ដោយ ថន ថារ៉ូ
2019-01-12
rfa

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
អ្នកវិភាគ និងអ្នកឃ្លាំមើលកម្ពុជាយល់ថា វិធានការរបស់លោក ហ៊ុន សែន ដែលមិនឱនក្បាលនឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក និងអឺរ៉ុប មិនមានប្រសិទ្ធភាពនោះទេ។ ពួកគេយល់ថា វិធីល្អបំផុតនោះ គឺលោក ហ៊ុន សែន គួរតែចាប់ផ្ដើមស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញតាមសំណូមពររបស់សហគមន៍អន្តរជាតិទៅវិញប្រសើរជាង។
អ្នកវិភាគ និងឃ្លាំងមើលកម្ពុជាលើកឡើងថា របបក្រុងភ្នំពេញមិនគួរបណ្ដោយឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក និងសហភាពអឺរ៉ុបនោះទេ ព្រោះបានធ្វើឲ្យកម្ពុជាចំណេញថវិការាប់រយលានដុល្លារក្នុងមួយឆ្នាំ។
ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ ថា ការប្រកាសពីវិធានការរបស់លោក ហ៊ុន សែន នឹងបរាជ័យទៅវិញ និងមិនអាចសង្គ្រោះនូវអ្វី ដែលកម្ពុជាបាត់បង់ ពេលគ្មានប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក និងសហភាពអឺរ៉ុបនោះទេ។ លោក បន្តថា លោក ហ៊ុន សែន គួរតែសម្របសម្រួល និងដោះស្រាយតាមសំណូមពររបស់សហគមន៍អន្តរជាតិ ដែលចង់ឃើញថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈដោះស្រាយវិបត្តិនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ «»
លោក ហ៊ុន សែន បានថ្លែងកាលពីរាត្រី ថ្ងៃទី១១ ខែមករា ថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន រួចហើយ ក្នុងការរៀបយុទ្ធសាស្ត្រថ្មីៗ ដើម្បីទប់ទល់ទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិក។ លោកបន្តថា កម្ពុជាដល់ពេលដែលត្រូវពង្រឹងឯករាជ្យរបស់ខ្លួន ហើយឈប់ពឹងលើខ្យល់ដកដង្ហើមរបស់ប្រទេសដទៃដើម្បីរស់តទៅទៀត។ «»
កាលពីថ្ងៃទី៩ ខែមករា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប ដាក់សេចក្ដីស្នើច្បាប់មួយស្ដីពីពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាឡើងវិញ លើការផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) ដល់របបលោក ហ៊ុន សែន។ ការពិចារណាឡើងវិញនេះ រួមមាន ការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្ដល់ការអនុគ្រោះពន្ធ ដែលផ្ដល់ដល់កម្ពុជា ដោយសារតែរបបលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ដែលជាបណ្ដុំប្រទេសប្រជាធិបតេយ្យធំៗ ក៏បានជូនដំណឹងជាផ្លូវការដល់របបលោក ហ៊ុន សែន តាំងពីដើមខែតុលា ឆ្នាំ២០១៨ ថា នឹងដកការអនុគ្រោះពន្ធ EBA នៅអំឡុងខែមីនា ឆ្នាំនេះ បើរបបលោក ហ៊ុន សែន មិនស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
អ្នកវិភាគសង្គមយល់ថា វិធានការមិនឱនក្បាលរបស់លោក មិនមែនជាដំណោះស្រាយរយៈពេលវែងនិងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរនោះទេ។
លោក គឹម សុខ លើកឡើងថា វិធានការរបស់លោក ហ៊ុន សែនហាក់ដូចលោកទើបតែ ភ្ញាក់ពីដេក។ លោកថា កន្លងមក លោក ហ៊ុន សែន ពូកែតែបញ្ជូនប្រជាពលរដ្ឋខ្មែរឲ្យចំណាកស្រុកនៅបរទេស និងទៅខ្ចីបំណុលបទេស ដូចជាចិនជាដើម ដែលនឹងធ្វើឲ្យប្រទេសជាតិជំពាក់បំណុលវ័ណ្ឌកបន្ថែមទៀត។ «»
លោក គឹម សុខ បន្តថា ប្រសិនបើលោក ហ៊ុន សែន ជាមេដឹកនាំគិតជាតិពិតប្រាកដ គួរតែទាញ កម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលស្របតាមស្តង់ដារអន្តរជាតិវិញ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់អន្តរជាតិ នៅពេលដ៏ខ្លីខាងមុខ។ «»
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុក ដែលកម្ពុជាផលិត ក្នុងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក ប្លាស្ទិក ម្ហូបអាហារ និងផលិតផលកសិកម្មជាដើម។
សហរដ្ឋអាមេរិក ផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧។ កម្ពុជាទទួលបានការមិនយកពន្ធសរុបតម្លៃ ៤០០លានដុល្លារ ពីសហរដ្ឋអាមេរិក តាមរយៈការអនុគ្រោះពន្ធនេះ។ ចំណែកឯសហភាពអឺរ៉ុប ក៏ផ្ដល់ការអនុគ្រោះពន្ធ តាមរយៈកម្មវិធីអ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២។ ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការមិនយកពន្ធ សរុបតម្លៃជិត ៧០០លានដុល្លារ ពីសហភាពអឺរ៉ុប៕
1 comment:
Ah Kbot Cheat Hun Sen regime will face a financial catastrophe after the end of EBA. And social unrest will push ah Norouk Hun Sen to where he belongs - HELL.
Post a Comment