ដោយ ទីន ហ្សាការីយ៉ា
2019-01-02

ក្រុមសមត្ថកិច្ចបង្ក្រាបក្រុមកម្មករតាមបណ្ដោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Jeevita
ក្រុមមន្ត្រីសិទ្ធិទាមទារឲ្យរបបលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយការបង្ក្រាបហិង្សាកាលពីដើមឆ្នាំ២០១៤ ដែលធ្វើឲ្យមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតរងរបួស ជាជាងទម្លាក់កំហុស និងលាបពណ៌ ទៅលើគណបក្សប្រឆាំង។
ការលើកឡើងនេះ នៅបន្ទាប់ពីមន្ត្រីរបបគណបក្សកាន់អំណាចចោទថា អំពើហិង្សាបង្ក្រាបក្រុមកម្មករនេះ គឺគណបក្សប្រឆាំងជាអ្នកទទួលខុសត្រូវ។
ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា របបលោក ហ៊ុន សែន ត្រូវស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៅក្នុងអំពើហិង្សា ដោយការបង្ក្រាបពីកម្លាំងសមត្ថកិច្ច ដោយអំពើហិង្សាមួយ កាលពី៥ឆ្នាំមុន មានមនុស្សចំនួន ៤នាក់ស្លាប់ បាត់ខ្លួន និងរងរបួសចំនួន ៤០នាក់ គឺជារឿងសំខាន់ មិនមែនរឿងទម្លាក់កំហុសទៅលើបក្សប្រឆាំងឡើយ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(Licadho) លោក អំ សំអាត ឲ្យដឹងកាលពីថ្ងៃទី២ មករា ថា របបលោក ហ៊ុន សែន ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឲ្យឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ជនរងគ្រោះ ដែលជាការបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ មិនមែនការចោទប្រកាន់ទៅលើកក្រុមណាមួយ ហើយជំរុញឲ្យទទួលខុសត្រូវនោះ មិនមែនជាដំណោះស្រាយល្អឡើយ៖ «អ្នកណាខ្លះដែលជាជនដៃដល់នៃការបាញ់សម្លាប់ អ្នកណាខ្លះជាអ្នកពាក់ព័ន្ធ អាហ្នឹងបើរដ្ឋាភិបាលធ្វើការស៊ើបអង្កេតដើម្បីស្វែងរកចាប់ខ្លួនអ្នកទាំងនោះ ហើយទី២បើសិនជារដ្ឋាភិបាលរកអ្នកទាំងនោះឃើញ ក៏ជាការបង្ហាញពីភាពស្អាតស្អំផងដែរ»។
កាលពីថ្ងៃទី៣ ទី៤ ខែមករា មានបាតុកម្មចំនួនពីរកន្លែងផ្សេងៗបានផ្ទុះតវ៉ាឡើង នៅរោងចក្រយ៉ាកជីន (Yak Jin) និងមួយកន្លែងទៀត បានកើតឡើងនៅតាមបណ្ដោយផ្លូវវ៉េងស្រង ស្របពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ គួបផ្សំនឹងកម្មករធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលត្រឹមតែ ១៦០ដុល្លារក្នុងមួយខែ។ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរបួសជិត ៤០នាក់។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសហជីព និងកម្មករជាង ២០នាក់ ក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជិត ៥ខែ ដោយរងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការប្រើអំពើហិង្សា។
យុវជនមួយរូបឈ្មោះ ខឹម សុផាត ដែលបាត់ខ្លួន មកទល់ពេលនេះ មិនទាន់រកឃើញនៅឡើយ។ សាក្សីមួយរួបដែលរួចជីវិតនៅក្នុងព្រឹត្តិការណ៍នោះ ធ្លាប់បានរៀបរាប់ប្រាប់អាស៊ីសេរីកន្លងមកថា ខឹម សុផាត ក៏រងរបួសគ្រាប់កាំភ្លើងដែរ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹកយកចេញពីកន្លែងកើតហេតុភ្លាមៗ៖ «ខឹម សុផាត ត្រូវគ្រាប់មួយគ្រាប់មុន ពេលនោះខ្ញុំមិនបានជួយវា ហើយខ្ញុំរត់ទៅសម្ងំក្នុងផ្ទះជួលគេ ហើយខ្ញុំពឹងមិត្តភ័ក្ដិឲ្យទៅជួយមើល គេបានប្រាប់ខ្ញុំថា ឃើញមានឡានពណ៌ក្រហមមួយគេលើកដាក់លើឡានដឹកយកទៅ»
