Tuesday 24 September 2019
ភរិយា និងសកម្មជនសិទ្ធិមនុស្សទាមទារអោយសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់ លោក រ៉ាត់ រត្នមុនី
ដោយ អាស៊ីសេរី
2019-09-24
លោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិការងារ
រូបពី៖ ហ្វេសប៊ុកលោក រ៉ាត់ រត្នមុនី
ភរិយា និង សកម្មជនការពារសិទ្ធិមនុស្សទាមទារឲ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី នៅក្នុងសំណុំរឿងភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ។
សាលាឧទ្ធរណ៍គ្រោងបើកសវនាការរឿងក្តីសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី នៅរសៀលថ្ងៃទី៧ ខែតុលា ខាងមុខនេះ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គឹម ហ៊ាង ថ្លែងថាស្វាមីអ្នកស្រីជាមនុស្សស្អាតស្អំមិនជាប់ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទដូចមានការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញទេ។លោកស្រី មានជំនឿថា សាលាឧទ្ធរណ៍នឹងផ្ដល់សេរីភាពឡើងវិញ ដល់លោក រ៉ាត់ រត្នមុន្នី ដើម្បីឲ្យមានជួបជុំគ្រួសារ។
លោកស្រីមានប្រសាសន៍ថា ខ្សែភាពយន្តឯកសាររឿងម្ដាយខ្ញុំលក់ខ្ញុំនេះគឺជារឿងដើម្បីពញ្ញាក់ស្មារតីដល់រដ្ឋាភិបាលកម្ពុជាកុំឲ្យមានការធ្វេសប្រហែស ចំពោះការជួញដូរផ្លូវភេទនៅកម្ពុជាប៉ុណ្ណោះ៖ «ខ្ញុំក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដាក់ផលប្រយោជន៍ជាតិជាធំ ហើយដោះលែងប្ដីខ្ញុំឲ្យមានសេរីភាពហើយការពារអ្នកហ៊ាននិយាយការពិតគោរពដល់អ្នកដែលហ៊ាននិយាយការពិត បញ្ចេញការពិតដល់កម្ពុជា។ដោះលែងប្ដីខ្ញុំឲ្យមានសេរីភាព ។សូមអំពាវនាវឲ្យតុលាការសាលាឧទ្ធរណ៍ដោះលែងប្តីខ្ញុំឲ្យមានសេរីភាព»។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ថ្លែងថា លោកនឹងចូលរួមក្នុងសវនាការនេះតាមកាលកំណត់ ដើម្បីជួយដោះបន្ទុកកូនក្តីរបស់លោក។ លោកបញ្ជាក់ថា ខាងមេធាវីបានដាក់ភស្តុតាងបន្ថែមទៀត ដើម្បីជាមូលដ្ឋានសម្រាប់សាលាឧទ្ធរណ៍ក្នុងការលើកលែងបទចោទប្រកាន់លើកូនក្តីរបស់លោក។
នាយករងផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោក រ៉ាត់ រត្នមុនី គ្រាន់តែជាអ្នកបកប្រែអោយសារព័ត៌មានRTមួយរបស់រុស្ស៊ី ត្រូវចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌។លោក សង្ឃឹមថាតុលាការសាលាឧទ្ធរណ៍នឹងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយមកលើលោក រ៉ាត់ រត្នមុនី៖ «យើងពិនិត្យមើលឃើញថាបើពិនិត្យមើលទៅលើសាច់រឿង RT បានថតហ្នឹងមកក៏វាឆ្លុះបញ្ចាំងផងដែរ ពីព្រោះយើងឃើញថា ថ្មីៗ នេះខាងរាជ្យរដ្ឋាភិបាលក៏មានការព្រួយបារម្ភផងដែរ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សជាពិសេសទៅលើកុមារនេះជាដើម។ យើងគិតមើលទៅអាហ្នឹង វាជាតម្រុយមួយសម្រាប់យើងធ្វើការស៊ើបអង្កេត និងធ្វើការទប់ស្កាត់នៃបទល្មើសនៃការជួញដូរផ្លូវភេទទៅលើស្ត្រីនិងកុមារនោះ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” និងបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ដើមហេតុនៃក្ដីក្ដាំនេះ គឺដោយសារលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបបក្រុងភ្នំពេញបានចាត់ទុកភាពយន្តឯកសារនេះ ថាជាវីដេអូប្រឌិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា រួចក៏បានតាមចាប់លោក រ៉ាត់ រត្នមុនី ដល់ប្រទេសថៃ ដោយចោទថា លោកបានឱ្យលុយតួអង្គទាំងនោះ ដើម្បីនិយាយប្រឌិតសាច់រឿង។ ក៏ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារ ”ម្តាយខ្ញុំ លក់ខ្ញុំ” ធ្លាប់ប្រាប់អាស៊ីសេរីថា នាងមិនបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ គឺជារឿងពិតផ្ទាល់ខ្លួនរបស់នាង។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ការកាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើឱ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ កាន់តែបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជា ពីព្រោះសកម្មជនសិទ្ធិការងាររូបនេះ មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។
ចំណែកក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិវិញ បានថ្កោលទោសតុលាការកម្ពុជាថា កាត់ក្តីរឿងនេះតាមបែបបាយឡុកបាយឡគួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើមបំផុត។ ក្រុមអង្គការសិទ្ធិមនុស្សបន្ថែមថា សាលក្រមផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី បានធ្វើឱ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ ហើយពួកគេបានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងសកម្មជនរូបនេះវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
គិតត្រឹមមកដល់ថ្ងៃទី២៤ ខែកញ្ញានេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត១០ ខែមកហើយ ហើយតាមអំណាចនៃសាលក្រមតុលាការក្រុងភ្នំពេញ លោកត្រូវជាប់ឃុំបន្តទៅទៀតរហូតគ្រប់រយៈពេល២ ឆ្នាំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment