Sunday, 27 January 2019

ក្រុម​មេ​យោធា​របប​ភ្នំពេញ​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្រោយ​អំពាវនាវ​ជាថ្មី​កុំ​ឱ្យ​កងទ័ព​ស្ដាប់​បញ្ជា លោក ហ៊ុន សែន


ដោយ ថន ថារ៉ូ
2019-01-26 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA



ក្រុម​មេ​យោធា​របប​ក្រុងភ្នំពេញ និង​មេបញ្ជាការ​ស្និត​ជាមួយ លោក ហ៊ុន សែន នាំគ្នា​ប្រកាស​ថ្កោលទោស​ជាថ្មី និង​ប្ដេជ្ញា​ឱ្យ​កងកម្លាំង​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង បើ​សិន​ហ៊ាន​ចូល​ទឹកដី​កម្ពុជា។ អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង ភ័យខ្លាច​វត្តមាន លោក សម រង្ស៊ី ដឹកនាំ​ចលនា​ពលរដ្ឋ កងទ័ព​ផ្នែក​ខ្លះ និង​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​ខ្លះ ប្រឆាំង​អំណាច​ផ្ដាច់ការ លោក ហ៊ុន សែន។

ក្រុម​មេ​យោធា​បាន​ប្រើប្រាស់​បណ្ដាញ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ដោយ​ប្រកាស​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បញ្ជា​ឱ្យ​កងទ័ព​ចាប់ខ្លួន លោក សម រង្សី។ មេបញ្ជាការ​យោធា​ទាំងនោះ មាន​ដូចជា មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក លោក ព្រហ្ម ផេង មេកង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ដែល​មាន​ឈ្មោះ​អាស្រូវ ជា​យោធា​មាន​បាតដៃ​ប្រឡាក់​ឈាម មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆត្រ​យោង ៩១១ លោក ចាប ភក្ដី មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន មេបញ្ជាការ​កងរាជអាវុធហត្ថ ឬ​ប៉េអឹម លោក សៅ សុខា និង​ក្រុម​មេបញ្ជាការ​ភូមិភាគ អគ្គនាយក​ទីចាត់ការ​បុគ្គលិក ទីចាត់ការ​បំភ័ន្ត​អក្ខរៈ​ជាដើម។



អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៦ មករា ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ប្រឆាំង​ការ​អំពាវនាវ របស់ លោក សម រង្ស៊ី និង​ព្រមាន​បង្ក្រាប​ជនរួមជាតិ​ណា ដែល​គាំទ្រ​ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី ដោយ​ចាត់ទុកថា គឺ​ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ប្រទេស​កម្ពុជា។

ប្រតិកម្ម​នេះ ដោយសារតែ លោក សម រង្ស៊ី កាលពី​ថ្ងៃទី២៥ មករា បាន​អំពាវនាវ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន ដែល​លោក សម រង្ស៊ី ហៅថា ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់ និង​ជា​ចោរប្លន់​អំណាច​ពី​ប្រជារាស្ត្រ។ លោក សម រង្ស៊ី បន្ត​ហៅ លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ និង​ប្រាប់​កងកម្លាំងប្រដាប់អាវុធ​ថា បើ​ទោះ លោក ហ៊ុន សែន បាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ ឱ្យ​ចាប់​រូបលោក នៅ​ពេល​លោក​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ក្នុង​ឆ្នាំ២០១៩ ហើយ​ឱ្យ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ និង​អ្នកស្នេហាជាតិ ដែល​នឹង​ងើបឈរ​ឡើង​ដើម្បី​ទាមទារ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដោយ​សន្តិវិធី តាម​បែបបទ​ប្រជាធិបតេយ្យ បែប​ណា​ក៏ដោយ គឺ​មិន​ត្រូវ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន ឡើយ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ប្រើ​អាវុធ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ តាម​បញ្ជា​ជន​ផ្ដាច់ការ ដែល​លោក សម រង្ស៊ី បញ្ជាក់​ចំ​ថា គឺ លោក ហ៊ុន សែន។ លោក សម រង្ស៊ី ស្នើសុំ​កងកម្លាំង កុំ​ការពារ​របប​សព្វថ្ងៃ ព្រោះ​លោក​អះអាង​ថា មិនមែន​ជា​រដ្ឋាភិបាល​របស់​ពលរដ្ឋ​ខ្មែរ​ទេ តែ​ជា​របប​ផ្ដាច់ការ​ខុសច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ដែល​សកលលោក មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ​នោះ​ទេ ហើយ​ព្រឹត្តិការណ៍​ខុសច្បាប់​នោះ បាន​បង្កើត​រដ្ឋសភា​ក្លែងក្លាយ និង​នាយករដ្ឋមន្ត្រី​ក្លែងក្លាយ ឈ្មោះ ហ៊ុន សែន។

