Khmer Circle:
Cambodia will be "developed" through these massive "Economic Land Concessions" - mostly granted to Vietnam - to national extinction!
How expedient and simple it is even in these days and age of post-colonial era to subject a country to your will by letting your in-country traitor-puppet do your bidding for you. Even the outside world praise the Vietnamese firms involved for providing the locals with 'economic benefits' despite these firms' role in decimating most of the country's once thick forest cover and uprooted large numbers of indigenous communities who have lived on these parts probably even before 'Vietnam' as we know it had appeared on the world map...
🔺🔺🔺
ដោយ មាន ឫទ្ធិ
2020-07-10rfa

អង្គការលីកាដូ
ចាប់តាំងពីដើមទសវត្សរ៍ទី៩០មក រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនការពុះច្រៀកក្រឡាផ្ទៃប្រទេសកម្ពុជាជាចម្រៀកៗជួលឲ្យក្រុមហ៊ុនឯកជនទាំងកម្ពុជា និងបរទេស ក្នុងតម្លៃថោកមិនគួរឲ្យជឿ។ ការជួលដីទាំងនេះធ្វើឡើងក្រោមរូបភាពជាការផ្តល់ដីសម្បទានសេដ្ឋកិច្ច ក្រោមហេតុផលថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ការវិនិយោគវិស័យកសិ-ឧស្សាហកម្ម។
ដោយសារតែបញ្ហាកង្វះតម្លាភាព និងភាពមិនប្រាកដប្រជា ទិន្នន័យពិតប្រាកដអំពីចំនួនដីសម្បទានសេដ្ឋកិច្ចនេះ នៅតែមានភាពមិនច្បាស់លាស់នៅឡើយ បើទោះជាលោក ហ៊ុន សែន បានព្យាយាមធ្វើកំណែទម្រង់ឡើងវិញ ក្រោយពីមានការរិះគន់ខ្លាំងពីផលប៉ះពាល់នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះយ៉ាងណាក៏ដោយ។ លោកបានប្រកាសផ្អាកផ្តល់ដី សម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្នក្នុងឆ្នាំ២០១២ហើយក្រោយមកទៀត នៅឆ្នាំ២០១៥ បានកែសម្រួលរយៈពេលជួលពី៩៩ឆ្នាំ ឬ៧០ឆ្នាំ មកនៅ៥០ឆ្នាំវិញ។ ចុងក្រោយ នៅឆ្នាំ២០១៦ លោកបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតារ ពីដីជាងពីរលានហិកតារ ដែលរដ្ឋបានជួលទៅឲ្យក្រុមហ៊ុនឯកជន ឲ្យមកនៅសល់ប្រមាណ ១លាន៩ម៉ឺនហិកតារវិញ។ ក៏ប៉ុន្តែ ផ្អែកតាមទិន្នន័យរបស់អង្គការលីកាដូ ធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីខែមីនាឆ្នាំ២០២០ កម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ច សរុបជិត ៣០០កន្លែង (២៩៧កន្លែង) ទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងស្មើនឹងទំហំជាង២លាន១សែនហិកតារ (២.១៦៦.៦៧២ហិកតារ) ឬជាង ២ម៉ឺន១ពាន់គីឡូម៉ែត្រការ៉េ (២១.៦៦៦គីឡូម៉ែត្រការ៉េ)។ ចំនួននេះស្មើនឹងប្រមាណ១២ភាគរយនៃក្រឡាផ្ទៃប្រទេសកម្ពុជាទាំងមូល។ ដីដែលរដ្ឋពុះច្រៀកជួលឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងនេះ ស្មើនឹងទំហំប្រទេសស៊ីប(Cyprus) ដែលមន្ត្រីរបបលោក ហ៊ុន សែន និយមយកលុយទៅលាក់ទុក ដល់ទៅជាង២ដងឯណោះ។ ក្រុមហ៊ុនរបស់ប្រទេសចិន (China)ទទួលបានចំណែកគ្រប់គ្រងដីនៅកម្ពុជាច្រើនជាងគេ ស្មើនឹងជិត៤សែនហិកតារ (៣៨៣.៧៩៨ហិកតារ) ឬស្មើនឹងទំហំប្រទេសសិង្ហបុរី (Singapore) បច្ចុប្បន្នដល់ទៅជាង៥ដង។ រីឯវៀតណាម (Vietnam) ដែលជាប់ព្រំដែនកម្ពុជា ឈរនៅលំដាប់ទីពីរ កំពុងគ្រប់គ្រងដីនៅកម្ពុជាទំហំជាង ៣សែន៦ម៉ឺនហិកតារ (៣៦២.៥១៥ហិកតារ) បន្តដោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) និងកូរ៉េខាងត្បូង (South Korea)។ យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗចំនួន១៥ ក្នុងនោះ មានក្រុមហ៊ុនភាពីម៉ិច (Pheapimex) របស់អ្នកស្រី ជឹងសុភាព ហៅ «យាយភូ» ក្រុមហ៊ុនចិន UDG ក្រុមហ៊ុន Think Biotech ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ និងលោក ម៉ុង រិទ្ធី ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា សុទ្ធតែទទួលបានដីសម្បទានសេដ្ឋកិច្ច ទំហំលើសពី ១ម៉ឺនហិកតារ ដែលច្បាប់ភូមិបាលឆ្នាំ២០០១ អនុញ្ញាត។ ក្រុមហ៊ុនទាំងនេះ អះអាងថា ជួលដីដើម្បីវិនិយោគលើដំណាំកៅស៊ូ ស្ករ ដំឡូងមី ដូងប្រេង និងដំណាំចម្រុះផ្សេងទៀត។

ផែនទីប្រទេសកម្ពុជាបង្ហាញពីផ្ទៃដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនឯកជន (តាមសញ្ជាតិ) គិតត្រឹមខែឧសភា ឆ្នាំ២០២០។ អង្គការលីកាដូ
តួលេខពុះច្រៀកដីប្រទេសកម្ពុជាជួលឲ្យក្រុមហ៊ុនឯកជនក្រោមរូបភាពជាដីសម្បទានសេដ្ឋកិច្ចនេះ គេនៅមិនទាន់គិតពីដីដែលរដ្ឋសម្បទានក្រោមរូបភាពដទៃទៀត ដូចជា សម្បទានរ៉ែ កំពង់ផែ ព្រលានយន្តហោះ តំបន់ឧស្សាហកម្ម និងសម្បទាននេសាទជាដើម។ តួលេខនេះ ក៏មិនទាន់រាប់បញ្ចូលនូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានប្រមាណ ៣៨កន្លែង គិតត្រឹមឆ្នាំ២០១៦។ ច្បាប់ថវិកាជាតិឆ្នាំ២០២០បង្ហាញថា រដ្ឋមានផែនការបង្កើនចំណូលបានមកពីផលសម្បទានទាំងនេះ ឲ្យបានដល់ប្រមាណជាង ៥០លានដុល្លារ ក្នុងឆ្នាំ២០២០ គឺកើនឡើងដល់ទៅ ៨៩% ធៀបនឹងឆ្នាំ២០១៩។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR លោក វណ្ណ សូផាត លើកឡើងថា បើទោះជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចចូលរួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចរបស់រដ្ឋ និងផ្តល់ការងារឲ្យពលរដ្ឋក្នុងមូលដ្ឋានក៏ដោយផលប៉ះពាល់ អវិជ្ជមានដល់ពលរដ្ឋវិញក៏មានច្រើនហួសប្រមាណ៖ «មានការគំរាមកំហែងតាមផ្លូវរាងកាយមានខ្លះរហូតដល់… ដូចជានៅ ខាងកោះកុងជាដើម នៅពេលដែលមានបញ្ហាបណ្តេញពលរដ្ឋចេញ ពេលប្រជាពលរដ្ឋតវ៉ា តាំងពីឆ្នាំ២០០៦មកឯណោះ មានការបាញ់ប្រហារទៅលើប្រជាពលរដ្ឋមានរងរបួស ហើយខ្លះរហូតដល់ស្លាប់។ និយាយជាទូទៅគឺថា វាអត់បានផ្តល់ផលប្រយោជន៍អីដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទេ តែភាគច្រើនវាជាការណ៍ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ក្លាយទៅជាអ្នក ដែលគ្មានដីគ្មានផ្ទះ ហើយខ្លះរហូតដល់ទៅជាប់ពន្ធនាគារដល់រាប់ឆ្នាំ…ជាពិសេសស្ត្រី។»
