Friday, 12 July 2019

របប​ក្រុង​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Shanxi Mechanization Construction Group ​សាងសង់​បរិវេណ​ហោះហើរ​នៅ​ព្រលានយន្តហោះ​ខេត្ត​សៀមរាប​


ដោយលោក មាន ឫទ្ធិ
2019-07-12 
rfa
គំនូរ​ប្លង់​ប្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី។
គំនូរ​ប្លង់​ប្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី។
រូបភាពពី sasac.gov.cn​|China Daily




របប​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Shanxi Mechanization Construction Group ​ធ្វើ​ការសាងសង់​បរិវេណ​ហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប​។ ​ការអនុញ្ញាត​នេះ​ ​គឺ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ​ទើប​បាន​ឈ្នះ​ការដេញថ្លៃ​ដើម្បី​ទទួល​សាងសង់​បរិវេណ​ហោះហើរ​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ​ ​ក្នុង​ទឹកប្រាក់​ ២៩០ លាន​យ័ន​ ស្មើនឹង​ជាង​ ៤២ លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ China Daily ​កាលពី​ថ្ងៃ​ទី ០៨ ​កក្កដា​។ ​សារព័ត៌មាន​នេះ​ ​ឲ្យដឹង​ថា​ ​ព្រលានយន្តហោះ​ថ្មី​នេះ​ ​មាន​ចម្ងាយ​ ៥១ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ខេត្ត​សៀមរាប​ និង ៤០ គីឡូម៉ែត្រ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​ព្រលានយន្តហោះ​នេះ​ ​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​សរុប ៧០០ ហិកតា​ ​ក្រោម​ទឹក​ប្រាក់​សរុប​ជិត​ ១ ពាន់​លាន​ដុល្លារ​។​




​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​សុំ​ការបញ្ជាក់​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ ​និង​មន្ត្រី​អាកាសចរណ៍​ស៊ីវិល ​អំពី​តម្លាភាព​នៃ​ការដេញថ្លៃ​ការសាងសង់​បរិវេណ​ព្រលានយន្តហោះ​ថ្មី​នេះ​បាន​នៅឡើយ​ទេ​។ ​ក៏ប៉ុន្តែ​ ​កន្លង​មក​ របប​នេះ​តែង​រក្សា​ការសម្ងាត់​ និង​កម្រ​បង្ហាញ​តម្លាភាព​ជុំវិញ​ការដេញថ្លៃ​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​នោះ​ទេ​។​ ក្រុមហ៊ុន​ចិន​ ​តែង​ឈ្នះ​ការដេញថ្លៃ​រាល់​គម្រោង​សំខាន់​ៗ​ទាំងនោះ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការប្រចាំ​សតវត្ស ​«​គំនិត​ផ្តួចផ្តើម​ ​ខ្សែក្រវ៉ាត់​ និង​ផ្លូវ​» ​របស់​មហា​យក្ស​ចិន​។ ​ក្នុង​នោះ​ ​រួម​មាន​គម្រោង​សាងសង់​ព្រលានយន្ត​ភ្នំពេញ​ថ្មី​នៅ​ខេត្ត​កណ្តាល​ក្នុង​ទឹកប្រាក់​ជាង​ ១ ពាន់ ៥ រយ​លាន​ដុល្លារ​អាមេរិក​ ​ព្រលានយន្តហោះ​កោះ​កុង ​ក្នុង​តម្លៃ​ជាង​ ៣៥០ លាន​ដុល្លារ​អាមេរិក​ជាដើម​។ ​ក្រុម​អ្នកជំនាញ​កិច្ចការ​បរទេស​ធ្លាប់​ព្រលាន​ថា​ ​ចិន​អាច​បម្លែង​ព្រលានយន្ត​ខេត្ត​កោះកុង ​ឲ្យ​បម្រើ​វិស័យ​យោធា​របស់​ខ្លួន​នា​ពេល​អនាគត​។ ​ក៏ប៉ុន្តែ​ ​ក្រុង​ភ្នំពេញ​តែង​បដិសេធ​ព័ត៌មាន​ទាំងនេះ​ ​និង​ថា​ ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ ​កម្ពុជា​ ​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នោះឡើយ​៕



No comments: