Sunday 2 August 2020

ជីវប្រវត្តិ និង​សកម្មភាព​ការងារ​សង្គម​របស់​លោក រ៉ុង ឈុន មុន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន


ដោយ rfa
2020-08-01
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ



លោក រ៉ុង ឈុន ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ទាំង​យប់ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ក្រោយ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចេញ​សេចក្ដីថ្លែងការណ៍​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ទាត់ចោល​សេចក្ដីថ្លែងការណ៍​របស់​លោក​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះបង្គោល​ព្រំដែន ថា​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាត់បង់​ដី​ទៅ​ប្រទេស​វៀតណាម។

ក្រៅពី​កិច្ចការ​ព្រំដែន លោក​មាន​ភាព​ស្វិតស្វាញ​ក្នុង​ការ​តស៊ូ​មតិ រក​ប្រយោជន៍​ជូន​កម្មករ មន្ត្រីរាជការ​គ្រូបង្រៀន ធ្វើការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ ជាដើម។ តើ​លោក រ៉ុង ឈុន មាន​ប្រវត្តិ​ការងារ និង​ការ​តស៊ូ​យ៉ាង​ដូចម្ដេច​ខ្លះ?

លោក រ៉ុង ឈុន បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ក្នុង​វ័យ​កំលោះ​ចាស់​អាយុ ៥០​ឆ្នាំ​ប្លាយ លោក​ពុំ​ធ្លាប់​មាន​ចំណង​គ្រួសារ​ឡើយ។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


លោក​រស់នៅ​ជាមួយ​ក្មួយៗ​ចំនួន ៣​នាក់ នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជាទី​ដែល​អាជ្ញាធរ​ព័ទ្ធ​ចាប់​លោក​ទាំង​យប់ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

ក្មួយប្រុស​លោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា ថ្លែង​ថា លោក រ៉ុង ឈុន ចិញ្ចឹម​ក្មួយៗ​ចាត់​ទុក​ដូចជា​កូន​បង្កើត និង​នាំ​ក្មួយៗ​មក​ភ្នំពេញ បង់​លុយ​ឲ្យ​រៀន​ដល់​ចប់​ចុង​ចប់​ដើម​គ្រប់ៗ​គ្នា រហូត​មាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន​។ យុវជន​រូប​នេះ ថ្លែង​ថា លោករ៉ុង ឈុន គឺជា​បុគ្គល​គំរូ​ដល់​ក្មួយៗ ដែល​ពួកគេ​មើល​ឃើញ​ថា គាត់​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់ខ្លួន និង​តែង​គិតគូរ​ពី​បញ្ហា​សង្គម និង​បញ្ហា​ទឹកដី​ជាដើម​។ លោក​ថា លោក រ៉ុង ឈុន តែង​ដាស់តឿន​ឲ្យ​ក្មួយ​ឲ្យ​ខំ​រៀន ត្រូវ​រស់នៅ​ចេះ​ឈឺឆ្អាល​ចំពោះ​អ្នកជិតខាង ពលរដ្ឋ​ខ្លួនឯង និង​ចេះ​ចាប់អារម្មណ៍​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​៖ «ពួក​ខ្ញុំ​អាច​យក​គាត់​សិក្សា​ស្វែងយល់​យក​គាត់​ធ្វើជា​គំរូ​បាន និយាយ​រួម​គាត់​លះបង់​ទាំង​អស់ទាំង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើ​កិច្ចការ​សង្គម​អត់​ខ្លាច​លំបាក​អី​ទេ សំខាន់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​យុត្តិធម៌»។

លោក រ៉ុង ឈុន កើត​នៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ​ទេ ។ លោក​មាន​បងប្អូន​បង្កើត​៤​នាក់ ស្រី​៣​នាក់ ហើយ​លោក​ជា​កូន​ទី​៣​។ លោក​បាន​រៀន​ចប់​មហាវិទ្យាល័យ និង​ធ្លាប់​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ជា​គ្រូបង្រៀន​បង្ហាត់​មុខវិជ្ជា​គណិតវិទ្យា នៅ​វិទ្យាល័យ ហ៊ុន សែន ស្អាង។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជួប​ពលរដ្ឋ​នៅ​តំបន់​ព្រំដែនកម្ពុជា​វៀតណាម ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជួប​ពលរដ្ឋ​នៅ​តំបន់​ព្រំដែនកម្ពុជា​វៀតណាម ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ក្នុង​ឆ្នាំ​១៩៩៦ លោក​បាន​ចាប់ផ្ដើម​សកម្មភាព​សង្គម ចូលរួម​ដឹកនាំ​ការ​តវ៉ា​ជាមួយ​គ្រូបង្រៀន និង​កម្មករ​រោងចក្រ​កាត់ដេរ​។ ដោយ​លោក​មើល​ឃើញ​ថា កម្មករ​រោងចក្រ​កាត់ដេរ​បាន​ទទួល​ប្រាក់បៀវត្សរ៍​ទាប មិន​គ្រប់​ការ​ចំណាយ​ក្នុង​ជីវភាព​រស់នៅ​ឲ្យ​បាន​សមរម្យ ក្នុងពេលដែល​ថៅកែ​រោងចក្រ​បាន​ទទួល​ប្រាក់ចំណេញ​ច្រើន​កប់​ពពក លើ​កម្លាំង​ញើស​ឈាម​កម្មករ​រោងចក្រ​កាត់ដេរ។