លោក សម រង្ស៊ី អំពាវនាវ​ទៀត​ថា សូម​កងកម្លាំងប្រដាប់អាវុធ កុំ​ការពារ​របប​ក្បត់ជាតិ​សព្វថ្ងៃ តែ​សូម​បែរ​មក​ការពារ​ប្រជារាស្ត្រ​វិញ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែមួយគត់ និង​សូម​កងកម្លាំង​ប្រដាប់អាវុធ កុំ​ឈរ​ខាង​របប​ផ្ដាច់ការ​ក្បត់ជាតិ​សព្វថ្ងៃ តែ​សូម​បែរ​មក​ឈរ​ខាង​ប្រជារាស្ត្រ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌ ហើយ​ទាមទារ​ឱ្យ​មាន​អ្នកដឹកនាំ​ថ្មី ដែល​ជា​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហាជាតិ ប្រកប​ដោយ​ទសពិធរាជធម៌។

មេដឹកនាំ​របប​ឯកបក្ស​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ មករា បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ឱ្យ​ចាប់ខ្លួន ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រួចហើយ និង​ដាក់​បញ្ជា​បន្ថែម​ឱ្យ​កងទ័ព​វាយកម្ទេច​ជន​ក្បត់ជាតិ ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ ដែល​មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ សំដៅ​ដល់ លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា ការ​ស្ទុះស្ទា​របស់​មេ​យោធា​ស្និត របប​លោក ហ៊ុន សែន ចេញមុខ​ព្រមាន​លោក សម រង្ស៊ី ម្នាក់​ម្ដងនេះ ដោយសារ លោក ហ៊ុន សែន ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា ទឹកចិត្ត​ពលរដ្ឋ​ទាំង​នៅ​កម្ពុជា និង​ក្រៅ​ស្រុក​កំពុង​ពុះ​កញ្ជ្រោល ចង់​ឱ្យ​មានការ​ផ្លាស់ប្ដូរ លោក ហ៊ុន សែន។ លោក គឹម សុខ ថា លោក ហ៊ុន សែន បារម្ភ​ខ្លាំង​បំផុត គឺ​វត្តមាន​លោក សម រង្ស៊ី ដឹកនាំ​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​កម្ពុជា ប្រឆាំង​របប​ផ្ដាច់ការ​សព្វថ្ងៃ ព្រោះ​មិនមែន​តែ​ពលរដ្ឋ​ក្នុង និង​ក្រៅ​ប្រទេស​ទេ ដែល​កំពុង​មាន​ទឹកចិត្ត ពុះ​កញ្ជ្រោល រង់ចាំ​លោក សម រង្ស៊ី ទៅ​ដឹកនាំ ការ​ផ្លាស់ប្ដូរ សូម្បីតែ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រីរាជការ ផ្នែក​ខ្លះ​នៃ​កងទ័ព និង​ប៉េអិម ក៏​កំពុង​រង់ចាំ​ឱកាស ដើម្បី​ផ្លាស់ប្ដូរ លោក ហ៊ុន សែន ចេញ​ដែរ៖ «លោក ហ៊ុន សែន ទប់​បាន​ឬ ក៏​អត់ ក្នុង​កាលៈទេសៈ​នេះ វា​មិន​ស្ថិត​នៅ​លើ​ភាគី លោក ហ៊ុន សែន តែឯង​ទេ។ ថា​តើ​កម្លាំង​ដែល​លោក ហ៊ុន សែន ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​នោះ កម្លាំង​ប្រភេទ​ណា? មានការ​ឯកភាព​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ឬ​អត់?... នេះ​មិន​រាប់​កម្លាំង​ប៉ូលិស និង​ប៉េអិម មួយ​ចំនួន​ផង​... មាន​ន័យថា កម្លាំង​របស់ លោក ហ៊ុន សែន គឺ​ដាក់​ពង្រាយ តែ​កម្លាំង​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​កូនប្រុស​គាត់​តែមួយ​ប៉ុណ្ណឹង​ទេ។ ប្រសិនបើ​មានការ​ខ្ទាស់​ពី​ផ្ទៃក្នុង ផ្នែក​ណា​ធំ​មួយ​ដែល​មាន​ឥទ្ធិពល មាន​ការ​ខ្ទាស់​ពី​កម្លាំង​កងទ័ព​ជាតិ​ដែល​មាន​តួនាទី​សំខាន់ៗ ហើយ​មានការ​ខ្ទាស់​ពី​កម្លាំង​ប៉ូលិស ប៉េអិម​ខ្លះ​នោះ នឹង​មាន​ការពិបាក​នៅ​ក្នុង​ការ​បន្ត​យុទ្ធនាការ ការ​ការពារ​អំណាច​របស់​គាត់​ហើយ។ ចំណុច​ទី​២ ក៏​វា​ស្ថិត​នៅ​លើ ថា​តើ​យុទ្ធសាស្ត្រ​លោក សម រង្ស៊ី ខ្លាំង​កម្រិត​ណា? ហើយ​តើ​គាត់​ហ៊ាន​បង្ហាញ​វត្តមាន ដឹកនាំ​ដោយ​ផ្ទាល់ នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​អត់?»។

