2019-01-31
rfa

លោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិការងារ ពេលអាជ្ញាធរនាំខ្លួនមកធ្វើសវនាការនៅសាលាឧទ្ធរណ៍លើករណីសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
រូបថតពីហ្វេសប៊ុកភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍ ទី៣១ មករា បានសម្រេចតម្កល់សាលក្រមឃុំខ្លួនលោក រ៉ាត់ រត្នមុនី បណ្ដោះអាសន្នរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការដដែល។ គ្រួសារលោក រ៉ាត់ រត្នមុនី សម្ដែងការខកចិត្តនឹងសេចក្ដីសម្រេចនេះ ហើយពួកគាត់នឹងលើកគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីទៀត នៅពេលឆាប់ៗ ខាងមុខ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ចាត់ទុកថា ការបន្តឃុំខ្លួនស្វាមីអ្នកស្រី ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន ដោយសារស្វាមីអ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ អ្នកស្រីបន្ថែមថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ ធ្វើឱ្យអ្នកស្រីបាត់ជំនឿទាំងស្រុងលើប្រព័ន្ធតុលាការ៖ «»
សាលាឧទ្ធរណ៍បានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី កាលពីថ្ងៃទី ៣០ មករា កន្លងទៅ ដោយគ្មានវត្តមានមេធាវីជនត្រូវចោទនោះឡើយ។ មេធាវីបានអះអាងប្រាប់អាស៊ីសេរីថា សាលាឧទ្ធរណ៍មិនបានជូនដំណឹងស្ដីពីការបើកសវនាការនេះឡើយ ដូច្នេះទើបលោកមិនបានចូលរួម។
តុលាការបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី ក្រោមហេតុផលថា ដើម្បីរំលត់ក្តីបារម្ភពាក់ព័ន្ធនឹងការគាបសង្កត់សាក្សី ឬជនរងគ្រោះ បង្ការបទល្មើសកុំឱ្យកើតជាថ្មី និងរក្សាជនត្រូវចោទទុកឱ្យតុលាការចាត់ការតាមនីតិវិធី។ ក៏ប៉ុន្តែអំណះអំណាងរបស់តុលាការនេះ ត្រូវបានច្រានចោលដោយមេធាវី និងគ្រួសារលោក រ៉ាត់ រត្នមុនី។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណ សម្ដែងការសោកស្ដាយដែលសាលាឧទ្ធរណ៍ជ្រើសរើសយកការឃុំខ្លួនលោក រ៉ាត់ រត្នមុនី ដោយមិនផ្ដល់ឱកាសឱ្យរូបគាត់បាននៅក្រៅឃុំ ខណៈសកម្មជនសិទ្ធិការងាររូបនេះបានធានាអះអាងគ្រប់បែបយ៉ាងចំពោះតុលាការ ដើម្បីសុំនៅក្រៅឃុំ។ លោកក៏បានរិះគន់សាលាឧទ្ធរណ៍ផងដែរ ដែលបានបើកសវនាការមុនអង្គសេចក្ដី ដោយមិនបានជូនដំណឹងទៅមេធាវីលោក រ៉ាត់ រត្នមុនី ដែលជាការធ្វើឱ្យបាត់ប្រយោជន៍ជនត្រូវចោទ៖ «»
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការរបបក្រុងភ្នំពេញចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោស។
អាជ្ញាធររបបក្រុងភ្នំពេញបានចោទលោកថា បានផ្ដល់លុយឱ្យប្រភពដើម្បីនិយាយកុហក ក្នុងភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ”។ អាជ្ញាធរយល់ថា ភាពយន្តឯកសារនេះ ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ ក៏ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនេះធ្លាប់បានប្រាប់អាស៊ីសេរីថា នាងមិនទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី នោះឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ គឺជារឿងពិតផ្ទាល់ខ្លួនរបស់នាង។
មន្ត្រីសិទ្ធិមនុស្ស និងគ្រួសារលោក រ៉ាត់ រត្នមុនី បានរិះគន់អាជ្ញាធរដែលខកខានមិនបានកោះហៅអ្នកពាក់ព័ន្ធផ្សេងទៀត ឱ្យមកស្រាយបំភ្លឺករណីនេះ ហើយបែរជាមានចំណាត់ការលើលោក រ៉ាត់ រត្នមុនី តែម្នាក់ ខណៈលោកគ្រាន់តែជាអ្នកបកប្រែ និងសម្របសម្រួលឱ្យសារព័ត៌មាន RT របស់រុស្សី ក្នុងការថតភាពយន្តឯកសារនេះ។
អ្នកស្រី ឡុង គីមហ៊ាង ថ្លែងថា អ្នកស្រីនឹងពិភាក្សាជាមួយមេធាវីថា តើគួរតែប្ដឹងសាទុក្ខករណីនេះទៅតុលាការកំពូលបន្តទៀត ឬមួយក៏យ៉ាងណា។ ក៏ប៉ុន្តែ អ្នកស្រីអះអាងថា អ្នកស្រី និងសកម្មជនមួយចំនួន នឹងលើកគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីម្ដងទៀត ដើម្បីឱ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ឱ្យមានការដោះលែងស្វាមីអ្នកស្រី បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួនគាត់បន្តទៅទៀតបែបនេះ៕
No comments:
Post a Comment