ពេល​នោះ​ហើយ លោក​បាន​ចាប់ដៃ​ធ្វើការ​ជាមួយ​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់សម្លាប់​នៅមុខ​តូប​កាសែត ក្បែរ​វត្ត​លង្កា កាលពី​ឆ្នាំ​២០០៤ នោះ។
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​ការងារ​លោក កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន​ខាង​ក្នុង​កម្ពុជា នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០ ដែល​​ពលរដ្ឋ​អះអាង​ថា កងទ័ព​វៀតណាម​ឆ្លង​ផ្លូវ​នេះ​មក​ដេញ​កសិករ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​ពួក​គាត់។ រូប៖ ពលរដ្ឋ
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​ការងារ​លោក កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ក្រវាត់​ព្រំដែន​ខាង​ក្នុង​កម្ពុជា នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២០ ដែល​​ពលរដ្ឋ​អះអាង​ថា កងទ័ព​វៀតណាម​ឆ្លង​ផ្លូវ​នេះ​មក​ដេញ​កសិករ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​ពួក​គាត់។ រូប៖ ពលរដ្ឋ


ក្រៅ​ពី​សហការី លោក​ជា​មិត្តភ័ក្ដិ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា ដែល​ពួកគាត់​ឧស្សាហ៍​ជួប​និយាយ​គ្នា​ពី​ការ​លំបាក​ផ្សេងៗ​របស់​កម្មករ និង​បាន​ចូលរួម​ជាមួយ​លោក ជា វិជ្ជា យ៉ាង​សកម្មភាព​ក្នុង​ការ​តវ៉ា​ផ្សេងៗ ដូចជា ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ កែលំអ​លក្ខខណ្ឌ​ការងារ ទាមទារ​ឲ្យ​មាន​លុយ​បន្ថែម​ម៉ោង និង​ប្រាក់​ថ្លៃ​បាយ​ឲ្យ​កម្មករ​ជាដើម។

ដោយមាន​ឈាម​ញ័រ និង​ទឹក​ចិត្តជា​គ្រូបង្រៀន លោក រ៉ុង ឈុន ក៏​មើល​ឃើញ​ពី​ទុក្ខ​លំបាក​និង​ជីវភាព​របស់​គ្រូបង្រៀន​ដែរ​។ នៅ​ខែ​មីនា ឆ្នាំ​២០០០ លោក​ក៏បាន​បង្កើត​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​កាលណោះ ដំបូង​មាន​សមាជិក​តែ​ជាង ៣០​នាក់​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​សមាគម​នេះ មាន​សមាជិក​ជាង​១​ម៉ឺន​នាក់ នៅ​ទូទាំង​ខេត្ត​-​រាជធានី​។ ហើយ​លោក​ក៏​ផ្ទេរ​តួនាទី​នេះ ឲ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី នៅ​ឆ្នាំ​២០១៦។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​តែងតែ​ដើរ​ជាមួយ​លោក រ៉ុង ឈុន មាន​ប្រសាសន៍ថា អ្នកស្រី​មិន​អាច​ទទួលយក​បាន​ឡើយ​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ៖ «ខ្ញុំ​គេង​មិន​លក់ ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ឈឺឆ្អាល ការងារ​សង្គមជាតិ​ជាពិសេស​ខាង​ដីធ្លី ព្រំដែន​នេះ គឺ​គាត់​ខំ​ប្រឹងប្រែង​ណាស់​គាត់​មិន​ចង់​ឲ្យ​បាត់បង់​ដោយ​អយុត្តិធម៌ ព្រោះ​គាត់​ជា​បុរស​ម្នាក់​ដែល ខំ​លះបង់​ជីវិត​ដើម្បី​ប្រទេសជាតិ​អស់​មួយ​ជីវិត​គាត់​ហើយ​។ យើង​ក៏​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ចាប់​លោក រ៉ុង ឈុន ដែល​គាត់​ជា​វីរភាព​ដ៏​អង់អាច​ដែល​កាត់ថ្លៃ​មិន​បាន​នោះ»។