គឺដោយសារតែផលប៉ះពាល់ដ៏សម្បើមបែបនេះហើយ ទើបបានជាមេធាវីអន្តរជាតិ លោក រីឆាត រ៉យជើស៍ (Richard Rogers) កាលពីខែតុលា ឆ្នាំ២០១៤ ក្នុងនាមជាអ្នកតំណាងពលរដ្ឋខ្មែររងគ្រោះដោយសារអំពើច្បាមយកដីធ្លី បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងពួកអ្នកមានអំណាចខ្មែរទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បណ្តឹងចោទថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទាហាន និងឧកញ៉ាគ្រាក់ៗបានជាប់ពាក់ព័ន្ធ បង្កឲ្យមានការរឹបអូសយកដីធ្លីពីពលរដ្ឋជាប្រព័ន្ធ និងមានជម្លោះដីធ្លីរ៉ាំរ៉ៃ។ ភស្តុតាង ដែលមេធាវីអន្តរជាតិរូបនេះ ប្រមូលបានពីអង្គការសង្គមស៊ីវិល និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបង្ហាញថា គិតចាប់ពីឆ្នាំ២០០០មក ក្នុងរយៈពេល១៤ឆ្នាំ យ៉ាងហោចណាស់ពលរដ្ឋខ្មែរប្រមាណជិត១លាននាក់ (៧៧០.០០០) ស្មើនឹង៦%នៃប្រជាជនសរុបបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែអំពើច្បាមយកដីធ្លីនៅកម្ពុជា។ ក្នុងនោះពលរដ្ឋខ្មែរជាង១សែន៤ម៉ឺននាក់(១៤៥.០០០) បានរងការបណ្តេញចេញដោយបង្ខំនៅក្រុងភ្នំពេញ។ បទល្មើសឧក្រិដ្ឋទាំងនោះរួមមាន អំពើឃាតកម្ម ការបណ្តេញចេញដោយបង្ខំ ការចាប់ដាក់គុក និងសកម្មភាពអមនុស្សធម៌រាប់មិនអស់ជាច្រើនទៀត ដូចជាការដុតបំផ្លាញផ្ទះសម្បែង ការធ្វើទុក្ខបុកម្នេញបង្កឲ្យមានការឈឺចាប់ និងរបួសធ្ងន់ធ្ងរដល់រាងកាយ និងបញ្ហាផ្លូវចិត្តជាដើម។
ទំនងជាភ័យខ្លាចពាក់ព័ន្ធនឹងបណ្ដឹងនៅតុលាការអន្តរជាតិនេះហើយទើបក្រសួងពាក់ព័ន្ធជាពិសេសក្រសួងដែនដី នគរូបនីយកម្ម និងសំណង់របស់លោក ជា សុផារ៉ា បានព្យាយាមដោះស្រាយបញ្ហាជម្លោះដីធ្លីនេះជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦មក។ ក្រសួងអះអាងថា បានដោះស្រាយវិវាទដីធ្លី ដែលបានកើតមានប្រមាណ២ម៉ឺនករណីក្នុងឆ្នាំ២០១៦ មកនៅសល់ចំនួន២ពាន់២រយករណី ដោយគ្រោងនឹងឈានទៅដោះស្រាយបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ កក្កដាថ្លែងទទួលស្គាល់ថាមន្ត្រីរដ្ឋាភិបាលគ្រាក់ៗ បានប្រជែងគ្នាទៅចាប់ដីនៅតំបន់មួយចំនួន និងថា មានជម្លោះដីធ្លីជាច្រើនទៀត មិនទាន់ដោះស្រាយរួច៖«ឥឡូវនាំគ្នាទៅចាប់ដី កំពុងមានរឿងកំពុងដោះស្រាយ ហើយសុទ្ធតែធំៗ ប៉ុណ្ណាខ្ញុំមិនដឹងទេតែមន្ត្រីធំៗទៅប្រជែងគ្នាចាប់ដី។ ខ្ញុំជាអ្នករងកម្មមែនទែនទៅដោះស្រាយរឿងដីហ្នឹងចាំដោះឱ្យមានបញ្ហា»។
ងាកទៅមើលផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិវិញអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីឆ្នាំ២០១២ បានរិះគន់ថា ការអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្មតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ជាពិសេសគឺការកាប់បំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំ។
ព្រៃឡង់ 042320
៨ឆ្នាំក្រោយមកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ថ្លែងការពារថា គ្មានឡើយបទល្មើសព្រៃឈើក្នុងទ្រង់ទ្រាយធំកើតមាននៅកម្ពុជា។ ផ្ទុយទៅវិញលោកចោទថា ពលរដ្ឋមូលដ្ឋានទៅវិញទេ ដែលជាអ្នកប្រព្រឹត្តិបទល្មើសកាប់បំផ្លាញព្រៃឈើ៖ «យើងទទួលស្គាល់ថាមានបទល្មើសកើតឡើង ប៉ុន្តែ ដូចអ្វី ដែលខ្ញុំបានបញ្ជាក់ចឹងបទល្មើសទ្រង់ទ្រាយធំវាលែងកើតមានទៀតហើយ។ ក៏ប៉ុន្តែ វានៅមានបទល្មើសទ្រង់ទ្រាយតូច ដូចជាការចូលលួចកាប់ឈើដោយក្រុមជនមួយចំនួន ប្រជាពលរដ្ឋមួយចំនួន ដឹកជាម៉ូតូ ជាគោយន្តអីជាដើម…។ មានការលួចដាក់អន្ទាក់ចាប់សត្វ បរបាញ់សត្វ គឺនៅកើតមាន ដែលកិច្ចការទាំងអស់នេះ យើងចាំបាច់ត្រូវការរឹតបន្តឹងបន្ថែមទៅលើការអនុវត្តច្បាប់ក៏ដូចជាពង្រឹងបន្ថែមទៀតទៅលើប្រសិទ្ធភាពនៃការចុះល្បាតរបស់មន្ត្រីឧទ្យាននុរក្សរបស់យើង ក៏ដូចជាសហការជាមួយនឹងប្រជាសហគមន៍នៅតំបន់ធម្មជាតិ ដើម្បីយើងការពារនូវធនធាន ដែលយើងមាន»។
បើតាមលោក នេត ភត្ត្រា ក្រោយពីមានការកែទម្រង់ឆ្នាំ២០១៦ ក្រសួងបរិស្ថានបច្ចុប្បន្នកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ៦៩កន្លែងមានផ្ទៃដីសរុប៧លាន៣សែនហិកតារ ដោយមានមន្ត្រីឧទ្យានុរក្សជាង១ពាន់២រយនាក់(១.២៦០នាក់) សហការជាមួយសហគមន៍ តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស ដែលនៅសេសសល់។ រីឯក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាអ្នកទទួលបន្ទុកគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច។
ក៏ប៉ុន្តែផ្ទុយពីការអះអាងនេះ បើតាមសកម្មជនព្រៃឈើ លោក ហេង ស្រស់ បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុកក្នុងតំបន់អភិរក្ស ដោយសារតែការអនុវត្តច្បាប់នៅតែមានភាពធូរលុង មានការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធរវាងមន្ត្រីបរិស្ថានមន្ត្រីកសិកម្ម នគរបាលយុត្តិធម៌តាមមូលដ្ឋាន និងមន្ត្រីជំនាញទប់ស្កាត់បទល្មើសព្រៃឈើ។ លោក ហេង ស្រស់ វាយតម្លៃថាកម្ពុជាអាចបាត់បង់ទឹកប្រាក់រហូតដល់ទៅប្រមាណជាង៨០០លានដុល្លារឯណោះក្នុងឆ្នាំ២០១៩កន្លងទៅ៖ «ហេតុអីបានជាបាត់បង់ទឹកប្រាក់រហូតដល់ប៉ុណ្ណឹង? គឺដោយសារតែនៅក្នុងតំបន់មួយចំនួននៅកម្ពុជាដូចជាតំបន់ភ្នំព្រិច តំបន់កន្ទុយនាគ តំបន់វីរជ័យ តំបន់ជួរភ្នំក្រវ៉ាញ ដូចជានៅខាងពោធិ៍សាត់ នៅខាងកំពង់ស្ពឺ នៅខាងព្រៃឡង់ ដូចជានៅខាងព្រៃព្រះរការគឺគ្របដណ្តប់ដោយឈ្មួញ អ្នកដែលមានអំណាច អ្នកដែលមានងារជាឧកញ៉ាទាំងអស់សុទ្ធតែជាអ្នករកស៊ីកាប់បំផ្លាញព្រៃឈើនាំទៅប្រទេសវៀតណាម។ គ្មានការបង់ពន្ធដោយសុក្រិត្យចូលរដ្ឋទេគឺដោយសារតែមានអំពើពុករលួយតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខាងលើ»។
