ដោយ សន ចាន់រដ្ឋា
2019-01-30
rfa

លោក ចេង ចន្ធី ជាមន្ត្រីឧទ្យានុរក្ស ខេត្តមណ្ឌលគិរី រងរបួសត្រូវគ្រាប់កាំភ្លើងចំគល់ភ្លៅខាងឆ្វេង ដែលខ្មាន់កាំភ្លើងបាញ់ពេលល្បាតព្រៃ។
រូបថត៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ពេល បំពេញបេសកកម្មល្បាតព្រៃ នៅចំណុចអូរក្បាលកោះកាលឹមក្រោម ប៉ុស្តិ៍ ១៤ ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីនៅថ្ងៃទី២៩ មករា។ មន្ត្រីបរិស្ថានឲ្យដឹងថា សមត្ថកិច្ចចម្រុះកំពុងស៊ើបអង្កេតរកជនដៃដល់ ដែលគេសង្ស័យថា ជាប្រភេទបទល្មើសសត្វព្រៃបង្កឡើងដោយព្រានព្រៃអាជីព។
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្ត្រ ឲ្យដឹងនៅថ្ងៃទី២៩ មករាថា ខ្មាន់ កាំភ្លើងបានបាញ់រះមកលើ ក្រុមមន្ត្រីឧទ្យានុរក្ស សមត្ថកិច្ច និងសហគមន៍មានគ្នា ៦នាក់ អំឡុងពេលពូកគេល្បាតព្រៃកាលពីយប់ថ្ងៃទី២៩ មករា ហើយក្រោយមកពួកគេបានបាញ់តបតគ្នា បានបណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចេង ចន្ធី រងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើងចំគល់ភ្លៅខាងឆ្វេង។ លោកថា យប់ថ្ងៃកើតហេតុ ក្រុមជនសង្ស័យមានគ្នាពី ៥ ទៅ ៦នាក់ មានកាំភ្លើងប្រហែល ២ ទៅ ៣ដើមបានបាញ់រះបន្ថែមទៀត លើម៉ូតូមន្ត្រីឧទ្យានុរក្សមួយគ្រឿង។ ទន្ទឹមនឹងនេះ មុនពេលកើតហេតុ ក្រុមឧទ្យានុរក្សប្រទះឃើញ ជនសង្ស័យចងអង្រឹងចោលក្នុងព្រៃអភិរក្ស ហើយពួកគេ បានបោះទីតាំងឃ្លាំមើលសកម្មភាពទាំងនោះ ដើម្បីចាំស្ទាក់ចាប់បទល្មើសសត្វព្រៃ និងព្រៃឈើ។ ក្រោយមកពួកគេបានប្រទះឃើញក្រុមជនសង្ស័យកាន់សត្វឈ្លូស និងជ្រូកព្រៃ ដែលទើបតែឆ្លុះបាន៖ «ក្រោយពីឈប់ម៉ូតូឃើញ មានជនម្នាក់ លីជ្រូក និងឈ្លូសមួយក្បាល ដើម្បីមកដល់កន្លែងគេស្នាក់នៅ។ កម្លាំងយើងស្ទាក់ចាប់ ពួកគេបម្រះរត់ ស្រែកហើយមានការបាញ់ពីលើមកតែម្តង គឺបាញ់មករកកងកម្លាំងយើង។ យើងការពារខ្លួនយើងបាញ់តបត រយៈពេលមួយសន្ទុះមានការស្ងប់ស្ងាត់ កម្លាំងយើងម្នាក់ត្រូវគ្រាប់មួយគ្រាប់»។
លោក កែវ សុភ័ក្ត្រ បន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៩ មករា សមត្ថកិច្ចនៃស្នងការខេត្តមណ្ឌលគិរី នៅមិនទាន់រកឃើញជនដៃដល់ ដែលបាញ់មន្ត្រីឧទ្យានុរក្សម្នាក់ ឲ្យរងរបួសធ្ងន់នោះទេ។ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។ លោកថា ការផ្ទុះអាវុធនេះ ទំនងជាប្រភេទបទល្មើសជួញដូរសត្វព្រៃខុសច្បាប់ ដែលបង្កឡើងដោយព្រានព្រៃអាជីព។
យ៉ាងណាសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក ក្រើង តុលា សង្កេតឃើញថា កំណាត់ឈើរាប់សិបម៉ែត្រគូបដែលមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវគេប្រទះឃើញ ឈ្មួញលាក់ក្នុងទន្លេស្រែពក ក្បែរតំបន់កើតហេតុនេះដែរ។ ហេតុនេះហើយលោកសង្ស័យថា ដើមចមនាំឲ្យផ្ទុះអាវុធបែបនេះ អាចជាប់ពាក់ព័ន្ធឈ្មួញរកស៊ីឈើខុសច្បាប់ទ្រង់ទ្រាយធំ ពុំមែនក្រុមឆ្លុះសត្វព្រៃនៅពេលយប់នោះទេ។ លោកជឿថា បើសមត្ថកិច្ចមានឆន្ទៈស៊ើបអង្កេតរកជនល្មើស គ្មានអ្វីលំបាកទេ ព្រោះបទល្មើសព្រៃឈើកើតឡើងជាប្រព័ន្ធ ហើយចំណុចជួញដូរឈើនៅតំបន់នោះ គឺឋិតក្នុងកណ្ដាប់ដៃរបស់សមត្ថកិច្ចមូលដ្ឋាន៖ «ឈើហ្នឹងភាគច្រើនគេទម្លាក់នៅទន្លេស្រែពកច្រើនមែនទែន រាប់រយដុំ។ ខ្ញុំគិតថាដោយសារបទល្មើសជាប្រព័ន្ធ បើគាត់ចង់រកស្រួល ចំណុចនេះគេធ្វើឈើ។ ខ្ញុំគិតថា គាត់ស្វែងរកបាន»។
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យដឹងថា មន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី សរុបចំនួន ១០៤នាក់ គ្រប់គ្រងទំហំផ្ទៃដីអភិរក្សជាង ១លានហិកតារនៅទូទាំងខេត្ត។
កាលពីដើមឆ្នាំ ២០១៨ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានសរុបចំនួន ៣រូប ត្រូវបានជនសង្ស័យបាញ់សម្លាប់ ក្នុងអំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មការពារព្រៃឈើនៅតំបន់អភិរក្សសត្វព្រៃកែវសីមា ឋិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបាន ៣នាក់ គឺជាប៉ូលិសការពារព្រំដែនក្នុងនោះមានម្នាក់ ជាមេប៉ុស្តិ៍ ជាជនដៃដល់៕
No comments:
Post a Comment