ក្នុង​ជីវិត​ប្រឡូក​ការងារ​សង្គម​មានតែ​ម្ដង​គត់​ដែល​លោក រ៉ុង ឈុន មើល​ទៅ​មាន​មុខមាត់ មាន​កិត្តិយស មាន​ងារ​ជា​ឯកឧត្ដម ធ្វើការ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ មាន​ជំនួយការ មាន​ឡាន​ទំនើប​ជិះ និង​មាន​របប​ផ្សេងៗ​ទៀត។

លោក​ទទួល​បាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ចរចា​ត្រូវរ៉ូវ​គ្នា បង្កើត​បានជា​ក្បាលម៉ាស៊ីន​ដឹកនាំ​គ.ជ.ប​ថ្មី​ក្នុង​ឆ្នាំ​២០១៤ ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។

តែ​ក្រោយមក​របប​ក្រុងភ្នំពេញ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​វិញ​។ ពេលនោះ​ហើយ ដែល​លោក រ៉ុង ឈុន សុខចិត្ត​លាឈប់ និង​លះបង់​សេចក្ដី​សុខ​ផ្ទាល់ខ្លួន មិន​លោភលន់ មិន​ចង់​បាន ដើរ​ចេញ​ពី​តួនាទី ដោយ​មិន​ស្ដាយស្រណោះ ព្រោះ​លោក​យល់ថា ជា​ការ​រំលាយ​ឆន្ទៈ​រាស្ត្រ​ជាង​កន្លះ​នគរ។

លោក​បែរជា​សុខចិត្ត​វិល​ទៅ​ទ្រនំ​ចាស់ បន្ត​កិច្ចការ​ដែល​លោក​ធ្លាប់​ធ្វើ ពេលខ្លះ​លោក​សុខចិត្ត​ជិះ​ម៉ូតូឌុប ទៅ​តាម​ឃ្លាំមើល​ការ​តវ៉ា​នានា នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ទៅវិញ។

ក្នុងនាម​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក​បាន​ចូលរួម​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​វ៉ាយអូលែត អាប់​ភែ​រៀល (VIOLET APPAREL CAMBODIA CO,.LTD.) ជាច្រើន​រយ​នាក់ ដែល​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ រួម​ទាំង​ទាមទារ​ផលប្រយោជន៍ ២​ចំណុច​ទៀត គឺ​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង ពី​ការ​បិទ​រោងចក្រ សម្រាប់​កម្មករ​ទូទៅ។ គ្រានោះ លោក​បាន​ប្តេជ្ញា​ចិត្ត ថា​នឹង​ធ្វើ​សកម្មភាព​ផ្សេងទៀត ដើម្បី​ទាមទារ​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់​ឲ្យ​ទាល់តែ​បាន ព្រោះ​លោក​មើល​ឃើញ​ថា ផល​ប៉ះពាល់​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ (Covid-19) នាំ​ឲ្យ​ថៅកែ​រោងចក្រ​ក្ស័យធន បិទទ្វារ​រោងចក្រ ហើយ​សហភាព​អឺរ៉ុប​នឹង​ចាប់​គិត​ពន្ធ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ដែល​ជា​វិបត្តិ​ធ្ងន់​ធ្ងន់​ក្នុង​វិស័យ​កាត់ដេរ។

ថ្មីៗ​នេះ លោក រ៉ុង ឈុន ត្រូវ​បាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចោទប្រកាន់​ធ្ងន់ៗ ថា លោក​និង​គូកន​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​ចេតនា​បង្កើត ប្រឌិត​រឿង​និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​បំណង​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​ការងារ​ព្រំដែន​របស់​រដ្ឋាភិបាល នាំ​ឲ្យ​បាត់បង់​ដី និង​បណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង។

ក្រោយ​ចេញ​សេចក្ដីថ្លែងការណ៍​នេះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​៣១ កក្កដា ដដែល តុលាការ​ចាត់​វិធាន​ភ្លាមៗ​មិន​បង្អង់​ដៃ ថា លោក​បាន​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន​ជា​បទល្មើស​ជាក់ស្ដែង ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក រ៉ុង ឈុន បាន​ចុះទៅ​ពិនិត្យមើល​បង្គោល​ព្រំដែន និង​ជួប​អ្នកភូមិ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២១ កក្កដា ហើយ​ប្រមូល​បាន​ព័ត៌មាន​ថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ក្នុង​ឯកសណ្ឋាន​យោធា​ប្រដាប់​ដោយ​កាំភ្លើង ដេញ​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើស្រែ នៅ​លើ​ដី​ខ្មែរ ក្បែរ​តំបន់​ព្រំដែន​។ លោក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ក្បែរ​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុង ទំហំ ៦០​ហិកតារ ពាក់ព័ន្ធ​អ្នកភូមិ​១០៦​គ្រួសារ ទៅ​ឲ្យ​អ្នកភូមិ​បាន​ចូល​ធ្វើ​ស្រែចម្ការ​វិញ។

