ដោយ ហេង រស្មី
2020-09-11
(ឆ្វេង) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្តកំពត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេលជួបទូតជប៉ុន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង RFA
អ្នកវិភាគថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងពន្យារពេលសំណុំរឿងលោក កឹម សុខា ដល់ឆ្នាំ២០២៤ ជាការរំលោភសិទ្ធិលោក កឹម សុខា។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចចោទប្រកាន់ថា សារព័ត៌មានផ្សាយសំដីរបស់លោក ហ៊ុន សែន ខុសខ្លឹមសារដើមទៅវិញ។
អ្នកវិភាគជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើហ្វេសប៊ុកលោកថា ការពន្យារសំណុំរឿងលោក កឹម សុខា ដល់ឆ្នាំ២០២៤ ជាពិសេស នៅពេលដែលតុលាការបានចាប់ផ្ដើមជំនុំជម្រះហើយ គឺបំពានសិទ្ធិមួយរបស់ជនជាប់ចោទ គឺសិទ្ធិ "ត្រូវបានជំនុំជម្រះដោយឥតពន្យារពេលយូរហួស"។ លោកបន្តថា យកល្អសម្រាប់ឯករាជភាពតុលាការ និងការបែងចែកអំណាច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរដ្ឋាភិបាលគួរគោរពអនុវត្តច្បាប់ហាមលើកឡើងនូវសំណុំរឿងតុលា ការដែលស្ថិតនៅក្រោមនីតិវិធីជំនុំជម្រះ។
ការលើកឡើងរបស់អ្នកវិភាគបែបនេះ ក្រោយមានការចុះផ្សាយព័ត៌មាន ក្នុងកិច្ចប្រជុំបិទទ្វាររបស់នៃគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤។ សម្តីលោក ហ៊ុន សែន ត្រូវចុះផ្សាយដំបូងដោយកាសែត ដែលស្និទ្ធនឹងរដ្ឋាភិបាលខ្មែរថាមស៍ (Khmer Times)។
ទាក់ទងករណីនេះ អាស៊ីសេរីបានព្យាយាមសុំការឆ្លើយតបពីមេធាវី លោក កឹម សុខា រួមមាន៖ លោក ចាន់ ចេន លោក អាង ឧត្តម និងអ្នកស្រី ម៉េង សុធារី ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទ។ រីឯ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សួន សូរីដា ដែលស្និទ្ធនឹងលោក កឹម សុខា សុំមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះ។
ទោះយ៉ាងណាលោកមេធាវី ចាន់ ចេន ធ្លាប់ឱ្យអាស៊ីសេរីដឹងថា ក្រុមមេធាវីធ្លាប់ដាក់លិខិតស្នើទៅតុលាការឱ្យបន្តសវនាការឡើងវិញ កាលពីខែមិថុនា ប៉ុន្តែតុលាការមិនយល់ព្រមដោយលើក ហេតុផលថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។
អាស៊ីសេរីបានសុំការបំភ្លឺករណីនេះពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែលោកបដិសេធអត្ថាធិប្បាយដោយលើកឡើងថា សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។
ទោះយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងពេលនោះដែរឱ្យអាស៊ីសេរីដឹងថ្ងៃទី១១ ខែកញ្ញាថា ការចុះផ្សាយរបស់ព័ត៌មានដែលថា លោក ហ៊ុន សែន និយាយថា សំណុំរឿងលោក កឹម សុខា អាចពន្យារពេលដល់ ឆ្នាំ២០២៤ ជាការចុះផ្សាយខុសពីការនិយាយរបស់ លោក ហ៊ុន សែន។ លោកបញ្ជាក់ថា លោក ហ៊ុន សែន ពិតជាបានលើកឡើងករណីលោក កឹម សុខា ក្នុងកិច្ចប្រជុំនោះមែន ប៉ុន្តែ លោក ហ៊ុន សែន គ្រាន់លើកពីដំណើរការនៃនីតិវិធីនៃដំណើរឿងនេះដោយការអូសបន្លាយនៃពេលវេលាក្នុងរឿងនេះ ដោយផ្ដើមដំបូងចេញលោក កឹម សុខា និងមេធាវី លោក កឹម សុខា បានស្នើសុំពន្យារពេល និងករណីមួយ គឺសំណុំរឿងនេះមានភស្តុតាងច្រើន និងត្រូវពិនិត្យលើភស្តុតាងទាំងនោះច្រើនដងច្រើនសារ។ អ្នកនាំពាក្យដដែលអះអាងទៀតថា បើតាមលោក ហ៊ុន សែន ពេលវេលានៃដំណើររឿងនេះ គឺអាស្រ័យលើភាគីពាក់ព័ន្ធក្ដីរួមមាន៖ មេធាវីទាំងសងខាង ចៅក្រម និងព្រះរាជអាជ្ញា៖ «ផ្សាយខុសហើយលោកគ្រាន់តែថា តាមការពិនិត្យរបស់សម្តេច គឺគាត់ឃើញពេលវេលា គឺអាស្រ័យលើតុលាការ និងមេធាវីកូនក្ដីចេះតែទាញអ៊ីចឹងទៅហើយអ៊ីចឹងទៅតុលាការក៏គេអនុវត្តតាមនីតិវិធី ហើយភ្ជាប់បញ្ហាក្រោយមកកូវីដអីទៀតទៅ ហើយដើមចមចេញពីមេធាវីរបស់លោក កឹម សុខា តាមហើយលោកមិនមែនទៅទស្សន៍ទាយអីណាគ្រាន់តែថា ពេលវេលាផ្ដើមចេញពីហ្នឹង ដែលធ្វើឱ្យពេលវេលាដំណើរការអ៊ីចឹងទៅ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី បើលោក ហ៊ុន សែន បាននិយាយដូចការអះអាងរបស់អ្នកនាំពាក្យ គឺជារឿងល្អដែលបង្ហាញពីការមិនបំពានអំណាចនៃរបស់រដ្ឋាភិបាលទៅតុលាការ។ ប៉ុន្តែលោកសង្កេតឃើញថា កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលបានរំលោភលើអំណាចតុលាការ។ អ្នកឃ្លាំមើលសង្គមរូបនេះយល់ទៀតថា បើផ្អែកលើព្រឹត្តិការណ៍នយោបាយកន្លងមកការចរចានយោបាយតែងកើតឡើងមុនការបោះឆ្នោតជាតិ ដែលលោកគិតថា សំណុំរឿងលោក កឹម សុខា អាចនឹងមានការប្រែប្រួលក្នុងឆ្នាំ២០២៣ គឺមុនពេលបោះឆ្នោតជាតិ៖ «អំណាចនីតិប្រតិបត្តិហ្នឹង ធ្លាប់បំពានទៅលើអំណាចតុលាការ ហើយរហូតពលរដ្ឋអ្នកខ្លះហៅតុលាការថា ជាឧបករណ៍របស់គណបក្សកាន់អំណាចជាដើម។ អ៊ីចឹងស្ថាប័នតុលាការត្រូវបានប្រជាជនលែងទុកចិត្ត»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួននិងឃុំដាក់ពន្ធនាគារនិងបន្តឃុំខ្លួនក្នុងផ្ទះក្រោយរងការចោទប្រកាន់ពីទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យតាមផ្លូវតុលាការដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេសតែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ទោះយ៉ាងណាប្រធានគណបក្សប្រឆាំងរូបនេះទើបធ្វើសកម្មភាពតាមបណ្ដាខេត្តញឹកញាប់កាលពីខែកក្កដា ឆ្នាំ២០២០។ ទន្ទឹមគ្នានោះដែរ តុលាការក្រុងភ្នំពេញបានចេញលិខិតព្រមានថា សកម្មភាពចុះតាមបណ្តាខេត្តនានា របស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។ ទោះមានការព្រមានបែបនេះក្តី ប៉ុន្តែលោក កឹម សុខា នៅតែបន្តធ្វើសកម្មដដែលរហូតមកដល់ពេលនេះ។
ទោះយ៉ាងណាចំពោះតុលាការមិនទាន់ជូនដំណឹងពីការបន្តសវនាការលោក កឹម សុខា ឡើងវិញទេ ក្រោយពេលតុលាការសម្រេចផ្អាកកាលពីខែមីនាដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩។
កាលពីថ្ងៃទី២ ខែកញ្ញា លោក កឹម សុខា បានអំពាវនាវដល់តុលាការទម្លាក់បទចោទ និងផ្តល់សិទ្ធិពេញលេញដល់រូបលោកវិញ៕
1 comment:
The evil Yuon and its slave Hun Sen don't want the CNRP to get into the electoral process in 2023.
Khmer people need to fight (not with violence or guns) to get the CNRP reinstated. Don't just wish, it will not happen. No sacrifice of life, no successful result.
Fight to get the CNRP back is the highest priority.
Post a Comment