មួង ណារ៉េត
2019-01-09
rfa

សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz) (រូបឆ្វេង) ពីខាងគណបក្សសាធារណៈរដ្ឋ និង លោក គ្រីស ឃូនស៍ (Chris Coons) (រូបស្តាំ) ពីខាងគណបក្សប្រជាធិបតេយ្យ។
AP
សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ដកការអនុគ្រោះពន្ធពីរបបលោក ហ៊ុន សែន។ សមាជិកព្រឹទ្ធសភាពីខាងគណបក្សសាធារណៈរដ្ឋ លោក ថិត គ្រូស (TED Cruz) និងសមាជិកសភា មកពីខាងគណបក្សប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris Coons) កាលពីថ្ងៃទី៩ ខែមករា បានដាក់សេចក្តីស្នើច្បាប់មួយ ស្តីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ លើការផ្តល់ការអនុគ្រោះពន្ធទូទៅ (ឬ GSP) ដល់របបលោក ហ៊ុន សែន។ ការពិចារណាឡើងវិញនេះ រួមមាន ការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្តល់ការអនុគ្រោះពន្ធ ដែលផ្តល់ដល់កម្ពុជា ដោយសារតែរបបលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃម្សិលមិញ លោក ថិត គ្រូស បញ្ជាក់ថា សហរដ្ឋអាមេរិក ចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ទើបផ្តល់ការអនុគ្រោះពន្ធបែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បានកេងប្រវ័ញ្ចប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោក ហ៊ុន សែន មិនបានបំពេញទៅតាមលក្ខខណ្ឌជាមូលដ្ឋាន នៃបទដ្ឋានសិទ្ធិការងារ បំផ្លាញសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និង ផ្តេកផ្តួលខ្លាំងទៅរកប្រទេសចិនកុម្មុនីស្ត។ លោក ថិត គ្រូស បន្ថែមថា ប្រទេសដែលបំផ្លាញប្រជាធិបតេយ្យ និង រំលោភបទដ្ឋានការងារ និង សិទ្ធិមនុស្ស មិនសមទទួលបានការអនុគ្រោះពន្ធនេះទេ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុក ដែលកម្ពុជាផលិត ក្នុងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម។
ទាំងសហរដ្ឋអាមេរិក និងទាំងសហភាពអឺរ៉ុប សុទ្ធតែបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ឬមិនគិតពន្ធនេះដល់កម្ពុជា។ សហរដ្ឋអាមេរិក ផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧។ កម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០លានដុល្លារ ពីសហរដ្ឋអាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែកឯសហភាពអឺរ៉ុបក៏ផ្តល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗ ទាំងអស់លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃជិត ៧០០លានដុល្លារពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន តាំងពីដើមខែតុលា ឆ្នាំ២០១៨ ថា នឹងដកការអនុគ្រោះពន្ធ EBA នៅអំឡុងខែមីនា ឆ្នាំនេះ បើរបបលោក ហ៊ុន សែន មិនស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ។
ចំណែកសហរដ្ឋអាមេរិកវិញ នេះគឺលើកទីមួយហើយ ដែលព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមធ្វើសេចក្តីស្នើច្បាប់ ដើម្បីកាត់ផ្តាច់ការអនុគ្រោះពន្ធពីកម្ពុជាដែរ បើរបបលោក ហ៊ុន សែន នៅតែមិនស្តារស្ថានភាពបច្ចុប្បន្ន ឲ្យប្រសើរឡើងវិញ ទៅតាមការចង់បានរបស់សហគមន៍អន្តរជាតិ។
សមាជិករដ្ឋសភាអាមេរិកឯណោះ ក៏គ្រោងនឹងស្នើច្បាប់ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងមន្រ្តីរបបនេះសាជាថ្មី នៅដើមឆ្នាំ២០១៩ នេះដែរ៕
No comments:
Post a Comment