ដូចគ្នានេះដែរកូនប្រុសលោក ឈុត វុទ្ធី និងជាប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈើយ ឧត្តមរស្មី ពន្យល់ថាមានតែមន្ត្រីរដ្ឋ និងអ្នកមានលុយ មានអំណាចទេ ដែលជាប់ ពាក់ព័ន្ធក្នុងអំពើកាប់បំផ្លាញព្រៃឈើបែបនេះ រីឯពលរដ្ឋក្រីក្រវិញគ្មានលទ្ធភាពទៅបង្ក វិនាសកម្មធំធេងបែបនេះបានឡើយ៖ «ខ្ញុំគិតថានេះគឺជាការអនុវត្តច្បាប់មួយដ៏ធូររលុង ដែលមិនអើពើទៅលើការកាប់បំផ្លាញព្រៃឈើ។ បើសិនជានៅតែបន្តកាប់ដូចសព្វថ្ងៃទៀត៦៩តំបន់ការពារនេះក៏ត្រូវខ្ទេចខ្ទាំក្នុងពេលឆាប់ៗនេះដែរ។ ដូច្នេះរដ្ឋាភិបាលមេត្តាគិតគូរ ហើយមេត្តា ជាពិសេសគឺចាប់ឧញ៉ាមួយចំនួនធំៗ ដែលរកស៊ីឈើមកផ្តន្ទាទោស។ ជាពិសេសបើយើងមើលតាមព្រំដែន គឺសុទ្ធតែជាមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ មានទាហ៊ាន ប៉ូលីស ប៉េអ៊ឹម ហើយអ្នកខ្លះមានឋានន្តរសក្តិធំ សក្តិបួន សក្តិប្រាំ ផ្កាយមួយដល់ផ្កាយបីអីទៅ…។ ប្រទេសកម្ពុជាអាចស្តារព្រៃឈើឡើងវិញបាន លុះត្រាតែកម្ចាត់ពួកអ្នក ដែលពុករលួយក្នុងជួររដ្ឋាភិបាលចេញបានពីព្រោះថាគ្មានអ្នកណាគេគ្មានប្រជាពលរដ្ឋណា គ្មានជនស្លូតត្រង់ណាទៅកាប់ឈើបានមួយដុំ ឬក៏មួយម៉ែត្រគូបអីទេ គឺសុទ្ធតែជនមាន អំណាចទាំងអស់ ហើយជនមានអំណាចនោះ ខ្ញុំហ៊ាននិយាយត្រង់គឺធ្វើការបម្រើការ នៅក្នុងជួររដ្ឋាភិបាលតែម្តង»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី ដើម្បីសុំប្រតិកម្មបន្ថែមជុំវិញបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ផ្តល់ដីសម្បទានសេដ្ឋកិច្ចបានទេ ដោយសារតែលោកចុចផ្តាច់ទូរស័ព្ទទៅវិញពេលឮថា ជាអ្នកសារព័ត៌មានអាស៊ីសេរី។ លោក ស្រី វុឌ្ឍី ក៏មិនឆ្លើយតបទៅនឹងសារជាសំឡេងរបស់អាស៊ីសេរីសួរតាមប្រព័ន្ធតេឡេក្រាមដែរគិតត្រឹមម៉ោងផ្សាយនេះ។
ទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវរួម (Joint Research Center, JRC) របស់គណៈកម្មាការអឺរ៉ុប និងទិន្នន័យបម្រែបម្រួលព្រៃឈើសាកល (Global Forest Change) របស់សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃសហរដ្ឋអាមេរិក រកឃើញថា មានការកើនឡើងមិនធ្លាប់មានពីមុនមក នូវការបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជា។ គិតចាប់ពីឆ្នាំ២០០០មក កម្ពុជាបានបាត់បង់គម្របព្រៃឈើដល់ទៅ ២៦% ស្មើនឹង ២លាន៣សែនហិកតារ។ ដោយឡែក គ្រាន់តែក្នុងឆ្នាំ២០១៩មួយ ដែនជម្រកសត្វព្រៃព្រៃឡង់ បានបាត់បង់ព្រៃរហូតដល់ទៅ ៧ពាន់៥រយហិកតារ គឺស្មើនឹងការកើនឡើងដល់ទៅ ៧៣% ពីឆ្នាំ២០១៨ ដែលមានន័យថា ក្នុង១ម៉ោង ដែនជម្រកសត្វព្រៃព្រៃឡង់នេះ បាត់បង់ព្រៃស្មើនឹងទំហំធំជាងតារាងបាល់ទាត់មួយ។ តួលេខនេះ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី១០ ក្នុងពិភពលោកដែលរងការបាត់បង់ព្រៃឈើខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០១៩ គឺរហូតដល់ទៅជាង ៦ម៉ឺន៣ពាន់ហិកតារ។
