ដោយ ទីន ហ្សាការីយ៉ា
2020-08-05
ក្រុមអ្នកដែលគោរពស្រឡាញ់លោក រ៉ុង ឈុន តវ៉ាទាមទារឱ្យដោះលែងលោក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
អ្នកវិភាគលើកឡើងថា អាជ្ញាធររបបលោក ហ៊ុន សែន កំពុងតែរំលោភសិទ្ធិពលរដ្ឋម្ដងហើយម្ដងទៀត ដោយប្រើប្រាស់តុលាការដែលលម្អៀងទៅរកគណបក្សកាន់អំណាច។ លោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួនថ្មីៗ នេះ បានផ្ដែផ្ដាំពីពន្ធនាគារឲ្យពលរដ្ឋទាំងអស់ កុំតក់ស្លុត ចំពោះការព្រមាន ឬការគំរាមកំហែងរបស់អាជ្ញាធរក្រុងភ្នំពេញ។
អ្នកច្បាប់ និងអ្នកវិភាគអះអាងថា របបលោក ហ៊ុន សែន ខ្លាចកម្លាំងមហាជនជួបជុំគ្នាតវ៉ាដោះលែងលោក រ៉ុង ឈុន កាន់តែច្រើនឡើង ទើបចេញលិខិតព្រមានក្រុមអ្នកតវ៉ា ហើយយកលេសរឿងសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមជាខែលបិទបាំង។
អ្នកវិភាគនយោបាយនិរទេសខ្លួន គេចពីការតាមចាប់ខ្លួនពីរបបលោក ហ៊ុន សែន គឺលោក គឹម សុខ មានប្រសាសន៍ថា របបក្រុងភ្នំពេញ ប្រព្រឹត្តអំពើអយុត្តិធម៌ច្រើន ហើយធ្វើឲ្យពលរដ្ឋរងទុក្ខ ដែលបញ្ហានេះហើយ ជាហេតុផលដែលរបបឯកបក្សត្រូវទប់ស្កាត់ការជួបជុំ មិនថា ការជួបជុំទាមទារដោះលែងលោក រ៉ុង ឈុន ឬការតវ៉ារឿងអយុត្តិធម៌សង្គមផ្សេងៗ នោះទេ របបនេះត្រូវតែទប់ស្កាត់។ លោក គឹម សុខ អះអាងថា ការទប់ស្កាត់ការតវ៉ានេះ គឺរបបលោក ហ៊ុន សែន ដាក់ខ្សែក្រវ៉ាត់ក្រហមច្រើនជាន់ ដើម្បីការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះ៖ «ក្រុមលោក ហ៊ុន សែន គ្រាន់តែប្រើពាក្យច្បាប់ជាលេស ពីមុនគេដាក់បន្ទាត់ក្រហមលើ អ្នកនយោបាយប្រឆាំង អង្គកាសង្គមស៊ីវិល សហជីព និងលោក រ៉ុង ឈុន ជាប្រធានសហជីពដ៏ល្បីល្បាញ។ បន្ទាត់ក្រហមទាំងនេះ បន្ថែមអំពើអយុត្តិធម៌សង្គម រឿងរំលោភដីធ្លី ពលរដ្ឋក្រីក្រ ការបាត់បង់ EBA រឿងយួនរំលោភលើដីពលរដ្ឋខ្មែរ ហើយចុងក្រោយលួចឃុបឃិតធ្វើផែនទីស្ងាត់ៗ ទាំងអស់នេះ ធ្វើឲ្យពលរដ្ឋក្ដៅក្រហាយនៅតែថ្ងៃចាំផ្ទុះចេញទេ»។
ទោះបីជាបែបនេះក្ដី សហមេធាវីលោក រ៉ុង ឈុន មួយរួបក្នុងចំណោមមេធាវី ៤រួប គឺលោកមេធាវី ហែម សុជាតិ អះអាងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្ដែងមតិ និងជួបជុំគ្នាទាមទាររឿងអយុត្តិធម៌សង្គម ដែលសិទ្ធទាំងនេះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៣៧ ផង និងមានចែងនៅក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីផង។ លោកមេធាវី ហែម សុជាតិ បន្ថែមថា ពលរដ្ឋ គ្រូបង្រៀន កម្មករ ធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន នេះ គ្មានខុសច្បាប់អ្វីឡើយ។ ផ្ទុយទៅវិញ បើសិនជាសមត្ថកិច្ចខ្លាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ សមត្ថកិច្ចគួរតែសម្រួលដល់អ្នកតវ៉ារៀបចំសណ្ដាប់ធ្នាប់ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី៖ «ការធ្វើបាតុកម្ម ឬកូដកម្មណាមួយធ្វើឡើងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់កូដកម្ម ឬបាតុកម្មគាត់មានសិទ្ធិធ្វើ។ ហើយសិនជាការធ្វើនោះ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធរត្រូវរៀបចំសម្រួលឲ្យពួកគាត់ធ្វើបាតុកម្មដោយសន្តិវិធី»។
