Wednesday, 22 May 2019

សមាជិកព្រឹទ្ធសភាអាមេរិក ស្នើ​ច្បាប់​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


លោក មួង ណារ៉េត
2019-05-21

រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)
រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)
គេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក



សមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ។ សេចក្តីស្នើច្បាប់នេះ ត្រូវដាក់ស្នើ កាលពីថ្ងៃទី១៤ ខែ​ឧសភា តែ​ទើប​តែ​ត្រូវ​បាន​លេច​ចេញ​ជា​សាធារណ: នៅ​ថ្ងៃ​នេះ។

សមាជិកព្រឹទ្ធសភាទាំងបីរូបនោះ មួយរូបមកពីខាងគណបក្សសាធារណរដ្ឋលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជាអ្នកផ្តួចផ្តើមស្នើច្បាប់នេះ និង គាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ។



ច្បាប់ថ្មីនេះ មានឈ្មោះថា S.1468 ដែលទាមទារឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការ ឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខក្នុងតំបន់ ការពារអធិបតេយ្យភាពរបស់កម្ពុជា កុំឲ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនីស្ត និងធ្វើយ៉ាងណាឲ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការទទួលខុសត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ច្បាប់នេះ តម្រូវឲ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ ដោះលែងអ្នកទោសនយោបាយ និង សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រម​ទាំង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើ​ពួកគាត់។ ទម្លាក់ចោលរាល់ការចោទប្រកាន់ ដោយហេតុផលនយោបាយ លើមេដឹកនាំផ្សេងទៀត របស់បក្សប្រឆាំង ដូចជាលោក សម រង្ស៊ី និង ទម្លាក់ចោលបទចោទលើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ផង គឺលោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ​។

ម្យ៉ាងទៀត របបលោក ហ៊ុន សែន ត្រូវតែលុបចោលច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងបើកដំណើរការឡើងវិញ និង ផ្តល់នីតិសម្បទា ដល់មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំងអស់ ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ ពី​សំណាក់របបនេះ។

ក្នុងករណីរបបនេះ មិនអនុវត្តតាម រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មលើមន្រ្តីរបបនេះ រួម​មាន ទីមួយគឺបង្កកទ្រព្យសម្បត្តិមន្រ្តីទាំងនោះ ទីពីរគឺព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP និង​ទី​បី គឺ​មិន​បន្ធូរ​បន្ថយ​ចំពោះ​ការ​ជំពាក់​បំណុល​អាមេរិក៕

No comments: