ដោយ ខែ សុណង
2020-09-25
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
ពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅស្រុកភាគច្រើននៅតែគាំទ្រការវិលចូលស្រុករបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិជាថ្មី ប៉ុន្តែពួកចង់ឃើញមេដឹកនាំគណបក្សនេះ បង្ហាញយុទ្ធសាស្ត្រវិលត្រឡប់មកវិញ ឲ្យច្បាស់លាស់ជាងមុន ។
អ្នករស់នៅអូស្ត្រាលី (Australia) សហរដ្ឋអាមេរិក(United States) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និងប្រទេសថៃ (Thailand) នៅតែយល់ថា ការចូលស្រុករបស់លោក សម រង្ស៊ី គឺជាជម្រើសតែមួយគត់ក្នុងការសង្គ្រោះកម្ពុជាពីក្រញាំដៃលោក ហ៊ុន សែន ដែលដឹកនាំប្រទេសចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ក្លាយទៅជារបបផ្ដាច់ការ។ លោក វឿ ហេង នៅសហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីថា លោកសប្បាយចិត្តពេលបានឮការប្រកាសជាថ្មីរបស់លោក សម រង្ស៊ី បែបនេះ។ បុរសវ័យជាង ៨០ឆ្នាំរូបនេះប្រាប់ថា ទោះអាយុលោកច្រើនពិបាកធ្វើដំណើរចូលរួមការធ្វើមាតុភូមិនិវត្តនេះ ប៉ុន្តែលោកនឹងចូលរួមគាំទ្រតាមលទ្ធភាពដែលលោកអាចធ្វើបាន៖ «ខ្ញុំគាំទ្រព្រោះមានតែមធ្យោបាយមួយហ្នឹងទេ ខ្មែរយើងរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្រោមដឹកនាំរបស់លោកប្រធានស្ដីទី សម រង្ស៊ី បានយើងបានជោគជ័យ»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី លោក ខៀវ តារា និយាយថា លោក សម រង្ស៊ី ជាតំណាងពលរដ្ឋជិតកន្លះប្រទេស ដែលស្រែកឃ្លានយុត្តិធម៌ និងកំពុងរង់ចាំលោក សម រង្ស៊ី។ លោកថា រូបលោក និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅស្រុកផ្សេងទៀតកំពុងសហការគ្នាក្នុងវិលចូលស្រុកវិញ។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះយល់ថា ជាពេលវេលា ដែលខ្មែរត្រូវរួមគ្នាក្រោកឈរជួយប្រទេសកម្ពុជា ខណៈប្រទេសកំណើតមួយនេះកំពុងរងការបំផ្លាញគ្រប់បែបយ៉ាងក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ៖«មានតែសម័យយើងទេ មានតែយុវជន ដែលអាចផ្លាស់ប្ដូររបបដឹកនាំសព្វថ្ងៃនេះបាន»។
រីឯនិស្សិត និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងលោក ស សុខេម ប្រាប់ថា ទោះកាលពីថ្ងៃ ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ លោក សម រង្ស៊ី មិនបានចូលស្រុកដូចការសន្យាក្ដី ប៉ុន្តែលោកនៅតែមានជំនឿលើលោក សម រង្ស៊ី ដោយលោកសង្កេតឃើញថា កាលនោះ គឺរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រើល្បិចគ្រប់យ៉ាងក្នុងការរាំងផ្ទប់ដំណើរមាតុភូមិនិវត្តលោក សម រង្ស៊ី។ លោក ស សុខេម សង្កេតឃើញទៀតថា ពលករខ្មែរមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងហាក់មានចិត្តសង្ស័យ ឬរកជម្រើសផ្សេងក្នុងការជួយសង្គ្រោះកម្ពុជាក្រោយពី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលលោក សម រង្ស៊ី មិនអាចចូលស្រុកបាន។ ប៉ុន្តែលោកថា សកម្មជនគណបក្សសង្គ្រោះជាតិនៅទីនោះ នៅតែព្យាយាមពន្យល់ និងលើកចិត្តដល់ពលករឱ្យមានការជឿជាក់ដោយលោកយល់ថា គ្មានជម្រើសអ្វីក្រៅពីនោះទេ៖«ក្នុងដំណាក់កាលនេះសម្រាប់ខ្ញុំមិនអាចសង្ស័យបានទេបើទោះបីមានការថ្លោះធ្លោយក៏នៅតែទុកចិត្តដដែល ដោយសារអី ព្រោះនេះជាជម្រើសតែមួយ»។
ចំណែកពលករខ្មែរម្នាក់កំពុងធ្វើការនៅប្រទេសថៃ លោក សុន សីហា ប្រាប់ថា រូបលោកផ្ទាល់ និងពលករផ្សេងទៀត នៅរង់ចាំតែវត្តលោក សម រង្ស៊ី វិលចូលស្រុកប៉ុណ្ណោះ ហើយពលករទាំងអស់រួមគ្នាទៅកម្ពុជាវិញ ដើម្បីការផ្លាស់ប្ដូរ។ ទោះយ៉ាងណា ពលកររូបនេះចង់ឃើញ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សមានផែនការច្បាស់លាស់ និងធ្វើការងារការទូតជាមួយសហគមន៍អឺរ៉ុប ប្រទេសមហាអំណាច និងប្រទេសជិតខាងកម្ពុជា ដើម្បីឱ្យការវិលចូលស្រុកលើកនេះទទួលបានជោគជ័យ៖«យើងដែលជាពលកររង់ចាំតែលោកប្រធាន សម រង្ស៊ី ទេ ហើយពួកគាត់ស្រេកឃ្លានការផ្លាស់ប្ដូរពួកគាត់ចង់បានមេដឹកនាំមួយ ដែលគោរពសិទ្ធិមនុស្ស»។
ទន្ទឹម និងការបង្ហាញជំហរគាំទ្ររបស់ពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបែបនេះក្ដី ក៏មានពលរដ្ឋខ្មែរនៅក្រៅស្រុកចំនួន ដែលសុំមិនបញ្ចេញឈ្មោះហាក់នៅស្ទាក់ស្ទើរដោយមិនសូវសង្ឃឹមថា លោក សម រង្ស៊ី អាចចូលស្រុកបាន។
ចំពោះគម្រោងវិលត្រឡប់ទៅសង្គ្រោះកម្ពុជាជាលើកទីពីររបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចោទប្រកាន់ថា លោក សម រង្ស៊ី មិនមែនជាបេក្ខជនសម្រាប់ស្វែងរកប្រជាធិបតេយ្យឱ្យកម្ពុជាទេ ដោយលោក សម រង្ស៊ី ប្រើនយោបាយហិង្សា។ ជាងនេះទៅទៀត លោកថា គ្រប់អាណត្តិនៃការបោះឆ្នោត លោក សម រង្ស៊ី តែងតែនាំអំពើហិង្សាបំបែកបំបាក់សាមគ្គីក្នុងសង្គមខ្មែរ៖ «គាត់ (លោក សម រង្ស៊ី) បង្កើតនៃការបែកបាក់នៅក្នុងសង្គមខ្មែរ ដូចជា ការបង្កើតរបស់គាត់និយាយពាក្យថា មានសែន អត់ស៊ី មានស៊ី អត់សែន»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុណ្ណរ៉ា សង្កេតឃើញថា ប្រទេសថៃនៅតែជាច្រកសំខាន់សម្រាប់លោក សម រង្ស៊ី ក្នុងការឆ្លងកាត់ ប៉ុន្តែលោកសង្កេតឃើញថា លោក សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិមិនទាន់ធ្វើការងារការទូតជាមួយប្រទេសនេះនៅឡើយដែរ។ អ្នកឃ្លាំមើលរូបនេះយល់ថា ការប្រកាសរបស់លោក សម រង្ស៊ី ពេលនេះអាចជាផែនការប្រមូលសំឡេងគាំទ្ររបស់ខ្លួន៖«បើតាមខ្ញុំគិតគ្រាន់តែជាការស្ទាបស្ទង់ទេ យើងមើលយន្តការនៃការចរចារបស់គណបក្សប្រឆាំងជាមួយរដ្ឋាភិបាលថៃអត់មានអីប្រែប្រួលទេ ហើយណាមួយរដ្ឋាភិបាលក៏អត់មានផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីដែរ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងធ្វើការងារការទូត និងធ្វើការជាមួយសកម្មជនរបស់ខ្លួននៅក្នុង និងក្រៅប្រទេស ដើម្បីអាចឲ្យលោក សម រង្ស៊ី ចូលស្រុកវិញបាន ប៉ុន្តែមិនទាន់បង្ហាញពេលវេលាជាក់លាក់ ឬមធ្យោបាយនៃការវិលចូលស្រុកនៅឡើយទេ៕
No comments:
Post a Comment