ជនរងគ្រោះ និងក្រុមឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានប្រកាសថា នៅព្រឹកថ្ងៃទី៣ មករានេះ ពួកគាត់ នឹងជួបប្រជុំគ្នាដើម្បីរៀបចំរំលឹកខួបនៃការបង្ក្រាប ពិធីរំលឹកខួបនេះគ្រោងនឹងប្រារព្ធធ្វើឡើងផ្ទះសាមគ្គីដែលមានទីតាំង នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រុងភ្នំពេញ ដែលគេរំពឹងថា នឹងមានមនុស្សចូលរួមប្រមាណ១០០នាក់ ភាគច្រើនមកពីសហជីព សមាគម ព្រះសង្ឃ និងជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍នោះ។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វ៉ន ពៅ ដែលជាជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍បង្ក្រាបដឹកនាំដោយកងកម្លាំងឆត្រយោង៩១១ របស់លោក ចាប ភក្ដី កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៤ នៅរោងចក្រយ៉ាក់ ជីន បានបញ្ជាក់ថា កម្មវិធីនេះនឹងមានថ្លែងសាររំលឹកឡើងវិញ ពីការឈឺចាប់របស់ក្រុមកម្មករ ដាក់បញ្ចាំងខ្សែវីដេអូ រៀបរាប់ពីហេតុការបង្ក្រាប ហិង្សា ដោយកងកម្លាំងសមត្ថកិច្ច នឹងដាក់បង្ហាញអាវប្រឡាក់ឈាមរបស់លោកដែលត្រូវបានទាហ៊ាន ឆត្រយោង៩១១វាយនឹងដំបងរហូតដល់បែកក្បាលហូរឈាម មុននឹងចាប់បញ្ជូនពួកលោកយកទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងកាលណោះ។ លោក វ៉ន ពៅ ក៏បានទាមទារអោយរបបក្រុងភ្នំពេញត្រូវតែទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតមានឡើងនោះ៖ «ខ្ញុំនៅតែនឹកឃើញការឈឺចាប់ដែលខ្ញុំធ្វើការជាសកម្មជនសិទ្ធិមនុស្ស ជាសកម្មជនការពារសិទ្ធិកម្មករជាង២០ឆ្នាំកន្លងមកនេះខ្ញុំបន្សល់តែអាវប្រឡាក់ឈាមទៅណាមកណាសល់តែការបាត់បង់ខូចសុខភាព ស្ពាយតែថង់ថ្នាំជាប់ជានិច្ច»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងការពារថា ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពី ៥ឆ្នាំមុន ដោយលោកចោទថា គឺជាការសេពគប់មិនត្រឹមត្រូវជាមួយពួកបរទេស ក្នុងគោលបំណងបំផ្លិចបំផ្លាញ សេចក្តីសុខប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដោយសារចង់បានអំណាចរំលោភលើគោលការលទ្ធិប្រជាធិបតេយ្យនឹងជាផែនការទុច្ចរិត។ ចំពោះការស្វែងរកយុត្តិធម៌វិញ លោក សុខ ឥសាន បានទម្លាក់កំហុសទៅលោក សម រង្ស៊ី ទៅវិញ។ លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាមថា គ្មានអ្វីក្រៅពីចាំចាប់លោក សម រង្ស៊ី និងបក្សពួកមួយចំនួន យកទៅកាត់ទោសនៅតុលាការទេ ដោយលោកចោទថា មេបក្សប្រឆាំងនិងបក្សពួកជាអ្នកញុះញង់និងដុតកំហឹងនាំឲ្យមានអំពើហិង្សាបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនបែបនេះ។
បន្ថែមពីនេះទៀត លោក ហ៊ុន សែន ទទួលស្គាល់ថា ការបង្ហូរឈាមនៅក្រោយការបោះឆ្នោតតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣ កន្លងទៅ ប៉ុន្តែមិនខុសពីលោក សុខ ឥសាន ឡើយ។ លោក ហ៊ុន សែន ក៏ចោទថា ការបង្ហូរឈាមនេះ គឺបង្កឡើងដោយគណបក្សសង្គ្រោះជាតិ។ ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី រាប់ពាន់នាក់ក្នុងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៨ លោក ហ៊ុន សែន អះអាងថា