ដោយ មួង ណារ៉េត
2020-10-01
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០
Screen captures from UN Web TV
ប្រទេសប្រជាធិបតេយ្យសេរី បញ្ជាក់ជំហរស្របគ្នា និងទាមទារឲ្យរបបក្រុងភ្នំពេញ ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ជំហរស្រុះគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រជុំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
ប្រទេសប្រជាធិតេយ្យសេរីធំៗ រួមមានសហភាពអឺរ៉ុប បារាំង ប៊ែលហ្សិក អូស្រ្តាលី ស្វ៊ីស ចក្រភពអង់គ្លេស ណូវ៉ែលហ្សេឡង់ អៀរឡង់ ជប៉ុន និង កូរ៉េខាងត្បូងជាដើម សុទ្ធតែលើកឡើងអំពីបញ្ហារួមតួច នៃលំហសេរីភាពរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយសារអាជ្ញាធរនៃរបបលោក ហ៊ុន សែន បន្តបង្ក្រាបសំឡេងប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកហ៊ានតវ៉ាប្រឆាំងរដ្ឋាភិបាល និងបញ្ហាសង្គម។
តំណាងសហភាពអឺរ៉ុបលើកបញ្ហា នៃការរំលោភសិទ្ធិមនុស្សបន្ថែមទៀត ដែលកើតមាននាពេលថ្មីៗនេះ ដូចជាការចាប់មេសហជីពលោក រ៉ុង ឈុន និងសកម្មជនជាយុវជនសរុបជាង ២០ នាក់។ ជារួមប្រទេសទាំងនេះ ស្នើឲ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាពឡើងវិញ និងត្រូវដោះលែងអ្នកទោសមនសិកាទាំងអស់ ហើយត្រូវស្តារនីតិរដ្ឋ ឲ្យស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជា មានកាតព្វកិច្ចគោរពតាម។
ជំហរសហគមន៍អន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះ គឺស្របគ្នាទៅនឹងសេចក្តីរាយការណ៍ របស់តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ដែលថ្លែងនៅក្នុងកិច្ចប្រជុំនោះថា អ្នកស្រីនៅតែព្រួយបារម្ភ អំពីស្ថានភាពអាក្រក់នៅកម្ពុជា ដូចជា បញ្ហាបង្រ្កាបសំឡេងគណបក្សសង្គ្រោះជាតិ ការចោទប្រកាន់មេបក្សប្រឆាំងលោក កឹម សុខា និងមិនព្រមបើកសវនាការដើម្បីពន្លឿននីតិវិធីក្នុងរឿងក្ដីនេះ ការបន្តចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី រួមមានស្រ្តីដែលជាភរិយាអ្នកជាប់ឃុំ ដែលរងអំពើហិង្សាពីសំណាក់កងសន្តិសុខ និង បញ្ហានៃច្បាប់គ្រប់គ្រងអង្គការ ដែលរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល និងសិទ្ធិដីធ្លី ជាដើម។
អ្នកស្រី រ៉ូណា ស្ម៊ីត ក៏បានផ្តល់ជាអនុសាសន៍ ឲ្យរបបក្រុងភ្នំពេញយកទៅធ្វើតាម ដើម្បីកែលម្អស្ថានភាពអាក្រក់នេះ។ អនុសាសន៍ទាំងនោះ រួមមានការពិនិត្យឡើងវិញ នូវផែនការសកម្មភាពថ្នាក់ជាតិសម្រាប់ដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការលើកស្ទួយសិទ្ធិសេរីភាពក្នុងការជួបប្រជុំគ្នា និងសេរីភាពក្នុងការបញ្ចេញមតិ ឲ្យស្របតាមស្តង់ដាអន្តរជាតិ។
ប៉ុន្តែ ខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិលោក អាន សុខឃឿន ច្រានចោលការលើកឡើងរបស់ប្រទេសលោកសេរី និងសេចក្តីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្ម៊ីត។ លោកអះអាងថា ពលរដ្ឋកម្ពុជាកំពុងសប្បាយនឹងសុខសន្តិភាព និងសេរីភាពពេញលេញ ព្រោះគ្រាន់តែអង្គការសង្គមស៊ីវិល មានជិត ៦ពាន់អង្គការ និងសមាគមន៍ ឯប្រព័ន្ធផ្សព្វផ្សាយមានជិត ២ពាន់ ទាំងសារព័ត៌មានរិះគន់រដ្ឋាភិបាលផង កំពុងប្រត្តិបត្តិការ ដោយគ្មានការរឹតត្បិតអ្វីទាំងអស់។