គិតចាប់ពីថ្ងៃតុលាការទៅចាប់ខ្លួនលោក រ៉ុង ឈុន ទាំងយប់ថ្ងៃទី៣១ កក្កដាមក ក្រុមអង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ សហជីព រួមទាំងគណបក្សសង្គ្រោះជាតិផង បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសរបបលោក ហ៊ុន សែន និងទាមទារឲ្យដោះលែងលោក រ៉ុង ឈុន វិញ ជាបន្តបន្ទាប់។ ក្រៅពីនេះសន្ទុះអ្នកតវ៉ា ធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន វិញ ក៏កាន់តែផុលផុសដែរ មិនថាពលរដ្ឋខ្មែរនៅក្នុងក្រៅស្រុក និងនៅក្នុងស្រុកនោះទេ។ កម្មករសំណង់មួយរួបធ្វើការនៅប្រទេសថៃ ប្ដេជ្ញាថា នឹងធ្វើបាតុកម្មទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ទាល់តែបាន។ លោកអះអាថា លោកមិនខ្លាចការគំរាមកំហែងពីរបបលោក ហ៊ុន សែន ឡើយ៖ «ពួកយើងខ្ញុំទាំងអស់គ្នានៅតែធ្វើបន្តទៅទៀត លុះត្រាតែដោះលែងលោកគ្រូ រ៉ុង ឈុន បើមិនដូច្នោះទេ ពួកយើងខ្ញុំនៅតែបន្តធ្វើបាតុកម្មរហូត គឺមិនត្រូវការរដ្ឋាភិបាលអាំយ៉ងបរទេសនោះទេ»។
ក្មួយប្រុសបង្កើត លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ដែលបានទៅសួរសុខទុក្ខលោក រ៉ុង ឈុន ក្នុងពន្ធនាគារនោះឲ្យដឹងថា លោក រ៉ុង ឈុន សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងទាមទារយុត្តិធម៌ជូនលោក។ បន្ថែមពីនេះ លោក រ៉ុង ឈុន ក៏បានផ្ដែផ្ដាំឲ្យពលរដ្ឋទាំងអស់រឹងមាំឡើង កុំតក់ស្លុត ចំពោះការគំរាមកំហែង៖ «លោកគ្រូរ៉ុង ឈុន បានផ្ដែផ្ដាំតាមខ្ញុំ សូមឲ្យលោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងបងប្អូនទាំងអស់ គោរពស្រលាញ់គាត់ ស្រលាញ់យុត្តិធម៌សង្គម កុំតក់ស្លុតបាក់ស្បាតឲ្យសោះ ត្រូវតែរឹងមាំស្វែងរកការពិត រកយុត្តិធម៌សង្គមទាំងអស់គ្នា»។
តុលាការបានចោទប្រកាន់ លោក រ៉ុង ឈុន ពីបទ “ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ”តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ” ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ មេធាវីការពារក្ដី លោក រ៉ុង ឈុន មួយរួបទៀត គឺលោកមេធាវី សំ សុគង់ មានប្រសាសន៍ថា ការចាប់ខ្លួនលោក រ៉ុង ឈុន និងចោទប្រកាន់នេះ ជាការចោទប្រកាន់មិនត្រូវតាមច្បាប់ឡើយ។ លោកបញ្ជាក់ថា ករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះ ជារឿងនយោបាយ មិនមែនដោយសារតែលោករិះគន់ពីបញ្ហាព្រំដែននោះទេ។ លោកបញ្ជាក់ថា មូលហេតុចម្បងដែលតុលាការចាប់ខ្លួនលោក រ៉ុង ឈុន នេះ ដោយសារតែលោក រ៉ុង ឈុន បានដឹកនាំកម្មករធ្វើបាតុកម្មទាមទារឲ្យថៅកែរោងចក្រ និងរដ្ឋាភិបាលជួយដោះស្រាយវិវាទការងារជួនកម្មករយ៉ាងសកម្ម។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគថា ក៏លើកឡើងដែរថា ថ្ងៃទី១២ សីហាបានខិតជិតមកដល់ ដែលជាថ្ងៃសហភាពអឺរ៉ុបនឹងចាប់ផ្ដើមគិតពន្ធលើមុខទំនិញ គ្រប់មុខលើកលែងតែអាវុធ EBAចំនួន ២០%ពីកម្ពុជា។ បញ្ហានេះ ធ្វើប៉ះពាល់ដល់កម្មករធ្ងន់ធ្ងរ ពិសេសការបាត់បង់ការងារ ដូច្នេះហើយទើបរបបលោក ហ៊ុន សែនចាប់ខ្លួន លោក រ៉ុង ឈុន ជាមុន ព្រោះដឹងថា លោក រ៉ុង ឈុន នឹងដឹកនាំកម្មករបាតុកម្មជាទ្រង់ទ្រាយធំ៕
No comments:
Post a Comment