សកម្មភាពនេះមិនបានកើតឡើងទៀតឡើយ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ នេះ ដោយសារតែគ្មានវត្តមានបក្សប្រឆាំង ហើយមេដឹកនាំគណបក្សនេះក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគាររួចទៅហើយដែរ៖ «ជាភ័ព្វសំណាងរបស់កម្ពុជាណាស់ ដែលមិនមានការបង្ហូរឈាម និងមិនមានចលាចល បន្ទាប់ពីការបោះឆ្នោត។ ឆ្នាំ២០១៣ ពិតជាមានការបង្ហូរឈាម ហើយអ្នកដែលបង្កឱ្យមានការបង្ហូរឈាមនោះ យើងបានចាប់ខ្លួនរួចហើយ ព្រោះពួកគេអ្នកបានសាងអំពើបាបទាំងនេះ។ ដូច្នេះផ្លូវច្បាប់ត្រូវតែបន្តនីតិវិធីតទៅទៀត ដើម្បីដោះស្រាយបញ្ហាទាំងអស់។ ទ្រព្យសម្បត្តិឯកជន និងសាធារណៈមួយចំនួនត្រូវបានបំផ្លិចបំផ្លាញ ពួកគេត្រូវមានការទទួលខុសត្រូវ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានឲ្យដឹងថាលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការផង និងជាឃាតកផង នៅក្នុងរបបគ្រប់គ្រងរបស់លោក ហើយតែងតែមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន។ លោក សម រង្ស៊ី បានលើកពីភស្តុតាងមួយចំនួនទៀតក្រៅពីការបង្ក្រាបហិង្សានៅផ្លូវវ៉េងស្រេងនោះ ដែលលោក អះអាងថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មជាច្រើន រួមមាន តារាភាពយន្តល្បីឈ្មោះ គឺអ្នកនាង ពិសិដ្ឋ ពិលីកា ប្រធានសហជីព លោក ជា វិជ្ជា សកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី និងករណីសម្លាប់ចុងក្រោយ គឺលោក បណ្ឌិត កែម ឡី ជាដើម។ សម រង្ស៊ី បញ្ជាក់ថា ព្រឹត្តិការណ៍បោកគ្រាប់បែកកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ គឺភរិយាលោក រូបលោកផ្ទាល់ និងពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ និងរងរបួស ដែលអំពើហិង្សាទាំងអស់នេះ លោក ហ៊ុន សែន ជាអ្នកបញ្ជានៅពីក្រោយខ្នង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការបង្ក្រាបបាតុករកាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤នោះ គឺជារឿងខុសច្បាប់និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយការបង្ក្រាបនេះ គឺមានបញ្ជាពីថ្នាក់លើយ៉ាងច្បាស់លាស់ បញ្ហានេះរបបលោក ហ៊ុន សែន មិនអាចលាបពណ៌ទៅលើក្រុមណាមួយបានឡើយ៖ «ការទាមទារតវ៉ាហ្នឹងយើងឃើញកម្មករសហជីព ទាមទារដំឡើងប្រាក់ខែអប្បបរមា ហើយនេះជាអង្គហេតុពិតប្រាកដ ដែលគ្មានអង្គហេតុផ្សេងក្រៅពីទាមទារដំឡើងប្រាក់ខែនេះទេ»។
គិតមកទល់ពេលនេះ គឺជាខួប ៥ឆ្នាំហើយ នៃការបង្ក្រាបហិង្សា នៅផ្លូវវ៉េងស្រេង ដែលជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ នៅមានករណីជាច្រើនទៀត ដែលជនរងគ្រោះមិនទទួលបានយុត្តិធម៌នៅក្នុងសង្គមកម្ពុជា។ របាយការណ៍របស់អង្គការលីកាដូ (LICADHO) បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ឲ្យដឹងថា ជាង ២ទសវត្សរ៍មកនេះ យ៉ាងហោចណាស់ មានមនុស្សជាង ១០០នាក់ ដែលត្រូវបានធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ការធ្វើសកម្មភាពនយោបាយ និងហេតុផលដទៃទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយ។ មកទល់ពេលនេះ របបលោក ហ៊ុន សែន មិនបានចាប់ឃាតកណាម្នាក់យកមកផ្ដន្ទាទោសលើករណីទាំងនេះឡើយ៕
No comments:
Post a Comment