ស្ថាបនិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថ្លែង​ថា លោក​ធា្លប់​ធ្វើការ​ជាមួយ លោក រ៉ុង ឈុន ក្នុង​រឿង​តស៊ូ​មតិ​លើ​បញ្ហា​ព្រំដែន​នេះ តាំងពី​ឆ្នាំ​២០០០ មក​។ លោក​ថា លោក រ៉ុង ឈុន មាន​មនសិការ​ស្នេហា​ជាតិ បើ​ទោះ​បី​ជា​ដឹង​មុន​ថា កិច្ចការ​នេះ​នឹង​ប្រឈម​ជាប់គុក​ច្រវ៉ាក់​ក៏ដោយ​៖ «​គាត់​មាន​ទស្សនៈ​ស្នេហា​ជាតិ តាំង​ពី​ក្មេងៗ តាំងនៅ​យុវជន​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ​នោះ គាត់​ដឹង​បញ្ហា​នេះ​ប្រឈម​ផ្លូវច្បាប់ តុលាការ​តេឡេ​ហ្នឹង គាត់​ដឹង​ថា ត្រូវ​ជាប់គុក​ក៏ដោយ​ក៏​គាត់​នៅតែ​ធ្វើ​បញ្ហា​ព្រំដែន»។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក រ៉ុង ឈុន រង​ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​គ្រា​ដែល​លោក​ព្យាយាម​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន បន្ទាប់ពី​លោក​បាន​ចូលរួម​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៥ ដែល​រួមមាន​លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត ដែល​បច្ចុប្បន្ន​រស់នៅ​ក្រៅ​ប្រទេស ហើយ​លោក រ៉ុង ឈុន ខ្លួនឯង​រង​ការ​ចាប់​ខ្លួន​។ ពេល​នោះ​ពួកគេ បាន រិះគន់​លើ​ការ​ចុះ​ហត្ថលេខា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា វៀតណាម ក្រោម​ការចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​អ្នកដទៃ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ លោក​បាន​ជាប់​ពន្ធនាគារ​ជាង ៣​ខែ ប៉ុន្តែ​ដោយសារ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ ទើប​ត្រូវ​បាន​ដោះលែង​វិញ។

មុន​ពេល​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៣១ កក្កដា លោក រ៉ុង ឈុន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ថា តើ​មាន​ន័យ​អ្វី​ដែល​លោក​ត្រូវ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន? លោក​ថា អ្វី​ដែល​លោក​និយាយ​គឺ​ផ្អែក​ទៅ​លើ​ផែនដី មិន​បាន​ផ្អែកលើ​ផែនទី​ឡើយ ដោយមាន​សាក្សី​រស់​ពី​ប្រជាពលរដ្ឋ​។ លោក​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​គួរ​ទទួលស្គាល់​ការពិត និង​យក​បញ្ហា​ទៅ​ដោះស្រាយ​៖ «អានេះ​យើង​ចូលរួម​ការពារ​ដែនដី​អធិបតេយ្យ​ដែនដី​របស់​យើង​ទាំងអស់​គ្នា​ទេ ពីព្រោះ​យើង​អ្នកឃ្លាំមើល​បើ​ឃើញ​ចំណុច​ខ្វះខាត យើង​ត្រូវ​ច​ង្អុ​រ​បង្ហាញ​ជម្រាប​ជូន​ទៅ​អ្នកមាន​សមត្ថកិច្ច ហើយ​ដល់​ថ្លែងការណ៍​មក​ចោទ​ប្រកាន់​ថា ព័ត៌មាន​ក្លែងក្លាយ ផ្ទុយ​ពី​ការពិត មិន​ឆ្លុះបញ្ចាំង​ទៅ​នឹង​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​រង​ទុក្ខ​វេទនា ដោយសារតែ​មិនបាន​ចូល​អាស្រ័យ​ផល​នៅ​លើ​ដី​របស់​ពួកគាត់»។

លោក រ៉ុង ឈុន ហាក់​ដឹង​ពី​តម្រុយ​ដែល​លោក​នឹង​ប្រឈម​ការ​ចាប់ខ្លួន​រួច​ទៅ​ហើយ ប៉ុន្មាន​នាទី​មុន​ពេល​ចាប់ខ្លួន លោក​ឆ្លងឆ្លើយ​ប្រាប់​អ្នកយកព័ត៌មាន​អាស៊ីសេរី​ថា វា​ជា​រឿង​ដែល​លោក​អេះ​ចំ​កន្លែង​រមាស់ ហើយ​គ្មាន​រឿង​អី្វ​ដែល​លោក​ត្រូវ​រត់គេច​នោះ​ទេ៕

No comments: