Tuesday 4 August 2020

ក្រុម​អ្នកឃ្លាំមើល​ថា ការ​ចាប់​លោក រ៉ុង ឈុន មានហេតុ​ផល​ផ្សេង​សំខាន់​ជាង​រឿង​ព្រំដែន


ដោយ ទីន ហ្សាការីយ៉ា
2020-08-04
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា
រូប៖ ពលរដ្ឋ



ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា យល់ឃើញ​ស្របគ្នា​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ក្រោម​ហេតុផល​រឿង​ព្រំដែន គ្រាន់តែ​ជា​ការ​បិទបាំង​ប៉ុណ្ណោះ។ ពួក​គេ​ជឿ​ថា មូលហេតុ​ចម្បង​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺ​ដោយសារ​របប​ក្រុងភ្នំពេញ បារម្ភ​ថា មេដឹកនាំ​សហជីព​រូប​នេះ​នឹង​ចេញមុខ​ដឹកនាំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ ពេល​កម្មករ​បាត់បង់​ការងារ​ធ្វើ ដោយសារ​វិបត្តិ​កូវីដ-១៩ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅ​កាត់​ថា EBA។

ក្រុម​អ្នកសង្កេតការណ៍ និង​គណបក្ស​ប្រឆាំង វាយ​តម្លៃ​ថា របប​ក្រុងភ្នំពេញ​យក​បញ្ហា​ព្រំដែន​ជា​លេស ចាប់​លោក រ៉ុង ឈុន ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% និង​គំរាម​មេ​សហជីព​ផ្សេងទៀត​កុំ​ឱ្យ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម។ ជាពិសេស សេចក្ដី​សំអាង​ហេតុផល​ចាប់​ខ្លួន​រឿង​ព្រំដែន​នេះ​អាច​ឱ្យ​សហគមន៍​អន្តរជាតិ​យល់ថា ជា​រឿង​ផ្ទៃក្នុង​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ហើយ​បន្ថយ​ការ​ថ្កោលទោស ឬ​អន្តរាគមន៍​របស់​ពួក​គេ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក រ៉ុង ឈុន ជា​បញ្ញវន្ត​មួយ​រូប​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន គោរព​ស្រឡាញ់ ដោយសារ​វីរភាព​របស់​លោក​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ និង​អយុត្តិធម៌​សង្គម។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន ចាប់ខ្លួន​លោក រ៉ុង ឈុន ដើម្បី​បង្ក្រាប​ជាមុន​កុំ​ឱ្យ​កម្មករ​ងើប​តវ៉ា នៅ​ពេល​ពួក​គាត់​កាន់​តែ​ច្រើន​បាត់បង់​ការងារ​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩ និង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ដែល​នឹង​មកដល់​នៅ​ថ្ងៃ​ទី១២ សីហា សប្ដាហ៍​ក្រោយនេះ។


លោក អេង ឆៃ​អ៊ា​ង ជឿ​ថា ទោះជា​របប​លោក ហ៊ុន សែន ប្រើ​លេស​រឿង​ព្រំដែន​ដើម្បី​ចាប់​លោក រ៉ុង ឈុន ក៏​ដោយ ក៏​មិន​អាច​បំភ័ន្ត​ភ្នែក​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ដែរ ព្រោះ​ពួក​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា សកម្មភាព​ទាំងឡាយ​របស់​លោក រ៉ុង ឈុន គឺ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ៖ «កាល​ណា​ចាប់​លោកគ្រូ រ៉ុង ឈុន ក្នុង​ហេតុផល​ការពារ​កម្មករ គឺ​សហព័ន្ធ​សហជីព​ពិភពលោក និង​អ្នក​បញ្ជា​ទិញ​ហ្នឹង គេ​នឹង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ អ៊ីចឹង​គឺ​របប​លោក ហ៊ុន សែន ប្ដូរ​មក​ចោទ​រឿង​ព្រំដែន​វិញ។ ទោះ​ជា​យ៉ាង​ណា ក៏​គេច​មិន​ផុត​ពី​ការខាតបង់​ដែរ ព្រោះ​សហគមន៍​អន្តរជាតិ គេ​ស្គាល់​ច្បាស់ គេ​ដឹង​ច្បាស់ លោក រ៉ុង ឈុន នៅក្នុង​មួយ​ជីវិត​គាត់​នេះ គាត់​ធ្វើសកម្មភាព​នានា គឺ​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​អ្នករងគ្រោះ ដូចជា កម្មករ កសិករ គ្រូបង្រៀន មន្ត្រី​រាជការ​តែ​ប៉ុណ្ណឹង​ទេ»។

