ដោយ មាន ឫទ្ធិ
2020-10-28
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ និងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិនក្នុងជំនួបនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
អ្នកជំនាញយល់ឃើញផ្សេងគ្នាជុំវិញបញ្ហាថា តំបន់តារាសាគរ និងមូលដ្ឋានកងទ័ពជើងទឹករាម អាចនឹងត្រូវចិនប្រែក្លាយជា «ផ្លូវលំស៊ីជីនពីង» ក្នុងករណីដែលមានសង្គ្រាមនាពេលអនាគត ដើម្បីបម្រើឲ្យគោលដៅយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។ អ្នកជំនាញខ្លះយល់ថា កម្ពុជាកំពុងតែក្លាយជាកូនអុកក្នុងល្បែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចចិន។ រីឯ អ្នកខ្លះទៀត ព្រមានថា ដរាបណាកម្ពុជា នៅតែគ្មានឯកភាពជាតិពិតប្រាកដ ហេតុការណ៍នេះ ងាយនឹងរុញច្រានកម្ពុជាឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការជ្រៀតជ្រែកពីមហាអំណាច។
អស់រយៈពេលជាង ៣ឆ្នាំ មកហើយដែលបញ្ហាសង្ស័យថា កម្ពុជាអនុញ្ញាតឲ្យចិនដាក់មូលដ្ឋាននៅលើទឹកដីរបស់ខ្លួន នៅតែមិនទាន់ជ្រះស្រឡះ និងបិទបញ្ចប់ទៅដោយងាយៗនោះទេ។ បញ្ហានេះ តម្រូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ តុលា បានចេញមុខថ្លែងសារជាថ្មីម្តងទៀតថា លោកធុញទ្រាន់នឹងបរទេស និងខ្មែរមួយចំនួនដែលបន្តរុញសភាពការណ៍នេះ ឲ្យកាន់តែធ្ងន់ធ្ងរ។ លោកចោទសួរអំពីចេតនាពិតប្រាកដនៅពីក្រោយសកម្មភាពនេះ ថាតើអាចនឹងត្រូវគេយកមកប្រើប្រាស់ដើម្បីប៉ុនប៉ងផ្តួលរំលំលោកតាមរយៈរដ្ឋប្រហារ ដូចកាលពីសម័យសម្ដេច នរោត្តមសីហនុ ដែរឬទេ៖ «លោកឯងមានភស្តុតាងឯណា? បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិនប្រើប្រាស់ផ្ដាច់មុខនូវកំពង់ផែរាម រយៈពេល៣០ឆ្នាំ។ ចេញមក បញ្ចេញភស្តុតាងហ្នឹងមក! បើអ្នកឯងមិនបញ្ចេញភស្តុតាងហ្នឹង មានន័យថា អ្នកឯងភូតកុហក។ រឿងនេះ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបាននិយាយថា កុំភ្លេចណា ឆ្នាំ១៩៧០ ទម្លាក់ព្រះករុណាបិតាដោយរដ្ឋប្រហារឆ្នាំ៧០ ក្រោមហេតុផលប្រឆាំងយៀកកុងនៅលើទឹកដីកម្ពុជា។ ឥឡូវ អ្នកឯងប៉ុនប៉ងធ្វើអីចំពោះខ្ញុំ បានជាម្ដងហើយម្ដងទៀត វត្តមានចិនៗៗ? ហើយពួកអាក្រុមក្បត់ជាតិនេះ បំផុសមនុស្ស...»។
