Monday, 28 September 2020

លោក ហ៊ុន សែន ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ប្រទេស​មហា​អំណាច​ប្រើ​កម្លាំង​បាយ​គាប​សង្កត់​ប្រទេស​ទន់​ខ្សោយ


Khmer Circle

 

Which "great powers" is he referring to? We can think of two powers at this juncture with the most inimical impact on his small country and its national sovereignty: Vietnam and China; the former has persistently interfered in its smaller neighbours' internal affairs and abused its status as a regional power out of hegemonic avarice and ambition while the latter has been doing the same regionally and on the wider global stage... 

Both these "great powers" also happen to be his sponsors and benefactors!

 

🔺🔺🔺 

ដោយ ទីន ហ្សាការីយ៉ា
2020-09-27

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ទទួល​រង​ទណ្ឌកម្ម​ផ្សេងៗ ពី​ប្រទេស​មហា​អំណាច បាន​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ប្រទេស​មហា​អំណាច ប្រើ​កម្លាំង​បាយ​គាប​សង្កត់​ប្រទេស​ទន់​ខ្សោយ។ ប៉ុន្តែ​អ្នក​វិភាគ និង​សកម្មជន​បក្ស​ប្រឆាំង​យល់​ថា លោក ហ៊ុន សែន គួរ​ប្រឹង​កែ​ខ្លួន​ដោយ​បែរ​មក​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ បើ​មិន​ចង់​រង​ទណ្ឌកម្ម​បន្ថែម​ពី​ប្រទេស​មហា​អំណាច។

លោក ហ៊ុន សែន ដែល​តែងតែ​វាយ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្លួន និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រកួត​របស់​ខ្លួន​ឯង​ចោល​នោះ បាន​ធ្វើ​ជា​តួ​កម្សត់​លើ​ឆាក​អន្តរជាតិ ខណៈ​រដ្ឋាភិបាល​របស់​លោក ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់។ លោក ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​ថា វិធានការ​របស់​ប្រទេស​មហា​អំណាច ដែល​ប្រើប្រាស់​និន្នាការ​ឯកតោ​ភាគី​និយម និង​កម្លាំង​បាយ​គាប​សង្កត់​ប្រទេស​ទន់​ខ្សោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ និង​វិធានការ​ពហុភាគី​និយម។ លោក​លើក​ឡើង​ទៀត​ថា ការ​ដក​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​ក្នុង​ស្ថានភាព​ដែល​ជំងឺ​កូវីដ១៩ កំពុង​រីក​រាលដាល គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា៖ «ដោយ​ហេតុផល​ត្រូវ​បាន​គេ​រារាំង ដែល​ការ​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​តាម​រយៈ​ការ​ទណ្ឌ​ជា​ឯកតោ​ភាគី និង​វិធានការ​ចាប់​បង្ខំ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ព្រោះ​តែ​ប្រទេស​មាន​អំណាច​បំផុត​តម្កល់​ផល​ប្រយោជន៍​ខ្លួន​ខ្ពស់​ជាង​អ្វីៗ ទាំង​អស់»។


លោក ហ៊ុន​ សែន ថ្លែង​ដូច្នេះ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី៧៥ នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា ប៉ុន្តែ​ទើប​ត្រូវ​ប្រព័ន្ធ​ឃោសនា​របស់​លោក​យក​មក​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា។ ទោះ​យ៉ាង​ណា​លោក​មិន​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​ប្រទេស​មហាអំណាច​សម្រេច​ដាក់​ទណ្ឌ ឬ​វិធានការ​លើ​ប្រទេស​តូច ដូច​ជា​ប្រទេស​កម្ពុជា​នោះ​ទេ។

​ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា ប្រទេស​ធំ ឬ​ប្រទេស​មហាអំណាច​ជា​ប្រទេស​ម្ចាស់​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សេដ្ឋកិច្ច ឱ្យ​ដល់​ប្រទេស​តូច ឬ​ប្រទេស​ទន់ខ្សោយ។ លោក​បញ្ជាក់​ថា ការ​ដែល​ប្រទេស​មហា​អំណាច​លោក​សេរី​មាន​វិធានការ​លើ​ប្រទេស​តូច​បណ្ដាល​មក​ពី​ប្រទេស​ទាំង​នោះ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។​ លោក​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន និយាយ​ពេល​នេះ​មិន​ចំណេញ​ដល់​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​អាច​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេង​ទៀត៖ «បើ​យើង​ចង់​បញ្ចៀស​នូវ​ទណ្ឌកម្ម​នានា ពី​ប្រទេស​ធំៗ ត្រូវ​បញ្ចប់​នូវ​វោហារសាស្ត្រ​ទាំង​ឡាយ​ណា​តតាំង​ជាមួយ​ប្រទេស​ធំៗ ដែល​គេ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ។