កាលពី​ពេល​ថ្មីៗ នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ទទួល​ការ​ពឹងពាក់​ពី​កម្មករ​រោង​ចក្រ​វ៉ាយអូលែត (Violet) ឱ្យ​ជួយ​តវ៉ា​ទាមទារ​សំណង​ការងារ ដោយសារ​ថៅកែ​បិទ​រោងចក្រ​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ​តាមច្បាប់។ គឺ​វិវាទ​នៅ​រោង​ចក្រ​វ៉ាយអូលែត​នេះ​ហើយ ដែល​ក្រសួង​ការងារ​បាន​ចេញ​លិខិត​ព្រមាន​មេដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​បញ្ឈប់​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ បើ​ពុំ​ដូច្នេះ​ទេ ក្រសួង​នឹង​ប្ដឹង​រំលាយ​សហជីព​របស់​អ្នកស្រី។

លោក រ៉ុង ឈុន បាន​ដឹក​នាំ​ក្រុម​កម្មករ​រោងចក្រ​វ៉ាយអូលែ​ត ដើរ​តវ៉ា ដើរ​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដែល​ជា​ការ​តវ៉ា​មួយ​ដ៏​កម្រ ចាប់​តាំង​ពី​របប​ក្រុងភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា និង​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​កម្មករ​ឱ្យ​ស្លាប់ ៥នាក់ និង​របួស​ជិត ៤០នាក់ នៅ​លើ​កំណាត់​ផ្លូវ វ៉េង ស្រេង និង​ក្បែរ​រោងចក្រ យ៉ាក់ជីន កាលពីដើម​ឆ្នាំ២០១៤។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​របស់​គាត់ មិន​ចូលចិត្ត​លោក រ៉ុង ឈុន ជា​យូរ​មក​ហើយ ព្រោះ​លោក រ៉ុង ឈុន ជា​មេដឹកនាំ​សហជីព​ដែល​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ ជាសកម្ម​ជន​សង្គម​ស៊ីវិល និង​ជា​អ្នក​ហ៊ាន​និយាយ​ការ​ពិត​ដោយ​ឥត​លាក់លៀម។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន ចង់តែ​ចាប់​លោក រ៉ុង ឈុន ទេ ដោយសារ​គាត់​បន្ត​និយាយ​រឿង EBA និង​ជួយការ​ពារ​សិទ្ធិ​កម្មករ តែ​កន្លងទៅ របប​នេះ​មិនទាន់​មាន​លេស​គ្រប់គ្រាន់៖ «ខ្ញុំ​ជឿ​ថា របប​លោក ហ៊ុន សែន បាន​រង់ចាំ​មើល​សាច់រឿង​ណាមួយ​ដែល​អាច​ឱ្យ​ពួក​គេ​មាន​លេស​ចាប់ខ្លួន លោក រ៉ុង ឈុន។ វា​ពិបាក​សម្រាប់​របប​ក្រុងភ្នំពេញ​ក្នុង​ការ​ចាប់ខ្លួន​អ្នកណា​ម្នាក់​ដោយសារតែ​និយាយ​រឿង EBA ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា បើ​ធ្វើ​បែប​នេះ សហភាព​អឺរ៉ុប​នឹង​ផ្ទុះ​កំហឹង។ ដូច្នេះ ពួក​គេ​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​លោក រ៉ុង ឈុន និយាយ​រឿង​ផ្សេងទៀត ហើយ​ករណី​នេះ គឺ​គាត់​បាន​និយាយ​រឿង​ព្រំដែន។ ខ្ញុំ​គិត​ថា ចំណាត់​ការ​លើ​លោក រ៉ុង ឈុន មិនមែន​គ្រាន់តែ​ជា​រឿង​ព្រំដែន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​រឿង​ជាច្រើន​ដែល​លោក រ៉ុង ឈុន ធ្លាប់​បាន​និយាយ​ជា​ហូរហែ​មក»។

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន បដិសេធ​ថា ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន មិន​ជាប់​ទាក់ទង​នឹង​រឿង​សិទ្ធិ​ការងារ ឬ​រឿង EBA នោះ​ទេ៖ «ការ​យល់​ឃើញ​របស់​អស់​លោក​អ្នក​នៅ​ក្រៅ​ប្រទេស​ទាំង​ប៉ុន្មាន​ហ្នឹង ជា​ការ​យល់​ឃើញ​របស់​គាត់ តែ​ចំពោះ​ខ្ញុំ​ដូចជា​មិន​ឃើញ​តុលាការ​ចោទ​គាត់​ពី​រឿង​បាត់ EBA ទេ ចោទ​គាត់​តែ​ពី​រឿង​គាត់​ទៅ​ញុះញង់​នៅ​ព្រំដែន​តើ។ អាហ្នឹង​មើល​កម្មវត្ថុ​ចោទ​ឱ្យ​ច្បាស់លាស់»។