អ្នកវិទ្យាសាស្ត្រខាងព្រៃឈើ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណាម៉ាក (Denmark) បណ្ឌិត អាយដា ថីឡាដ៍ (Ida Theilade) លើកឡើងថា ករណីកើនឡើងការបាត់បង់ព្រៃឈើនេះ កើតមានឡើងស្របពេលដែលមានការរួមតូចទៅៗនៃលំហសង្គមស៊ីវិល និងមានករណីកើនឡើងនៃអំពើគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកស្ម័គ្រចិត្តរបស់បណ្ដាញសហគមន៍ព្រៃឡង់។ សាស្ត្រាចារ្យរូបនេះព្រមានថា កេរដំណែលព្រៃឈើនៅកម្ពុជា អាចនឹងបាត់បង់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីខាងមុខទៀតនេះ ប្រសិនបើគ្មានការបង្ក្រាប និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនោះទេ៖ «ខ្ញុំអាចនិយាយបានថា ប្រសិនបើការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានឡើងក្នុងល្បឿនដូចដែលកំពុងកើតឡើងនាពេលឥឡូវនេះ ហើយវាហាក់ដូចជាធ្វើឡើងជាប្រព័ន្ធយ៉ាងល្អ ខ្ញុំជឿជាក់ថា រាល់ឈើហ៊ុបពាណិជ្ជកម្មទាំងអស់ អាចនឹងត្រូវបាត់បង់នៅក្នុងរយៈពេលតែប៉ុន្មានពីរទៅបីឆ្នាំខាងមុខទៀតតែប៉ុណ្ណោះ។ នេះក៏រាប់បញ្ចូលទាំងដើមច្បោះជ័រ ដែលជួយទ្រទ្រង់ដល់ជីវភាពពលរដ្ឋនៅតាមមូលដ្ឋានដែរ។ ខ្ញុំគិតថា វាជាស្ថានភាពមួយគួរឲ្យសោកស្ដាយមែនទែនសម្រាប់ពលរដ្ឋតាមមូលដ្ឋាន ហើយក៏សម្រាប់ប្រទេសកម្ពុជាទាំងមូលដែរ ព្រោះថាតំបន់ព្រៃឈើទាំងនេះ ខ្ញុំអាចនិយាយបានថា វាជាគោលដៅអេកូទេសចរណ៍ដ៏ចម្បងមួយ»។
សកម្មជនសិទ្ធិមនុស្ស សកម្មជនព្រៃឈើ និងអ្នកវិទ្យាសាស្ត្រ យល់ស្របគ្នាថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ជាផ្នែកមួយរួមចំណែកឲ្យមានវិនាសកម្មកាប់បំផ្លាញព្រៃឈើនៅកម្ពុជាបែបនេះ។ ក្រៅតែពីការរឹតបន្តឹងការអនុវត្តច្បាប់ដែលមានស្រាប់ ពួកគេចង់ឃើញឲ្យមានការបញ្ឈប់ទាំងស្រុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាប់ និងដឹកជញ្ជូនឈើ រួមទាំងអាជីវកម្មរោងចក្រកែច្នៃឈើនៅក្បែរតំបន់អភិរក្សព្រៃឈើជាដើម។ ទន្ទឹមនឹងនោះ ពួកគេក៏ចង់ឃើញរដ្ឋាភិបាល អនុញ្ញាតឲ្យសហគមន៍មូលដ្ឋាន និងពលរដ្ឋ អាចចុះល្បាតព្រៃឈើបានដូចប្រក្រតីឡើងវិញដែរ។
កម្ពុជាអាចនឹងក្លាយជាប្រទេសមួយ ដែលមនុស្សជំនាន់ក្រោយលែងស្គាល់ព្រៃឈើ។ រីឯក្រុមអ្នកមានអំណាចសព្វថ្ងៃវិញ ក៏អាចប្រឈមនឹងឱកាសយកទៅកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងពេលដែលតុលាការអន្តរជាតិមួយនេះ បានពង្រីកអំណាចយុត្តាធិការរបស់ខ្លួន តាំងពីឆ្នាំ២០១៦មក ដោយចាត់ទុកថា អំពើបំផ្លិចបំផ្លាញបរិស្ថាន អំពើបំផ្លាញធនធានធម្មជាតិ និងអំពើច្បាមយកដីធ្លីពីពលរដ្ឋ ជាផ្នែកមួយនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រៅតែពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម៕
No comments:
Post a Comment