ដោយ មួង ណារ៉េត
2020-07-04

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
រូបថត៖ ហ្វេសប៊ុក Sam Rainy
នៅក្នុងអត្ថបទរបស់លោក ដែលចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ ឌឹ ជីអូផល្លីធីកស៍ (the Geopolitics) កាលពីថ្ងៃទី៣ ខែកក្កដា លោក សម រង្ស៊ី លើកយកធនាគារអេស៊ីលីដា មកពិភាក្សា ដោយសារធនាគារនេះ ដំបូងជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់កម្រៃ ដែលទទួលមូលនិធិពីអង្គការសហប្រជាជាតិ (UNDP) ប៉ុន្តែបច្ចុប្បន្នបានប្រែក្លាយខ្លួន ទៅជាស្ថាប័នផ្ដល់ប្រាក់កម្ចីដើម្បីយកការប្រាក់ និងចំណេញកប់ក្ដោងពីរាស្ត្រខ្មែរ ដែលជំពាក់បំណុលធនាគារវ័ណ្ឌក។
លោកបន្តថា ធនាគារអេស៊ីលីដា មានម្ចាស់ជាខ្មែរ ប៉ុន្តែ មានម្ចាស់ភាគហ៊ុនជាបរទេសជាច្រើន រួមមានសាជីវកម្មធនាគារនៃប្រទេសជប៉ុន (Sumitomo Mitsui Banking Corporation of Japan and Orix Corporation of Japan) ស្ថាប័នធនាគារនៃប្រទេសបារាំង (Cofibred, France) និងហុល្លង់ (Triodos Bank, the Netherlands)។ សព្វថ្ងៃពលរដ្ឋជំពាក់បំណុលធនាគារនេះ គិតជាទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ដែលក្នុងនោះ ជាង ១ពាន់ ៦រយលានដុល្លារ ជាកម្ចីខ្នាតតូច។
ដោយហេតុនេះហើយ ទើបលោក សម រង្ស៊ី ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអន្តរជាតិជា រួមទាំងដៃគូរបស់ធនាគារអេស៊ីលីដា និងភ្នាក់ងារធនាគារបរទេសឯទៀត ទទួលខុសត្រូវ ក្នុងការដាក់សម្ពាធសហភាគហ៊ុនរបស់ខ្លួននៅកម្ពុជា ឱ្យប្រព្រឹត្តប្រកបដោយក្រមសីលធម៌ និងជួយពលរដ្ឋម្ចាស់បំណុល ឱ្យរួចផុតពីការជំពាក់បំណុលវ័ណ្ឌកនេះ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីធនាគារអេស៊ីលីដា ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ីនេះបាននៅឡើយទេ។
ប៉ុន្តែ កាលពីថ្ងៃទី២ ខែកក្កដា ធនាគារនេះ ចោទអង្គការដែលរកឃើញបញ្ហាបំណុលវ័ណ្ឌកនោះ ថាជាការបំភ្លៃបំភ័ន្ត និងបង្កចលាចលក្នុងសង្គម និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕
1 comment:
It is apparent that all Banks in Cambodia are either affiliated with Ah Chos Kauot Hun Sen's family or Yuon Kantorb.
They have never cared about Khmer's suffering.
Post a Comment