Thursday, 3 October 2019
"កម្ពុជាព្យាយាមយកបញ្ហាអធិបតេយ្យ ជាខែលបាំងអំពើរំលាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស"
ដោយ មាន ឫទ្ធិ
2019-10-02
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងនៅឯមហាសន្និបាតលើកទី៧៤ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
រូបពីហ្វេសប៊ុកលោក ប្រាក់ សុខុន
អ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងថា នៅឯមហាសន្និបាតលើកទី៧៤ របស់អង្គការសហប្រជាជាតិ កម្ពុជាព្យាយាមយកបញ្ហាសិទ្ធិអធិបតេយ្យ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ធ្វើជាខែល ដើម្បីបិទបាំងអំពើរំលាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួន។ ការលើកឡើងនេះ កើតមានឡើងក្រោយពេលដែលកាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ របបលោក ហ៊ុន សែន ជាថ្មីម្តងទៀត បន្តប្រើប្រាស់យន្តការវេទិកាអង្គការសហប្រជាជាតិប្រចាំឆ្នាំនេះ ធ្វើជាយុទ្ធនាការឃោសនាជាមួយក្រុមប្រទេសកុម្មុយនិស្ត និងផ្ដាច់ការនិយម វាយប្រហារក្រុមប្រទេសនិយមប្រជាធិបតេយ្យ និងបស្ចិមលោក រឿងរំលោភដែនអធិបតេយ្យ ឬកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់ខ្លួន ក្រោមលេសសិទ្ធិមនុស្ស។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែកញ្ញាម្តងៗ ក្រសែភ្នែកពិភពលោកទាំងមូលតែងផ្ដោតមកទីស្នាក់កណ្ដាលរបស់អង្គការសហប្រជាជាតិ នាបូរីញូវយ៉ក សហរដ្ឋអាមេរិក។ គឺខែនេះហើយ និងនៅទីកន្លែងនេះហើយ ដែលក្រុមអ្នកការទូតមកពីគ្រប់បណ្ដាប្រទេសទាំងអស់នៅទូទាំងពិភពលោក តំណាងឱ្យរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ បានណាត់គ្នា មកជួបប្រជុំគ្នាម្តង តាមរយៈការប្រើប្រាស់យន្តការកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អង្គការកំពូលរបស់ពិភពលោកមួយនេះ ដែលត្រូវបានបង្កើតឡើងក្រោយការបិទបញ្ចប់ទៅនៃសង្គ្រាមលោកលើកទីពីរ។ គឺនៅវេទិកាមហាសន្និបាតនេះហើយ ដែលក្រុមមេដឹកនាំពិភពលោក មានឱកាសមកជួបជុំគ្នា ថ្លែងសារនយោបាយទៅកាន់ពិភពលោក អំពីការវិវឌ្ឍ និងចក្ខុវិស័យសម្រាប់ឆ្នាំបន្ទាប់ សម្រាប់ប្រទេសរបស់ខ្លួន និងពិភពលោក ដើម្បីរិះរកវិធានការណ៍នានា ក្នុងការធានារក្សាសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់ពិភពលោក។
សម្រាប់មហាសន្និបាទលើកទី៧៤ ឆ្នាំ២០១៩នេះ មិនមានឡើយវត្តមានរបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា ហើយក៏គ្មានបាតុកម្មផុលផុសរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ឬការប្រមូលផ្ដុំក្រុមអ្នកគាំទ្រចាំស្វាគមន៍លោក ហ៊ុន សែន ដូចកាលពីឆ្នាំ២០១៨ កន្លងទៅនោះដែរ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បានបញ្ជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ឱ្យមកថ្លែងការណ៍ជំនួស ឬតំណាងឱ្យរបបលោកវិញ។
ក៏ប៉ុន្តែ អ្វីដែលដដែលនោះ គឺការបន្តប្រើយន្តការវេទិកាមហាសន្និបាតរបស់អង្គការសហប្រជាជាតិនេះ ធ្វើជាឱកាសទៅសូត្រមេរៀន វាយប្រហារក្រុមប្រទេសនិយមប្រជាធិបតេយ្យ គោលការណ៍ស្នូលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមរយៈការប្រើហេតុផល ឬលេសដដែលៗ នោះ គឺការទាមទារឱ្យមានការគោរពសិទ្ធិអធិបតេយ្យ និងការមិនអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន៖ «កម្ពុជាចង់ឃើញនូវកិច្ចសហប្រតិបត្តិការពិតប្រាកដមួយ ដែលគ្រប់ប្រទេសទាំងអស់ ត្រូវស្ថិតក្រោមលក្ខខណ្ឌមួយ ហើយដែលលក្ខខណ្ឌតែមួយនោះ គឺគោរពនូវសិទ្ធិអធិបតេយ្យរបស់យើង។ យើងនឹងមិនអាចទទួលយកបានជាដាច់ខាតនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើង ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ហើយយើងក៏នឹងមិនយកអធិបតេយ្យរបស់យើង ទៅដោះដូរជាមួយនឹងទម្រង់ណាមួយនៃកិច្ចសហប្រតិបត្តិការ ឬការផ្តល់ការអនុគ្រោះណាមួយនោះឡើយ»។
ប្រសិនបើគេទៅស្ដាប់សេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសកុម្មុយនិស្ត ឬក្រុមប្រទេសផ្ដាច់ការ ជាពិសេសមហាអំណាចចិន ប្រទេសកូរ៉េខាងជើង វៀតណាម ឬវេណេហ្ស៊ុយអេឡា (Venezuela) អីជាដើមនោះ សម្ដីរបស់លោក ប្រាក់ សុខុន នេះ មិនមែនជារឿងចម្លែកនោះឡើយ។ វាគឺជាអំណះអំណាងដដែលៗ ដែលក្រុមប្រទេសទាំងនេះនិយមយកមកសូត្រស្ទើររត់មាត់តៗគ្នា។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា ជាទូទៅ ក្រុមប្រទេសមិននិយមប្រជាធិបតេយ្យ ឬកុម្មុយនិស្ត តែងតែចង់បន្តរក្សានិន្នាការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តរក្សាអំណាចដឹកនាំរបស់មេដឹកនាំតែម្នាក់របស់ខ្លួនជារៀងរហូត។ លោកថា ជារឿងសាមញ្ញទៅហើយ ដែលបញ្ហាគោរពសិទ្ធិអធិបតេយ្យ ឬការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក ត្រូវបានក្រុមប្រទេសកុម្មុយនិស្ត ឬផ្ដាច់ការទាំងនេះ យកទៅប្រើប្រាស់ធ្វើជាខែលបិទបាំងការពិត ឬគណនេយ្យភាព ខណៈអំពើរំលោភសិទ្ធិមនុស្ស កំពុងបន្តកើតមានឡើងពេញបន្ទុកនៅក្នុងប្រទេសរបស់ខ្លួន។
អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត ពៅ សូរពង្ស សាស្ត្រាចារ្យផ្នែកការសិក្សាអំពីកិច្ចការសន្តិភាព និងសន្តិសុខសាកល នៃសាកលវិទ្យាល័យ Ryerson University នៃប្រទេសកាណាដា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃទី១ តុលា ថា នេះជាតាកតិច (Tactic) នយោបាយរបស់ក្រុមមេដឹកនាំដែលមិនគោរពសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ដែលតែងយករឿងនេះទៅនិយាយ។ លោកហៅការថ្លែងការណ៍ពីបញ្ហាឱ្យមានការគោរពសិទ្ធិអធិបតេយ្យ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនេះថា ជារឿងឥតប្រយោជន៍ ព្រោះថា កម្ពុជា មិនទាន់មានភាពម្ចាស់ការខ្លួនឯងនៅឡើយទេ ហើយប្រទេសនេះ នៅតែចាំបាច់ត្រូវពឹងពាក់ជំនួយរបស់បរទេសដដែលនោះ៖ «បើយើងចង់កុំឱ្យគេជ្រៀតជ្រែក ទាល់តែយើងធ្វើជាម្ចាស់ការខ្លួនឯង។ មិនពឹងគេ។ បើកាលណាយើងត្រូវការទីផ្សាររបស់គេ យើងត្រូវការជំនួយរបស់គេ យកការណ៍ហ្នឹងទៅការពារខ្លួន វាពុំមានប្រសិទ្ធភាពទេ»។
