ដោយ ហេង រស្មី
2020-09-23
លោក អឹង ឆៃអ៊ាង (ឆ្វេង) អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្ដាំ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
រូប៖ RFA
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា ថ្នាក់ដឹកនាំរបស់គណបក្សកំពុងធ្វើការងារការទូតជាមួយសហគមន៍អន្តរជាតិ និងដើម្បីទទួលបានការគាំទ្រពីមិត្តអន្តរជាតិក្នុងការវិលចូលស្រុករបស់លោក សម រង្ស៊ី ជាថ្មី។ ឆ្លើយតបនឹងគម្រោងចូលស្រុករបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថា លោក សម រង្ស៊ី និងបក្សពួកអស់តម្លៃលើឆាកអន្តរជាតិហើយ និងគ្មានសហគមន៍អន្តរជាតិណាជឿជាក់ទៀតដែរ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា ទោះសហគមន៍អន្តរជាតិកំពុងជ្រោមជ្រែងជួយស្ដារសិទ្ធិ និងប្រជាធិបតេយ្យនៅកម្ពុជា ដោយការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិត្រូវប្រឹងប្រែងដោយខ្លួនឯងដែរ តាមរយៈការវិលចូលស្រុកវិញជាថ្មី។ លោកបន្តថា ពេលនេះគណបក្សសង្គ្រោះជាតិកំពុងធ្វើការងារសំខាន់ពីរក្នុងការវិលចូលស្រុកវិញ គឺធ្វើការងារការទូតជាមួយសហគមន៍អន្តរជាតិ និងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ្នកគាំទ្រនៅក្នុងស្រុក និងក្រៅស្រុក៖ ការងារការទូតយើងនៅធ្វើធម្មតាជាជំហរយើងអត់មានអីលាក់បាំងយើងដឹងហើយបណ្ដាប្រទេសជាមិត្ត ដែលគេគាំទ្រប្រទេសកម្ពុជាឱ្យមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហ្នឹងគេ កំពុងជួយតាមឃ្លាំមើលលើអ្នកនយោបាយ និងទង្វើអាក្រក់របស់លោក ហ៊ុន សែន»។
លោក អេង ឆៃអ៊ាង បដិសេធមិនបង្ហាញពេលវេលាជាក់លាក់ ឬមធ្យោបាយនៃការវិលចូលស្រុកលើកនេះទេ ដោយបញ្ជាក់ថា ស្ថានការណ៍ចុងក្រោយនេះអាចនឹងប្រែប្រួលគ្រប់ពេល ដែលពិបាកក្នុងការនិយាយទុកមុន។
ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងពីផែនការនេះឡើយ ដោយលោកយល់ថា ក្រុមលោក សម រង្ស៊ី បម្រើនយោបាយបរទេសធ្វើឱ្យខ្មែរបែកបាក់។ លោកនិយាយទៀតថា បទពិសោធន៍កាលខែវិច្ឆិកា ឆ្នាំ២០១៩ ដែលលោក សម រង្ស៊ី មិនបានចូលស្រុកតាមការសន្យានោះ គឺធ្វើឱ្យសហគមន៍អន្តរជាតិ ឬបណ្ដាប្រទេសអាស៊ានគេលែងផ្ដល់តម្លៃឱ្យលោក សម រង្ស៊ី ទៀតឡើយ ដូច្នេះលោកថា នឹងគ្មានសហគមន៍អន្តរជាតិណាគាំទ្រផែនការវិលស្រុកនេះទៀតនោះទេ៖ «អ្វីដែលប្រទេសជាច្រើនគាំទ្រគាត់ខ្ញុំអត់ជឿទេ យើងឃើញថា អ្វីដែលគាត់ (លោក សម រង្ស៊ី) យកឥទ្ធិពល EBA មកសម្លុតកម្ពុជាឥឡូវផុតអស់ហើយ អត់មានអីទៀតទេ ហើយការយកបញ្ហាព្រំដែនជាមួយវៀតណាមរឹតតែគាត់បាត់បង់ប្រជាប្រិយភាពតទៅទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល រូប៖ ហ្វេសប៊ុក
ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះមិនមែនជាការពិតទេ។ ការខកខានរបស់លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកតាមការសន្យាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសាររដ្ឋាភិបាល លោក ហ៊ុន សែន ប្រើគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ព្រមទាំងមានការព្រមានបាញ់សម្លាប់ លោក សម រង្ស៊ី និងហាមប្រទេសជិតខាងកម្ពុជាមិនឱ្យលោក សម រង្ស៊ី ឆ្លងកាត់។
រីឯអ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ដើម្បីផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី លើកនេះបានជោគជ័យលុះត្រាលោក សម រង្ស៊ី មានការកំណត់ផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ និងការតាំងចិត្តឱ្យក្លាហានខ្លាំងជាងមុន។ អ្នកវិភាគរូបនេះបន្តថា លោក សម រង្ស៊ី គួរប្រើសារនយោបាយអហិង្សា យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ជាជាងការបង្ហាញសារហិង្សា៖ «ផែនការយុទ្ធសាស្ត្រខ្លាំងដែលខ្ញុំចង់សំដៅនោះ គឺការរៀបបណ្ដាញទាំងក្នុងស្រុក និងនៅក្រៅស្រុកក្បែរខាងកម្ពុជាឱ្យច្បាស់លាស់គាត់អាចចូលស្រុកឱ្យសកម្មជនទាំងនោះ ក៏អាចចូលស្រុកបានដែរ»។
លោក គឹម សុខ អ្នកវិភាគនយោបាយ រូប៖ ហ្វេសប៊ុកលោក គឹម សុខ
កាលពីថ្មីៗ នេះ លោក សម រង្ស៊ី អះអាងថា ផែនការមាតុភូមិនិវត្តលោកទី២ គឺលោកមិនប្រាប់ពីមធ្យោបាយឱ្យដឹងមុនដូចលើកទី១ ឡើយ ដោយលោកនឹងមានវត្តមាននៅប្រទេសកម្ពុជាតែម្ដង។ លោកក៏បានស្នើអ្នកគាំទ្ររបស់លោកឲ្យត្រៀមខ្លួនរួមកម្លាំងកម្ចាត់របបលោក ហ៊ុន សែន ពេលលោកទៅដល់កម្ពុជា ដោយលោកចោទប្រកាន់ថា លោក ហ៊ុន សែន កំពុងសម្លាប់ជាតិខ្មែរ។ ទន្ទឹមនឹងការប្រកាសជាថ្មីរបស់លោក សម រង្ស៊ី បែបនេះ រដ្ឋាភិបាល ហ៊ុន សែន ឯណោះវិញក៏កំពុងបង្កើនការចាប់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ និងសើរើសំណុំរឿងចាស់ឡើងវិញ ដោយតុលាការផ្ដើមចោទប្រកាន់សកម្មជនគណបក្សនេះ ពីបទរួមគំនិតក្បត់ ដែលជាសំណុំរឿងចាស់ កាលពីឆ្នាំ២០១៩៕
No comments:
Post a Comment