ដោយ វ៉ែន សុមេធ
2020-10-25
សកម្មភាពអាជ្ញាធរបង្រ្កាបអ្នកតវ៉ាមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបហ្វេសប៊ុក
តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកតវ៉ាប្រឆាំងឥទ្ធិពលចិននៅកម្ពុជាចំនួនបីនាក់ក្នុងពន្ធនាគារព្រៃស បន្ទាប់ពីសាកសួរចំនួនពីរថ្ងៃជាប់គ្នា។ សាច់ញាតិ និងមេធាវី យល់ថា សេចក្តីសម្រេចរបស់តុលាការ មានភាពអយុត្តិធម៌ និងគ្មានជំហរឯករាជ្យ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ កែវបណ្ឌិត បានចោទប្រកាន់អ្នកតវ៉ានៅមុខស្ថានទូតចិនទាំងបីនាក់នោះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃច្បាប់ព្រហ្មទណ្ឌ ហើយបង្គាប់ឲ្យសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស នៅព្រលប់ថ្ងៃទី២៥ ខែតុលា។
មេធាវីការពារក្តី លោក សំ សុគង់ មានប្រសាសន៍ថា ការចោទប្រកាន់កូនក្តីរបស់លោកទាំងបីនាក់នេះ គឺជារឿងអយុត្តិធម៌ ព្រោះពួកគេ គ្រាន់តែអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងការជួបជុំ និងសម្ដែងមតិដោយសន្តិវិធី ដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មេធាវីរូបនេះ ឲ្យដឹងថា លោកនឹងដាក់បណ្ដឹងស្នើសុំឲ្យកូនក្តីទាំងបីនាក់បាននៅក្រៅឃុំ បណ្ដោះអាសន្ន ព្រោះពួកគាត់សុទ្ធតែមានវ័យចំណាស់ មានបញ្ហាសុខភាព និងជាមេគ្រួសារផងដែរ៖ «ខ្ញុំគិតថា ការដាក់ញត្តិនេះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលរស់នៅ នៅក្នុងប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ជាពិសេសក្នុងការប្រមូលផ្តុំ និងការបញ្ចេញមតិដែលធានា ដោយរដ្ឋធម្មនុញ្ញ ហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ក៏ជាមូលដ្ឋានគ្រឹះនាំឲ្យកើតរដ្ឋធម្មនុញ្ញ ១៩៩៣ដែរ ដូច្នេះការចោទប្រកាន់ដែលគ្រាន់តែពួកគាត់ទៅសម្ដែងមតិទាមទារឲ្យរដ្ឋាភិបាល គោរព ធ្វើការដោះស្រាយនេះ ខ្ញុំគិតថា ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបាននិងមិនយុត្តិធម៌ចំពោះពួកគាត់ទេ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានបង្ក្រាបដោយហិង្សា និងចាប់ខ្លួនអ្នកតវ៉ា និងជាសកម្មជនបក្សប្រឆាំងទាំង ៣ នាក់នៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ក្នុងពេលពួកគេរួម នឹងពលរដ្ឋជិត២០នាក់ផ្សេងទៀត ព្យាយាមចូលទៅប្រមូលផ្តុំគ្នាតវ៉ា និងដាក់ញត្តិ ដើម្បីសម្ដែងក្តីបារម្ភពីឥទ្ធិពលចិននៅកម្ពុជា និងទាមទាររដ្ឋាភិបាលចិន និងរដ្ឋាភិបាលក្រុងភ្នំពេញ គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្នកដែលចាប់ខ្លួននោះរួមមាន លោកស្រី លឹម សាន អាយុ ៥៧ឆ្នាំ លោក ស្រី យ៉យ ស្រីមុំ អាយុ ៥២ឆ្នាំ និង លោក តុន និមល អាយុ ៤០ឆ្នាំ ហើយពួកគេទាំងបីនាក់មានទីលំនៅក្នុងខេត្តកណ្ដាល។
ឪពុករបស់សកម្មជនបក្សប្រឆាំងលោក តុន និមល គឺលោក ចាន់ តុន លើកឡើងថា កូនប្រុសរបស់ លោក និងស្ត្រីពីរនាក់ទៀត មិនគួរត្រូវបានចាប់ខ្លួននិងចោទប្រកាន់នោះទេ ព្រោះពួកគេគ្រាន់តែជួបជុំតវ៉ាសម្ដែងមតិស្របតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ គ្មានចំណុចណាមួយល្មើសច្បាប់នោះទេ។ លោក ចាត់ទុកថា ការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងជាការធ្វើបាបពលរដ្ឋស្លូតត្រង់ មិនខុសពីសម័យ ប៉ុល ពត ឡើយ។ ឪពុករបស់សកម្មជនបក្សប្រឆាំងរូបនេះ អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិរួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទាំងបីនាក់នោះជាបន្ទាន់៖ «ការចោទប្រកាន់នេះ វាគ្រាន់តែពាក្យចោទប្រកាន់ព្រោះពេល ដែលកូនចៅខ្ញុំទៅតវ៉ាទាមទារដាក់ញត្តិនៅមុខស្ថានទូតនោះអត់មានអំពើណាវឹកវរណាមួយកើតឡើងទេ មានតែគ្នា ១០ទៅ២០ហ្នឹងទេ ប៉ុន្តែបង្កឲ្យវឹកវរនោះគឺសមត្ថកិច្ចទៅវិញទេ ដែលមកចាប់ មកវាយកូនចៅខ្ញុំ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយដែលតុលាការ តែងតែប្រើប្រាស់បទចោទប្រកាន់ញុះញង់ដោយគ្មានមូលដ្ឋានលើសកម្មជននយោបាយ សកម្មជនសង្គម និងក្រុមយុវជនដោយគ្រាន់តែធ្វើសកម្មភាពជួបជុំ និងតស៊ូមតិដោយអហិង្សាពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ៖ «បញ្ហាទាំងអស់នេះ វានាំឲ្យមានការរិះគន់បន្ថែមទៀតទាក់ទងនឹងការរំលោភទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ហើយបើមើលទៅលើការចោទប្រកាន់បទល្មើសគឺ បទល្មើសវាកើតឡើងទៅបាន លុះត្រាតែការញុះញង់ឲ្យប្រព្រឹត្តឬបង្កឲ្យមានចលាចល ភាពវឹងវរ ក្នុងសង្គមនេះ តើវាមានព្យសនកម្ម តើវាកើតឡើងហើយឬនៅ? កន្លងមក ការចោទប្រកាន់បទនេះ គឺ យើងអត់ឃើញមានធាតុផ្សំមួយដែលថា ព្យសនកម្មដែលកើតឡើងពីទង្វើទាំងអស់ហ្នឹងគឺអត់ទាន់កើតឡើងទេបាទ»។
កាលពីថ្ងៃទី២៤ តុលា គណបក្សសង្គ្រោះជាតិ ក៏បានចេញលិខិតថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាជ្ញាធររបបលោក ហ៊ុន សែន ដែលបានរារាំង បង្ក្រាបដោយហិង្សា និងចាប់ចងពលរដ្ឋខ្មែរទាំងបីនាក់នោះ ដែលពួកគេគ្រាន់តែសម្ដែងមតិ និងទាមទារឲ្យប្រទេសចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ទង្វើរបស់អាជ្ញាធររបបលោក ហ៊ុន សែន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ដែលធានាការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសេរីភាពសម្ដែងមតិ សេរីភាពក្នុងការជួបប្រជុំ និងសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី។ គណបក្សប្រឆាំង មួយនេះ ទាមទារឲ្យដោះលែងពលរដ្ឋទាំងបីនាក់នោះជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
No comments:
Post a Comment