កាលពី​ខែ​សីហា ឆ្នាំ២០១៩ កន្លងទៅ លោក រ៉ុង ឈុន បាន​គ្រោង​ប្រមូល​ផ្ដុំ​កម្មករ និង​គ្រូបង្រៀន តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក កឹម សុខា និង​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី។ លោក រ៉ុង ឈុន ចង់​ធ្វើ​ដូច្នេះ ព្រោះ​លោក​យល់​ថា នេះ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ក្រុម​លោក រ៉ុង ឈុន ហ៊ាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ដូច​ការ​គ្រោងទុក​មែន​នោះ។

ថ្វី​ដ្បិតតែ​រង​ការព្រមាន​ពី​អាជ្ញាធរ​ក៏ដោយ ក៏​លោក រ៉ុង ឈុន នៅតែ​មិន​បញ្ឈប់​សកម្មភាព​ទាមទារ​នេះ​ដែរ។ នៅដើម​ខែមករា ឆ្នាំ២០២០ ពោល​គឺ​មួយ​ខែមុន​គណៈកម្មការ​អឺរ៉ុប​ត្រូវ​សម្រេចចិត្ត​រឿង​ដក ឬ​មិន​ដក EBA ពី​កម្ពុជា​នោះ លោក រ៉ុង ឈុន ប្រមូល​បាន​ស្នាមមេដៃ​កម្មករ​ជាង១ ពាន់​នាក់ ធ្វើជា​ញត្តិ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​សប្បាយចិត្ត​នោះ​ទេ ទោះជា​សកម្មភាព​របស់​លោក រ៉ុង ឈុន នេះ គឺ​ដើម្បី​ប្រយោជន៍​កម្មករ​ក៏​ដោយ។ នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់ លោក ហ៊ុន សែន បាន​ប្រើ​ភាសា​អា​មឹង ចំពោះ​លោក រ៉ុង ឈុន ហើយ​ឱ្យ​លោក​ឈប់​និយាយ​រឿង EBA ត​ទៀត ព្រោះ​របប​លោក​បាន​ត្រៀមខ្លួន​បាត់បង់ EBA ចំនួន ២០% នោះ​ហើយ។ វិធានការ​ត្រៀម​របស់​លោក ហ៊ុន សែន នោះ គឺ​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ដល់​អ្នក​វិនិយោគ ព្រមទាំង​បន្ថយ​ប្រយោជន៍​កម្មករ ដើម្បី​ជួយ​សម្រួល​ដល់​ថៅកែ​រោងចក្រ៖ «កម្ពុជា​បញ្ជាក់​ច្បាស់​ហើយ​ថា កម្ពុជា​មិនទៅ​ស្នើសុំ​អា ២០% ត្រឡប់​មក​វិញ​ទេ។ សូម​អា​អ្នកវិភាគ ជាពិសេស អា រ៉ុង ឈុន នោះ និយាយ​ស្ដាប់​ឱ្យ​បាន។ គេ​ត្រៀម​បម្រុង​នៅ​ទី​នេះ​ហើយ។ ឱ្យ​បាត់​ទៅ​អា ២០% ហ្នឹង កុំ​ទៅ​ខ្វល់!»។

លោក រ៉ុង ឈុន ដែល​ធ្លាប់​តស៊ូ​ក្នុង​បុព្វហេតុ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ មិនបាន​បញ្ឈប់​ការ​បញ្ចេញមតិ​រឿង EBA នោះ​ទេ ទោះ​ជា​លោក ហ៊ុន សែន ចុច​ចំ​ឈ្មោះ​បែបនេះ​ក៏ដោយ។ សម្រាប់​លោក រ៉ុង ឈុន ការ​បាត់បង់ EBA ចំនួន ២០% នេះ មិនមែន​ជា​រឿង​តូចតាច​ដូច​អ្វី​ដែល​របប​ក្រុងភ្នំពេញ​ប្រកាស​ក្តែងៗ នោះ​ឡើយ។ លោក​ជឿ​ថា ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ បាត់​ទំនុក​ចិត្ត ហើយ​កាត់បន្ថយ ឬ​ដក​ការ​វិនិយោគ​ពី​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​រាប់​សែន​នាក់​បាត់បង់​ការងារ​ធ្វើ៖ «អ្វី​ដែល​គាត់​លើកឡើង​នេះ ខ្ញុំ​គិត​ថា ល្អ​ប្រសើរ​ដែរ សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​តាមវិទ្យុ​អាស៊ី​សេរី និង​តាម​បណ្ដាញ​សារ​ព័ត៌មាន​ផ្សេងៗ បាន​ឮ​ដល់​គាត់ (ហ៊ុន សែន​) គាត់​ស្ដាប់​ហើយ​យកចិត្ត​ទុកដាក់ យក​មក​ធ្វើការ​ឆ្លើយតប​អំពី​ក្ដី​កង្វល់​របស់​កម្ម ទោះបីជា​គាត់​ប្រើ​ពាក្យ​អសុរោះ​មក​លើ​ខ្ញុំ​ក៏ដោយ ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ ហើយ​យើង​ជា​សហជីព​ត្រូវតែ​ធ្វើការ​ឈរ​លើ​ផល​ប្រយោជន៍​សហជីព កម្មករ​កម្មការិនី ហើយ​និង​ប្រជា​ពលរដ្ឋ»។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន នៅ​គេហដ្ឋាន​របស់​លោក កាលពី​យប់​ថ្ងៃ​ទី៣១ កក្កដា ដោយ​គ្មាន​ដីកា ក្រោម​ហេតុផល​បទល្មើស​ជាក់ស្ដែង។ តំណាង​អយ្យការ​បាន​ចោទ​លោក​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” តាម​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នា​គារ​ពី ៦ខែ​ដល់ ២ឆ្នាំ។ ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​ជាង​មួយ​ម៉ោង​ក្រោយពេល​លោក​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ដើម្បី​ប្រតិកម្ម​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​ចោទ​លោក​ថា បាន​ចេញ​របាយការណ៍​បំភ្លៃ​ការពិត​រឿង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឱ្យ​បាត់​ដី​ពលរដ្ឋ​ទៅ​ខាង​ភាគី​វៀតណាម។