បើទោះជាលោក ហ៊ុន សែន មិននិយាយចំឈ្មោះបរទេសណាក៏ដោយ សហរដ្ឋអាមេរិក ទើបបានព្រមានកាលពីពេលកន្លងទៅថា ការអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយក៏នឹងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលផងដែរ។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) មិនបកស្រាយច្រើនជុំវិញសាររបស់លោក ហ៊ុន សែន ចុងក្រោយនេះទេ ពាក់ព័ន្ធនឹងរឿងវត្តមានយោធាចិននេះ។ លោកប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅធ្លាប់បាននិយាយថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានវត្តមានទ័ពចិនជាអចិន្ត្រៃយ៍ ឬផ្ដាច់មុខនៅតំបន់កំពង់ផែរាមនោះទេ។ ដូច្នេះ លោកថា សហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តគោរពតាមជំហរនេះ។
យ៉ាងណា ភស្តុតាងដែលលោក ហ៊ុន សែន ទាមទារឲ្យបញ្ចេញនេះ លោក ហ៊ុន សែន មិនបាននិយាយដល់រឿងរ៉ាវដែលកម្ពុជាខ្លួនឯងទើបនឹងវាយកម្ទេចចោលទាំងស្រុងនូវអគារជាជំនួយរបស់សហរដ្ឋអាមេរិកនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ដែលបានធ្វើឲ្យសហរដ្ឋអាមេរិក រឹតតែមានការសង្ស័យខ្លាំងឡើងៗ ថា អាចជាប់ពាក់ព័ន្ធនឹងផែនការឲ្យចិនដាក់មូលដ្ឋាននៅទីនោះ។ សហរដ្ឋអាមេរិកបានដឹងរឿងរ៉ាវនេះតាមរយៈរូបភាពថតបានពីផ្កាយរណបវិទ្យាសាស្ត្ររបស់ខ្លួន។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ទង្វើដែលកម្ពុជាបានធ្វើនេះ គឺអាចពន្យល់ច្បាស់ជាងពាក្យពេចន៍ដែលគេអាចនិយាយទៅទៀត។ លោកថា រូបភាពថតបានពីផ្កាយរណប បង្កប់នូវរាប់ពាន់អត្ថន័យ។ លោកចោទជាសំណួរថា តើកម្ពុជាឆ្លើយតបយ៉ាងណាដែរទៅនឹងរឿងរ៉ាវអនុញ្ញាតឲ្យក្រុមហ៊ុនចិនវិនិយោគ និងចាក់ដីចូលសមុទ្រនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីឆ្នេរនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាម។ លោកបន្តថា នេះគេនៅមិនទាន់គិតពីព្រលានយន្តហោះនៅតំបន់តារាសាគរ និងកំពង់ផែទឹកជ្រៅខ្នាតយក្សនៅទីនោះផង។ លោកចោទសួរបន្តថា ហេតុអ្វីបានជាកម្ពុជាមិនពន្យល់រឿងយន្តហោះដ្រូនគ្មានមនុស្សបើករបស់ចិនដែលបានធ្លាក់នៅទីនោះ និងថាតើហេតុអ្វី បានជាតំបន់រមណីយដ្ឋានដ៏ប្រណិតរបស់ចិននោះ បែរជាប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក ដែលអាចជារបស់កងទ័ពរំដោះប្រជាជនចិនទៅវិញ។
សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល RFA