លោក គឹម សុខ អះអាង​ថា នៅ​ពេល លោក សម រង្ស៊ី ដឹកនាំ​ពលរដ្ឋ​ចូល​កម្ពុជា​វិញ លោក ហ៊ុន សែន នឹង​មិន​ប្រើប្រាស់​កងកម្លាំង​នគរបាល ដូច​ការ ប្រកាស​ទេ តែ​នឹង​ពង្រាយ​កង​យោធា ដាក់​តាម​ដង​ផ្លូវ​ព្រោះ ដើម្បី​សំញែង បំបាក់​ទឹកចិត្ត​ពលរដ្ឋ ដែល​ចង់​ប្រឆាំង​អំណាច​ផ្ដាច់ការ ត​ជំនាន់​ពី​ឪពុក ទៅ​កូន​ដែរ។ ម្យ៉ាងទៀត លោក ហ៊ុន សែន មិន​ទុកចិត្ត​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចរន្ត​ចង់​ផ្លាស់ប្ដូរ លោក​ចេញពី​តំណែង ក្រោយ​លោក​បង្ហាញ​ចេតនា ចង់​បន្ត​តំណែង​ទុក​ឱ្យ​កូនប្រុស លោក​បន្ត​វេន។

លោក គឹម សុខ បន្ត​ថា នៅ​ពេល​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​ដឹកនាំ​ពលរដ្ឋ សកម្មជន​បក្ស​ប្រឆាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពេល​នោះ​ប្រទេស​លោក​សេរី អាច​នឹង​ប្រកាស​គាំទ្រ​ចលនា​ពលរដ្ឋ ដូច​ទង្វើ​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស វេណេហ្ស៊ុយអេឡា (Venezuela) ដែរ៕

1 comment:

Anonymous said...

Sam Rainsy is trying to split CPP by claiming Sar Keng was helping him in 2015 (called and begged him not to come back to Cambodia for safety reason).

So, let see if Hun Sen will show distrust against Sar Keng. Of course, Sar Keng will deny everything, but would Hun Sen believe what Sar Keng said?