សេចក្ដីប្រកាស​ព័ត៌មាន​ផ្សាយ​កាល​ថ្ងៃ​ទី១២ សីហា​ក្នុង​ពេល​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា គណៈកម្មការ​អឺរ៉ុប​ បញ្ជាក់​ថា អឺរ៉ុប​ដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩ មក​លើ​សេដ្ឋកិច្ច និង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា គេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​មួយ​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូវីដ ១៩​ និង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ បើ​កម្ពុជា​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

ការ​ត្អូញត្អែរ​របស់​លោក ហ៊ុន សែន អំពី​ការ​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នេះ នៅ​ស្រប​ពេល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ដាក់​ពាក្យ​ប្ដឹង​សហភាព​អឺរ៉ុប ដោយ​ចោទ​ថា ការ​សម្រេច​របស់​សហភាព ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ រំលោភ​លើ​គោលការណ៍​សមាមាត្រ និង​តម្រូវ​ការ​នៃ​ភាព​ស្ថិតស្ថេរ​រវាង​គោល​នយោបាយ និង​សកម្មភាព​របស់​សហភាព​អឺរ៉ុប។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ទាមទារ​ឱ្យ​តំណាង​ក្រុម​ប្រទេស​បញ្ជា​ទិញ ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ឡើង​វិញ។

ព្រឹត្តិបត្រ​ព័ត៌មាន​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣១ ខែសីហា បញ្ជាក់​ថា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ប្តឹង​សហភាព​អឺរ៉ុប​ទៅ​តុលាការ​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា ដើម្បី​ជំរុញ​ឱ្យ​លុបចោល​ការ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក លី រតនៈរស្មី ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ព្រោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន យល់ថា វិធានការ​របស់​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កន្លង​មក​ព្រោះ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​តាម​សំណើ​របស់​គេ។ លោក​បន្ត​ថា បើ​លោក ហ៊ុន​ សែន មិន​ចង់​ទទួល​ទណ្ឌកម្ម​បន្ថែម​ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ៖«តាម​ពិត​ទៅ​ការ​សំណូមពរ​របស់​អន្តរជាតិ ឬ​ក៏​ប្រទេស​មហា​អំណាច​គេ​គ្រាន់​តែ​ចង់​ឱ្យ​របប​លោក ហ៊ុន សែន គឺ​វិល​ត្រឡប់​មក​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស»។

សហគមន៍​អន្តរជាតិ​ជាពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ទាប់​ពី​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ មិនបាន ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ តាម​ការ​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​រយៈ​ក្រសួង​រតនាគារ​របស់​ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​មនុស្ស​ឈ្មួញ មន្រ្តី​ជំនិត​លោក ហ៊ុន សែន ជាច្រើន​រូប និង​ក្រុមហ៊ុន​ចិន ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រៅ​ពី​នេះ​សហរដ្ឋ​អាមេរិក ក៏​កំពុង​ធ្វើ​ច្បាប់​មួយ​ចំនួន​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​មន្ត្រី​សំខាន់ៗ របស់​លោក ហ៊ុន សែន បន្ត​ទៀត។ ចំណែក​ឯ​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឯណោះ កាល​ពី​ដើម​ឆ្នាំ២០១៩ ក៏​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ the Generalized System of Preferences ឬ GSP របស់​សហរដ្ឋ​អាមេរិក​ដែរ។ ចំណែក​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​មួយ​ចំនួន​កំពុង​ផ្ដួចផ្ដើម​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​មិន​ឱ្យ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ចូល​ទឹក​ដី​របស់​គេ។ ដោយ​ឡែក​សហភាព​អឺរ៉ុប​កាល​ពី​ខែសីហា​បាន​ប្រកាស​ជា​ផ្លូវ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ កាល​ពី​ឧសភា​ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខែ​តុលា​ខាងមុខ​​នេះ​គណៈកម្មការ​អឺរ៉ុប​នឹង​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចូល​ជា​ធរមាន​​នៃ​វិធានការ​នេះ៕

1 comment:

Anonymous said...

Ah Norouk Hun Sen behaves like he did not do anything wrong.

Who dissolved the CNRP to prevent the SEE PEE PEE downfall ?

Kpeum Mouk Ah Thok Hun Sen Nass !!