រីឯ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ថា ក្រៅពីភស្តុតាងទាំងអស់នេះ បញ្ហាកម្ពុជាលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ហើយនៅតែបន្តធ្វើសមយុទ្ធជាមួយចិនជារៀងរាល់ឆ្នាំ ក៏សុទ្ធសឹងតែជារឿងរ៉ាវចូលរួមដុតកម្ដៅ និងមិនអាចធ្វើឲ្យសហរដ្ឋអាមេរិកស្ងប់ចិត្តបានឡើយ។ លោកពន្យល់ថា បើទោះជាពេលនេះ នៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់អំពីរឿងសង្ស័យថា ចិនអាចដាក់មូលដ្ឋានទ័ពនៅកម្ពុជានេះក៏ដោយ ចិនអាចនឹងត្រៀមហេតុការណ៍នេះ សម្រាប់ពេលអនាគត៖ «យើងបានត្រឹមតែមើលគេថា គេជាអ្នកជួយដែលងាយស្រួលនឹងរកជំនួយ ងាយស្រួលនឹងខ្ចីអ៊ីចឹងទៅ។ ក៏ប៉ុន្តែ សម្រាប់គេ គេមើលឃើញថា បើសិនជាគេបានមកតំបន់ហ្នឹង ទោះបីខាតបង់ប៉ុន្មាន ក៏គេត្រូវតែចំណាយដែរ ធ្វើម៉េចឲ្យតែបានគេឈរជើងនៅក្នុងភូមិសាស្ត្រមួយនេះ ឬក៏ប្រទេសមួយនេះ សម្រាប់ជាការឈរជើងរបស់កងទ័ពគេនៅពេលណាត្រូវការចំបាច់។ នៅពេលខ្លះ វាមិនមែនទាន់មានវត្តមានកងទ័ពចិនអីនៅក្នុងពេលហ្នឹងទេ ប៉ុន្តែ ជួនកាលការរៀបចំអ្វីដែលគេធ្វើមក គេធ្វើសម្រាប់ត្រៀមលក្ខណៈទាំងពីរ អាចជាសម្រាប់កិច្ចការស៊ីវិលផង ហើយបើមានកិច្ចការអាសន្នផ្នែកយោធាមក គឺកន្លែងអស់ហ្នឹងបានត្រៀមខ្លួនរួចស្រេច នេះក៏អាចថាបានដែរ»។
បណ្ឌិត មាស នី ព្រមានថា ដរាបណាកម្ពុជានៅតែគ្មានឯកភាពជាតិ នោះបញ្ហានេះ ងាយស្រួលនឹងរុញកម្ពុជាឲ្យធ្លាក់ផុងចូលក្នុងអន្ទាក់របស់មហាអំណាច ហើយដែលចង់ ឬមិនចង់ជំរុញឲ្យរឿងរ៉ាវមូលដ្ឋានទ័ពចិននេះ ឲ្យអាចក្លាយជាការពិតបាន៖ «ពេលខ្លះ កុំឲ្យមានថា យើងធ្វើនេះដើម្បីបង្ហាញឲ្យអ្នកម្ខាងទៀតសប្បាយចិត្ត ឲ្យមើលឃើញថា នេះជាមិត្តម៉ឺនឆ្នាំ ហើយដល់ពេលដៃម្ខាងទៀតយើងជួនកាលផ្លែផ្កា ឬរិះគន់អ្នកម្ខាងទៀតជាដើម នេះវាសុទ្ធតែជាកត្តា ដែលនាំឲ្យយើងរុញកាន់តែជ្រៅទៅៗ ហើយពិសេសនៅពេលណាដែលយើងមិនមានឯកភាពជាតិ ដូចសព្វថ្ងៃនេះ ពេលដែលស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន វានឹងអាចធ្វើឲ្យគូរបដិបក្ខ នៅក្នុងនយោបាយខ្មែរ គឺម្នាក់ទទួលរងគ្រោះ ម្នាក់ទៀតបានផលចំណេញពីហ្នឹង ដោយសារតែយើងវាអត់ទាន់មានឯកភាពជាតិ។ ដូច្នេះ នៅក្នុងប្រទេសដែលយើងអត់ទាន់មានឯកភាពជាតិ គឺការជ្រៀតជ្រែកពីមហាអំណាចនៅក្នុងលក្ខខណ្ឌនៃភូមិសាស្ត្រនយោបាយ គឺវាងាយនឹងរុញចូលទៅរកការពិតណាស់ ទោះបីជាពេលខ្លះយើងបដិសេធៗ ក៏ប៉ុន្តែបើសិនជាយើងនៅតែទាស់គ្នា គេក៏នៅតែមានឧកាសដើម្បីលូកដៃចូលមក ឬឆ្លៀតឧកាសដើម្បីបម្រើផលប្រយោជន៍របស់គេដែរ»។
ប្រវត្តិសាស្ត្របង្ហាញថា រដ្ឋាភិបាលសម្ដេច នរោត្តម សីហនុ បានដួលរលំទៅដោយសារតែរដ្ឋប្រហារទម្លាក់ព្រះអង្គ ក្រោយព្រះអង្គបានអនុវត្តគោលនយោបាយអព្យាក្រឹត្យមិនច្បាស់លាស់ ដោយបានលួចអនុញ្ញាតឲ្យកងទ័ពកុម្មុយនិស្តយៀកកុង ប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឈ្នាន់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក។ ជុំវិញបញ្ហាថា តើកម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រស្រដៀងគ្នានេះដែរយ៉ាងណា អ្នកជំនាញបណ្ឌិត អៀ សុផល ថា ប្រាកដណាស់ថា នឹងមាន«ផ្លូវលំស៊ីជីនពីង» នៅកម្ពុជាក្នុងពេលដែលមានសង្គ្រាមនាពេលអនាគត ដែលផ្លូវលំនេះ ត្រូវចិនយកទៅបម្រើគោលដៅយោធារបស់ខ្លួន។ លោកថា កម្ពុជាជាថ្មីម្តងទៀត ត្រូវបានប្រើប្រាស់ដោយមេដឹកនាំខ្លួនឯង ធ្វើជាកូនអុកក្នុងភូមិសាស្ត្រនយោបាយ។ លោកពន្យល់ថា កាលពីសម័យមុន សម្តេច សីហនុ ជឿជាក់ថា វៀតណាមខាងជើងនឹងឈ្នះសង្គ្រាម ទើបបានជាព្រះអង្គសម្រេចព្រះទ័យអនុញ្ញាតឲ្យមានផ្លូវលំហូជីមិញ។ រីឯ ឥឡូវនេះ លោកថា របបក្រុងភ្នំពេញ កំពុងជឿជាក់ថា ចិននឹងឈ្នះ ដូច្នេះហើយបានជារបបនេះ សម្រេច«លក់»កម្ពុជាទៅឲ្យចិនតែម្ដង។
ចំណែកឯ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយម្នាក់ទៀត គឺបណ្ឌិត សេង សារី លើកឡើងថា អ្នកប្រវត្តិសាស្ត្រមួយចំនួនបានសន្និដ្ឋានថា កម្ពុជាអាចនឹងវិលជាន់ដានប្រវត្តិសាស្ត្រជុំវិញបញ្ហានេះ ប្រសិនបើគ្មានការប្រយ័ត្នប្រយែង៖ «បើសិនជាក្នុងករណី យើងមិនមានការប្រយ័ត្នប្រយែង... នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក យើងឃើញថា កម្ពុជា ឡាវ និងថៃ ហាក់ដូចជាល្អូកល្អិនជាមួយនឹងខាងចិនជាងគេ ដែលធ្វើឲ្យកើតមានមន្ទិលរវាងទំនាក់ទំនងជាពិសេសរវាងចិននិងកម្ពុជា ចិននិងថៃ ចិននិងឡាវ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ បើសិនជាទំនាក់ទំនងនេះ វាពិតដូចអ្វីដែលមហាជនសង្ស័យមែន ខ្ញុំបារម្ភក្រែងលោ កម្ពុជាក្លាយទៅជាសង្វៀននៃមហាអំណាចទាំងពីរទៀត»។
បណ្ឌិត សេង សារី ផ្តល់អនុសាសន៍ថា យន្តការជាដំណោះស្រាយតែមួយគត់ដែលអាចឲ្យកម្ពុជាជៀសផុតពីអន្ទាក់របស់មហាអំណាចចិនបាននោះ គឺតាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលលោកហៅថា ជា «យ័ន្តដ៏សាកសិទ្ធិ» សម្រាប់ការពារអធិបតេយ្យ ឯករាជ្យ និងភាពមិនអាចរំលោភបំពានបានពីសំណាក់បរទេសមកលើបូរណភាពទឹកដីរបស់កម្ពុជា៕
No comments:
Post a Comment