ដោយ អាស៊ីសេរី
2019-10-22

សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកសំពៅលូន ខេត្តបាត់ដំបងលោក ស៊ឹម ឡៅ និង មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ក្នុងឃុំស្ពឺ ស្រុកចំការលើខេត្ដកំពង់ចាម លោក ស៊ីន ថាត ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក
សមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនជនគណបក្សប្រឆាំង២នាក់បន្ថែមទៀត នៅបាត់ដំបង និងខេត្តកំពង់ចាម ពាក់ព័ន្ធនឹងគម្រោងចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា។ មន្ត្រីបក្សប្រឆាំងហៅការចាប់ខ្លួនរបស់ប៉ូលិសនេះថា ជាទង្វើអាក្រក់របស់អាជ្ញាធររបបក្រុងភ្នំពេញ ដែលបានបង្កើនការឈឺចាប់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋស្លូតត្រង់។
មន្ត្រីប៉ូលិសខេត្តបាត់ដំបងបានបញ្ជូនខ្លួនសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកសំពៅលូន លោក ស៊ឹម ឡៅ ទៅឃុំខ្លួននៅស្នងការនគរបាលខេត្តភ្លាមៗ ក្រោយពេលចាប់ខ្លួន ដោយមិនឱ្យសាច់ញាតិបានចូលទៅជួបឡើយ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក សួន ចំរើន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២២ តុលាថា ប៉ូលិសខេត្តបាត់ដំបងប្រមាណ ១០នាក់បានចូលទៅចាប់លោក ស៊ឹម ឡៅ នៅផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ លោកបន្តថា ប៉ូលិសមិនបានបង្ហាញដីកាចាប់ខ្លួនពីតុលាការឱ្យសាមីខ្លួននិងអ្នកក្បែរខាងបានដឹងឡើយ។ មន្ត្រីបក្សប្រឆាំងរូបនេះ ហៅការចាប់ខ្លួនរបស់ប៉ូលិសនេះថា ជាការធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សរបស់លោកដោយអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ ពីព្រោះលោកថា សកម្មជនរូបនេះ គឺជាប្រជាពលរដ្ឋស្លូតត្រង់ ដែលស្រឡាញ់មាតុភូមិ ហើយពុំបានប្រព្រឹត្តខុសច្បាប់នោះទេ៖ «»
អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់សកម្មជនបក្សប្រឆាំង លោក ស៊ឹម ឡៅ អាយុ ៣៩ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ តាមត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ តុលាការបញ្ជាក់ក្នុងដីកានៅថ្ងៃទី២២ តុលាថា សកម្មជនបក្សប្រឆាំងរូបនេះ បានប្រមូល និងកៀរគរប្រជាពលរដ្ឋធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា។
រីឯសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាមលោក គង់ ស៊ីវង្ស ថ្លែងថា ប៉ូលិសខេត្តកំពង់ចាមបានចាប់ខ្លួនមេឃុំស្ពឺ ស្រុកចំការលើជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ គឺលោក ស៊ីន ថាត ដោយប្រកាន់រួមគំនិតក្បត់ជាតិ នៅព្រឹកថ្ងៃទី២២ តុលា។
លោកបន្តថា ថ្វីត្បិតតែរបបក្រុងភ្នំពេញចាប់ចងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់យ៉ាងនេះក្ដី ក៏មិនអាចទប់ស្កាត់ពួកគេមិនឱ្យទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកបានដែរ ផ្ទុយទៅវិញវិធានការនេះកាន់តែធ្វើឱ្យពួកលោកឈឺចាប់ខ្លាំង ហើយនាំគ្នាទៅចូលរួមជាមួយអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើង ដើម្បីទាមទារអំណាចពីលោក ហ៊ុន សែន ប្រគល់ជូនប្រជាពលរដ្ឋវិញនៅពេលខាងមុខ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខុន និងស្នងការនគរបាលខេត្តកំពង់ចាមលោក ឯម កុសល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ចងសកម្មជនបក្សប្រឆាំងនេះ គឺជាការគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយដល់អ្នកគាំទ្រគណបក្សប្រឆាំង ច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចអនុវត្តច្បាប់បានត្រឹមត្រូវនោះ សកម្មជនបក្សប្រឆាំងទាំងនោះនឹងរួចផុតពីការចោទប្រកាន់។ លោកបន្តថា ការបង្ហោះសាររឿងនយោបាយមិនខុសច្បាប់ឡើយ ពីព្រោះជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកហៅវិធានការរបស់សមត្ថកិច្ចនេះថា ជាការរារាំងប្រជាពលរដ្ឋកុំឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៖ «»
គិតត្រឹមរសៀលថ្ងៃទី២២តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៣នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។
មន្ត្រីបក្សប្រឆាំងលោក សួន ចំរើន និយាថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុក ដែលមានជិតកន្លះប្រទេស កំពុងខឹងសម្បារនឹងរបបដឹកនាំសព្វថ្ងៃដែលបានចាប់ខ្លួនមនុស្សតាមទំនើងចិត្ត ប៉ុន្តែពួកគេមិនទាន់ហ៊ានធ្វើសកម្មភាពណាមួយប្រឆាំងនឹងវិធានការរបស់សមត្ថកិច្ចនៅឡើយទេ ព្រោះខ្លាចប៉ូលិសចាប់ខ្លួន នាំឱ្យបាត់បង់ធនធានមនុស្សទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ៕
No comments:
Post a Comment