មេធាវី សំ សុ​គង់ ដែល​ជួយការ​ពារ​ក្តី​ឱ្យ​លោក រ៉ុង ឈុន អះអាង​ថា ទាំង​ការចោទប្រកាន់ និង​ចាប់ខ្លួន​កូន​ក្តី​របស់​លោក​សុទ្ធតែ​ធ្វើឡើង​ដោយ​ខុស​នីតិវិធី។ ខុស​នីតិវិធី គឺ​កូន​ក្តី​របស់​លោក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ព្រំដែន​តាំងពី​ថ្ងៃ​ទី២១ ខែកក្កដា ស្រាប់តែ​អាជ្ញាធរ​ទៅ​ចាប់​គាត់​នៅ​ថ្ងៃ​ទី៣១ កក្កដា ដោយ​ចោទ​ពី​បទល្មើស​ជាក់ស្តែង ហើយ​ការ​ចាប់ខ្លួន​នេះ​ទៀតសោត ធ្វើឡើង​នៅ​ពេល​យប់ ផុត​ការកំណត់​នៃ​ច្បាប់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា យល់ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ គឺ​ដោយសារ​លោក​ជាសកម្ម​ជន​ដ៏​លេចធ្លោ និង​ជាច​លក​រន​យោ​បាយ​មួយ​យ៉ាង​សំខាន់​នា​ពេល​បច្ចុប្បន្ន ដែល​អាច​ទាញ​ទម្លាក់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់អំណាច។ លោក​ថា ការ​ចាប់ខ្លួន​សកម្មជន​រូប​នេះ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​កាន​តែ​ច្បាស់​អំពី​ការ​ធ្លាក់​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់តែ​អាប់អួ៖ «លោក រ៉ុង ឈុន គាត់​ធ្វើសកម្មភាព​មួយចំនួន​ដែល​វារ​សើ​បទៅ​ដល់​រដ្ឋាភិបាល បាត់បង់​ប្រជាប្រិយ​ភាព បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជាមួយ​គាត់។ វា​ពាក់ព័ន្ធ​ទាំង​រឿង​ព្រំដែន រឿង​កម្មករ រឿង EBA រឿង​អ្វី​ទាំងអស់​ចូល​ជាមួយគ្នា​ហ្នឹង»។

ស្រប​ពេល​ដែល​ការ​ដកហូត EBA ចំនួន ២០% នឹង​ចូលជាធរមាន​នៅ​ថ្ងៃ​ទី១២ សីហា ខាង​មុខ​នេះ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​លោក ហ្វីល រ៉ូបឺតសុន ថ្លែង​ថា សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាក់​បញ្ចូល​ករណី​លោក រ៉ុង ឈុន ទៅ​ក្នុង​បញ្ជី​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​វែងអន្លាយ​របស់​ខ្លួន។ លោក​សង្កត់​ធ្ងន់​ថា សហភាព​អឺរ៉ុប​មាន​ហេតុ​ផល​ស្រប​ច្បាប់​ជា​ច្រើន ដែល​អាច​យក​មក​ជម្រះ​បញ្ជី​ជាមួយ​របប​លោក ហ៊ុន សែន ប្រសិន​បើ​របប​នេះ​ចង់​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​បន្ត​ទៅ​ទៀត៕

1 comment:

Anonymous said...

XiPehPeh accused Rongchunn of hiring actors to pretend to be the villagers who lost land at the border. CRNP must quickly find these villagers to prove him innocent before CPP destroy the evidence.Rong C