ទោះជាយ៉ាងនេះក្តី មិនបានប៉ុន្មាននាទីផង ក្រោយការថ្លែងអំពី ថាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ លោក អាន សុខឃឿន ស្រាប់តែប៉ុនប៉ងកាត់ និងរារាំងមិនឲ្យព្រះតេជព្រះគុណ លួន សុវ៉ាត ដែលទទួលបានសិទ្ធិតំណាងឲ្យអង្គការសង្គមស៊ីវិលមួយ ឡើងថ្លែងសារ ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនោះទេ។ យ៉ាងហោចណាស់តំណាងរបបក្រុងភ្នំពេញរូបនេះ កាត់ព្រះតេជព្រះគុណ លួន សុវ៉ាត ចំនួនបីដង រហូតដល់មានការជជែកគ្នា ទៅវិញទៅមករវាងលោក អាន សុខឃឿន និងអនុប្រធានកិច្ចប្រជុំមួយសន្ទុះធំ។
លោក អាន សុខឃឿន ជំទាស់មិនឲ្យព្រះតេជព្រះគុណ លួន សុវ៉ាត មានសិទ្ធិមានថេរដីកានៅទីនោះបានទេ ព្រោះលោកចោទព្រះតេជព្រះគុណ ថាជាសង្ឃក្លែងក្លាយ និងបរិហាកេរ្តិ៍ព្រះអង្គ ដោយយោងតាមការចោទប្រកាន់របស់តុលាការរបបក្រុងភ្នំពេញ។
ព្រះសង្ឃសកម្មផ្នែកសិទ្ធិមនុស្ស និងដីធ្លីព្រះភិក្ខុ លួន សុវ៉ាត បានភៀសខ្លួនទៅប្រទេសស្វ៊ីស (Switzerland) កាលពីដើមខែ មិថុនា ដើម្បីគេចពីការចាប់ផ្សឹកទាំងបង្ខំ ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ដែលចោទប្រកាន់ព្រះអង្គ ថាបានប្រព្រឹត្តិខុសវិន័យសង្ឃ ក្នុងការសេពមេថុនធម្ម ឬរួមភេទ បទចោទដែលសម្អាងតែទៅលើគណនីហ្វេសប៊ុកក្លែងក្លាយ ដែលអ្នកជំនាញ រកឃើញថា មានមន្រ្តីអង្គភាពប្រតិកម្មរហ័ស នៃរបបលោក ហ៊ុន សែន នៅពីក្រោយ។
លោក អាន សុខឃឿន ជំទាស់មិនឲ្យព្រះតេជព្រះគុណ លួន សុវ៉ាត មានសិទ្ធិនិយាយនៅទីនោះបានទេ ព្រោះលោកចោទថា ព្រះសង្ឃអង្គនេះស្ថិតក្នុងស្ថានភាពសង្ស័យបែបនេះ មិនអាចតំណាងឲ្យអង្គការសង្គមស៊ីវិល។
ឥរិយាបទរបស់តំណាងកម្ពុជានេះ រងការរិះគន់ពីអនុប្រធានកិច្ចប្រជុំ និងប្រទេសមួយចំនួន ដូចជាអូស្រ្តាលី សាធារណៈរដ្ឋឆែក និងអាល្លឺម៉ង់ ដែលរម្លឹកភាគីកម្ពុជា ថាកន្លែងអង្គការសហប្រជាជាតិនេះ មិនត្រូវហាមឃាត់សិទ្ធិរបស់តំណាងអង្គការសង្គមស៊ីវិល ក្នុងការបញ្ចេញមតិនោះទេ។ ពួកគេគាំទ្រឲ្យព្រះអង្គ លួន សុវ៉ាត អាចថ្លែងសាររបស់ព្រះអង្គបាន ដោយគ្មានការរារាំង។ អនុប្រធានកិច្ចប្រជុំ ក៏បានរម្លឹកលោក អាន សុខឃឿន ថាព្រះអង្គ លួន សុវ៉ាត តំណាងឲ្យអង្គការសង្គមស៊ីវិល ត្រឹមត្រូវ និងស្របច្បាប់ ដែលត្រូវបានទទួលស្គាល់ ឲ្យថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះបាន។
ការប៉ុនប៉ងកាត់ និងររាំងព្រះអង្គ លួន សុវ៉ាត ពីសំណាក់តំណាងរបបក្រុងភ្នំពេញ មិនបានសម្រេចនោះទេ។
នៅទីបំផុត អនុប្រធានអង្គប្រជុំ បានប្រគេនវេទិកាទៅព្រះតេជព្រះគុណ លួន សុវ៉ាត ដើម្បីថ្លែងសាររបស់ព្រះអង្គ ដែលរៀបរាប់អំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា ដែលព្រះអង្គអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ធ្វើយ៉ាងណាចាត់ការរបបលោក ហ៊ុន សែន ឲ្យទទួលខុសត្រូវ ចំពោះអំពើបំពានទាំងនេះ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ធ្វើឡើងជាប្រចាំឆ្នាំ ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស នៅលើពិភពលោក។ អ្នករាយការណ៍ពិសេសនៃប្រទេសនីមួយៗ មានឱកាសក្នុងការបង្ហាញរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួន ក្នុងកិច្ចប្រជុំនោះ ដោយភ្ជាប់ជាមួយនឹងអនុសាសន៍ ដើម្បីឲ្យកែលម្អផង។
កាលពីឆ្នាំ ២០១៩ អ្នកស្រី រ៉ូណា ស្ម៊ីត បានផ្តល់អនុសាសន៍ជាច្រើន ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះ។ ប៉ុន្តែ របបក្រុងភ្នំពេញ ខកខានមិនបានបំពេញទៅតាមការស្នើនោះទេ។ អនុសាសន៍ឆ្នាំ ២០២០នេះ ក៏មិនខុសពីឆ្នាំមុននោះដែរ គឺស្នើឲ្យកម្ពុជា ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិ
អ្នកឃ្លាំមើលសង្គម ធ្លាប់ព្រមានថា កម្ពុជានឹងចៀសមិនផុតពីទណ្ឌកម្មបន្ថែមទៀតនោះទេ បើនៅតែមានះ មិនព្រមកែខ្លួន៕
No comments:
Post a Comment