បណ្ឌិត ពៅ សូរពង្ស ផ្ដល់អនុសាសន៍ថា ក្រុមមេដឹកនាំខ្មែរ ផ្ទុយទៅវិញ គួរប្រើប្រាស់វេទិកាដ៏មានសារសំខាន់នេះ ផ្ដោតលើការប្ដេជ្ញាចិត្តរបស់ខ្លួនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ កែលម្អ និងការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឱ្យបានដូចអ្វីដែលកម្ពុជា បានចុះកិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាមួយភាគីអន្តរជាតិ ជាពិសេសស្របតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៖ «អ្នកដឹកនាំខ្មែរយើងត្រូវតែបង្ហាញថា យើងនៅតែគោរពប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ត្រូវតែទទួលស្គាល់ ត្រូវតែការពារកិច្ចការទាំងនោះ ហើយកាលណាបើគាត់ ឬអ្នកដឹកនាំខ្មែរយើងនៅតែនិយាយដដែលៗពីរឿងកុំឱ្យជ្រៀតជ្រែករបបផ្ទៃក្នុងនៅស្រុកខ្មែរ រឿងនេះជាការឥតប្រយោជន៍ ពីព្រោះវាគ្រាន់តែថា យកហេតុផល ឬលេសទៅការពាររបបខ្លួនឯង វាឥតមាននរណាគេគាំទ្រប៉ុន្មានទេតាមខ្ញុំដឹង លើកលែងតែប្រទេសដែលធ្វើដូចគ្នាដែរ។ ជាការគួរឱ្យសោកស្ដាយប្រទេសច្រើនអ៊ីចឹងដែរ មានបញ្ហាច្រើននៅក្នុងស្រុកទេស ហើយមិនចង់ឱ្យគេជ្រៀតជ្រែកនៅក្នុងប្រទេសគេ។ ប្រទេសចិនជាពិសេស ជាប្រទេសដែលការពារដូច្នេះ»។
បណ្ឌិត អៀ សុផល យល់ស្របនឹងការលើកឡើងនេះ និងផ្ដល់អនុសាសន៍ថា របបក្រុងភ្នំពេញ គួរយកវេទិកានេះ ផ្ដោតលើការឆ្លុះបញ្ចាំងឡើងវិញពីខ្លួនឯង និងបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ជុំវិញរបៀបធ្វើកំណែទម្រង់ និងលើកកម្ពស់ឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលុបបំបាត់ចោលនូវបញ្ហាលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ នាពេលបច្ចុប្បន្ននៅក្នុងប្រទេសខ្លួន។ លោកថា ជាការគួរឱ្យសោកស្ដាយ ដែលវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានក្រុមមេដឹកនាំផ្ដាច់ការ និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ យកទៅធ្វើជាកន្លែង ឃោសនា ដើម្បីបកស្រាយរឿងខ្មៅទៅជាស និងសទៅជាខ្មៅវិញ ឬពីការពិត ទៅជាការមិនពិតវិញនោះ។ លោកថា មនុស្សគ្រប់រូបដឹងច្បាស់ណាស់អំពីការពិត ដូចអ្វីដែលសកម្មជនប្រឆាំងរបស់អតីតសហភាពសូវៀតមួយរូបឈ្មោះ អង់ឌ្រៀ សាខារ៉ូវ (Andrei Sakharov) ធ្លាប់លើកឡើងថា «ខ្ញុំតែងតែធ្លាប់បានគិតថា សព្វាវុធដ៏មានអំណាចបំផុតនៅក្នុងពិភពលោកគឺគ្រាប់បែក ដូច្នេះហើយបានជាខ្ញុំផ្ដល់គ្រាប់បែកទៅឱ្យប្រជាជនរបស់ខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំបានសន្មតថា អាវុធដែលមានអំណាចបំផុតនៅលើពិភពលោក គឺមិនមែនជាគ្រាប់បែកនោះទេ តែនោះគឺជាការពិត»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment