្នា ថ្លែងសារគាំទ្រលោកសម រង្ស៊ីធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនិងគាំទ្រឲ្យលោកសម រង្ស៊ីវិលត្រឡប់មកស្រុកវិញ ដើម្បីស្ដារស្ថានការណ៍នៅកម្ពុជាឲ្យបានប្រសើរឡើង។
កាលពីថ្ងៃទី១៥ធ្នូ លោក សម រង្ស៊ី បានប្រកាសដោយចំហថា លោកនឹងត្រឡប់ទៅកម្ពុជាវិញនៅដើមឆ្នាំ២០១៩ខាងមុខ ហើយក៏បានទទូចឲ្យពលរដ្ឋខ្មែរក្រោកឡើងតស៊ូជាមួយលោក ក្រោយក្បាលម៉ាស៊ីនបក្សសង្គ្រោះជាតិ មានរូបលោកជាប្រធានស្ដីទីជាផ្លូវការ។ លោកបញ្ជាក់ថា ការរៀបចំក្បាលម៉ាស៊ីនបក្សប្រឆាំងនៅពេលនេះ មានសារៈសំខាន់សម្រាប់ជាបុគ្គលបង្គោល ក្នុងការតស៊ូ មតិជាមួយអន្តរជាតិ ដើម្បីបន្តដាក់សម្ពាធរបបលោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ លោក កឹម សុខ យល់ថា សារព្រមានរបស់លោកហ៊ុន សែននេះ ដោយសារលោក ភ័យខ្លាចអំពីវត្តមានលោកសម រង្ស៊ីវិលទៅកម្ពុជា ធ្វើឲ្យលោកហ៊ុន សែនពិបាកទប់ទល់ ព្រោះអ្នកគាំទ្រគណបក្សប្រឆាំងនៅមានចំនួនច្រើននៅឡើយ។អ្នកវិភាគរូបនេះថា នេះជាយុទ្ធសាស្ត្រវែកស្មៅបង្អើលពស់របស់លោកហ៊ុន សែន ដើម្បីព្រមានទៅមេបក្សប្រឆាំងរូបនេះឲ្យមានការភ័យខ្លាច ហើយកុំឲ្យហ៊ានវិលចូលមកស្រុកវិញតែប៉ុណ្ណោះ៖ «ហើយបើលោកសម រង្ស៊ីចូលស្រុកទោះបីដោយវិធីណាក៏ដោយ ខ្ញុំថាអាសន្នណាស់សម្រាប់លោកហ៊ុន សែន ព្រោះបើមិនចាប់ក៏វាជាគ្រោះ ពីព្រោះលោកសម រង្ស៊ីមានឱកាសធ្វើសកម្មភាពនយោបាយពេញលេញ ក៏ប៉ុន្តែបើចាប់វិញក៏បង្កើតភាពស្មុគស្មាញខ្លាំងដល់លោកហ៊ុនសែនដែរ ទីមួយប្រឈម នឹងការងើបឡើងតវ៉ារបស់អ្នកគាំទ្របក្សប្រឆាំង និងទី២រឿងលោកសម រង្ស៊ីត្រូវគេដាក់បញ្ចូលទៅក្នុងសំណុំរឿងនៃការដាក់សម្ពាធពីសហគមន៍អន្តរជាតិ»។
អ្នកវិភាគរូបនេះបន្ថែមថា នេះជាយុទ្ធសាស្ត្របំបែកលោក សម រង្ស៊ី ចេញពីលោកកឹម សុខា ដើម្បីឲ្យកម្លាំងរបស់គណបក្សសង្គ្រោះជាតិចុះខ្សោយ ព្រោះនៅពេលខាងមុខលោកហ៊ុន សែនច្បាស់ជារកវិធីធ្វើយ៉ាងណាឲ្យលោកកឹម សុខា មានសេរីភាពដើម្បីធ្វើជាប្រធានគណបក្សប្រឆាំង តែមិនមែនជាគណបក្សសង្គ្រោះជាតិទេ ដើម្បីចូលរួមកំដរនយោបាយជាមួយលោក។រីឯលោកលោក សម រង្ស៊ីនឹងរុញឲ្យបាត់ស្រមោលពីឆាកនយោបាយតែម្ដង។
ទោះជាយ៉ាងណាប្រធានគណបក្សប្រឆាំងប្រចាំខេត្តកំពង់ឆ្នាំងលោក កែវ ថៃ អះអាងថា បើទោះបីជាលោកហ៊ុន សែនគំរាមចាប់ប្រធានស្ដីទីគណបក្សខ្លួនយ៉ាងនេះក្ដី ក៏លោកនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តនេះប្រមាណ ៩០ភាគរយ បានត្រៀមទៅចូលរួមដង្ហែលោក សម រង្ស៊ី ត្រឡប់មកមកស្រុកវិញដែរ ព្រោះស្ថានការណ៍នយោបាយនៅពេលនេះ មានតែលោកសម រង្ស៊ីមួយទេ ដែលអាចដឹកនាំពួកគាត់ទាមទារឲ្យរបបលោក ហ៊ុន សែនដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ និងអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យមានភាពប្រសើរឡើងវិញបាន៖ «បាទនេះជាសេចក្ដីប្រាជ្ញាចិត្តរបស់អ្នកគាំទ្រ ដែលយើងបានប្ដេជ្ញាចិត្តមោះមុតរួចទៅហើយ គឺចង់ស្រោចស្រង់ធ្វើមិចឲ្យកម្ពុជាមានប្រជាធិបតេយ្យរស់ឡើងវិញ ព្រោះសព្វថ្ងៃប្រជាធិបតេយ្យតែសំបកទេហើយនៅតែកូនព្រលឹងដែលរស់ក្នុងចិត្តរបស់ពលរដ្ឋខ្មែរគ្រប់រូប តែមិនទាន់ចេញជារូបរាង និងធ្វើសកម្មភាពជាក់ស្ដែងនៅឡើយទេ ក្នុងឧត្ដមគតិពលរដ្ឋគ្រប់រូបស្រេកឃ្លានប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ដើម្បីទប់ទល់លើយុទ្ធសាស្ត្ររបស់លោកហ៊ុន សែន ឲ្យបានជោគជ័យ លុះត្រាតែ លោក សម រង្ស៊ី និងអ្នកគាំទ្រគណបក្សប្រឆាំង រៀបចំយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ជាមុនសិន ជាពិសេសអ្នកគាំទ្រត្រូវមានសាមគ្គីភាពជាធ្លុងមួយនិងឲ្យបានរឹងមាំ ហើយមានភាពក្លាហានក្នុងការពារមេដឹកនាំរបស់ខ្លួន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺមិនត្រូវរត់ចោលគ្នាឡើយ ធ្វើដូច្នេះនឹងបានជោគជ័យ ព្រោះស្ថានការណ៍នយោបាយសព្វថ្ងៃ របបលោក ហ៊ុន សែន កំពុងរងសម្ពាធពីអន្តរជាតិ និងពីប្រជាពលរដ្ឋខ្លួន ដោយសារលោកសម្លាប់ប្រជាធិបតេយ្យ ដោយការរំលាយគណបក្សសង្គ្រោះជាតិ៕
2 comments:
Look, they both are smiling, thinking they would win the bet.
More bet next year?
Post a Comment